A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 1 August 2014

Phnom Penh Court summons Kem Sokha and seven opposition lawmakers-elect and one activist តុលាការ​កោះ​ហៅ​លោក កឹម សុខា និង​សមាជិក​៨​នាក់​ទៀត​ចូល​បំភ្លឺ​ជា​ថ្មី​នៅ​ថ្ងៃ​១១​សីហា

កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA/Tin Zakariya
សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​នាក់ ក្នុង​នោះ​មាន លោក កឹម សុខា ផង ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ សីហា ខាង​មុខ សាកសួរ​អំពី​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ។
ការ​កោះ​ហៅ​នេះ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ សម្ដែង​ការ​ភ្ញាក់​ផ្អើល នៅ​ពេល​គណបក្ស​ទាំង​ពីរ​ចរចា​ជា​កញ្ចប់ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ និង​ដោះ​លែង​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា តែ​ឥឡូវ​បែរ​ជា​តុលាការ​កោះ​ហៅ​សាកសួរ​វិញ ដែល​គេ​ចាត់​ទុក​ថា តុលាការ​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ។
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​រូប ក្នុង​នោះ​មាន​ទាំង លោក កឹម សុខា ផង នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ សីហា តាម​ដីកា​កោះ​របស់​តុលាការ​ទាក់ទង និង​សំណុំ​រឿង​ចាស់ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ចំពោះ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។
ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ចេញ​ដីកា​កោះ​ហៅ លោក កឹម សុខា ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ វេលា​ម៉ោង ១០​ព្រឹក ដើម្បី​សួរ​បញ្ជាក់​បន្ថែម​ក្នុង​នាម​ខ្លួន​ជា​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក កឹម សុខា ចាត់​ទុក​ការ​កោះ​ហៅ​របស់​ចៅក្រម​នេះ​ជា​រឿង​នយោបាយ ពីព្រោះ​លោក​បញ្ជាក់​ថា កាល​ពី​លោក​ចូល​ខ្លួន​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ ចៅក្រម​សួរ​លោក​តែ​មួយ​សំណួរ​ទេ ហើយ​ក៏​ប្រាប់​ថា តុលាការ​បញ្ចប់​សំណុំ​រឿង​របស់​លោក ព្រោះ​លោក​គ្មាន​អ្វី​ពាក់ព័ន្ធ​ទេ៖ «សំឡេង»។
ដោយ​ឡែក​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប និង​សមាជិក​គណបក្ស​នេះ​មួយ​រូប​ទៀត ក៏​ត្រូវ​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១១ កក្កដា ដែរ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​នោះ រួម​មាន អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក កែវ ភីរម្យ លោក ឡុង រី លោក នុត រំដួល និង​ជំនួយ​ការ អ្នកស្រី មូរ សុខហួរ លោក អឿ ណារិទ្ធ។ អ្នក​ទាំង ៨​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ដឹក​នាំ​កុប្បកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា កន្លង​ទៅ។
អ្នកស្រី មូរ សុខហួរ អះអាង​ថា បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទាំងអស់ រួម​ទាំង​ជំនួយ​ការ​អ្នកស្រី​ផង នឹង​ទៅ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ទៅ​តាម​ការ​កោះ​ហៅ។ អ្នកស្រី មូរ សុខហួរ លើក​ឡើង​ថា មក​ទល់​ពេល​នេះ មេធាវី​របស់​អ្នកស្រី​បាន​សុំ​សំណុំ​រឿង​ពី​តុលាការ​មិន​ទាន់​បាន​នៅ​ឡើយ ពីព្រោះ​ថា សំណុំ​រឿង​នេះ​ជា​ករណី​សំខាន់​ណាស់​សម្រាប់​មេធាវី​របស់​អ្នកស្រី ក្នុង​ការ​ការពារ​ក្ដី។
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៨​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​យល់​ព្រម​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា នៅ​ខណៈ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ចរចា​ជា​កញ្ចប់ ដើម្បី​ដោះស្រាយ​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ហៅ​ការ​កោះ​ហៅ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ថា តុលាការ​ជា​ឧបករណ៍​នយោបាយ​របស់​អ្នក​នយោបាយ។ លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដាក់​សម្ពាធ​មក​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បង្ខំ​ឲ្យ​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​ឲ្យ​បាន​ឆាប់ៗ៖ «សំឡេង»។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១ សីហា នេះ។
ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ​ទី​១ សីហា នេះ បាន​ជួប​គ្នា​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី ទាក់ទង​នឹង​ការ​បង្កើត​ស្ថាប័ន​បោះ​ឆ្នោត​ថ្មី។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ដោយ​ឲ្យ​សមាជិក គ.ជ.ប មាន​អភ័យ​ឯកសិទ្ធិ​ដូច​តំណាង​រាស្ត្រ​ដែរ និង​ថវិកា​ស្វ័យភាព​របស់​ខ្លួន។ ហើយ​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​ធ្វើ​ដូច្នេះ គណបក្ស​នេះ​នឹង​ចូល​ស្បថ​ក្នុង​ព្រះបរមរាជវាំង​នៅ​សប្ដាហ៍​ក្រោយ។
លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឆ្លើយ​តប​វិញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ ផ្អែក​លើ​ការ​ចរចា​ព្រមព្រៀង​គ្នា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ដោយ​ក្នុង​នោះ​ពុំ​ទាន់​បញ្ជាក់​ថា ស្ថាប័ន គ.ជ.ប មាន​អភ័យ​ឯកសិទ្ធិ​ទេ។
មក​ទល់​ម៉ោង ៦​ជាង​ល្ងាច​នេះ លទ្ធផល​នៃ​ការ​ជួប​គ្នា​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ​គណបក្ស​ទាំង​ពីរ មិន​ទាន់​ដឹង​នៅ​ឡើយ៕

No comments: