ដោយ៖ ជន ស្រីណុច | ថ្ងៃអង្គារ ទី3 មិថុនា 2014 |VOD
អ្នកស្រីយ៉ោម បុប្ឆា សកម្មជនដីធ្លីតំបន់បឹងកក់ ក្នុងយុទ្ធនាការតវ៉ាឲ្យមានការដោះលែងអ្នកជាប់ចោទទាំង២៣នាក់ នាពេលកន្លងមក (រូបថត៖ តាត ឧត្តម)
សកម្មជនដីធ្លី នៅសហគមន៍បឹងកក់ម្នាក់ដែលធ្លាប់តវ៉ារហូតជាប់ពន្ធនាគារជាងមួយឆ្នាំ អ្នកស្រីយ៉ោម បុប្ផា នឹងទៅទទួលពានរង្វាន់ជាស្ត្រីឆ្នើម ពីអង្គការសង្គមស៊ីវិលមួយ ធ្វើការផ្តោតលើសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។
សកម្មជនដីធ្លីនៃសហគមន៍តំបន់បឹងកក់អ្នកស្រីយ៉ោម បុប្ផា ប្រាប់VOD នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមិថុនា នេះថា ខ្លួននឹងធ្វើដំណើរទៅកាន់ប្រទេសអាមេរិក នៅថ្ងៃទី១៤ ខែមិថុនានេះ ដើម្បីទទួលពានរង្វាន់ពីអង្គការសិទ្ធិមនុស្សមួយ ដែលធ្វើការផ្តោតលើសិទ្ធិស្ត្រី នៃប្រទេសមហាអំណាចមួយនេះ។ អ្នកស្រីឲ្យដឹងបន្តថា ពានរង្វាន់នោះ ត្រូវបានគេឲ្យឈ្មោះថា ជាពានសម្រាប់អ្នកដឹកនាំដ៏អង់អាចក្លាហាន ក្នុងការលើកកម្ពស់ការដោះស្រាយទំនាស់អហិង្សា។
អ្នកស្រីយ៉ោម បុប្ភា បានសម្តែងនូវក្ដីត្រេកអរដែលខ្លួននឹងទទួលបានពានរង្វាន់នេះ។ អ្នកស្រីថា វាជាការផ្តល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់សហគមន៍រងគ្រោះ ជាពិសេសក្រុមស្ត្រី ដែលតែងតែចេញមុខតស៊ូជាបន្តបន្ទាប់ ទោះបីជាមានការរំលោភបំពានយ៉ាងក្ដី។ អ្នកស្រីសំណូមពរឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចេះងើបឡើងតស៊ូ មិនត្រូវនៅស្ងៀមឲ្យគេគាបសង្កត់នោះទេ។
អ្នកស្រី យ៉ោម បុប្ផា គឺជាសកម្មជនដីធ្លី ដែលចេញមុខតវ៉ាប្រឆាំងនឹងការបណ្តេញចេញ រហូតដល់រដ្ឋាភិបាលចាប់ដាក់ពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

No comments:
Post a Comment