Please watch the videos of gangs trying to prevent the meeting.
ដោយ៖ ឡាយ សាមាន | ថ្ងៃសៅរ៍ ទី7 មិថុនា 2014, VOD
កម្លាំងប្រដាប់អាវុធជិត៣០០នាក់ ត្រូវបានដាក់ពង្រាយឡោមព័ទ្ធទីស្នាក់របស់គណបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែង ខេត្តឧត្តមានជ័យនាថ្ងៃសៅរ៍នេះ ខណៈគណបក្សនេះ គ្រោងរៀបចំវេទិការសាធារណៈទទួលថ្នាក់ដឹកនាំនៅថ្ងៃអាទិត្យស្អែក។
សកម្មជនគណបក្សសង្គ្រោះជាតិប្រចាំស្រុកអន្លង់វែង លោក ញ៉ែម អេន បានប្រាប់ VOD នៅថ្ងៃសៅរ៍ទី៧ មិថុនានេះថា មេបក្សរបស់លោក គឺលោកសម រង្ស៊ី និងលោកកឹម សុខា នឹងមកចុះជួបសកម្មជននៅស្នាក់ការមួយក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប៉ុន្តែលោកអះអាងថា ស្នាក់ការដែលគ្រោងនឹងធ្វើវេទិកានោះត្រូវបានរារាំង ដោយម្ចាស់ផ្ទះដែលលោកជួល បានប្ដឹងអាជ្ញាធរមិនឲ្យលោកយកផ្ទះនោះធ្វើជាកន្លែងរៀបចំវេទិកាទេ។ លោកបន្ថែមថា អាជ្ញាធរបាននាំកម្លាំងប្រហែលមួយរយនាក់ទៅរុះរើរោង និងហែកបដា ហើយមិនអនុញ្ញាតឲ្យធ្វើវេទិការនេះទៀត។
លោក បន្តថា ខាងក្រុមងារ ក៏ដូចជារូបលោក សម្រេចប្តូរទីតាំងធ្វើវេទិកាសាធារណៈ ទៅកន្លែងផ្សេង នៅផ្លូវអក្សរT ផ្លូវទៅព្រំដែនជាំស្រងាំ ប៉ុន្តែត្រូវបានអាជ្ញាធរដាក់កម្លាំងកងទ័ពស្លៀកពាក់ស៊ីវិលចំនួន៤ឡាន មានគ្នាប្រមាណជាង២០០នាក់ នៅត្រង់កន្លែងដែលលោកគ្រោងរៀបចំវេទិកានោះ ។ លោកយល់ថា ការដាក់ពង្រាយកងទ័ពជាការគំរាមកំហែងខាងនយោបាយ។
មន្ត្រីប្រចាំបញ្ជានៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង លោក សុំ រតន៍ សុំមិនអត្ថាធិប្បាយ ដោយជំរុញឲ្យទៅសួរលោកអធិការរងលោក សារី ដែល VOD មិនអាចទាក់ទងបាន។
ជារឿយៗ ក្រោយការជាប់គាំងនយោបាយ គេសង្កេតឃើញគណបក្សកាន់អំណាចបានប្រើកម្លាំងប្រដាប់អាវុធ ដើម្បីទប់ទល់សេរីភាពនៃការជួបជុំ និងសម្ដែងមតិ។
សរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com
No comments:
Post a Comment