A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 12 February 2014

ជនជាតិ​ដើម​ភាគ​តិច​ប្តឹង​ទៅ WB រឿង​ឲ្យ​លុយ​ក្រុមហ៊ុន វៀតណាម ឈូស​បំផ្លាញ​ព្រៃ

ជន​ជាតិ​​​​នៅ​ក្រុង​សែន​មនោរម្យ​បង្ហា​ញ​ដី​ព្រៃ​ត្រូវ​ក្រុមហ៊ុន​ឈូស​ ដុត​។ រូបថត អាដ​ហុក

ផាក់ ស៊ាងលី, ភ្នំពេញប៉ុស្តិ៍ 11 February 2014

ភ្នំពេញៈ ជនជាតិ​ដើម​ភាគ​តិច​ចំនួន ១៧ សហគមន៍ ក្នុង​ខេត្ត រតនគិរី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ធនាគារ​ពិភពលោក WB កាល​ពី​ម្សិលមិញ ដើម្បី​សុំ​រក​ដំណោះស្រាយ និង​ធ្វើ​ការ​ពិចារណា​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច វៀតណាម ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ពួក​គាត់​បាត់​បង់​មុខ​របរ​ចិញ្ចឹម​ជីវិត។

បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) របស់​ធនាគារ​ពិភពលោក តាម​សារ​អេឡិច​ត្រូនិក តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជាង ១០ នាក់​បាន​ធ្វើ​សន្និសីទ ព័ត៌មាន​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មាន​ការ​ចូល​រួម​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៥។

លោក សូ សុផាត អាយុ ៥២ឆ្នាំ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ជនជាតិ​ភាគ​តិច រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ទឹក​ដី និង​ព្រៃឈើ តាម​រយៈ​ការ​ធ្វើ​ចម្ការ និង​ប្រមូល​អនុផល​ព្រៃឈើ​តាំង​ពី​ដូនតា​មក។ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក ក្រុមហ៊ុន ហេង ប្រាដឺ ដែល​ជា​ក្រុមហ៊ុន​មួយ​តូច​របស់​ក្រុមហ៊ុន​មេ ឈ្មោះ ហ័ងអាញ់ ហ្គាឡាយ (Hoang Anh Gia Lai) របស់ វៀតណាម បាន​ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ចម្ការ​វិល​ជុំ​និង​ដី​ស្រែ​របស់​ជនជាតិ​ភាគ​តិច​ជា​បន្ត​បន្ទាប់។

លោក​បញ្ជាក់​ថា៖ «យើង​អស់​ដី​ព្រៃ ៨០ ភាគរយ​ហើយ សូម​ម្ចាស់​លុយ (ធនាគារ​ពិភពលោក) ពិចារណា​ពី​រឿង​ផ្តល់​លុយ​ផង ព្រោះ​លុយ​ទាំង​អស់​នេះ គឺ​គេ​យក​មក​ប្រើ​សម្រាប់​បំផ្លាញ​ព្រៃឈើ និង​មុខ​របរ ប្រពៃណី​របស់​ជន​ជាតិ​ភាគ​តិច​យើង»។

តំណាង​សហគមន៍​ឈ្មោះ សល់ ហ្នើយ អាយុ ៥៩ឆ្នាំ បាន​ថ្លែង​ថា ក្រៅ​ពី​ដី​ព្រៃ​បម្រុង​ទុក ក្រុមហ៊ុន វៀតណាម បាន​ឈូស​ឆាយ​ដំណាំ​ពួក​គាត់ និង​ចម្ការ​វិល​ជុំ​ដោយ​មាន​ការ​ជួយ​ការពារ​ពី​កម្លាំង​ប្រដាប់​អាវុធ។

លោក សល់ ហ្នើយ បន្ត​ថា៖ «ឈូស​អស់​ហើយ គេ​បង្ខំ​ឲ្យ​យើង​ខ្ញុំ​លក់​ដី​ឲ្យ​គេ​ទៀត។ អា​ដី​ចុះ​បញ្ជី​និង​និស្សិត​វាស់​ហើយ​ក៏​ឈូស​ទៀត ហើយ​គេ​ថា​សង្គម​ប្រែ​ប្រួល។ យើង​កាប់​ឈើ​តិច​តួច​ធ្វើ​ផ្ទះ​គេ​ចាប់ គេ​ថា​ខុស​ច្បាប់ តែ​ក្រុមហ៊ុន​កាប់​បំផ្លាញ​ព្រៃ​ថា​ល្អ​ទៅ​វិញ»។ លោក​អះអាង​ថា​ពេល​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា និង​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ឈូស​បំផ្លាញ​ព្រៃ ត្រូវ​បាន​គេ​ប្តឹង​និង​ចាប់​ខ្លួន​ទៅ​វិញ។

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អង្គការ​ចំនួន​ប្រាំ ដែល​បាន​ជួយ​ជនជាតិ​ភាគ​តិច​ឲ្យ​ដាក់​ពាក្យ​បណ្តឹង បាន​ឲ្យ​ដឹង​ថា ព្រៃឈើ​ក្នុង​ខេត្ត រតនគិរី បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​សារ​តែ​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដំណាំ​កៅស៊ូ។ ក្រុមហ៊ុន វៀតណាម ហ័ងអាញ់ ហ្គាឡាយ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជាច្រើន​ដែល​ទទួល​បាន​ដី​សម្បទាន។ ក្រុមហ៊ុន​មេ​មួយ​នេះ​មាន​ក្រុមហ៊ុន​តូច​ជាច្រើន​ដែល​គ្រប់​គ្រង​ផ្ទៃ​ដី​រហូត​ដល់​ទៅ ៥ ភាគរយ​នៃ​ផ្ទៃ​ដី​សរុប​ក្នុង​ខេត្ត រតនគិរី។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​របស់​អង្គការ​សមធម៌​កម្ពុជា បាន​ថ្លែង​ថា នៅ​កម្ពុជា​ផ្ទៃ​ដី​ដែល​អាច​ធ្វើ​កសិកម្ម​បាន​មាន​តែ ៣ លាន​ហិកតា​ទេ ប៉ុន្តែ​ផ្ទៃ​ដី ២ លាន​ហិកតា បាន​ផ្តល់​ទៅ​ក្រុមហ៊ុន​ឯកជន។ លោក​បន្ត​ថា៖ «ខេត្ត រតនគិរី ក្លាយ​ទៅ​ជា​ខេត្ត​មួយ​ដែល​មិន​សម្បូរ​ព្រៃ​ទៀត​ទេ ហើយ​យើង​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​ផ្តល់​ដី​ឲ្យ​ជនជាតិ​ដើម​វិញ»។

លោក ដេវិដ ប្រ៊ែត ប្រធាន​អង្គការ អាយឌីអាយ ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ទាំង ប្រាំ បាន​ថ្លែង​ថា តម្រូវការ​កៅស៊ូ​កាន់​តែ​កើន​ឡើង បាន​ធ្វើ​ឲ្យ​មាន​ការ​ដាំ​កៅស៊ូ​កើន​ឡើង​នៅ កម្ពុជា។ លោក​បញ្ជាក់​ថា៖ «គេ​សម្រុក​ដំា​កៅស៊ូ​នៅ កម្ពុជា និង ឡាវ។ ដី​សម្បទាន ៨០ ភាគរយ​នៅ កម្ពុជា គឺ​ដាំ​កៅស៊ូ​ហើយ​ដី​ទាំង​នោះ​ជាន់​លើ​ដី​ជនជាតិ​ដើម​និង​ដែន​ជម្រក​សត្វ»។ បើ​តាម​លោក ដេវិដ IFC នឹង​ឆ្លើយ​តប​មក​សហគមន៍​វិញ​នៅ​ក្នុង​រយៈ​ពេល ១៥ ថ្ងៃ​ទៀត៕

No comments: