A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 February 2014

CPP members and land rights activists closed a road in order to demand land titles from the government សកម្មជន​និង​អ្នក​គាំទ្រ​បក្ស​ប្រជាជន​បិទ​ផ្លូវ​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​ដីធ្លី

lសកម្មជន​និង​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ជិត ២០០​នាក់ នាំ​គ្នា​មក​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៧ នៅ​មុខ​សាលា​ឃុំ​ស្នួល ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​១០ កុម្ភៈ។
ដោយ​ សូត សុខប្រាថ្នា

2014-02-10
ការ​តវ៉ា​នេះ​គឺ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ​ជុំវិញ​រឿង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់​តាម​ការ​សន្យា​របស់​អាជ្ញាធរ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដដែល ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នោះ​សម្រេច​ចេញ​មក​តវ៉ា​ដោយ​បិទ​ផ្លូវ​តែម្ដង បើ​ទោះ​ជា​មាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​ក៏​ដោយ។
ការ​សន្យា​របស់​អាជ្ញាធរ​ចំពោះ​រឿង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​តែ​ពន្យារ​ពេល ទើប​ធ្វើ​ឱ្យ​សកម្មជន​និង​អ្នក​គាំទ្រ​បក្ស​ប្រជាជន​ទាំង​នោះ​ទ្រាំ​លែង​បាន ហើយ​នាំ​គ្នា​មក​តវ៉ា​ដោយ​បិទ​ផ្លូវ​ជាតិ​លេខ ៧ គឺ​នៅ​មុខ​សាលា​ឃុំ​ស្នួល តែម្តង នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ។
ប្រធាន​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ឃុំ​ស្នួល ខេត្ត​ក្រចេះ លោក សួន វិច្ឆិកា បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ពួកគាត់​នាំ​គ្នា​ជិត ២០០​នាក់ ដើម្បី​មក​ធ្វើ​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​នៅ​មុខ​សាលា​ឃុំ​ស្នួល​នោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​គិតគូរ​រឿង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ ពីព្រោះ​ប្រជាពលរដ្ឋ​មិន​អាច​ទ្រាំ​ទៅ​នឹង​ការ​ពន្យារ​ពេល​របស់​អាជ្ញាធរ​ក្នុង​ចេញ​ប្លង់​ត​ទៅ​ទៀត​បាន​នោះ​ទេ។
លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ ដែល​មាន​ជាង ៣០០​ក្បាល​ដី​ដែរ​នោះ បាន​បដិសេធ​ចំពោះ​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​កូរ៉េ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​នៅ​ក្រសួង​នា​ពេល​កន្លង​មក ហើយ​ប្រជាពលរដ្ឋ​យល់​ថា ការ​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​ក្នុង​ពេល​ដែល​ក្រុម​និស្សិត​ចុះ​វាស់​វែង​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​រួច​នោះ ថា​ជា​រឿង​ខុស​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​រាជ​រដ្ឋាភិបាល។
លោក សួន វិច្ឆិកា៖ «ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នៅ​ក្រសួង រួច​ទៅ​ក្រសួង​បាន​ឱ្យ​ក្រុម​ការងារ​ខេត្ត និង​ស្រុក​ជា​អ្នក​ដោះស្រាយ ប៉ុន្តែ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​ក្រុមហ៊ុន​ហ្នឹង គឺ​ប្រជាពលរដ្ឋ​ហ្នឹង ក្រុម​ប្រជាពលរដ្ឋ​ហ្នឹង​សូម​ធ្វើ​ការ​បដិសេធ​ចោល ពីព្រោះ​អី​ក្រុមហ៊ុន​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រុម​មន្ត្រី​វិនិច្ឆ័យ​ដែល​បិទ​ផ្សាយ​នៅ​សាលា​ឃុំ​អស់​រយៈ​មួយ​ខែ​នៅ​សាលា​ឃុំ​ទេ»
លោក សួន វិច្ឆិកា បន្ត​ថា ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​យល់​ថា ការ​ពន្យារ​ពេល​ក្នុង​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ជូន​ពួក​គាត់​នេះ អាច​ទំនង​ជា​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ថ្នាក់​ខេត្ត​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ទៀត​ផង ទើប​ធ្វើ​រឿង​នេះ​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ​បាន។
លោក​បញ្ជាក់​ថា នៅ​ម៉ោង​ប្រមាណ​ជា ២​រៀល ទើប​ក្រុម​អ្នក​តវ៉ា​ដែល​មាន​ពាក់​អាវ​បក្ស​ប្រជាជន កាន់​រូបថត​លោក​នាយករដ្ឋមន្ត្រី និង​បក្ស​ប្រជាជន​ផង​នោះ បាន​នាំ​គ្នា​យល់​ព្រម​បើក​ផ្លូវ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​សន្យា​ដក​ទាហាន​ដែល​ដាក់​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន និង​ព្រម​ឱ្យ​តំណាង ៨​នាក់​ចូល​ជួប​ដោះស្រាយ​បញ្ហា​នេះ​នៅ​សាលាឃុំ​ស្នួល​ នៅ​ថ្ងៃ​១១ កុម្ភៈ។
អភិបាល​ស្រុក​ស្នួល លោក គង់ គឹមនី បាន​មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​តវ៉ា​ដោយ​បិទ​ផ្លូវ​នៅ​មុខ​សាលា​ឃុំ​ស្នួល​មែន ហើយ​ខាង​អាជ្ញាធរ​ស្រុក​បាន​ចេញ​មុខ​ទៅ​ធ្វើ​ការ​សម្របសម្រួល​ក្រោម​ការ​បញ្ជា​ពី​សំណាក់​អភិបាល​ខេត្ត ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​ចង់​បាន​ប្រញាប់ រី​ឯ​អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​ទៅ​តាម​នីតិវិធី ទើប​ធ្វើ​ឱ្យ​ការ​ចរចា​នៅ​មាន​បញ្ហា។
លោក គង់ គឹមនី៖ «នៅ​ថ្នាក់​ស្រុក ហើយ​នៅ​ថ្នាក់​ស្រុក ស្អែក​ហ្នឹង​ខ្ញុំ​ត្រូវ​ឱ្យ​តំណាង​របស់​គាត់​ហ្នឹង​ចូល​មក​ហ្នឹង ដើម្បី​ឱ្យ​យើង​កោះ​ហៅ​ក្រុមហ៊ុន​មួយ​សា​ទៀត ដើម្បី​ប្រជុំ។ អ៊ីចឹង​ប្រជុំ​រួច​ហើយ​បាន​យើង​បញ្ជូន​ទៅ​ខាង​មន្ទីរ​ដែនដី​ខេត្ត ដើម្បី​បន្ត​ត​ទៅ​ទៀត។ នីតិវិធី​គឺ​អ៊ីចឹង​ណា​បង! ហើយ​គាត់​ចង់​ឱ្យ​លឿន​ចង់​បាន​មួយ​អាទិត្យ ឬ​បី​ថ្ងៃ​ទៅ​តាម​នេះ​គាត់​អ៊ីចឹង ទើប​មាន​ការ​ពិបាក​បន្តិច»
លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់ គឺ​មិន​ចំពោះ​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​កាន់​គណបក្ស​ណា​នោះ​ឡើយ គឺ​ដោះស្រាយ​ជូន​ពួកគាត់​ដោយ​គ្មាន​ការ​រើស​អើង។
ដោយ​ឡែក​ប្រធាន​មន្ទីរ​នគរូបនីយកម្ម​និង​សំណង់​ខេត្ត​ក្រចេះ លោក កៅ ម៉ាឌីឡែន បាន​មាន​ប្រសាសន៍​ថា មិន​មាន​មន្ត្រី​ខេត្ត​ណា​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ដី​នោះ​ទេ ផ្ទុយ​ទៅ​វិញ មន្រ្តី​ទាំង​នោះ​បាន​ខិតខំ​បំពេញ​ការងារ​ស្ទើរ​គ្មាន​ថ្ងៃ​សម្រាក ដើម្បី​ឱ្យ​រឿង​នេះ​ឆាប់​ចប់ ប៉ុន្តែ​ពិបាក​ត្រង់​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​តវ៉ា​នោះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ដី​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ទើប​ខាង​លោក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់។
លោក កៅ ម៉ាឌីឡែន៖  «ដី​នេះ គឺ​ពាក់ព័ន្ធ​ដី​ទំនាស់! បាទ! អីចឹង​ប្រសិន​បើ​ពាក់ព័ន្ធ​នឹង​ដី​ទំនាស់ យើង​ត្រូវ​ដោះស្រាយ​ទៅ​តាម​នីតិវិធី។ ឥឡូវ​នីតិវិធី​យើង​គឺ​ត្រូវ​ដោះស្រាយ គណៈកម្មាធិការ​រដ្ឋបាល​របស់​យើង​បាន​ដោះស្រាយ​រួច​ហើយ ហើយ​គណៈកម្មាធិការ​រដ្ឋបាល​របស់​យើង​ហ្នឹង បាន​បញ្ជូន​សំណុំ​ឯកសារ​ហ្នឹង​ទៅ​គណៈកម្មាធិការ​សុរិយោ​ដី​ថ្នាក់​ស្រុក​ដើម្បី​ឱ្យ​គណៈកម្មាធិការ​សុរិយោ​ដី​ថ្នាក់​ស្រុក​ហ្នឹង គាត់​ដោះស្រាយ​ជា​បន្ត ហើយ​នៅ​ពេល​ណា​គាត់​ដោះស្រាយ​មិន​បាន គាត់​នឹង​បញ្ជូន​ឯកសារ​ហ្នឹង​មក​ខាង​សុរិយោ​ដី​ថ្នាក់​ខេត្ត»
លោក​បញ្ជាក់​ថា ខាង​លោក​បាន​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ពី​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ខ្លះៗ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​យល់​ច្រើន​ចំពោះ​បញ្ហា​នេះ ទើប​ធ្វើ​ឱ្យ​ពួកគាត់​ស្ងប់​ចិត្ត។ តែ​យ៉ាង​ណា​ក៏​ដោយ ខាង​លោក​នៅ​តែ​ខិតខំ​ពន្លឿន​នីតិវិធី​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: