អនុប្រធានទី១នៃរដ្ឋសភា ថ្លែងខណៈសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រៃវែង ថា សមាជិកសភា តំណាងរាស្ត្រគ្រប់រូប មានតួនាទីសំខាន់ណាស់ក្នុងការជួយដោះស្រាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ មិនថាខាងក្នុង ឬនៅក្រៅរបងរដ្ឋសភានោះទេ គឺមានកាតព្វកិច្ចពន្យល់ និងបកស្រាយគ្រប់ទីកន្លែងទាំងអស់។
ការលើកឡើងរបស់ លោក កឹម សុខា ទំនងឆ្លើយតបនឹងប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងថា តំណាងរាស្ត្រអង្គុយនៅកៅអីណា ធ្វើការនៅទីនោះ និងមិនគួរដើររិះគន់ក្រៅសភា។
លោក កឹម សុខា ថ្លែងបែបនេះក្នុងឱកាសដឹកនាំសមាជិកសភាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តពោធិ៍អណ្ដែត ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែកញ្ញា។
លោក កឹម សុខា និយាយក្នុងទឹកមុខញញឹមញញែមទៅកាន់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងឱកាសកាន់បិណ្ឌនោះថា លោកនឹងមិនថ្លែងសារនយោបាយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះទេ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់ជីដូនជីតា និងបុព្វការីជនទាំង ៧សន្ដាន។ ឆ្លៀតក្នុងឱកាសនោះដែរ លោក កឹម សុខា បានពន្យល់ប្រជាពលរដ្ឋទំនងបែបឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោកលើកឡើងថា សមាជិកសភាតំណាងរាស្ត្រគ្រប់រូប មានតួនាទីសំខាន់ មិនមែននៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលមានកម្រាលព្រំស្អាតនោះទេ គឺសមាជិកសភាតំណាងរាស្ត្រ មាននាទីចុះទៅសួរសុខទុក្ខ និងជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់៖ «តួនាទីរបស់តំណាងរាស្ត្រ គឺតំណាងឲ្យប្រជារាស្ត្រ អ៊ីចឹងរឿងរ៉ាវសំខាន់បំផុត មិនមែនអង្គុយនៅក្នុងសភាទេ រឿងធំបំផុត គឺអង្គុយនៅក្បែរប្រជារាស្ត្រ និយាយទៅកាន់ប្រជារាស្ត្រ ស្ដាប់ប្រជារាស្ត្រ តើប្រជារាស្ត្រចង់ដឹងរឿងអី ខ្វល់ខ្វាយរឿងអី។ ហើយក្នុងនាមខ្លួនជាតំណាងឲ្យប្រជារាស្ត្រនេះ គឺមើលឃើញបញ្ហាស្រុកទេសហ្នឹង បញ្ហានយោបាយហ្នឹង វាខ្វះខាតត្រង់ណា វាល្អត្រង់ណា ត្រូវមកប្រាប់រាស្ត្រវិញ។ បើតំណាងរាស្ត្រអង្គុយតែក្នុងម៉ាស៊ីនត្រជាក់ និយាយតែក្នុងសភា មិនមែនតំណាងពិតប្រាកដទេណាស់ លោកយាយលោកតាណាស់ បាទ! ខ្ញុំបញ្ជាក់ជូនប៉ុណ្ណឹងសិន»។
កន្លងមក លោក ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូកេត្រា (SOFITEL PHNOM PENH PHOKEETHRA) នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គ្មានអ្នកបាញ់កាំភ្លើងធំដាក់លោកទេ គឺលោក ហ៊ុន សែន ចង់សំដៅទៅលើ លោក កឹម សុខា មិនបានរិះគន់ដល់លោកនៅឱកាសពិធីភ្ជុំបិណ្ឌជិតមកដល់នេះ។ លោក ហ៊ុន សែន អះអាងថា តំណាងរាស្ត្រទាំងអស់អង្គុយលើកៅអីណា ត្រូវធ្វើការនៅកៅអីនោះនៅក្នុងសភា មិនត្រូវដើររិះគន់នៅក្រៅសភាទេ៖ «គេអត់ទៅនិយាយនៅក្រៅតាមចិញ្ចើមថ្នល់ និយាយឃោសនាទេ ហើយពេលខ្លះនិយាយជ្រុលថា មិនបាច់ទៅរកអ្នកណាទេ ជួយនាយករដ្ឋមន្ត្រីបោសសម្អាតនាយករដ្ឋមន្ត្រី ព្រោះរដ្ឋមន្ត្រីជួយយកលុយឲ្យនាយករដ្ឋមន្ត្រី បើអ៊ីចឹងចប់ហើយ រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ទៀ បាញ់ ទាំងអស់ហ្នឹង រដ្ឋមន្ត្រីឲ្យតែធុនហ្នឹង ចប់បាត់ហើយ តែនាយករដ្ឋមន្ត្រី ត្រូវការពាររដ្ឋមន្ត្រីខ្លួនដែរណា? តែបើសិនខុសមែន មិនបាច់ឲ្យអស់លោកបោះឆ្នោតឲ្យទម្លាក់ទេ តែបើបោះឆ្នោតទម្លាក់ មកនិយាយនៅក្នុងសភា មិនមែននិយាយនៅក្រៅរដ្ឋសភាទេ»។
ទាក់ទងនឹងបញ្ហានេះ អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សមាជិកសភាតំណាងរាស្ត្រ មានសិទ្ធិសម្ដែងមតិគ្រប់ទីកន្លែង ទាំងនៅក្នុង និងខាងក្រៅរដ្ឋសភា លើកលែងតែការទៅឃោសនាឲ្យគណបក្សនយោបាយ ដើម្បីប្រជាប្រិយភាពគណបក្សរបស់ខ្លួន ព្រោះមានតួនាទីក្នុងការបង្កើតច្បាប់ និងមានតួនាទីចុះទៅសួរសុខទុក្ខប្រជារាស្ត្រម្ចាស់ឆ្នោត។ លោកបណ្ឌិត សុខ ទូច ចាត់ទុកការឌឺដងដាក់គ្នារបស់ថ្នាក់ដឹកនាំគណបក្សធំៗទាំងពីរ ថាជារឿងធម្មតារបស់អ្នកនយោបាយហើយ ដើម្បីបង្កើតសកម្មភាពមិនឲ្យស្ងប់ស្ងាត់ក្នុងសង្គម៖ «អ៊ីចឹងលោកទៅកាន់ ២៤ខេត្តក្រុងហ្នឹង លោកទៅបានទាំងអស់។ប៉ុន្តែអ្វីដែលជាភាពរឹងមាំធ្វើការដោះស្រាយ វាត្រូវការអនុម័តច្បាប់អនុម័តអី ត្រូវតែមកសភាហើយ។ ព្រោះបានចែងច្បាស់ណាស់ថា រាល់ការសម្រេចណាមួយនៅក្នុងសភា ហើយសភាមិនអាចប្រជុំក្រៅអំអីអឺ! រាជធានីភ្នំពេញទេ លើកលែងតែមានសង្គ្រាម ទើបគេប្ដូរប្លង់ទីតាំង។ អ៊ីចឹងអារឿងមានផ្ដល់គំនិតមិនសំខាន់ទេទៅទីណាក៏បានដែរ»។
កន្លងមក លោក ហ៊ុន សែន ធ្លាប់គំរាមដកតួនាទីអនុប្រធានទី១រដ្ឋសភា គឺលោក កឹម សុខា។ ការគំរាមដកនេះ ដោយសារតែ លោក កឹម សុខា មានប្រសាសន៍ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅខេត្តសៀមរាប កាលពីថ្ងៃទី៦ កញ្ញា ថា គណបក្សសង្គ្រោះជាតិ រកឃើញថា មន្ត្រីពុករលួយមួយចំនួន កំពុងសម្ងំកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល ចង់មិនចង់ គឺអាចបោះឆ្នោតទម្លាក់មន្ត្រីរដ្ឋាភិបាល ឬក៏រដ្ឋមន្ត្រីណាមួយចេញពីតំណែងទៀតផង បើរកឃើញថា មន្ត្រីទាំងនោះប្រព្រឹត្តអំពើពុករលួយ៕
No comments:
Post a Comment