A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 August 2014

The appeal court released the three opposition activists on 30 million riels bail ($7500) សាលា​ឧទ្ធរណ៍​សម្រេច​ដោះ​លែង​យុវជន​បក្ស​ប្រឆាំង​៣​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

យុវជន នាង សុឃុន ៦១០
យុវជន នាង សុឃុន ផ្ដល់​បទសម្ភាសន៍​មុខ​សាលា​ឧទ្ធរណ៍ បន្ទាប់​តុលាការ​នេះ​បដិសេធ​ពាក្យ​បណ្ដឹង​របស់​លោក​ប្រឆាំង​លោក ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​៧ ឧសភា ឆ្នាំ​២០១៤។
RFA/Sochivy
តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​សីហា។ សាល​ដីកា​នេះ ត្រូវ​មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី​ការពារ​ក្តី​យុវជន​ទាំង ៣​រូប រិះគន់​ចំពោះ​ការ​តម្រូវ​ឲ្យ​យុវជន​ទាំង ៣​រូប បង់​ប្រាក់​តម្កល់​ច្រើន​ហួស​រហូត​ដល់ ៣០​លាន​រៀល។
នៅ​ក្នុង​សវនាការ​អសាធារណៈ ឬ​សវនាការ​បិទ​ទ្វារ​នៅ​សាលា​ឧទ្ធរណ៍ ទៅ​លើ​សំណុំ​រឿង​ស្នើ​នៅ​ក្រៅ​ឃុំ​របស់​យុវជន​បក្ស​ប្រឆាំង​ទាំង ៣​រូប លោក សេង ស៊ីវុត្ថា ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ បាន​ដាក់​លក្ខខណ្ឌ ៤​ចំណុច​ដល់​យុវជន​ទាំង ៣​រូប មាន​ដូច​ជា មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស មិន​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ ត្រូវ​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ និង​ត្រូវ​តម្កល់​ប្រាក់​ចំនួន ៣០​លាន​រៀល។
ត្រង់​ចំណុច​នេះ លោក សំ សុខគង់ ស្ថិត​ក្នុង​ចំណោម​មេធាវី​ការពារ​ក្តី​យុវជន​ទាំង ៣​រូប បាន​រិះគន់​ចៅក្រម​តុលាការ​សាលា​ឧទ្ធរណ៍ ដែល​តម្រូវ​ឲ្យ​យុវជន​ទាំង ៣​នាក់ បង់​ប្រាក់​តម្កល់ ៣០​លាន​រៀល ថា​ជា​ចំនួន​ដ៏​ច្រើន ដែល​បង្ក​ផល​វិបាក​ដល់​គ្រួសារ​យុវជន​ទាំង ៣​រូប៖ «ចៅក្រម សេង ស៊ីវុត្ថា គាត់​បាន​ប្រកាស​សាល​ដីកា​ដោយ​សម្រេច​ឲ្យ​យុវជន​ទាំង ៣​នាក់​ហ្នឹង បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដែល​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហ្នឹង សាលា​ឧទ្ធរណ៍​បាន​ដាក់​នូវ​លក្ខខណ្ឌ​ចំនួន​៤។ ទី​១ នៅ​ពេល​ដែល​ជន​ជាប់​ចោទ​ទាំង ៣​នាក់​ហ្នឹង​ចង់​ចេញ​ទៅ​ក្រៅ​ប្រទេស ត្រូវ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។ ទី​២ នៅ​ពេល​ជន​ជាប់​ចោទ​ទាំង ៣​នាក់​ហ្នឹង​ប្ដូរ​លំនៅឋាន ត្រូវ​តែ​ជូន​ដំណឹង​មក​តុលាការ។ ទី​៣ ត្រូវ​ធានា​ថា នៅ​ពេល​តុលាការ​ត្រូវ​ការ​រូប​គាត់​ពេល​ណា ត្រូវ​តែ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ និង​ទី​៤ ជា​ចំណុច​ដ៏​សំខាន់​នោះ គឺ​តុលាការ​បង្គាប់​ឲ្យ​ពួក​គាត់​ដាក់​ប្រាក់​តម្កល់​ធានា​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ​ចំនួន ៣០​លាន​រៀល»
ចំណែក លោក ហូរ វ៉ាន់ តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហាញ​វត្តមាន​នៅ​មុខ​សាលា​ឧទ្ធរណ៍ បាន​សាទរ​សាល​ដីកា​របស់​តុលាការ​សាលា​ឧទ្ធរណ៍ លើ​សំណុំ​រឿង​យុវជន​ទាំង ៣​រូប៖ «ឥឡូវ​នេះ​យុវជន ៣​នាក់​ក៏​បាន​ដោះ​នៅ​ក្រៅ​ឃុំ។ យើង​សង្ឃឹម​ថា អ្នក​ដែល​គេ​ហៅ​ជា​បន្តបន្ទាប់​នេះ គ្រាន់​តែ​ជា​ចំហាយ​ឥទ្ធិពល​នៃ​នីតិវិធី​ទេ។ បន្តិច​ទៀត​នឹង​ចប់​សព្វគ្រប់​ទាំងអស់​គ្នា។ ខ្ញុំ​សង្ឃឹម​បែប​នេះ»

ហូរ វ៉ាន់ ៦២០
លោក ហូរ វ៉ាន់ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ​ នៅ​មុខ​តុលាការ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ២២ សីហា​ ឆ្នាំ២០១៤។ RFA/Den Ayuthyea
សម្រាប់ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត និង​ច្បាប់ នៃ​សមាគម​អាដហុក (Adhoc) ចាត់​ទុក​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​លើ​សំណុំ​រឿង​យុវជន ៣​នាក់ ថា​គ្រាន់​តែ​ជា​ការ​បន្ត​នីតិវិធី​របស់​តុលាការ ឲ្យ​ស្រប​តាម​ច្បាប់​ប៉ុណ្ណោះ។ ព្រោះ​ថា សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ ហើយ​ត្រូវ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រប​សម្រួល​នយោបាយ​ជា​ស្ថាពរ​រួច​ហើយ៖ «អ្នក​នយោបាយ ជាពិសេស​ថ្នាក់​ដឹក​នាំ​កំពូលៗ​មាន​ឯកឧត្តម សម រង្ស៊ី និង​សម្ដេច ហ៊ុន សែន បាន​និយាយ​ស្រប​គ្នា​ក្នុង​ការ​បញ្ចប់​វិបត្តិ​នយោបាយ ជាពិសេស​កុំ​ឲ្យ​មាន​គំនុំ​គុំកួន​ទៅ​ថ្ងៃ​ក្រោយ។ ប៉ុន្តែ ដោយសារ​តែ​នីតិវិធី​នេះ​វា​បាន​ដំណើរ​ការ​នៅ​ក្នុង​តុលាការ​រួច​ហើយ អ៊ីចឹង​តុលាការ​ត្រូវ​តែ​បញ្ចប់​វិបត្តិ​ហ្នឹង។ អ៊ីចឹង​គ្រាន់​តែ​បញ្ចប់​នូវ​បញ្ហា​នយោបាយ​ដែល​សេសសល់ ដែល​វា​កើត​ឡើង​ដោយសារ​ការ​ប្រើប្រាស់​តុលាការ។ អ៊ីចឹង​វា​ត្រូវ​តែ​ប្រើប្រាស់​តុលាការ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ហ្នឹង​ទៅ​វិញ​ទេ។ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ»
មាន​លំនៅឋាន​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ស្ត្រី​វ័យ​ចាស់​ឈ្មោះ ង៉ូវ ភឿង ត្រូវ​ជា​ម្តាយ​យុវជន នាង សុឃុន មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​តុលាការ​ចាប់​កូន​គាត់​ដាក់​ពន្ធនាគារ រូប​គាត់​មិន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ជួប​មុខ​កូន​ទេ។ ទើប​ថ្ងៃ​សវនាការ​នេះ បាន​ជួប​មុខ​កូន​ប្រុស​ដ៏​កម្សត់​របស់​គាត់។ អ្នកស្រី​បន្ត​ថា ទោះ​បី​បច្ចុប្បន្ន​នេះ​គ្រួសារ​គាត់​មាន​ស្ថានភាព​ក្រ​បែប​ណា​ក្តី ក៏ប៉ុន្តែ​អ្នកស្រី​នឹង​ជំរុញ​ឲ្យ នាង សុឃុន ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ ឬ​ការពារ​ផល​ប្រយោជន៍​ជាតិ​ឲ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​នា​ថ្ងៃ​អនាគត ដោយ​មិន​ត្រូវ​ចុះ​ញ៉ម​ជា​ដាច់​ខាត៖ «បង​ប្អូន​ជួយ​មើល​ទៅ​កូន​ខ្ញុំ អត់​មាន​ខុស​អី​ផង។ កូន​ខ្ញុំ​កំពុង​តែ​សិក្សា​នៅ​សាលា ទៅ​ហៅ​កូន​ខ្ញុំ​មក​អត់​មាន​រឿង​អី​សោះ។ សូម​ឲ្យ​បង​ប្អូន​ជួយ​ពិចារណា​ផង»
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៤ ទាក់ទង​នឹង​សំណុំ​រឿង​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា។ យុវជន​ទាំង ៣​រូប មាន​ឈ្មោះ លោក ឃិន ជំរឿន ប្រធាន​ចលនា​យុវជន លោក សាន គឹមហេង ប្រធាន​ចលនា​យុវជន​ខណ្ឌ​ទួលគោក និង​លោក នាង សុឃុន ហិរញ្ញិក​ចលនា​យុវជន​ខណ្ឌ​ច្បារអំពៅ។
យុវជន​ទាំង ៣​រូប​នេះ ត្រូវ​បាន​តុលាការ​ដំបូង​ចោទ​ប្រកាន់​ករណី​ពាក់ព័ន្ធ​ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​ហិង្សា​ដោយ​ចេតនា និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ៕

No comments: