A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 21 June 2014

Small businesspeople in Poipet stopped giving relief because authority use it as a political for the ruling CP អាជីវករ​មួយ​ចំនួន​នៅ​ប៉ោយប៉ែត​ផ្អាក​ផ្ដល់​ជំនួយ​ដល់​ពលករ​ដោយសារ​រឿង​នយោបាយ

ចែក​ស្បៀង​ពលករ​ខ្មែរ ៦១០
ទីតាំង​ចែក​បាយ​កញ្ចប់ និង​មី ដែល​ជា​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ត្រៀម​ចែក​ជូន​ពលករ​ខ្មែរ នា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Soun Sophalmony
ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​ភាគ​ច្រើន​នៅ​ក្រុង​ប៉ោយប៉ែត ផ្អាក​ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា។ ការ​កាត់​ផ្ដាច់​ស្បៀង​សប្បុរសធម៌​នេះ គឺ​បណ្ដាល​មក​ពី​ការ​ជ្រៀតជ្រែក​ខាង​ផ្នែក​នយោបាយ។
ការ​ជ្រៀតជ្រែក​ខាង​ផ្នែក​នយោបាយ បាន​បន្ទច់បង្អាក់​ដល់​លំហូរ​ស្បៀង​សប្បុរសធម៌​ចំពោះ​ជន​អន្តោប្រវេសន៍​ខ្មែរ​រាប់​ពាន់ ដែល​អាជ្ញាធរ​កំពុង​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា វិញ។ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិថុនា នេះ បាយ​កញ្ចប់ នំ​ចំណី​នានា ដែល​គេ​ដាក់​ត្រៀម​ទុក​នៅ​ខាង​មុខ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ចំនួន​ថយ​ចុះ។
ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត បញ្ជាក់​ថា ពួក​គាត់​ផ្អាក​ការ​ផ្ដល់​ស្បៀង​សប្បុរសធម៌​ទៅ​អោយ​ពលករ​ខ្មែរ ដោយសារ​តែ​សម្ពាធ​នយោបាយ។ កន្លង​មក​នេះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ដែល​ដឹក​នាំ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​រារាំង​គំរាម​កំហែង មិន​ឲ្យ​សប្បុរសជន​នានា​ធ្វើ​អំណោយ​ដោយ​ផ្ទាល់​ដៃ​ទៅ​ដល់​ពលករ​ទេ ប៉ុន្តែ​បែរ​ជា​ដាក់​កំហិត​ឲ្យ​យក​ជំនួយ​ទាំង​នោះ ចូល​តាម​រយៈ​អាជ្ញាធរ​ទៅ​វិញ៖ «គេ​ចុះ​ចែក​ផ្ទាល់​អត់​អោយ​គេ​ចែក ឥឡូវ​បាត់​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៩ ស្រែក​ដាក់​មីក្រូ​ដេញ​តំណាង​រាស្ត្រ​ចេញ​ហ្នឹង គឺ​គេ​អត់​ចិត្ត ហេតុ​អី​បាន​ពេល​នេះ​ហើយ​បែរ​ជា​យើង​យក​នយោបាយ​ហ្នឹង​និយាយ​អី​ទៀត ខំ​តែ​ជួយ​ពលករ​ឲ្យ​រួច​ផុត​ទៅ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក មិន​អ្នក​ណា​អ្នក​ណា​ម្នាក់​មក​ស្រែក​ថា ឲ្យ​បោះ​ឆ្នោត​ឲ្យ​អ្នក​នេះ​អ្នក​នោះ​ឯណា»
ចាប់​ពី​ថ្ងៃ​ទី​១២ មិថុនា មក ក្រុម​អាជ្ញាធរ​បាន​ហាម​ឃាត់​ដាច់​ខាត មិន​ឲ្យ​សប្បុរសជន​នានា​ចូល​ទៅ​ធ្វើ​ទាន​ដល់​ពលករ​ខ្មែរ​ដោយ​ផ្ទាល់​ដៃ​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​តម្រូវ​ឲ្យ​ផ្ដល់​ស្បៀង​ទាំង​នោះ ត្រូវ​ធ្វើ​តាម​រយៈ​ក្រុម​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន។ បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ គឺ​ដោយសារ​ការ​បណ្ដេញ​សមាជិក​ព្រឹទ្ធសភា និង​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជាង ២០​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចែក​ជំនួយ​សប្បុរសធម៌​ដល់​ពលករ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។
ជំទប់​ទី​២ នៃ​សង្កាត់​ផ្សារកណ្ដាល មក​ពី​គណបក្ស​ប្រឆាំង លោកស្រី ឃុន ចាន់ទី ថ្លែង​ថា ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​យ៉ាង​សស្រាក់សស្រាំ ចំពោះ​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​បង្អាក់​ដល់​ការ​ធ្វើ​ទាន​របស់​ពួក​គាត់ ដោយសារ​តែ​ការ​កេង​ចំណេញ​រឿង​នយោបាយ៖ «ប្រជាពលរដ្ឋ​នៅ​ផ្សារ​ថៃ គាត់​ឈឺ​ឆ្អាល និង​ប្រជាពលរដ្ឋ​ដែល​គាត់​ធ្លាប់​ក្រីក្រ​អ៊ីចឹង គាត់​ឃើញ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ខ្លួន​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ ចូល​ប្រទេស​ខ្លួន​ឯង​អត់​បាយ​អត់​ទឹក អ៊ីចឹង​គាត់​ដាំ​បាយ​ដុត​ដៃ​ដុត​ជើង គាត់​ធ្វើ​តាំង​ពី​អាជ្ញាធរ​មិន​ទាន់​ធ្វើ គាត់​រើសអើង​ហ្នឹង ហើយ​បាន​ជា​អាជីវករ​ទាំងអស់​គាត់​ថា​គាត់​ជួយ​ប្រជាពលរដ្ឋ តែ​គេ​កេង​ចំណេញ​នយោបាយ​របស់​អ្នក​កាន់​អំណាច​ជួយ​ទៅ រវល់​តែ​ឈ្លោះ​គ្នា​ឯង កេង​ចំណេញ​រឿង​គណបក្ស​នយោបាយ»
រយៈពេល​កន្លង​ទៅ​នេះ ក្រុម​អាជ្ញាធរ​ក៏​បាន​បណ្ដេញ​មនុស្ស​មួយ​ក្រុម ដែល​បាន​ព្យាយាម​យក​បាយ និង​ទឹក​ទៅ​ចែក​ជូន​ពលករ​ខ្មែរ​នៅ​ក្នុង​បរិវេណ​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​ថា សប្បុរសជន​មួយ​ក្រុម​នោះ គឺ​ជា​ខ្មែរ​កម្ពុជា​ក្រោម៖ «ក្រុម​យុវជន​ហ្នឹង​គាត់​ថា គាត់​ជា​ខ្មែរ​អត់​មាន​ប្រកាន់​និន្នាការ​នយោបាយ​ខាង​ណា​ទេ គាត់​មាន​ជួយ​ឃោសនា​ឲ្យ​គណបក្ស​ណា​ទេ គឺ​គាត់​មក​ចែក​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ប៉ុន្តែ​អាជ្ញាធរ​រក​រឿង ហើយ​បង្កើត​ជា​ក្រុម​កាន់​មីក្រូ​អី​មក​រំខាន មិន​ឲ្យ​ចូល​ចែក»

ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ខាង​មុខ​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេត​ឃើញ​ក្រុម​អង្គការ​មនុស្សធម៌​មួយ​ចំនួន នៅ​តែ​បន្ត​ការ​ផ្ដល់​ស្បៀង​ទៅ​ដល់​ពលករ​ខ្មែរ​ដែល​គេ​ចាប់​បញ្ជូន​មក​ពី​ប្រទេស​ថៃ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ថា បាតុភាព​នានា​ដែល​បាន​កើត​ឡើង​នៅ​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ធ្វើ​នយោបាយ។ បញ្ហា​ទាំង​នេះ​កើត​ឡើង​មក​ពី​ការ​រើសអើង​និន្នាការ​នយោបាយ និង​ការ​កេង​ចំណេញ​នយោបាយ៖ «គណបក្ស​ប្រឆាំង​ក្ដី គណបក្ស​កាន់​អំណាច​ក្ដី សុទ្ធ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា មិន​គួរ​ណា​មាន​ការ​រើសអើង​ទេ។ ប្រទេស​ថៃ បណ្ដេញ​ខ្មែរ​មក​ហើយ បែរ​ទៅ​ជា​ខ្មែរ​យើង​នៅ​ក្នុង​ស្រុក​នេះ​មិន​ត្រូវ​គ្នា ហើយ​បែរ​ជា​រើសអើង​នយោបាយ​ទៀត ការ​បែក​បាក់​ពី​មុន​រហូត​ដល់​ពេល​នេះ តើ​វេទនា​ប៉ុណ្ណា? ខ្មែរ​យើង​គួរ​តែ​គិតគូរ​ពី​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ជាតិ​ជា​ធំ កុំ​ឲ្យ​គេ​មើល​ឃើញ​ថា ក្នុង​របប​នៃ​សង្គម​មួយ​ជាប់​នូវ​ប្រវត្តិសាស្ត្រ​ដែល​បាន​ប្រព្រឹត្ត​នូវ​អ្វី​ដែល​អាក្រក់ ហើយ​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ស្អប់​ខ្ពើម»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ង៉ោ ម៉េងជ្រួញ ជា​អភិបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២១ មិថុនា ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា កន្លង​ទៅ អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ថ្លែង​ថា ក្រុម​អាជ្ញាធរ​ចម្រុះ​គ្រប់​ស្ថាប័ន បាន​មមាញឹក​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​ពុំ​បាន​គិត​ពី​រឿង​កេង​ចំណេញ​ក្នុង​រឿង​នយោបាយ​នោះ​ឡើយ៖ «ដឹង​ស្រាប់​ហើយ​ពលករ​ត្រឡប់​មក​វិញ​នេះ​រាប់​ម៉ឺន​នាក់ កាល​ពី​ថ្ងៃ​១៨ និង​១៩ សុទ្ធ ​៤​ម៉ឺន​នាក់​ជាង។ យើង​ចង់​ឲ្យ​កន្លែង​ហ្នឹង​ជា​កន្លែង​មួយ​ដែល​មាន​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ហើយ យើង​ឃើញ​ហើយ​បង​ប្អូន​ដែល​ត្រឡប់​មក គាត់​ភ័យ​ខ្លាច ហើយ​បើ​មក​ដល់​កន្លែង​យើង គាត់​មិន​កាន់​តែ​ភិតភ័យ​ណាស់​ទៅ​ហើយ។ ខ្ញុំ​យល់​ថា ជា​ការ​ត្រឹមត្រូវ​ហើយ ព្រោះ​ជា​សាច់​ឈាម​របស់​យើង ជួយ​ដោយ​សុច​ចិត្ត កុំ​ជួយ​ក្នុង​រឿង​នយោបាយ»
លោក​បន្ត​ថា ក្រុម​អាជ្ញាធរ​បាន​ខិតខំ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ ជួយ​សម្រួល​ដល់​ការ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ ដោយ​ពុំ​គិត​ពី​រឿង​នយោបាយ​នោះ​ទេ។ ក្រុម​អាជ្ញាធរ​ពុំ​បាន​ហាម​ឃាត់​ចំពោះ​ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ប៉ុន្តែ​ដើម្បី​ចៀសវាង​ការ​កក​ស្ទះ​ចរាចរណ៍ និង​បញ្ហា​ផ្សេងៗ ទើប​អាជ្ញាធរ​សុំ​ឲ្យ​សប្បុរសជន​ទាំង​នោះ ផ្តល់​ស្បៀង​សប្បុរសធម៌​ទាំង​នោះ​តាម​រយៈ​ក្រុម​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន៕

No comments: