A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 3 June 2014

Who is Son Soubert? តើលោក សឺន ស៊ូប៊ែរ ជានរណា?

លោក​សឺន ស៊ូប៊ែរ្តិ៍ អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​​។
លោក​សឺន ស៊ូប៊ែរ្តិ៍ អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​​​។ ហុង មិនា

សឺន ​ស៊ូប៊ែរ្តិ៍ «គ្មាន​បំណង​រៀបការ​ទេ»

លោក សឺន ស៊ូប៊ែរ្តិ៍ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ ដែល​បាន​ចូល​និវត្ត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គឺជា​ឥស្សរជន​នយោបាយ​ម្នាក់ ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ឪពុក​របស់​លោក ដើម្បី​បង្កើត​ចលនា​តស៊ូ​មួយ នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ រហូត​ដល់​មាន​ការ​ចរចា បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ក្នុង ឆ្នាំ​១៩៩១។
លោក សឺន ស៊ូប៊ែរ្តិ៍ កើត​នៅ ឆ្នាំ​១៩៤២ ក្នុង​ត្រកូល​អ្នក​មាន​ជីវភាព​ធូរ​ធារ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​គេហដ្ឋាន​នៅ​ជិត​វិមាន​ឯករាជ្យ។ លោក ស៊ូប៊ែរ្តិ៍ បាន​បញ្ជាក់​ថា៖ «ទីតាំង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB សព្វ​ថ្ងៃ​នេះ គឺជា​អតីត​ផ្ទះ​កំណើត​របស់​ខ្ញុំ ឪពុក​ម្ដាយ​របស់​ខ្ញុំ រៀបការ​នៅ ឆ្នាំ​១៩៤០។ ពីរ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ចាប់​កំណើត​នៅ​ទីនោះ ខ្ញុំ​ជា​កូន​ទីពីរ នៅ​ក្នុង​គ្រួសារ»។​ ឪពុក​របស់​លោក សឺន ស៊ូប៊ែរ្តិ៍ គឺ​លោក សឺន សាន (សម្តេច បវរសេដ្ឋា សឺន សាន) ដែល​ជា​អ្នក​ជាតិ​និយម​ខ្មែរ​ដ៏​ល្បី​ល្បាញ​ម្នាក់ មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម។ លោក សឺន សាន ជា​ឥស្សរជន​នយោបាយ​ល្បី​ល្បាញ​តាំង​ពី​ជំនាន់​សង្គម​រាស្រ្ត​និយម ដែល​ដឹក​នាំ​ដោយ​សម្ដេច​ព្រះ​នរោត្តម សីហនុ។
នៅ​ពេល​គ្រប់​អាយុ​ចូល​រៀន លោក ស៊ូប៊ែរ្តិ៍ បាន​ចូល​រៀន​នៅ​សាលា ម៉ាលិកា ព្រោះ «សម្ដេច ម៉ាលិកា» កាល​នោះ បាន​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ឪពុក​របស់​លោក។ សាលា ម៉ាលិកា ស្ថិត​នៅ​ខាង​ក្រោយ វត្ត​បទុម បច្ចុប្បន្ន ជា​ផ្ទះ​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា។ «សម្ដេច ប៉េងប៉ោះ ត្រូវ​ជា​ក្រុម​គ្រួសារ​សម្ដេច យុគន្ធ ព្រះអង្គ យុគន្ធ ជា​ព្រះ​រាជបុត្រ​ព្រះ​ករុណា នរោត្តម ហើយ​លោក​បាន​ទាមទារ​ឯករាជ្យ​ឲ្យ​ខ្មែរ នៅ ឆ្នាំ​១៩០០ ជាមួយ​ជនជាតិ បារាំង ម្នាក់ ក៏​ប៉ុន្តែ​មិន​បាន​សម្រេច ដោយ​រដ្ឋាភិបាល បារាំង រក​រឿង លោក​ក៏​ភៀស​ខ្លួន​ទៅ​នៅ សិង្ហបុរី»។ «សម្តេច ម៉ាលិការ» និង «សម្ដេច ប៉េងប៉ោះ» បាន​បង្កើត​សាលា ម៉ាលិកា ដែល​បង​ប្អូន​លោក ស៊ូប៊ែរ្តិ៍ ទាំង​អស់​បាន​ចូល​រៀន​នៅ​សាលា​នេះ។
នៅ​ក្នុង​វ័យ ១២ ឆ្នាំ គឺ​នៅ​ក្នុង ឆ្នាំ​១៩៥៤ លោក ស៊ូប៊ែរ្តិ៍ បាន​បញ្ចប់​ការ​សិក្សា នៅ​ថ្នាក់​បឋមសិក្សា នៅ ភ្នំពេញ ហើយ​បាន​ចាក​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ​បន្ត​ការ​សិក្សា​នៅ ប្រទេស​បារាំង រហូត​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​នៅ ក្រុង​ប៉ារីស ដែល​មាន​ឈ្មោះ​ថា Sorbonne ។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​សំណាង បាន​ឪពុក​ខ្ញុំ ឲ្យ​ខ្ញុំ​និង​បង​ខ្ញុំ ទៅ​រៀន​នៅ បារាំង ចាប់​តាំង​ពី​មធ្យម​សិក្សា ដល់​សាកល​វិទ្យាល័យ ដែល​លោក​តាខ្ញុំ ជួយ​ឧបត្ថម្ភ ទើប​មិន​មាន​បញ្ហា​ក្នុង​ជីវិត»។
លោក ស៊ូប៊ែរ្តិ៍ រៀន​ខាង​អក្សរសាស្រ្ត ទស្សនវិជ្ជា ទទួល​បាន​និទេ្ទស​ល្អ ទើប​លោក​អាច​ប្រឡង​ចូល​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​នៅ ទីក្រុង​ប៉ារីស បាន​ជោគជ័យ។ «ខ្ញុំ​បាន​សិក្សា​នៅ​សាលា​វិចិត្រសិល្បៈ​ធំ​មួយ​នៅ ប៉ារីស ខ្ញុំ​បាន​ជ្រើស​រើស​យក​ប្រវត្តិសាស្រ្ត​សិល្បៈ ឥណ្ឌា និង​ប្រទេស​ដែល​មាន​ឥទ្ធិពល​ពី​ភូមា ថៃ ខ្មែរ ជ្វា ឥណ្ឌូនេស៊ី និង ចំប៉ា តំបន់​យួន​ភាគ​កណ្ដាល ដូច្នេះ​ហើយ ទើប​ខ្ញុំ​បង្រៀន​នៅ​មហា​វិទ្យាល័យ​បុរាណវិទ្យា និង​បង្រៀន​គ្រូ​ឲ្យ​ជំនួស​ខ្ញុំ​ថែម​ទៀត»។
លោក ស៊ូប៊ែរ្តិ៍ រៀន​ពី​អក្សរសាស្រ្ត ឡាតាំង ក្រិក វេយ្យាករណ៍​បារាំង និង​ទស្សនវិជ្ជា ទាក់ទង​នឹង​សម័យ​បុរាណ។ លោក ស៊ូប៊ែរ្តិ៍ ក៏​ត្រូវ​បាន​បញ្ជូន​ទៅ ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដើម្បី​រៀន​ជួស​ជុល​វត្ថុបុរាណ ក្នុង​ក្របខណ្ឌ​របស់​អង្គការ យូណេស្កូ រយៈ​ពេល ៦ ខែ​ផង​ដែរ និង​បាន​ស្រាវជ្រាវ​ពី​តំបន់​ទេសចរណ៍​ធំៗ ដូចជា​នៅ​សហរដ្ឋ​អាមេរិក ជប៉ុន អូស្រ្តាលី ដើម្បី​មក​រៀបចំ​តំបន់​ទេសចរណ៍​នៅ​ស្រុក​ខ្មែរ ដែល​ជំនាន់​នោះ អង្គការ យូណេស្កូ បាន​រៀបចំ​តំបន់​ទេសចរណ៍​ពី សៀមរាប ទៅ ភ្នំ​គូលែន ប៉ុន្តែ​នៅ ឆ្នាំ​១៩៧០ ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម វៀតណាម ទើប​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការ​អនុវត្ត​កិច្ចការ​ទាំង​អស់​នោះ។
លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​ពី​ប្រាសាទ​មួយ នៅ​ខាង​ត្បូង ឥណ្ឌា អស់​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​យក​បទ​ពិសោធ​មក​ជួយ​អភិរក្ស​ប្រាសាទ​នៅ​ស្រុក​ខ្មែរ ក៏​ប៉ុន្តែ​ចៃដន្យ ខ្មែរ​ក្រហម​មិន​ត្រូវ​ការ ក៏​ខកខាន​ទៀត»។
លោក សឺន សូប៊ែរ្តិ៍ មិន​បាន​រស់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ ដោយ​អំឡុង​ពេល​ដែល​ខ្មែរ​ក្រហម​ដឹក​នាំ​ប្រទេស​លោក​បាន​រស់​នៅ​ក្នុង ប្រទេស​បារាំង ដោយ​បាន​បើក​ហាង​លក់​ទំនិញ​ខ្នាត​តូច​មួយ សម្រាប់​ចិញ្ចឹម​ជីវិត​នៅ​ទីនោះ។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «ក៏​ប៉ុន្តែ​លោក​ឪពុក​ខ្ញុំ និង​ឥស្សរជន​ដទៃ​ទៀត បាន​សរសេរ​សំបុត្រ​ទៅ​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ នៅ​ពេល​នោះ ដើម្បី​ស្នើ​សុំ​មក​ស្រុក​ខ្មែរ​វាយតម្លៃ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​របប​ខ្មែរ​ក្រហម តែ​ត្រូវ​បាន​បដិសេធ​ដោយ​ហេតុ​ថា ខ្មែរ​ក្រហម មាន​អាសនៈ​នៅ​អង្គការ​សហ​ប្រជាជាតិ»។ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​លើក​យក​ទៅ​ជជែក​នៅ ទីក្រុង​ហ្សឺណែវ ក្នុង ឆ្នាំ​១៩៧៨ ដែល​នៅ​ពេល​នោះ វៀតណាម សហភាព​សូវៀត ចិន និង គុយបា បាន​ប្រកាស​គាំទ្រ​ខ្មែរ​ក្រហម ធ្វើ​ឲ្យ​ការ​ជជែក​នោះ មិន​មាន​លទ្ធផល​ទេ។ «ទោះ​បី​ខ្ញុំ​មិន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ចលនា​តស៊ូ តែ​វិភាគទាន​របស់​ខ្ញុំ​គឺ​បាន​ជួយ​ដល់​សមាគម​ខ្មែរ​ទូទៅ​នៅ​បរទេស [General Association of Oversea Khmer] or AGKE ដើម្បី​ឧបត្ថម្ភ​ចលនា​តស៊ូ​រំដោះ​ប្រទេស​ពី​ខ្មែរ​ក្រហម​និង​យួន»។

នៅ​ពេល​ដែល​កងទ័ព វៀតណាម ចូល​មក​កាន់​កាប់​អំណាច​នៅ​ស្រុក​ខ្មែរ ក្រោយ​ពី​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​ក្នុង ឆ្នាំ​១៩៧៩ លោក ស៊ូប៊ែរ្តិ៍ បាន​ចាប់​ផ្ដើម​ចូល​រួម​ចលនា​តស៊ូ ជាមួយ​ឪពុក​របស់​លោក នៅ​តាម​បណ្ដោយ​ព្រំដែន ខ្មែរ ថៃ។ លោក​បាន​ដើរ​កាត់​ព្រៃ​ភ្នំ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​នាំ​ស្បៀង​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​ភៀស​ខ្លួន​មក​តាំង​ទីលំនៅ នៅ​តាម​ព្រំដែន ថៃ។ «ដោយ​ពេល​ដែល យួន កំពុង​ឈ្លាន​ពាន​ខ្លាំង​នោះ មាន​ពួក​មហា​អំណាច​សហរដ្ឋ​អាមេរិក និង ចិន បាន​ឲ្យ ថៃ មក​ទាក់ទង​ឪពុក​ខ្ញុំ នៅ ក្រុង​ប៉ារីស ហើយ​បាន​នាំ​គាត់​មក​ជាយ​ដែន ដើម្បី​ប្រមូល​ចលនា​តស៊ូ ហើយ​បង្កើត​ជា​រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ នៅ ខែ​តុលា ឆ្នាំ​១៩៧៩ និង​បាន​បង្កើត​កងទ័ព​នៅ​ថ្ងៃ ទី៥ ខែ​មីនា។ ដំបូង​កងទ័ព​នោះ​ជា​កងទ័ព​ប្រឆាំង​ទៅ​នឹង​ចលនា​ខ្មែរ​ក្រហម​តែ​ក្រោយ​មក​ក្លាយ​ជា​ចលនា​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់ យួន»។ នៅ​តាម​ព្រំដែន លោក​បាន​ជួយ​គាំទ្រ​ប្រជា​ពលរដ្ឋ ឲ្យ​ចូល​រួម​បង្កើត​ជា​ភូមិ និង​បាន​បង្កើត​ឲ្យ​មាន​សាលារៀន សម្រាប់​ក្មេងៗ​ដែល​កើត​នៅ​តាម​ព្រំដែន​រៀន។
«ដោយ​សារ អាមេរិក និង ចិន គាំទ្រ​ឪពុក​ខ្ញុំ ទើប​ធ្វើ​ឲ្យ​ខ្ញុំ បាន​ចូល​រួម​ជាមួយ​លោក​ឪពុក ដើម្បី​ធ្វើ​នយោបាយ។​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ចូល​រួម​ក្នុង​ចលនា​រំដោះ​ជាតិ ពី ឆ្នាំ​១៩៧៩ រហូត​ដល់ ឆ្នាំ​១៩៩១»។ នៅ​ក្រោយ​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស ទើប​លោក ស៊ូប៊ែរ្តិ៍ បាន​ចូល​មក ភ្នំពេញ។ នៅ​ក្នុង​ការ​បោះឆ្នោត ឆ្នាំ​១៩៩៣ គណបក្ស​នយោបាយ​របស់​លោក ឈ្នះ​បាន ១០ កៅអី នៅ​ក្នុង រដ្ឋសភា។ លោក​ធ្វើ​ជា​អនុ​ប្រធាន​ទីពីរ​រដ្ឋសភា។ «ខ្ញុំ​បាន​ដឹក​នាំ​គណ​ប្រតិភូ​សភា កាល​នោះ​យើង​រួម​គ្នា​មាន​ភាគី​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស សេរី​និយម​ព្រះពុទ្ធ​សាសនា បាន​នាំ​គ្នា​ចុះ​ទៅ បាត់ដំបង។ កាល​នោះ សមាជិក​សភា មាន​ភាព​ស្និទ្ធ​ស្នាល​គ្នា​ណាស់ ជិះ​ឡាន​ជាមួយ​គ្នា ម្នាក់ៗ បាន​រៀបរាប់​ពី​ជីវិត​គេ ពី​ការ​លំបាក កាល​ពី​នៅ​ក្មេង ជា​ពិសេស​ឯកឧត្ដម ឈាង វុន គាត់​ធ្លាប់​លក់​នំប៉័ង»។ «ដល់​វេន​ខ្ញុំ ខ្ញុំ​និយាយ​ថា ខ្មាស​ឯកឧត្ដម​លោក​ជំទាវ​ណាស់ ព្រោះ​ខ្ញុំ កើត​មក​អត់​មាន​វិបត្តិ​អី​សោះ»។
មក​ដល់​ពេល​នេះ លោក សឺន ស៊ូប៊ែរ្តិ៍ មាន​អាយុ ៧២​ឆ្នាំ ហើយ ប៉ុន្តែ​លោក​មិន​ទាន់​រៀបការ​ទេ ហើយ​ក៏​គ្មាន​គំរោង​រៀបការ​ដែរ ដោយ​សារ​តែ​ហួស​ពេល​ហើយ។ បើ​ទោះ​បី​លោក​មិន​មាន​បន្ទុក​ត្រូវ​ចិញ្ចឹម​ប្រពន្ធ កូន ដូច​បុរស​ខ្មែរ​ភាគ​ច្រើន​ក្តី ក៏​លោក​គឺ​ជា​អ្នក​ទទួល​រ៉ាប់​រង​ក្នុង​ការ​ចិញ្ចឹម​កុមារ​កំព្រា​រាប់​សិប​នាក់ នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ចំនួន​ពីរ​ដែល​លោក​បាន​បង្កើត​ឡើង៕

No comments: