ដោយ៖ ញឹម សុខន | ថ្ងៃសៅរ៍ ទី21 មិថុនា 2014, VOD
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប្រាប់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃសុក្រម្សិលមិញថា កម្ពុជាមិនបានរឹតបន្ដឹងសេរីភាពបញ្ចេញមតិទេ បើទោះបីអ្នកនយោបាយខ្មែរ នៅមិនទាន់ឯកភាពគ្នា រឿងបង្កើតរដ្ឋាភិបាលថ្មីក៏ដោយ។
ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ លោក ប៉ោ ភ័ក្ត្រ ឲ្យសារព័ត៌មានដឹង កាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៤ ក្រោយជំនួប រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង នឹង តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពជាលោក សុរិយា ស៊ូប៊ែឌីថា ក្នុងជំនួបនោះ តំណាងអង្គការសហប្រជាជាតិ បានសួរដេញដោលច្រើនចំណុច ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស កំណែទម្រង់ការបោះឆ្នោត និងស្ថានភាពនយោបាយក្រោយការបោះឆ្នោត។
មន្ត្រីរដ្ឋាភិបាលរូបនោះឲ្យដឹងទៀតថា ចំពោះស្ថានការនយោបាយ លោក ស ខេង បានប្រាប់ លោក ស៊ូប៊ែឌីថា មានចំណុចខ្លះ ដែលគណបក្សទាំងពីរខ្វែងគំនិតគ្នា កំពុងបន្តរកដំណោះស្រាយ។ រីឯការបណ្តេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ រឿងជម្លោះដីធ្លី លោក ស ខេង ថា មានការថយចុះ ហើយជម្លោះដែលនៅសេសសល់អាជ្ញាធរកំពុងបន្តដោះស្រាយ។
លោក ប៉ោ ភ័ក្ត្រ ឲ្យដឹងទៀតថា ចំពោះសេរីភាពបញ្ចេញមតិ ដូចជាការធ្វើបាតុកម្ម និងការប្រមូលផ្តុំ លោក ស ខេង ថា រាជរដ្ឋាភិបាលមិនដែលបិទសិទ្ធិទេ លើកលែងតែទីលានប្រជាធិបតេយ្យមួយគត់ ដែលរដ្ឋាភិបាលហាមប្រមូលផ្តុំ។
យ៉ាងនេះក្តី ក្រោយការបោះឆ្នោតនីតិកាលទី៥នេះ គេសង្កេតឃើញ សន្ទុះបាតុកម្មបានផ្ទុះឡើងព្រមៗគ្នា ជាបន្តបន្ទាប់ ដូចជាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ បាតុកម្មទាមទារប្រាក់ឈ្នួល របស់កម្មករ បាតុកម្មប្រឆាំងនឹងការបណ្តេញចេញ ដែលកើតចេញពីជម្លោះដីធ្លីជាដើម។
ជាការឆ្លើយតប បាតុករខ្លះ ត្រូវបានសមត្ថកិច្ចរបស់រដ្ឋាភិបាលចាប់ខ្លួន និងខ្លះទៀតត្រូវបាញ់សម្លាប់ដូចជាករណីប៉ះទង្គិចនៅផ្លូវវ៉េងស្រេង ក្នុងរាជធានីភ្នំពេញជាដើម។ រីឯទីលានប្រជាធិបតេយ្យដែលជាជំរំប្រមូលផ្តុំអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ត្រូវបានវាយកម្ទេច តាំងពីដើមឆ្នាំ២០១៤ ហើយរដ្ឋាភិបាលហាមប្រមូលផ្តុំ ដែលករណីនេះរដ្ឋាភិបាលរងការរិះគន់ ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិថា បានរំលោភសិទ្ធិមនុស្ស និងដើរចេញឆ្ងាយពីគន្លងប្រជាធិបតេយ្យ។
សូមសរសេរមកកាន់លោក ញឹម សុខន តារមយៈ sokhorn@vodhotnews.com
1 comment:
devil sar khneg is big lier .
Post a Comment