២០-មិថុនា-២០១៤៖ លិខិតឆ្លងដែននៃព្រះរាជាណា ចក្រកម្ពុជា។ Photo: RFA |
ដោយ សុ ជីវី RFA 2014-06-20
រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យថ្មីមួយដោយធានាផ្ដល់លិខិតឆ្លងដែនធម្មតាដល់ពលករ ពលការិនី សិស្ស និងនិស្សិតខ្មែរ ក្នុងតម្លៃថោក គឺត្រឹម ៤ដុល្លារ។ មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា នេះជាជំហានថ្មីមួយរបស់រដ្ឋាភិបាល ដែលជាការឆ្លើយតបនឹងតម្រូវការ និងស្ថានភាពបន្ទាន់ក្នុងពេលបច្ចុប្បន្ន។
ការធ្វើលិខិតឆ្លងដែនក្នុងតម្លៃ ៤ដុល្លារ ដែលប្រហែលនឹង ១ម៉ឺន ៦ពាន់រៀល ត្រូវអនុវត្តចាប់ពីថ្ងៃទី២០ ខែឧសភា ពោលគឺចាប់ពីពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះហត្ថលេខាលើអនុក្រឹត្យថ្មីនោះ។
ទីប្រឹក្សារដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា មានប្រសាសន៍ថា នេះជាការឆ្លើយតបរបស់រដ្ឋាភិបាល ចំពោះស្ថានភាពតម្រូវការក្នុងពេលបច្ចុប្បន្ន៖ «យើងដឹងហើយថា រយៈពេលចុងក្រោយនេះក៏មានការប្រឈមទៅនឹងថៃ ដឹកជញ្ជូនមក បញ្ហាពលករជាច្រើនដែលត្រូវបានថៃ ដឹកជញ្ជូនមកវិញផង ក៏ដូចជាសម្រួលដល់ពលករដែលនៅក្នុងស្រុក តាមមធ្យោបាយផ្សេងៗទៀត។ នេះជាការយកចិត្តទុកដាក់ខ្ពស់ណាស់»។
នៅក្នុងអនុក្រឹត្យលេខ២០៥ របស់រដ្ឋាភិបាល ស្ដីពីការផ្ដល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនី និងសិស្ស និស្សិតខ្មែរ បញ្ជាក់ថា ពួកគេអាចទៅធ្វើលិខិតឆ្លងដែន ដើម្បីទៅធ្វើការដោយស្របច្បាប់នៅក្រៅប្រទេស ឬទៅសិក្សា ដោយពន្ធអាករជាបន្ទុករបស់រដ្ឋាភិបាល។ ចំណែកពលករ និងសិស្សនិស្សិត ត្រូវបង់ប្រាក់ចំនួន ៤ដុល្លារ ដែលជាថ្លៃថតរូប។ អនុក្រឹត្យដដែលបញ្ជាក់ថា គេអាចធ្វើលិខិតឆ្លងដែនប្រភេទនេះក្នុងរយៈពេលយ៉ាងយូរត្រឹម ២០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។
ការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា នៅពេលនេះ គឺបន្ទាប់ពីពលករពលការិនីខ្មែរជាង ២សែន ២ម៉ឺននាក់ ត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញ ដោយសារតែពួកគេបានឆ្លងដែនចូលទៅក្នុងប្រទេសនេះ ដើម្បីធ្វើការដោយពុំមានលិខិតឆ្លងដែន ឬឯកសារផ្លូវច្បាប់ផ្សេងទៀត។ តាមស្ថានភាពនេះ ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់នោះ អាចនឹងសម្រុកទៅធ្វើលិខិតឆ្លងដែននៅពេលទទួលដំណឹងពីតម្លៃថ្មីនេះ។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ពុំទាន់អាចបញ្ជាក់លម្អិតទេ ថាតើនឹងមានដំណើរការបែបណាចំពោះតម្លៃថ្មី ក្នុងការផ្ដល់លិខិតឆ្លងដែននេះ? លោកអាចដឹងតែត្រឹមថា អនុក្រឹត្យនេះនឹងដាក់អោយអនុវត្តភ្លាមៗ៖ «អនុក្រឹត្យបានចែងច្បាស់ថា ចាប់អនុវត្តពីថ្ងៃនេះទៅ ថ្ងៃណាដែលប្រមុខរដ្ឋាភិបាលចុះហត្ថលេខា គឺចូលជាធរមានថ្ងៃនោះតែម្ដង»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា បានសាទរចំពោះសេចក្ដីសម្រេចថ្មីនេះ។ ប៉ុន្តែលោកលើកឡើងដែរថា ក្រៅពីបញ្ហាតម្លៃលិខិតឆ្លងដែន ក៏នៅមានបញ្ហាមួយចំនួនទៀតដែលនៅតែជាឧបសគ្គសម្រាប់ពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេស៖ «វាអត់មានតម្លាភាពច្បាស់លាស់ទាក់ទងនឹងតម្លៃសេវាឯកសារ ទិដ្ឋាការតម្លៃផ្សេងៗទៀត នឹងគួរតែមានតារាងតម្លៃអីអោយច្បាស់។ ឧទាហរណ៍ថា ៤ដុល្លារហ្នឹងតម្លៃប៉ាសស្ព័រ ចុះផ្សេងទៀតទៅលើអីខ្លះ? ចំណាយអស់ហ្នឹងមិនគួរច្រើនពេកទេ បើច្រើនពេក គាត់ត្រូវខ្ចីលុយគេច្រើន។ អ្នកដែលទៅធ្វើចំណាកស្រុកហ្នឹង សុទ្ធតែជាអ្នកអត់ហើយ ជាអ្នកក្រីក្រ ដើម្បីបានធ្វើការទាល់តែខ្ចីលុយគេទៅចុះឈ្មោះ»។
នៅមុនពេលមានសេចក្ដីសម្រេចថ្មីនេះ កម្មករកម្មការិនី សិស្សនិស្សិត ត្រូវចំណាយប្រាក់ជាង ២០ដុល្លារ សម្រាប់ធ្វើលិខិតឆ្លងដែនទៅធ្វើការ ឬទៅរៀននៅក្រៅប្រទេស។ ចំពោះអ្នកដែលទៅរកការងារធ្វើតាមរយៈក្រុមហ៊ុន ឬភ្នាក់ងាររកការងារនានា ពួកគេត្រូវចំណាយចាប់ពី ២០០ ទៅ ៥០០ដុល្លារ សម្រាប់ឯកសារផ្លូវច្បាប់ផ្សេងៗទៀត៕
No comments:
Post a Comment