A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 18 September 2014

Mr. Hun Sen denies interfering in the affairs of the National Assembly លោក ហ៊ុន សែន ថា​មិន​បាន​ជ្រៀតជ្រែក​កិច្ចការ​​រដ្ឋ​សភា

សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya
មេដឹកនាំ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​មេដឹកនាំ​គណបក្ស​ប្រឆាំង នៅ​បន្ត​ឆ្លើយឆ្លង​ឌឺដង​ដាក់​គ្នា​ឥត​ឈប់ឈរ ទោះបីជា​គណបក្ស​ទាំង​ពីរ​បាន​បញ្ចប់​ជម្លោះ​ចូល​ធ្វើការ​នៅ​ក្នុង​សភា​ហើយ​ក៏​ដោយ។
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​សមាជិក​សភា​ធ្វើការ​ក្នុង​សភា​គឺ​ជា​កាយវិការ​ល្អ តែ​លោក​មិន​ពេញ​ចិត្ត​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ដើរ​និយាយ ឬ​រិះគន់​រដ្ឋាភិបាល​នៅ​ខាង​ក្រៅ​សភា​នោះ​ឡើយ។ ការ​លើក​ឡើង​ដូច​នេះ ត្រូវ​បាន​អ្នកវិភាគ​ពន្យល់​ថា លោក ហ៊ុន សែន កំពុង​បិទ​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​ក្នុង​ការ​សម្ដែង​មតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​បាន​ជ្រៀតជ្រែក​កិច្ចការ​របស់​រដ្ឋ​សភា​ទេ។ តែ​លោក​ព្រមាន​មិន​ឲ្យ​សមាជិក​សភា ដោយ​សំដៅ​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង មិន​ឲ្យ​រិះគន់​លោក​នៅ​ក្រៅ​សភា​នោះ​ឡើយ។
​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-​២០១៨ នា​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ ភូកេត្រា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ្មាន​អ្នក​បាញ់​កាំភ្លើង​ធំ​ដាក់​លោក​ទេ គឺ​លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​លើ​លោក កឹម សុខា មិន​បាន​រិះគន់​ដល់​លោក​នៅ​ឱកាស​ពិធី​ភ្ជុំបិណ្ឌ​ជិត​មក​ដល់​នេះ។
លោក ហ៊ុន សែន អះអាង​ថា តំណាងរាស្ត្រ​ទាំង​អស់​អង្គុយ​លើ​កៅអី​ណា​ត្រូវ​ធ្វើ​ការ​នៅ​កៅអី​នោះ​នៅ​ក្នុង​សភា មិន​ត្រូវ​ដើរ​រិះគន់​នៅ​ក្រៅ​សភា​ទេ៖ «សំឡេង»។
ការ​ថ្លែង​របស់​លោក ហ៊ុន សែន នេះ នៅ​ស្រប​ពេល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ត្រឡប់​ពី​ប្រទេស​បារាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នេះ។ លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា លោក​គាំទ្រ​និង​ជំរុញ​ឲ្យ​សមាជិកសភា​របស់​លោក​រិះគន់​បន្ត ឲ្យ​តែ​ការរិះគន់​នោះ​ជា​រឿង​ត្រឹមត្រូវ។
លោក សម រង្ស៊ី បញ្ជាក់​ថា សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​គាំទ្រ​សកម្មភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៖ «សំឡេង»។
​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ទោះ​ជា​លោក ហ៊ុន សែន ប្រកាស​ថា មិន​ជ្រៀតជ្រែក​សភា​ក្ដី តែ​កាយវិការ​របស់​លោក​ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​រដ្ឋ​សភា។ លោក​បន្ថែម​ថា លោក ហ៊ុន សែន មិន​អាច​ហាម​តំណាង​រាស្ត្រ​សំដែង​មតិ​នៅ​ខាង​ក្រៅ​សភា​បាន​នោះ​ឡើយ ព្រោះ​តំណាងរាស្ត្រ​មាន​តួនាទី​តាក់តែង​ច្បាប់​ក្នុង​សភា និង​មាន​តួនាទី​ចុះ​សួរ​សុខ​ទុក្ខ​ប្រជារាស្ត្រ ដូច្នេះ​តំណាងរាស្ត្រ​មាន​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន​ចំពោះ​ម្ចាស់​ឆ្នោត៖ «សំឡេង»។

​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា លោក ហ៊ុន សែន គំរាម​ដក​តួនាទី​អនុប្រធាន​ទី​១​សភា គឺ​លោក កឹម សុខា។ ការ​គំរាម​ដក​នេះ ដោយសារ​តែ​លោក កឹម សុខា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ថា គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា មន្ត្រី​ពុករលួយ​មួយ​ចំនួន​កំពុង​សម្ងំ​កាន់​តំណែង​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល ចង់​មិន​ចង់​គឺ​អាច​បោះឆ្នោត​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល ឬ​ក៏​រដ្ឋមន្ត្រី​ណា​មួយ​ចេញ​ពី​តំណែង​ទៀត​ផង បើ​រក​ឃើញ​ថា មន្ត្រី​ទាំង​នោះ​ប្រព្រឹត្តិ​ពុករលួយ។
ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ហាក់​ដូចជា​ផ្លាស់ប្ដូរ​ជំហរ​របស់​លោក​វិញ ដោយ​លោក​គាំទ្រ​ឲ្យ​គណៈកម្មការ​ជំនាញ​សភា​កោះ​ហៅ​រដ្ឋមន្ត្រី​ទៅ​សាកសួរ ហើយ​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​សួរ​លោក ថា​ត្រូវ​ទៅ ឬ​មិន​ទៅ​នោះ​ទេ៖ «សំឡេង»។
​អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន មាន​ឥទ្ធិពល​គ្រប់​ស្ថាប័ន​ទាំង​អស់ មិន​ថា ស្ថាប័ន​សភា​នោះ​ឡើយ។ បញ្ហា​មិន​បញ្ឈប់​ការ​ជ្រៀត​ជ្រៀត​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ មិន​អាច​ឲ្យ​សភា​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​ដោយ​ឯករាជ្យ​នោះ​ឡើយ ហើយ​បញ្ហា​ចម្បង​ដែល​លោក ហ៊ុន សែន នៅ​តែ​បន្ត​គ្រប់គ្រង​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ដោយសារ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខ្វះ​សំឡេង ៧​សំឡេង​ទេ ក្នុង​ការ​អនុម័ត​លើ​ច្បាប់​ផ្សេងៗ ដោយ​សំឡេង ៥០% បូក​១​នោះ ឬ​អាច​បោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី​ក៏​ថា​បាន ប្រសិនបើ​រក​ឃើញ​ថា នាយករដ្ឋមន្ត្រី​ធ្វើ​ខុស​មាន​កំហុស​នោះ៕

No comments: