A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 June 2014

Representatives of the two elected parties, the CPP and the CNRP, to meet the UN envoy Prof. Surya Subedi today 20th June តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​ជួប​លោក ស៊ូប៊ែឌី នៅ​ថ្ងៃ​ទី​២០​មិថុនា

សុរិយា ស៊ូប៊ែឌី ៦១០
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Leng Maly
តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គ្រោង​នឹង​ជួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី នៅ​ថ្ងៃ​ទី​២០ មិថុនា ដើម្បី​ជជែក​អំពី​ការ​កែ​ទម្រង់​បោះ​ឆ្នោត និង​អំពី​ពលករ​ខ្មែរ​ដែល​ថៃ បញ្ជូន​មក​កម្ពុជា វិញ។
តំណាង​គណបក្ស​ទាំង​ពីរ​គ្រោង​ជួប​គ្នា​នេះ បន្ទាប់​ពី​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​រួម​មិន​ទាន់​ចេញ ហើយ​ក៏​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់​លាស់ ដើម្បី​ជួប​គ្នា​ជា​ថ្មី​នៅ​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ថ្ងៃ​ទី​២០ មិថុនា។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​សុក្រ ទី​២០ មិថុនា លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ជួប លោក សុរិយា ស៊ូប៊ែឌី នៅ​ម៉ោង ២ និង ៣០​នាទី​រសៀល តែ​ការ​ជួប​ពិភាក្សា​អំពី​បញ្ហា​អ្វី​ខ្លះ​នោះ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ។
ដោយ​ឡែក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិញ លោក កឹម សុខា នឹង​ដឹក​នាំ​គណៈប្រតិភូ​ជួប លោក សុរិយា ស៊ូប៊ែឌី ដែរ​នៅ​ថ្ងៃ​ទី​២០ មិថុនា វេលា​ម៉ោង ៥​ល្ងាច។
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស បាន​យល់​ព្រម​តាម​ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ជួប លោក សុរិយា ស៊ូប៊ែឌី នេះ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រាយការណ៍​បី​ចំណុច​សំខាន់ៗ​ជូន លោក សុរិយា ស៊ូប៊ែឌី គឺ​ទី​១ បញ្ហា​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​បញ្ហា​ដីធ្លី និង​ករណី​រដ្ឋាភិបាល​យោធា​ថៃ បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ។ ទី​២ រាយការណ៍​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា និយាយ​ពី​ដំណើរ​ការ​ជាប់​គាំង​នៃ​ការ​ចរចា​នៃ​គណបក្ស​ទាំង​ពីរ និង​ទី​៣ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រាយការណ៍​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌៖ «ការ​បោះ​ឆ្នោត​យើង​រាយការណ៍​ពី​អ្វី​ដែល​កំណែ​ទម្រង់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចង់​បាន ការ​ជាប់​គាំង​នៃ​ការ​ចរចា ហើយ​នឹង​ពន្យល់​បន្ថែម​ពី​បំណង​កំណែ​ទម្រង់​នេះ ក្នុង​ន័យ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ទូទៅ ពី​ឥឡូវ​ទៅ​លើក​ក្រោយៗ​ទៀត»
ការ​គ្រោង​ជួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នេះ នៅ​បន្ទាប់​ពី​ដំណើរ​ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្អាក​មិន​ទាន់​កំណត់​ពេល​ជួប​គ្នា​ជា​ថ្មី​ទៀត។ គណបក្ស​ទាំង​ពីរ​មិន​ឯកភាព​គ្នា​លើ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ដោយ​អនុម័ត​សំឡេង ២​ភាគ​៣ និង​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១ នៃ​សំឡេង​សភា​ទាំង​មូល។
ប្រធាន​ក្រុម​បច្ចេកទេស​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ការ​គ្រោង​ជួប​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សុរិយា ស៊ូប៊ែឌី នេះ ជា​សិទ្ធិ​របស់​គណបក្ស​នេះ។ លោក ព្រុំ សុខា បញ្ជាក់​ថា ការ​ទាមទារ​អនុម័ត​ក្នុង​សភា​លើ​ការ​ជ្រើស​តាំង​សមាសភាព គ.ជ.ប ដោយ​សំឡេង ២​ភាគ​៣ នេះ ជា​ឧបសគ្គ​នៃ​ការ​ចរចា​ទៅ​វិញ៖ «គាត់​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ឯកភាព​មិន​ត្រឹម ២​ភាគ​៣ ទេ គឺ​កូសុងស៊ីស តាម​ពិត​គាត់​ច្រឡំ​ខ្លួន​គាត់​ទេ ការ​ដែល​ជួប​តាម​ទូរស័ព្ទ​រវាង​ឯកឧត្តម សម រង្ស៊ី និង​សម្ដេច ហ៊ុន ហែន កាល​ពី​ថ្ងៃ​ទី​៩ នោះ គឺ​ជជែក​គ្នា​ព្រមព្រៀង ខ្ញុំ​មាន​ទាំង​ឯកសារ និង​ខ្សែ​អាត់​ទៀត គឺ​ថា​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​លើ​ការ​រៀបចំ​បញ្ជី​ឈ្មោះ គ.ជ.ប បញ្ជី​នេះ​ឆ្លង​តាម​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដើម្បី​រដ្ឋសភា​អនុម័ត ហើយ​សភា​អនុម័ត​នេះ យើង​អត់​ដែល​និយាយ​ថា ត្រូវ​តែ​អនុម័ត ២​ភាគ​៣ ទេ គឺ​អនុម័ត ៥០​បូក​១​តាំង​ពី​ដើម​មក»

មក​ទល់​ពេល​នេះ គណបក្ស​ទាំង​ពីរ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ជួប​គ្នា​ចរចា​ជា​ថ្មី​នៅ​ឡើយ។ លោក ព្រុំ សុខា អះអាង​ថា លោក​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នេះ​ដោយ​សន្តិវិធី រវាង​ខ្មែរ និង​ខ្មែរ ក្នុង​ការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ តែ​លោក​ក៏​គាំទ្រ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដែរ។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា អោយ​ដឹង​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ពិត​ប្រាកដ​មែន គួរ​តែ​អោយ​គណបក្ស​ដទៃ​ទៀត​ចូលរួម​ក្នុង​ដំណើរ​ការ​កែលំអ គ.ជ.ប។ លោក​ថា ធ្វើ​ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​គេច​ផុត​ពី​ការ​ស្តី​បន្ទោស​នៅ​ថ្ងៃ​មុខ។ ប៉ុន្តែ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មួយ​នេះ​នៅ​រឹងរូស​ចង់​ប្រើ​វិធីសាស្ត្រ​បោះ​ឆ្នោត​តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០​ភាគរយ​បូក​១ ដើម្បី​កែ​រដ្ឋធម្មនុញ្ញ និង​ជ្រើស​តាំង​សមាជិក គ.ជ.ប នោះ គ.ជ.ប ដែល​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ថា​លម្អៀង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា នេះ នឹង​នៅ​តែ​ដដែល​គ្មាន​ការ​ផ្លាស់​ប្ដូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: