A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 May 2014

Angkor: Adventure in the Lost Kingdom in Spain broke world's records អាណាចក្រ​អង្គរ​នៅ​អេស្ប៉ាញ បំបែក​ឯតទគ្គកម្ម​ពិភពលោក

FRIDAY, 16 MAY 2014 សេត គឹមសឿន Phnom Penh Post

20140516_22a
រចនា​ប័ទ្ម​ប្រាសាទ​តាព្រហ្ម និង​គូ​ទឹក​​របស់​ខ្មែរ ដែល​គេ​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ។ រូបថត សហ​ការី
ក្រុងបាសេឡូណា : ទិដ្ឋភាព​នៃ​តំបន់​អង្គរ​ដែល​ត្រូវ​បាន​ប្រទេស​អេស្ប៉ាញ​ផ្តិត​យក​ទៅ បង្កើត​ជា​សួនកម្សាន្ត​ដ៏ធំ និង​ពេញនិយម​បំផុត​មួយ​ដែល​មាន​ឈ្មោះ​ថា «ដំណើរ​ផ្សងព្រេង​អាណាចក្រអង្គរ» (Angkor: Adventure in the Lost Kingdom) ហើយ​កាលពី​ពេល​ថ្មីៗ​នេះ សួនកម្សាន្ត​នោះ​បាន​បំបែក​កំណត់ត្រា​របស់​ពិភពលោក​គួរ​ឲ្យ​ភ្ញាក់ផ្អើល។
មជ្ឈមណ្ឌលកម្សាន្ត​ដ៏ធំ​មួយ​នៅ​ទ្វីប​អឺរ៉ុប​ឈ្មោះ PortAventura កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក ដោយសារ​មាន​ល្បែង​ជិះទូក​ក្នុង​ប្រឡាយ​ទឹក​ដ៏វែង​បំផុត​ក្នុង​លោក ដែល​សួនកម្សាន្ត​នោះ​ត្រូវ​បាន​គេ​ដឹង​ថា គឺ សួន​ដំណើរ​ផ្សងព្រេង​អាណាចក្រអង្គរ (Angkor: Adventure in the Lost Kingdom) ដែល​ជា​សំណង់​អច្ឆរិយ​ដ៏ល្បីល្បាញ​របស់​កម្ពុជា និង​ពិភពលោក។
ស្ថិត នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ ឧទ្យាន​ដែល​ចម្លង​រចនាប័ទ្ម​អង្គរ ជាពិសេស​គឺ​ប្រាសាទ​តាព្រហ្ម​ផ្ទាល់​តែ​ម្ដង​នោះ​ត្រូវ​បាន​កែច្នៃ បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក PGAV Destinations។ សួន​ដំណើរ​ផ្សងព្រេង​អាណាចក្រអង្គរ​នេះ​លាតសន្ទឹង​លើ​ផ្ទៃដី​១០៥០០ ម៉ែត្រការ៉េ ដោយ​មាន​ទូក​ចំនួន​១៤​អាច​ផ្ទុក​អ្នកដំណើរ​បាន​៨​នាក់​ក្នុង​មួយ​គ្រឿងៗ និង​មាន​ប្រវែង​ផ្លូវទឹក​ប្រវែង​៣០០​ម៉ែត្រ​។ ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​សួន​ដំណើរ​ផ្សងព្រេង​អាណាចក្រអង្គរ អាច​រីករាយ​នឹង​ការ​ជិះទូក​បត់បែន​តាម​ផ្លូវទឹក​ដ៏​ថ្លាឆ្វង់ ឆ្លងកាត់​ព្រៃព្រឹក្សា​លតាវល្លិ លេងល្បែង​កាំភ្លើង​បាញ់​ទឹក និង​សាចទឹក​ដាក់​គ្នា​ជាដើម។
លោក ស៊ឺជីអូ ហ្វឺដឺរ (Sergio Feder) ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន PortAventura បាន​ថ្លែង​ប្រាប់ វេបសាយ stltoday.com ថា៖ «យើង​ពិតជា​រំភើប​ខ្លាំង​ណាស់​ដែល​អាច​ផ្ដល់​នូវ​សេវា​កម្សាន្ត​ជាមួយ​នឹង ដំណើរ​ផ្សងព្រេង​អាណាចក្រអង្គរ។ សកម្មភាព​ជិះទូក​នេះ​ពោរពេញ​ដោយ​ទិដ្ឋភាព​ធម្មជាតិ​ដ៏អស្ចារ្យ ពោរពេញ​ដោយ​អាថ៌កំបាំង​ក្នុង​ព្រៃព្រឹក្សា និង​ការ​ពញ្ញាក់​អារម្មណ៍​ដ៏ភ្ញាក់ផ្អើល​បំផុត​ក្នុង​លោក»។
ដូចគ្នា​នេះ ដែរ​លោក ចន ខេមភឺរ (John Kemper) អនុប្រធាន​ក្រុមហ៊ុន PGAV Destinations ដែល​ជា​អ្នក​គូរ​ប្លង់​សួនកម្សាន្ត​យក​លំនាំ​តាម​អាណាចក្រអង្គរ​នេះ ក៏​បាន​សម្ដែង​នូវ​មោទនភាព​នៃ​ស្នាដៃ​របស់​ខ្លួន​ផង​ដែរ។
លោក​បាន​និយាយ ប្រាប់​វេបសាយ​អាមេរិក​ខាង​លើ​នេះ​ផង​ដែរ​ថា៖ «យើង​ពិតជា​ជឿជាក់​ថា សួន​ដំណើរ​ផ្សងព្រេង​អាណាចក្រអង្គរ​នេះ​នឹង​ផ្ដល់​នូវ​បទពិសោធដ៏​ពិសេស បំផុត​ដល់​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​នៅ​ទី​នេះ»។
គួរ​បញ្ជាក់​ផង​ដែរ​ថា PortAventura គឺជា​មជ្ឈមណ្ឌល​កម្សាន្ត​ស្ថិត​នៅ​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ និង​ជា​រីហ្សត​ធំ​បំផុត​ប្រចាំ​តំបន់​មេឌីទែរ៉ាណេ និង​ធំ​លំដាប់​លេខ​២​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប។ រីហ្សត​ដែល​ផ្ដល់​សេវា​កម្សាន្ត​លក្ខណៈ​គ្រួសារ​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី សរុប​ជិត​៦៤​ហិកតា។ រីហ្សត​នេះ​ក៏​មាន​សណ្ឋាគារ​ស្នាក់​ចំនួន​២​ពាន់​បន្ទប់ ភោជនីយដ្ឋាន​៤៨​ហាង និង​មជ្ឈមណ្ឌល​សន្និបាត​សម្រាប់​មនុស្ស​៤​ពាន់​នាក់​ផង​ដែរ។ ជា​រៀងរាល់​ឆ្នាំ PortAventura ស្វាគមន៍​ភ្ញៀវទេសចរ​ប្រមាណ​៤​លាន​នាក់​ក្នុង​មួយ​ឆ្នាំ។
ពាក់ព័ន្ធ ទៅ​នឹង​សួនកម្សាន្ត​របស់​ប្រទេស​អេស្ប៉ាញ លើក​យក​ទិដ្ឋភាព​នានា​នៃ​តំបន់​អង្គរ​មក​រចនា​ជា​សួន​គួរ​ឲ្យ​ទាក់ទាញ នោះ​លោកស្រី សេង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា លោកស្រី​ក៏​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នោះ​តាមរយៈ​គេហទំព័រ​បរទេស​ដែរ ប៉ុន្តែ​ក្រសួង​វប្បធម៌ មិន​ទាន់​ចាត់​វិធានការ​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ពិនិត្យ​មើល​ព័ត៌មាន​បន្ថែម និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អប្សរា​បន្តិច​ទៀត​សិន។
លោកស្រី សកុណា មាន​ប្រសាសន៍​ថា៖​«​ខ្ញុំ​ទើប​តែ​បាន​ឃើញ​ព័ត៌មាន​នេះ នៅលើ​គេហទំព័រ​បរទេស តែ​យើង​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ស៊ីជម្រៅ​នៅ​ឡើយ អ៊ីចឹង​ហើយ​មិន​ទាន់​អាច​ចាត់​វិធានការ​ណា​មួយ​បាន​នោះ​ទេ ហើយ​យើង​មិន​អាច​និយាយ​អ្វី​ច្រើន​នៅពេល​នេះ​ដែរ​»។
ដោយឡែក​លោក ប៊ុន ណារិទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ នៅ​ឡើយ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖​«​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដំណឹង​នេះ​ទេ មិន​ដឹង​គេ​បង្កើត​តាំងពី​ពេល​ណា ហើយ​មាន​ទ្រង់ទ្រាយ​យ៉ាង​ណា​នោះ​ទេ ដូច្នេះ​យើង​នឹង​តាមដាន និង​ពិនិត្យ​ឲ្យ​ច្បាស់​សិន​មុន​នឹង​ចាត់​វិធានការ​»។
តែ​យ៉ាង​ណា​លោក បាន​បញ្ជាក់​ថា៖​«​បើ​សិន​ជា​គេ​ចម្លង​រចនាប័ទ្ម ឬ​ក៏​ទិដ្ឋភាព​ពី​យើង​ដោយ​គ្មាន​ការ​អនុញ្ញាត គឺ​គេ​ខុស ហើយ​យើង​នឹង​មាន​វិធានការ​»។ គួរ​បញ្ជាក់​ថា ប្រាសាទ​តំបន់​អង្គរ ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ឆ្នាំ​១៩៩២ ហើយ​សម្បត្តិ​ដ៏អស្ចារ្យ​ទាំងនោះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ប៉ះពាល់ ឬ​ចម្លង​ធ្វើ​អាជីវកម្ម​តាម​អំពើ​ចិត្ត​នោះ​ទេ៕
(ព័ត៌មាន​បន្ថែម portaventura)

1 comment:

សុភ័ក្រ said...

ទាស់តែម្យ៉ាង គឺរូបជនជាតិពាក់យួន