A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 25 June 2014

"Sbek Kong", Cambodia's first international-standard movie, which cost $680,000 to make រឿង ស្បែកគង់ ចំណាយ​ទុន​ ៦៨ ​ម៉ឺន​ដុល្លារ


ឈុត​មួយ​នៅក្នុង​រឿង​ស្បែកគង់ ដែល​បង្ហាញ​ពី​សិស្ស​ទាំង​៨​នាក់​មក​សុំ​រៀន​មន្តអាគម​ជាមួយ​គ្រូ​ខ្លាំង​ម្នាក់។
ឈុត​មួយ​នៅក្នុង​រឿង​ស្បែកគង់ ដែល​បង្ហាញ​ពី​សិស្ស​ទាំង​៨​នាក់​មក​សុំ​រៀន​មន្តអាគម​ជាមួយ​គ្រូ​ខ្លាំង​ម្នាក់។ រូបថត សហការី
ភ្នំពេញៈ ជាមួយ​នឹង​ការ​បង្ហាញ​វីដេអូ​ខ្លីៗ (Trailer) ធ្វើឲ្យ​រញ្ជួយ​អស់​ពិភពភាពយន្ត​នៅ​កម្ពុជា ពិសេស​ប្រជាជន​កម្ពុជា​នោះ គេ​អាច​និយាយ​បាន​ថា ភាពយន្ត​ខ្នាត​ធំ​រឿង «​ស្បែកគង់» គឺជា​ភាពយន្ត​ខ្នាត​ធំ​ទី​ ១​ របស់​កម្ពុជា ដែល​បាន​ចំណាយ​ប្រាក់​លើ​ការ​វិនិយោគ​រហូត​ដល់​ទៅ​៦៨​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក។
នា​ពេល​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​ថា វិស័យ​ភាពយន្ត​ទាំង​រឿង​ខ្នាត​ធំ និង​រឿង​ភាគ​បាន​រីក​ដុះដាល​ព្រោងព្រាត​ក៏​ពិតមែន តែ​មិន​ទាន់​មាន​ភាពយន្ត​ណា​មួយ​ហ៊ាន​ចំណាយ​ទៅលើ​ការ​វិនិយោគ​រាប់​សិប​ម៉ឺន​ដុល្លារ​នៅ​ឡើយ ទើប​តែ​នៅពេល​នេះ ផលិតកម្ម​អង្គរ​ភីកឈ័រ បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស​ទាំង​អ្នក​ជំនាញ​ភាពយន្ត ឧបករណ៍​បច្ចេកទេស និង​តារាសម្តែង ថត​ភាពយន្ត​ខ្នាត​ធំ​មួយ​ដែល​មាន​ចំណងជើង​ថា «​ស្បែកគង់» ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ភាពយន្ត​នៅ​អាស៊ី។
(ពី​ឆ្វេង​ទៅ​ស្តាំ)​តារាសម្តែង ញ៉ែម សុគន្ធ អ៊ុន សិទ្ធា និង វី ជីវ័ន នៅក្នុង​ការ​សម្តែង រឿង ស្បែកគង់។
(ពី​ឆ្វេង​ទៅ​ស្តាំ)​តារាសម្តែង ញ៉ែម សុគន្ធ អ៊ុន សិទ្ធា និង វី ជីវ័ន នៅក្នុង​ការ​សម្តែង រឿង ស្បែកគង់។ រូបថត សហការី
«ស្បែកគង់» គឺ​ចង់​លើក​ឡើង​ពី​សម័យ​ក្រោយ​របប ប៉ុល ពត មាន​បុរស​មាន​មន្តអាគម​ខ្លាំង​ពូកែ​អស្ចារ្យ​ម្នាក់​រស់នៅ​លើ​ភ្នំ​គូលែន បាន​ទទួល​សិស្ស​ចំនួន​៨​នាក់ ដើម្បី​រៀន​មន្តអាគម​បន្ត តែ​ដោយសារ​មិន​អាច​អត់ទ្រាំ​នឹង​ការ​ហាត់​រៀន​ដោយ​ការ​កប់​ក្នុង​ដី​រយៈពេល​ ៤៩ ​ថ្ងៃ ដោយ​គ្មាន​អាហារ​ក្រោម​កម្ដៅ​ថ្ងៃ ភ្ញៀង ខ្យល់ និង​មាន​សត្វ​សាហាវ បាន​ចុងក្រោយ​មាន​តែ​សិស្ស​ពីរ​នាក់​ប៉ុណ្ណោះ​រៀន​បាន​សម្រេច​វិជ្ជា​ស្បែកគង់ រីឯ​៦​នាក់​ទៀត​បាន​ស្លាប់ ។ តែ​សិស្ស​ទាំង​ពីរ​នាក់​នោះ​បាន​ក្លាយ​ជា​សត្រូវ​ស៊ីសាច់​ហុតឈាម​គ្នា ដោយសារ​តែ​ដណ្តើម​កូនស្រី​ដ៏ស្រស់ស្អាត​ម្នាក់​របស់​លោកគ្រូ​សិល្ប៍ ក្រោយពេល​គ្រូ​ស្លាប់។ ចុងក្រោយ​ពួកគេ​បាន​កាប់​សម្លាប់​គ្នា ហើយ​ក៏​កើត​មក​ជាតិ​ថ្មី។
តាមរយៈ​វីដេអូ​ខ្លីៗ គេ​បាន​ដឹង​ថា ភាពយន្ត​ខ្នាត​ធំ​រឿង «​ស្បែកគង់» ត្រូវ​បាន​ផលិត​ឡើង​ដោយ​រួម​បញ្ចូល​ការ​ថត​ពិតៗ និង​បច្ចេកវិទ្យា​កុំព្យូទ័រ ហើយ​ក្នុង​នោះ​តួសម្តែង​ម្នាក់ៗ​ស្ទើរតែ​ភ័យ​លេចនោម​ដោយសារ​តែ​ត្រូវ​ថត​ឈុតឆាក​ពិតៗ​ជាមួយ​សត្វតោ ពស់វែក ការ​បាញ់​គ្រាប់​បេ​៤០ ការ​ហក់​លោត និង​ការ​វាយតប់ កាប់ចាក់​ដោយ​ផ្ទាល់។
លោក ប៉ុល វិបូ ហៅ នីត ប្រធាន​អគ្គនាយក​ផលិតកម្ម​អង្គរភីកឈ័រ (Angkor Picture Inc)​បាន​ឲ្យ​ដឹង​ថា ភាពយន្ត​ខ្នាត​ធំ​រឿង «​ស្បែកគង់» ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​មាន​រយៈពេល​១​ម៉ោង​៤៥​នាទី និង​មាន​ទំហំ ៤,៥ K (រឿង​ខ្នាត​ធំ​កន្លងមក​ទំហំ ២​K) ។ ភាពយន្ត​នេះ​ត្រូវ​បាន​ថត​រយៈពេល​១​ឆ្នាំ​ពេញ​នៅលើ​ទឹកដី​ភ្នំ​គូលែន ខេត្ត​សៀមរាប ខេត្ត​កំពង់ចាម និង​រាជធានី​ភ្នំពេញ។
លោក វិបូ ហៅ នីត បាន​មាន​ប្រសាសន៍​ថា៖​«​ក្នុង​រឿង​នេះ យើង​បាន​ចំណាយ​ប្រាក់​រហូត​ដល់​ទៅ ៦៨​ម៉ឺន​ដុល្លារ។ មាន​គេ​សួរ​ថា ហេតុអ្វី​អស់​ប្រាក់​ច្រើន​ម្ល៉េះ? នោះ​គឺ...​រឿង​នេះ យើង​ថត​ផ្ចិតផ្ចង់​មែនទែន យើង​ត្រូវ​ទិញ​ឧបករណ៍​ថ្លៃៗ​មកពី​អាមេរិក ហើយ​យើង​ត្រូវ​ថត​រយៈ​ដល់​ទៅ​មួយ​ឆ្នាំ។ យើង​ថត​៤-៥​ថ្ងៃ​យក​មក​កាត់​បាន​តែ​១​នាទី​ទេ។ យើង​មាន​ក្រុម​ការងារ​ជំនាញៗ​ច្រើន និង​តារាសម្តែង​សុទ្ធតែ​ល្បីៗ​ដូចជា លោក អ៊ុន សិទ្ធា លោក ញ៉ែម សុគន្ធ ឌុច លីដា និង​តារាសម្តែង កំប្លែង​ជាច្រើន​ទៀត»។
លោក​បាន​បញ្ជាក់​ថា៖ «​សម្រាប់​ការ​ថត​ភាពយន្ត​នេះ ជា​ការ​វិនិយោគ​របស់​កូន​ខ្មែរ​សុទ្ធសាធ រីឯ​ក្រុម​ការងារ​ទាំង​៦០​នាក់ ក៏​សុទ្ធតែ​ជា​ខ្មែរ​ដែរ»។
ការ​សម្តែង​ក្នុង​ឈុត​មួយ​ដែល​តម្រូវ​ឲ្យ​តួសម្តែង​លេង​ជាមួយ​ពស់វែក។
ការ​សម្តែង​ក្នុង​ឈុត​មួយ​ដែល​តម្រូវ​ឲ្យ​តួសម្តែង​លេង​ជាមួយ​ពស់វែក។ រូបថត សហការី
ការ​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹក​នេះ ត្រូវ​បាន​គេ​គិត​ថា​អាច​ប្រឈម​នឹង​ហានិភ័យ​យ៉ាង​ខ្លាំង ដោយសារ​តែ​ទីផ្សារ​កម្ពុជា​តូច និង​មិន​ទាន់​គោរព​ច្បាប់​កម្មសិទ្ធិបញ្ញា ដែល​ធ្វើឲ្យ​ផលិតករ​ប្រឈម​នឹង​ការ​បង់ខាត​ក្នុង​កម្រិត​មួយ​ខ្ពស់ តែ​យ៉ាង​ណា​លោក ប៉ុល វិបូ នៅ​តែ​និយាយ​ដោយ​ភាព​ក្លាហាន​ថា ភាពយន្ត​ខ្នាត​ធំ​ដំបូង​បំផុត​នេះ​នឹង​ជោគជ័យ។
លោក វិបូ បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​សង្កេត​ឃើញ​ថា ភាពយន្ត​ខ្នាត​ធំ និង​ភាគ​របស់​ខ្មែរ​នៅពេល​នេះ​មាន​សន្ទុះ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​រោងកុន​ខ្នាត​អន្តរជាតិ ក៏​មាន​ច្រើន​ដែរ តែ​យ៉ាង​ណា​បើ​យើង​ពឹងតែ​លើ​ទីផ្សារ​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​ទេ ខ្ញុំ​បាន​វាយតម្លៃ​រួច​ហើយ​ថា ខ្លាំង​បំផុត​នៅ​កម្ពុជា យើង​អាច​រក​ចំណូល​បាន​២០​ម៉ឺន​ដុល្លារ ចុះ​៤០ ទៅ​៥០​ម៉ឺន​ទៀត? នោះ​គឺ​យើង​ពឹង​លើ​ទីផ្សារ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​សហគមន៍​ខ្មែរ​នៅ​បរទេស ដូចជា នៅ​អូស្ត្រាលី អាមេរិក បារាំង​ជាដើម​»។
លោក​បញ្ជាក់​បន្ថែម​ថា៖ «​សព្វថ្ងៃ​យើង​មាន​ភ្នាក់ងារ​ទំនាក់ទំនង​ទីផ្សារ​បរទេស​រួច​ហើយ អ៊ីចឹង​ទីផ្សារ​ក្រៅប្រទេស​យើង​អត់​បារម្ភ​ទេ។ ដូច្នេះ​នេះ​ក៏​ជា​សារ​មួយ​ដែរ​ថា កុំ​ឲ្យ​ផលិតករ​យើង​បារម្ភ ប្រសិន​បើ​យើង​ផលិត​រឿង​មាន​គុណភាព​នោះ។ ខ្ញុំ​គិត​ថា ស្បែកគង់ គឺជា​គំរូ​ល្អ​មួយ ដែល​អាច​ឲ្យ​ភាពយន្ត​ខ្មែរ​យើង​ប្រជែង​បាន​ទីផ្សារ​ដូច​កាលពី​ជំនាន់​មុន ដែល​ភាពយន្ត​យើង ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត​គាំទ្រ​យ៉ាង​ខ្លាំង»។
បើ​គ្មាន​ការ​ប្រែប្រួល​ទេ រឿង «​ស្បែកគង់» នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅលើ​ទីផ្សារ​បរទេស និង​កម្ពុជា​នៅក្នុង​អំឡុង​ខែ​សីហា ឆ្នាំ​២០១៤ ខាង​មុខ​នេះ។
ឈុត​មួយ​ដែល​បង្ហាញ​ពី​បច្ចេកទេស​ថត​ការ​ផ្ទុះ​គ្រាប់បែក ដូចជា​ការពិត។
ឈុត​មួយ​ដែល​បង្ហាញ​ពី​បច្ចេកទេស​ថត​ការ​ផ្ទុះ​គ្រាប់បែក ដូចជា​ការពិត។ រូបថត សហការី
លោក ជី សិលា អ្នក​ជំនួញ​វ័យក្មេង​លើ​វិស័យ​រោងកុន​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា តាមរយៈ​សាច់រឿង​ដែល​លោក​បាន​មើល​ក្នុង​វីដេអូ​ខ្លីៗ លោក​គិត​ថា រឿង​ស្បែកគង់ នោះ​ថត​បាន​ល្អ​ទាំង​សាច់​រឿង និង​បច្ចេកទេស តែ​យ៉ាង​ណា​លោក​បាន​បញ្ជាក់​ថា ទីផ្សារ​នៅ​កម្ពុជា​នៅ​តែ​តូច​ចង្អៀត​នៅ​ឡើយ។
លោក​មាន​ប្រសាសន៍​ថា៖​«​ថ្វីដ្បិត​តែ​ខ្ញុំ​មិន​ទាន់​បាន​មើល​សាច់រឿង​ទាំង​មូល តែ​ក្នុង Trailer ខ្ញុំ​ឃើញ​ថា រឿង​នោះ​ថត​បាន​ល្អ​មែន តែ​បើ​យើង​ប្រើ​ទុន​ច្រើន ទីផ្សារ​នៅ​កម្ពុជា​យើង​មាន​អ្នក​ចូល​ទស្សនា​តិចតួច​នៅ​ឡើយ អត់​ចំណេញ​ទេ តែ​បើ​យើង​ពឹង​លើ​ទីផ្សារ​បរទេស ប្រហែល​ជា​ប្រសើរ​ជាង​នេះ​»។
ជាមួយ​នឹង​ការ​បោះទុន​វិនិយោគ​ដ៏សម្បើម​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ។
លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​មាន​ប្រសាសន៍​ថា៖​«ថ្វីដ្បិត​ថា ខ្ញុំ​មិន​ទាន់​ហ៊ាន​វាយតម្លៃ​យ៉ាង​ណា​ទេ​ពេល​នេះ តែ​ខ្ញុំ​សូម​អបអរ និង​លើក​ទឹកចិត្ត​ចំពោះ​ផលិតករ​ដែល​បាន​បោះទុន​វិនិយោគ​រឿង​ខ្នាត​ធំ​ដ៏សម្បើម​នេះ»៕

No comments: