ដោយ៖ ជន ស្រីណុច | ថ្ងៃព្រហស្បតិ៍ ទី24 ខែមេសា ឆ្នាំ2014 | VOD Read more here.
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា(CPP) បញ្ជាក់ជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួបចរចារវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សឈ្នះឆ្នោតទាំងពីរ អាចនឹងត្រូវបានពន្យាពេល ដោយមិនកំណត់ពេលវេលាឡើយ។
ក្នុងពិធីមួយនៅក្រសួងមហាផ្ទៃ នាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង ថ្លែងថា ពុំមានការជួបចរចា រវាងលោក ហ៊ុន សែន ជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិទៀតទេ ដោយលោកលើកឡើងថា ការជួបគ្នាកន្លងមកទាំងថ្នាក់ក្រោមរហូតដល់ថ្នាក់កំពូលរួចរាល់អស់ហើយ។
កាលពីថ្ងៃពុធម្សិលមិញ សមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ប្រាប់ VOD ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងជូបចរចាគ្នាម្តងទៀត នៅចុងខែមេសានេះ។
ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះ លោក ជាម យៀប ថ្លែងថា ការដែលលោកមានសុទិដ្ឋិយមបែបនេះ ព្រោះតែលោកបានព័ត៌មានមួយចំនួន ចុះផ្សាយពីជំហរលោក សម រង្ស៊ី ថាលោកនឹងស្នើសុំជួបជាមួយប្រមុខរដ្ឋាភិបាលម្តងទៀត ដើម្បីបញ្ចប់បញ្ហា «កាលណាដែលគាត់ស្នើ ខ្ញុំយល់ឃើញថា ចុងក្រោយសម្តេចតេជោ លោកនឹងអនុញ្ញាតឲ្យបានជួបគ្នា ហើយដល់នោះជួប ដោះស្រាយមិនចេញទៀតទេ ល្មមឈប់ធ្វើហើយ ពីព្រោះថា ថ្នាក់ដឹកនាំ មិនគួរឲ្យគាត់ចំនាយពេលច្រើនពេក ចំនាយពេលរហូតអត់បានការ មិនកើតទេ។បើថា ឥឡូវគាត់ថា្នក់ដឹកនាំ គាត់ជាអ្នកទាក់ទង បើគាត់ថាមិនជួប គឺមិនជួបនោះហើយ អត់មានស្អីទេ»។
សមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃ អ៊ាង មានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសរបស់លោក មិនទាន់កំណត់ថ្ងៃចរចាជាថ្មីនៅឡើយទេ គឺរង់ចាំប្រធាននិងអនុប្រធានបក្សរបស់ខ្លួន វិលមកដល់កម្ពុជាវិញសិន។
លោក អេង ឆៃ អ៊ាង ឲ្យដឹងទៀតថា ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នឹងវិលមកដល់កម្ពុជាវិញនៅថ្ងៃទី២៩ ខែមេសានេះ។ ចំណែកអនុប្រធានគឺលោក កឹម សុខា នឹងមកដល់កម្ពុជានៅថ្ងៃទី២៧ ខែមេសានេះ។
អ្នកវិភាគនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការដែលអ្នកនយោបាយទាំងពីរបន្តខ្វែងគំនិតគ្នានេះ ដោយសារតែភាគីសងខាងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនជាងគិតផលប្រយោជន៍ជាតិ។ លោកព្រមានថា ប្រសិនបើថ្នាក់ដឹកនាំទាំងពីរនៅតែធ្វើបែបនេះ នោះនឹងនាំឲ្យប្រទេសជាតិកាន់តែជួបវិបត្តិធ្ងន់ធ្ងរ «ផលប៉ះពាល់ច្រើនណាស់ ទី១ សូម្បីប្រជាជនដែលរកសព្វថ្ងៃនេះ អ្នករករបរចិញ្ចឹមជីវិត រកតែតិចតួច មិនហ៊ានដាក់ទុនច្រើន ទី២ គឺអ្នកវិនិយោគ ១០០ភាគរយ គេមិនមកទេ ព្រោះគេឃើញអស្ថេរភាពនយោបាយ ទី៣ សូម្បីតែប្រជាជន ក៏មានការព្រួយបារម្ភ មិនហ៊ានធ្វើអី មិនហ៊ានយកលុយចាយច្រើន កាលណាមិនចាយច្រើន សេដ្ឋកិច្ចវាមិនដើរ។ អ៊ីចឹងយើងឃើញថា អ្នកនយោបាយ គ្មានច្រកចេញទេ គឺគិតតែផលប្រយោជន៍របស់ខ្លួនរៀងៗខ្លួន ខ្លាចបាត់បង់ការគាំទ្រ ខ្លាចបាត់បង់អំណាច ខ្លាចបាត់បង់ផលលាភ របស់ខ្លួនរៀងៗខ្លួន»។
លោក សុខ ទូច បន្តថា មកដល់ដំណាក់កាលនេះហើយ អ្នកនយោបាយគួរតែ ធ្វើប្រជាមិតិចំពោះប្រជាពលរដ្ឋណាដែលមានសិទ្ធិបោះឆ្នោត។
កាលពីថ្ងៃទី៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសន្ទនាគ្នាតាមរយៈទូរស័ព្ទ រយៈពេល ៤៤នាទី ដោយផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសិន ព្រោះលោក ហ៊ុន សែន មិនព្រមឲ្យបោះឆ្នោតឡើងវិញមុនអាណត្តិ៕
សូមសរសេរមកកញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
1 comment:
ពេលសង្រ្គោះជាតិ ទៅចចារគេចោទថាចង់រកកៅអី ចុះដល់គេមិនព្រមធ្វើការចចារអញ្ចឹង តើគេចោទថាម្តេចទៀតទៅ? ហ៊ុន សែន គេឈប់ខ្វល់ហើយឃើញទេ គេធ្វើតែម្នាក់គេ ហើយច្បាស់ជាគ្មាននាក់ណា ធ្វើអីគេទេ។ ហើយនាក់ដែលមិនចង់ឱ្យ សំរង្ស៊ី បានកៅអីនោះប្រហែលសប្បាយណាស់មើលទៅ ដោយឃើញរបៀបនេះ ។
Post a Comment