ដោយ៖ ឡាយ សាមាន | ថ្ងៃអាទិត្យ ទី3 សីហា 2014 | VOD
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យនេះឲ្យដឹងថា ការចាប់ខ្លួនសកម្មជនគណបក្សរបស់ខ្លួនចំនួន៣រូប មិនប៉ះពាល់ដល់ការចរចាទេ តែគណបក្សនេះនៅតែទាមទារឲ្យអាជ្ញាធរគណបក្សប្រជាជនដោះលែងអ្នកទាំងនោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅថ្ងអាទិត្យនេះថា ការចរចានៅតែបន្តទៅមុខ ប៉ុន្តែគណបក្សនេះនៅតែទាមទារឲ្យមានការដោះលែងសកម្មជនបក្សរបស់ខ្លួន ព្រោះពួកគាត់គ្មានកំហុសដូចអ្វីដែលតុលាការចោទប្រកាន់នោះទេ។ លោកបន្តថា ការចរចានៅតែបន្ត ហើយត្រូវតែបញ្ចប់រៀបចំក្របខណ្ឌច្បាប់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ទោះយ៉ាងណា លោក យឹម សុវណ្ណ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទដែលគណបក្សទាំងពីរជួបគ្នាជាថ្មីនោះទេ។ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ស្នងការនគរបាលរាជធានីភ្នំពេញចុះចាប់ខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣រូបរួមមាន លោក ឃិន ជំរឿន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌច្បារអំពៅ លោក សាន គីមហេង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌទួលគោក និងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតខណ្ឌទួលគោក និងលោក នាង សុឃុន ហិរញ្ញិកចលនាយុវជនគណបក្សសង្គ្រោះជាតិខណ្ឌច្បារអំពៅ។
គួរបញ្ជាក់ថា បន្ទាប់ពីការចាប់ខ្លួនយុវជនទាំងបីនាក់នេះ ប៉ុន្មានម៉ោងក្រោយមក គណបក្សសង្គ្រោះជាតិចេញសេចក្តីថ្លែងការថ្កោលទោស គណបក្សប្រជាជនកម្ពុជាថា ប្រើតុលាការដើម្បីដាក់គំនាបនយោបាយ ហើយអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
ចំណែកអង្គការលីកាដូដែលតាមដានព្រឹត្តិការណ៍សង្គមយល់ឃើញថា ការចាប់ខ្លួនប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនេះ គឺជាការបង្កភាពតានតឹងផ្នែកនយោបាយជាថ្មី ខណៈគណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជាកំពុងចរចាធ្វើវិសោធនកម្មរដ្ឋធម្មនុញ ដាក់បញ្ចូលស្ថាប័នរៀបចំការបោះឆ្នោត ជាចំណុចដែលអាចឲ្យគណបក្សទាំងពីរអាចធ្វើការជាមួយគ្នានៅក្នុងសភាបាន៕
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
2 comments:
See how politic works,the ordinary people got screwed and the high people in high position got the job.
That is messed up! People should just stop supporting cnrp all together. They should take action and demand immediate release of those activists before continuing with any further negotiation.
Post a Comment