A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 June 2014

UN envoy, Prof. Surya Subedi, says Cambodia must reform many other institutions beside electoral reforms សុរិយា ស៊ូប៊ែឌី៖ កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ក្រៅ​ពី​ស្ថាប័ន​បោះ​ឆ្នោត

សុរិយា ស៊ូប៊ែឌី ៦១០
លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៤។
RFA/Uon Chhin
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​បញ្ចេញ​របាយការណ៍​ជាង ១០​ទំព័រ បន្ទាប់​ពី​លោក​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា។
លោក ស៊ូប៊ែឌី បាន​សង្កត់​ធ្ងន់​ថា កម្ពុជា ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ទៀត ក្រៅ​ពី​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​នោះ គឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​សភា ក្រុមប្រឹក្សា​ធម្មនុញ្ញ។ លោក​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រួម​តូច និង​រឹតត្បិត។
លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ការ​ជាប់​គាំង​នយោបាយ​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ​មក​នេះ ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។
លោក សុរិយា ស៊ូប៊ែឌី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ថា លំហូរ​ប្រជាធិបតេយ្យ​នៅ​ប៉ុន្មាន​ខែ​កន្លង​មក​នេះ បាន​រួម​តូច។ លោក​បញ្ជាក់​ថា ការ​យក​ទីលាន​ប្រជាធិបតេយ្យ​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស និង​រថពាសដែក និង​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​ទីតាំង​យោធា ពុំ​មាន​មូលហេតុ​ផ្លូវ​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ។
ទន្ទឹម​នឹង​នេះ លោក សុរិយា ស៊ូប៊ែឌី អំពាវនាវ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​លទ្ធផល​ស៊ើប​អង្កេត លើ​ករណី​ផ្ទុះ​អំពើ​ហិង្សា​បាញ់​មនុស្ស​ស្លាប់​កន្លង​មក​នោះ។ លោក​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ដូច្នេះ៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​ហិង្សា ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣ និង​នៅ​ថ្ងៃ​ទី​៣ មករា និង​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួស​ជាច្រើន​នាក់ និង​បាត់​ខ្លួន​ម្នាក់​នោះ»
ក្រៅ​ពី​នេះ​ទៀត លោក សុរិយា ស៊ូប៊ែឌី ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​មួយ​ចំនួន​ទៀត ដូចជា ប្រព័ន្ធ​តុលាការ សភា​បាន​អនុម័ត​ច្បាប់​៣​ថ្មីៗ​នេះ ជា​ចំណុច​ស្នូល​នៃ​អនុសាសន៍​របស់​លោក​កន្លង​មក តែ​លោក​ព្រួយ​បារម្ភ​ថា ច្បាប់​ទាំង​បី​នេះ​ជា​ឧបសគ្គ​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ និង​គោលការណ៍​បែង​ចែក​អំណាច។ ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​សភា ការ​កំណែ​ទម្រង់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ​ពិត​ប្រាកដ និង​មិន​ប្រកាន់​គណបក្ស​នយោបាយ។
ក្រៅ​ពី​នេះ​ទៀត លោក​សង្កត់​ធ្ងន់​ថា ស្ថាប័ន​រដ្ឋ​មិន​បាន​ការពារ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ បញ្ហា​នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម និង​ការ​ដាក់​ញត្តិ​មក​លោក​នោះ៖ «ខ្ញុំ​បាន​ដឹង​ថា ការ​បរាជ័យ​របស់​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ គឺ​ជា​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​មក​រក​ខ្ញុំ ដោយសារ​ការ​អស់​សង្ឃឹម​ក្នុង​ការ​បង្ហាញ​ពី​ស្ថានភាព​លំបាក​របស់​គេ និង​បាន​ដាក់​ញត្តិ​ឲ្យ​ខ្ញុំ​ជួយ»
មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​នៃ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា ការ​សំណូមពរ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ នេះ មិន​មែន​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ​របស់​លោក​នេះ​ទេ ហើយ​ការ​សម្រេច​របស់​រដ្ឋាភិបាល​នោះ គឺ​ឋិត​នៅ​លើ​នីតិវិធី និង​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ៖ «ចំពោះ​ការ​បរាជ័យ​របស់​សភា អា​នេះ​ជា​ការ​ប្រើ​ភាសា​មួយ​អាក្រក់​ស្ដាប់​ណាស់ ក៏ប៉ុន្តែ​ចំពោះ​បញ្ហា​ហ្នឹង​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​បាន​ចាប់​ចំណាប់​ខ្មាំង​ទៅ​លើ​ការងារ​ប្រជាធិបតេយ្យ ដែល​គេ​មិន​បាន​ចូល​សភា»

បន្ថែម​ពី​នេះ​ទៀត លោក សុរិយា ស៊ូប៊ែឌី បាន​លើក​ពី​លំហូរ​ប្រជាធិបតេយ្យ សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​រងគ្រោះ ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ស្លាប់ ដែល​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ជា​ស្ថាប័ន​ឯករាជ្យ ជាដើម។
លោក សុរិយា ស៊ូប៊ែឌី សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា ប្រសិន​បើ​មិន​មាន​ការ​កែ​ទម្រង់​ឲ្យ​បាន​ឆាប់​ទេ ប្រទេស​នឹង​មាន​ការ​ប្រថុយប្រថាន​នៃ​ការ​វិល​ត្រឡប់​ទៅ​ជា​អំពើ​ហិង្សា។ លោក​អះអាង​ថា របាយការណ៍​គ្រឹះ​សំខាន់ៗ​របស់​លោក​ចំនួន​៤ ដែល​បាន​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ នោះ ជុំវិញ​នឹង​ការងារ​របស់​លោក​បាន​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ៥​ឆ្នាំ​កន្លង​មក​នេះ លោក​មាន​បំណង​ជួយ​ដល់​រដ្ឋាភិបាល គណបក្ស​ប្រឆាំង ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ។ លោក​បញ្ជាក់​ទៀត​ថា ការ​សន្និដ្ឋាន និង​អនុសាសន៍​របស់​លោក​ដែល​មាន​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​នេះ លោក​នឹង​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤ ខាង​មុខ៕

No comments: