ដោយ៖ អុិត សូធឿត និង តាំង វីដា | ថ្ងៃសុក្រ ទី15 សីហា 2014,
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃសុក្រនេះមានប្រសាសន៍ថានឹងហៅអភិបាលខេត្តក្រចេះមកសួរនាំជាសាធារណៈពាក់ព័ន្ធនឹងករណីជំលោះដីធ្លីក្នុងស្រុកស្នួល។
លោក សម រង្ស៊ី ថ្លែងបែបនេះពេលចុះទៅសួរសុខទុក្ខអ្នកមានជំលោះដីធ្លីមកពីខេត្តក្រចេះរាប់រយនាក់ នៅឯវត្តសាមគ្គីរង្សីនាល្ងាចថ្ងៃសុក្រនេះ ហើយសន្យាថានឹងជួយរកដំណោះស្រាយឲ្យពួកគាត់ ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលខេត្តក្រចេះ លោក សរ ចំរុង មានប្រសាសន៍ថា លោក នឹងគោរពទៅតាមនីតិវិធី ប្រសិនជាមានការកោះហៅបំភ្លឺ ពីក្រសួងទទួលបន្ទុក ទៅតាមនីតិវិធីច្បាប់។
ករណីជម្លោះនេះដែរ អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន ឲ្យដឹងថា នីតិវិធីនៃការដោះស្រាយ គឺបានឆ្លងផុតដំណាក់កាលនៃការដោះស្រាយក្នុងថ្នាក់មូលដ្ឋាន និងត្រូវបានប្ដឹងជំទាស់ដោយភាគីក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ។ លោកថា បច្ចុប្បន្ននេះ បញ្ហានេះ គឺកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ របស់គណៈកម្មការសុរិយោដីថ្នាក់ជាតិ។ លោក អំពាវនាវឲ្យប្រជាពលរដ្ឋ អត់ធ្មត់រង់ចាំដំណោះស្រាយនោះ ដោយសុទិដ្ឋិនិយម។
លោក សម រង្ស៊ី ក៏ព្រមាន និងដាស់តឿនទៅដល់អ្នកដែលប្រើប្រាស់អំណាចធ្វើបាបប្រជាពលរដ្ឋថាគួរតែភ្ញាក់ខ្លួន «បើនៅតែធ្វើបាបបងប្អូនបែបនេះទៀតណាបងប្អូន ថ្ងៃក្រោយនឹងមានរឿងធំហើយ ។ បើដឹងខ្លួនទាន់អាហ្នឹងល្អ ល្អសម្រាប់ខ្លួនឯង សម្រាប់សាមីខ្លួន ល្អសម្រាប់ជនរងគ្រោះ ល្អសម្រាប់ប្រទេសជាតិយើង» ។
កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ ប្រមាណ១០០នាក់ បានហែក្បួនដោយថ្មើរជើងពីវត្តសាមគ្គីរង្សី ដាក់ញត្តិទៅគណៈកម្មការចម្រុះដោះស្រាយវិវាទនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីដើម្បីស្នើសុំអន្តរាគមន៍ ហើយខាងខុទ្ទកាល័យបានសន្យានឹងពិនិត្យ ហើយកោះហៅមន្ត្រីពាក់ព័ន្ធមកសួរនាំ ដើម្បីចុះត្រួតពិនិត្យនៅទីតាំងជម្លោះផ្ទាល់។
កន្លងទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធា្លប់ប្រកាសកាត់ដីទំហំ ៧៥០ហិកតានៅស្រុកស្នួលខេត្តក្រចេះនេះ ទៅក្រុមអ្នកតវ៉ាជាង៤០០គ្រួសារ ដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្តែនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ សុរិយោដីខេត្ត បែរជាចេញសេចក្តីសម្រេច កាត់ដីអ្នកភូមិនៅតំបន់នោះដាក់ជាដីរដ្ឋទៅវិញ ទើបផ្ទុះការតវ៉ាដល់រាជធានីភ្នំពេញ។
សូមសរសេរមកកាន់លោក អុិត សុធឿត តាមរយៈ sothoeuth@vodhotnews.com
No comments:
Post a Comment