ដោយ៖ ជន ស្រីណុច | ថ្ងៃសៅរ៍ ទី20 កញ្ញា 2014,
សង្គមស៊ីវិលរិះគន់ថា ការរឹតបន្ដឹងការជួបជុំរវាងគណៈកម្មការទាំង១០ របស់សភា ជាមួយពលរដ្ឋ និងសង្គមស៊ីវិលជាការរំលោភរដ្ឋធម្មនុញ្ញ។
ការរិះគន់នេះធ្វើឡើងក្រោយពេលដែលប្រធានរដ្ឋសភា លោកហេង សំរិន ចេញសារាចរណែនាំដល់គណៈកម្មាការទាំង១០ ឲ្យសុំអនុញ្ញាតពីប្រធានសភាជាមុនសិន មុននឹងអញ្ជើញប្រជាពលរដ្ឋ ឬសង្គមស៊ីវិលចូលជួបក្នុងសភា។
យោងតាមសារាចរណែនាំស្តីពីបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា ដែលចេញនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ បង្ហាញការណែនាំបែបបទរដ្ឋបាល ក្នុងការអនុវត្តការងារដែលមានចំណុចពាក់ព័ន្ធ នឹងការប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ ការប្រជុំសុំការបំភ្លឺជុំវិញការអនុវត្តច្បាប់ ការប្រជុំផ្សេងៗរបស់គណៈកម្មការ និងការរក្សាសណ្តាប់ធ្នាប់ក្នុងបរិវេណរដ្ឋសភា។ សារាចរណ៍នោះបញ្ជាក់ថា ការរឹតបន្តឹងលើបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា ដើម្បីការពារ និងរក្សាសណ្តាប់ធ្នាប់ក្នុងបរិវេណរដ្ឋសភា។
ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា សារាចរនេះគឺជាវិធានមួយដែលរំលោភរដ្ឋធម្មធម្មនុញ្ញ និងវិធានផ្ទៃក្នុងរបស់រដ្ឋសភា ហើយថានេះគឺជាការរឹតត្បិតសេរីភាពក្នុងការឲ្យតំណាងរាស្ត្រជួបជាមួយប្រជាពលរដ្ឋក៏ដូចជាសង្គមស៊ីវិល ដើម្បីឆ្លុះបញ្ចាំងក្នុងកិច្ចការសង្គម។ លោកបន្តថា ការធ្វើបែបនេះ គឺបញ្ជាក់ឲ្យឃើញថា ខ្លួនធ្វើជាតំណាងរាស្ត្រតែគ្មានចិត្តឆន្ទៈក្នុងការបម្រើរាស្ត្រទេ ខណៈមន្ទីររដ្ឋសភាគឺជាទីកន្លែងមួយ ដែលត្រូវឲ្យប្រជាពលរដ្ឋចូលទៅដាក់ពាក្យបណ្តឹងឲ្យតំណាងរបស់ខ្លួនជួយអន្តរាគមន៍។
នាយកប្រតិបត្តិអង្គការនិកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការចេញសារាចរ របស់រដ្ឋ សភា នេះគឺមានលក្ខណៈស្មុគស្មាញ ដែលបង្កភាពលំបាកដល់ប្រជាជនក្នុងការសុំអន្តរាគមន៍ពីតំណាងរាស្ត្រ ដែលខ្លួនជួបប្រទះ ហើយថានេះបញ្ជាក់ឲ្យឃើញពីការរឹតត្បិតសេរីភាពរបស់តំណាងរាស្ត្រ និងប្រជាជន ក៏ដូចជាសង្គមស៊ីវិល ដែលគ្រាន់តែពួកគេជួបគ្នាក្នុងមន្ទីររដ្ឋសភា សួរនាំពីបញ្ហាក្នុងសង្គម។
ចាប់តាំងពីគណបក្សប្រឆាំងចូលធ្វើការក្នុងសភាជាមួយបក្សកាន់អំណាច តំណាងរាស្ត្ររបស់បក្សប្រឆាំង បានធ្វើសកម្មភាពបើកទូលាយ ឲ្យប្រជាពលរដ្ឋរងគ្រោះដោយការរំលោភបំពានដីធ្លីផ្សេងៗ និង សង្គមស៊ីវិលចូលជួបក្នុងសភា ដើម្បីដោះស្រាយបញ្ហា។ ប៉ុន្តែសារាចរណ៍ណែនាំរបស់ប្រធានរដ្ឋសភា ជានីតិវិធីសាំញ៉ាំមួយពិបាកឲ្យពលរដ្ឋជួបជាមួយតំណាងរាស្ត្ររបស់ខ្លួន៕
សូមសរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
1 comment:
Heng Samrin should go back to live in his old habitat (forest).
Post a Comment