A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 25 April 2014

Mu Sochua: My American husband supports me 100% ស្វាមី​អាមេរិក​គាំទ្រ មូរ សុខ​ហួរ ១ រយ​ភាគរយ​

  • Written by  ស្វាមី​អាមេរិក​គាំទ្រ មូរ សុខ​ហួរ ១ រយ​ភាគរយ​










ខណៈដែល​គូ​ស្វាមីភរិយា​ខ្មែរ​ជាច្រើន​នៅតែមាន​និន្នាការ​នយោបាយ​ខុសគ្នា រហូតដល់​គូ​ស្វាមីភរិយា​ខ្លះ​កើតមាន​ជម្លោះ​ហិង្សា ដោយសារតែ​និន្នាការ​នយោបាយ​ខុសគ្នា​នេះ អ្នកនយោបាយ​ស្ត្រី​ដ៏​សកម្ម​ម្នាក់​របស់​គណបក្សប្រឆាំង បែរជា​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្វាមី​ជនជាតិ អាមេរិកាំង ក្នុង​ការធ្វើ​នយោបាយ​។ នយោបាយ​ដែល​ស្ត្រី​រូបនេះ តែងតែ​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើន​រួមទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ក្តៅស្លឹកត្រចៀក​មិនតិច​ឡើយ​។​
​កើត​ក្នុង​គ្រួសារ​មាន​ឪពុក ជា​ខ្មែរ​កម្ពុជា​ក្រោម ម្តាយ​កាត់ ចិន មាន​ស្រុកកំណើត​នៅក្នុង ខេត្តតាកែវ ប៉ុន្តែ​បានប្រសូត​ឡើង និង​ធំ​ដឹងក្តី នៅ​ម្តុំ​ផ្សារ​ថ្មី​ក្នុង ក្រុងភ្នំពេញ លោកស្រី មូរ សុខ​ហួរ ចង់​ឲ្យ​ឆាកជីវិត​របស់លោក​ស្រី​មានន័យ​មានកេរ្តិ៍ឈ្មោះ​ល្អ តាមរយៈ​ការធ្វើ​នយោបាយ​ដើម្បី​ការពារ​ទឹកដី ប្រឆាំងនឹង​ការឈ្លានពាន​ពី​បរទេស​។ លោកស្រី មូរ សុខ​ហួរ កើត​នៅក្នុង ឆ្នាំ​១៩៥៤ នៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​ធូរធារ​មួយ​ដោយ​ឪពុក​របស់លោក​ស្រី​ជា​អ្នកជំនួញ​ធំ​ម្នាក់​។ លោកស្រី​មាន​បងប្អូន ៤ នាក់ ស្រី​ពីរ​នាក់​បច្ចុប្បន្ន​រស់នៅ​ស្រុក​ខ្មែរ និង​បងប្រុស​ម្នា​ក់នៅ អាមេរិក ប្អូនប្រុស​ម្នា​ក់នៅ ប្រទេស​បារាំង​។ លោកស្រី​មានប្រសាសន៍ថា​៖ «​ឪពុកម្តាយ​ខ្ញុំ គឺជា​អ្នករក​ទទួលទាន​។ នៅក្នុង ឆ្នាំ​១៩៧០ បន្ទាប់ពី​មាន​សង្គ្រាម​ហើយ ឪពុក​របស់ខ្ញុំ មាន​ក្រុមហ៊ុន​កប៉ាល់​ហោះ​មួយ​ហៅថា ខេមរា​។ ប៉ុន្តែ​ឪពុក ម្តាយ​ខ្ញុំ គាត់​បាន​ស្លាប់​នៅក្នុង​សម័យ ប៉ុល ពត​»​។ កុមារី សុខ​ហួរ ដែល​បាន​រៀន​ភាសា បារាំង ចាប់តាំងពី​អាយុ ៥​ឆ្នាំ រហូតដល់​អាយុ ១៨​ឆ្នាំ នៅ​សាលា​មួយ​ក្នុង ក្រុងភ្នំពេញ មិនបាន​រស់នៅ​ឆ្លងកាត់​របប​ខ្មែរក្រហម ដ៏​សែន​ខ្លោចផ្សា ដែល​បានសម្លាប់​មនុស្ស​ជិត​ពីរលាន​នាក់​នោះទេ ដោយសារ​លោកស្រី បាន​ចេញទៅ​បន្ត​ការសិក្សា​នៅ ប្រទេស​បារាំង ក្នុង ឆ្នាំ​១៩៧២ បន្ទាប់ពី​បាន​ប្រឡង​ជាប់​សញ្ញាបត្រ បាក់​ឌុប​។​

​លោកស្រី​បន្តថា​៖ «​ខ្ញុំ​បានរស់នៅ​ក្នុង ប្រទេស​បារាំង ពី ឆ្នាំ​១៩៧២ ដល់ ឆ្នាំ​១៩៧៤ ហើយពី ៧៤ ទៅ​ខ្ញុំ​បានរស់នៅ សហរដ្ឋអាមេរិក រហូតដល់ ឆ្នាំ​១៩៨១​។ នៅ អាមេរិក ខ្ញុំ​រៀន​បាន​បរិញ្ញាបត្រ​ខាង​ចិត្តសាស្ត្រ ហើយ​អនុបណ្ឌិត ខ្ញុំ​បាន​រៀន​ខាង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​នៅ អាមេរិក​»​។ ពី ឆ្នាំ​១៩៨១ ដល់ ឆ្នាំ​១៩៨៦ លោកស្រី មូរ សុខ​ហួរ មក​ធ្វើការ​នៅ​ជំរំ​ជនភៀសខ្លួន​តាម​ព្រំដែន ខ្មែរ ថៃ ក្នុងនាម​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន​ខ្មែរ​។ ពេលនោះ​ហើយ គឺ​ក្នុង ឆ្នាំ​១៩៨៤ ដែល​លោកស្រី បាន​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ អាមេរិកាំង​។ «​ខ្ញុំ​និង​ស្វាមី អាមេរិក មានកូន​ស្រី​បីនាក់ កូនស្រី​ពីរ​នាក់​មាន​អាយុ ២២ និង ២៤ ឆ្នាំ រស់នៅ​ស្រុក​ខ្មែរ​។ ចំណែក​កូនស្រី​ច្បង​មាន​អាយុ ២៧ ឆ្នាំ នៅឯ​សហរដ្ឋអាមេរិក​»​។​

​បើទោះបីជា​បាន​រៀបការ​ជាមួយ​ស្វាមី​ជនជាតិ អាមេរិក អស់​រយៈពេល​ប្រមាណ ៣០​ឆ្នាំ មកហើយ​ក៏ដោយ ក៏​ស្ត្រី​ដែលមាន​សំណាង​បាន​ទៅ​រៀនសូត្រ និង​រស់​នៅឯ​ក្រៅប្រទេស​រូបនេះ ហាក់បីដូចជា​អ្នក​ដែល​អភិរក្ស​បាន​យ៉ាង​ល្អ នូវ​ប្រពៃណី​ទំនៀមទម្លាប់ និង​វប្បធម៌​ខ្មែរ ព្រមទាំង​ភាពរុងរឿង​នៃ​អតីតកាល​របស់​ចក្រភព​ខ្មែរ​។ ស្ត្រី​វ័យ ៦០​ឆ្នាំ ដែលមាន​សក់ល្បាយអាចម៍ខ្លា​រូបនេះ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​គ្រឹះ​តូច​ច្រឡឹង​មួយ​ដែលមាន​រុក្ខជាតិ​ចម្រុះ ដុះ​ព័ទ្ធ​ពេន​គ្រប​ពី​ខាងលើ​ច្រកទ្វារ​របង​ចូល​ផ្ទះ​នៅក្នុង សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។ នៅពេល​ចូលទៅ​ដល់​ក្នុងផ្ទះ ដែល​ក្រាល​ឈើ​ជំនួស​ឥដ្ឋការ៉ូ បើ​គ្រាន់តែ​មើល​ពី​បន្ទប់ទទួលភ្ញៀវ គេ​ឃើញ​មាន​ដាក់តាំង​រូប​ពុទ្ធបដិមា​យ៉ាងហោចណាស់ ៦ អង្គ នៅតាម​ទីកន្លែង​ផ្សេងៗ​គ្នា រូបចម្លាក់​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ ចំនួន ១ រូបចម្លាក់​មនុស្ស​សត្វ តុ ទូ និង​វត្ថុ​បែប​បុរាណ​របស់​ខ្មែរ​ជាច្រើន​ផ្សេងទៀត​នៃ​អតីតកាល​ដ៏​រុងរឿង​របស់​ចក្រភព​ខ្មែរ​។​


​លោកស្រី មូរ សុខ​ហួរ បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុង ឆ្នាំ​១៩៩៥ ហើយ​បាន​ជាប់​ជា​តំណាងរាស្ត្រ នៅ​មណ្ឌល បាត់ដំបង ក្នុង ឆ្នាំ​១៩៩៨​។ ជាមួយគ្នា​នោះ លោកស្រី ក៏បាន​ធ្វើជា​រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ពី ឆ្នាំ​១៩៩៨ ដល់​ដើម ឆ្នាំ​២០០៤ ផងដែរ​។ «​ខ្ញុំ​បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ ទី​២២ ខែមករា ឆ្នាំ​២០០៤ ជា​ថ្ងៃ​ដែល​គេ​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​ហូរឈាម​សស្រាក់ កូន​ប្រពន្ធ​នៅ​ស្រែកយំ​ទាំងអស់គ្នា​។ ពេលនោះ ខ្ញុំ​សុំ​ទៅ​ជួប​លោក សម រង្ស៊ី និង​អ្នក​បង ជូ​ឡុង ស៊ូ​មូរ៉ា ដើម្បី​ចូល​ជាមួយ​គណបក្ស សម រង្ស៊ី ពីព្រោះ​ខ្ញុំ​ឃើញថា គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី មាន​ជំហរ​រឹងមាំ​ណាស់ ជំហរ​អ្នកការពារ​ព្រលឹង​ប្រជាធិបតេយ្យ​»​។ ការចាកចេញ​នេះ គឺ​បន្ទាប់ពី​លោកស្រី បានរួម​រស់​ជាមួយ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច អស់​រយៈពេល ៩ ឆ្នាំ​។ ការសម្រេចចិត្ត​ទៅ​ចូលរួម​ជាមួយ​គណបក្ស សម រង្ស៊ី គឺ​ដោយសារតែ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច «​បាត់បង់​អស់​នូវ​ព្រលឹង​ប្រជាធិបតេយ្យ​»​។ ទោះយ៉ាងណា លោកស្រី មូរ សុខ​ហួរ ដែល​កាលពី​នៅ​ក្មេង​មិនដែល​នឹក​ស្រមៃ ចង់​ធ្វើជា​អ្នកនយោបាយ​សូម្បីតែ​បន្តិច​នោះ បាន​ឲ្យ​ដឹងថា​៖ «​ឪពុក​របស់ខ្ញុំ គាត់​បាន​ហាម​ជាដាច់ខាត​មិន​ឲ្យ​ខ្ញុំ​ចូលទៅ​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​នយោបាយ​ទេពី​ព្រោះ​ឪពុក ខ្ញុំ​គាត់​ចាស់​ហើយ គាត់​បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​មកហើយ គាត់​បាន​ឆ្លងកាត់​ភាពជូរចត់​មាន​សង្គ្រាម ដូច្នេះ​គាត់​ខ្លាច​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ នយោបាយ​ជា​អ្វី​? នយោបាយ​គឺ​ការដែល​យើង​ទៅរក​ដំណោះស្រាយ​ជូន​ជាតិ ហើយ​បើសិន​យើង​ជា​អ្នក​ល្អ យើង​មាន​គោលការណ៍​ប្រជាធិបតេយ្យ​យើង​ជា​អ្នក​ស្អាតស្អំ​…​នយោបាយ​ទៅជា​នយោបាយ​ស្អាតស្អំ ទៅជា​នយោបាយ​ប្រជាធិបតេយ្យ​»​។​

​លោកស្រី មូរ សុខ​ហួរ ដែល​នៅពេលនេះ ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល បាត់ដំបង របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ដែល​កើតចេញពី​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស នោះ បាន​ផាត់​ចោល​មួយ​ឡែក​នូវ​ការភ័យខ្លាច​ចំពោះ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​អ្វីដែល​លោកស្រី​ភ័យខ្លាច​រហូតដល់​មិន​ព្រម​រស់នៅ​សម្ងំសុខ​យករួចខ្លួន​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​នោះ គឺ «​ការបាត់បង់​ទឹកដី បាត់បង់​ធនធានធម្មជាតិ ដែល​កើតមាន​រាល់ថ្ងៃ​» របស់ ប្រទេស​កម្ពុជា ដែល​កាន់តែ​រួម​តូច​ទៅៗ​នេះ​។ លោកស្រី​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ដើម្បី​តស៊ូ​សម្រាប់​ជាតិ ជីវិត​យើង​បើ​ស្លាប់ គឺ​ស្លាប់​ឲ្យ​មានតម្លៃ ដូច្នេះ​បើ​ស្លាប់ទៅ​ក៏​អត់​មាន​បញ្ហា​ដែរ​។ ប៉ុន្តែ​យើង​មិនមែន​រត់​ចូលក្នុង​រណ្តៅ​ស្លាប់​ទេ យើង​ត្រូវធ្វើ​យ៉ាងម៉េច ឲ្យ​មាន​ល្បិច​ដែរ យើង​ត្រូវធ្វើ​យ៉ាងម៉េច ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ដែរ បើសិនជា​យើង​ឃើញ​កន្លែង​ហ្នឹង​គ្រោះថ្នាក់​ហើយ យើង​ត្រូវតែ​ចៀស​»​។ ស្ត្រី ដែលជា​អ្នកនយោបាយ​ច្រើន​អាណត្តិ​រូបនេះ​បាន​លើកឡើងថា​៖ «​ជំហរ​របស់​យើង​ជា​អ្នកប្រជាធិបតេយ្យ ដូចដែល​លោក​ប្រធាន សម រង្ស៊ី និង​លោក​អនុប្រធាន កឹម សុខា បាន​មានប្រសាសន៍ គឺជា​ជំហរ​អ្នក​ស្រឡាញ់​ជាតិ ហើយ​សន្តិភាព អហិង្សា​»​។ ខណៈដែល​ស្វាមី​របស់លោក​ស្រី នៅតែ​បន្ត​ធ្វើការ​ឲ្យ​កម្មវិធី​មួយ​របស់​អង្គការសហប្រជាជាតិ លោកស្រី សុខ​ហួរ មិនមាន​ពេលវេលា ទៅ​ប្រកបមុខរបរ​អ្វី​ផ្សេង​ឡើយ ដោយ​លោកស្រី​បញ្ជាក់ថា​៖ «​ទៅរក​ស៊ី​អី​កើត បើ​ធ្វើ​នយោបាយ​ស្ទើរតែ ២៤ ម៉ោង​ទៅហើយ​…​ខ្ញុំ​នឹង​នៅតែ​ធ្វើ​នយោបាយ ដើម្បី​ជួយ​ជាតិ​រហូត​ហើយ​ប្តី​ខ្ញុំ​កូន​ខ្ញុំ​គាំទ្រ​ខ្ញុំ ១០០ ភាគរយ ប៉ុន្តែ​ប្តី​ខ្ញុំ​គាត់​សុំ​តែ​ម្យ៉ាង​ទេ គឺ​ពេលខ្លះ​សូម​ឲ្យ​ខ្ញុំ​មក​ផ្ទះ​ផង​»​។​

​សកម្មភាព​របស់លោក​ស្រី មូរ សុខ​ហួរ ដែល​កាលពី​អំឡុង ឆ្នាំ​២០០៩ រហូតដល់​ទៅ​ហ៊ាន​ចេញមុខ​ប្តឹងប្តល់​ប្រឆាំងនឹង​លោក ហ៊ុន សែន ហើយ​នៅតែ​ប្តេជ្ញា​ធ្វើយ៉ាងណា​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​ឲ្យ​ទាល់តែ​បាន​នោះ ចង់​មិន​ចង់ វា​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា ស្ត្រី មិនមែនជា​អ្នក «​បង្វិល​ចង្ក្រាន​មិន​ជុំ​» ដូច​ពាក្យ​ទំនៀម​បុរាណ​មួយ​ឃ្លា​នោះទេ ដោយសារ​លោកស្រី បានធ្វើ​ការងារ​ជាច្រើន ដែល​សូម្បីតែ​បុរស​ជាច្រើន​មិន​ហ៊ាន​ធ្វើ​៕ ប្រភពៈ camnews.org​

No comments: