A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 4 February 2014

សហភាព​អឺរ៉ុប​ចុះ​ពិនិត្យ​ជម្លោះ​ដី​ធ្លី​រវាង​ពលរដ្ឋ​ និង​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់

RFA/Mom Sophon
ដោយ អាន ស៊ីថាវ RFA 2014-02-03

សហភាព​អឺរ៉ុបបាន​ចុះ​ស៊ើប​អង្កេត​​ជម្លោះ​ដី​ធ្លីដ៏​រ៉ាំរ៉ៃ​ ​របស់​​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុង​ផាត់​ ដែល​ប្រជាពលរដ្ឋ​ចោទ​ថា​ បាន​​រំលោភ​យក​ដី​​របស់​ពួក​គេ​ តាម​រយៈ​​ការ​ទទួល​ដី​​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​។

សហភាព​អឺរ៉ុប​ និងប្រទេស​​បញ្ជាទិញ​ស្ករស​​អន្តរជាតិ​បាន​ប្រកាស​ថា​​ នឹង​​លុប​ចោល​កិច្ច​ព្រមព្រៀង​​​ពាណិជ្ជកម្ម​​ទាំង​អស់​ ក្នុង​ករណី​ដំណើរការ​សង្វាក់​ផលិតកម្ម​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ​ការ​ទន្ទ្រាន​ដី​ធ្លី និង​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​​។

​លោក​ឧកញ៉ា​លី​យ៉ុង​ផាត់ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​​រាប់​ម៉ឺន​ហិចតា​​​ ​ដើម្បី​អភិវឌ្ឍ​ដំណាំ​កសិ-ឧស្សាហកម្ម​​ស្ករ​អំពៅ​ ក្នុង​គោល​បំណង​​បង្កើត​ការងារ​ និង​ជំរុញ​​​កំណើន​សេដ្ឋកិច្ច​ជាតិ​​។ ប៉ុន្តែ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​​​តាម​រយៈ​ការ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​​​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​​​រាប់​ពាន់​គ្រួសារ ​​​និង​ការ​រំលោភ​សិទ្ធិមនុស្ស​​។

​​​​​​​​​​បញ្ហា​​​លើ​សង្វាក់​ផលិតកម្ម​ស្ករអំពៅ​នេះ អ្នក​បញ្ជា​ទិញ​ស្ករ​អន្តរជាតិក៏​បាន​ធ្លាប់​បាន​ប្រកាស​មិន​ទទួល​ទិញ​ស្ករស​ពី​ប្រទេស​ណា​ ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​​ ក្នុង​នោះ មាន​​ក្រុមហ៊ុន​កូកាកូឡា​ជា​ដើម។ ក្រុមហ៊ុន​នេះ​បាន​ទាក់ទង​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​ស្ករស​របស់​ខ្លួន ឲ្យ​បក​ស្រាយ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី​។

បន្ថែម​លើ​នេះ របាយការណ៍​របស់​អង្គការសមធម៌​កម្ពុជា​ “ការ​ប្រមូល​ផល​ផ្អែម​តែ​ល្វីង” ដែល​ចេញ​ផ្សាយ​នៅ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៣ បាន​រក​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ជាង១​ពាន់​គ្រួសារ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ដី​ធ្លី ផ្ទះ​សំបែង និង​ស្រែ​ចម្ការ ដោយ​សារ​ការ​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្មស្ករអំពៅ។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង លោក ឧកញ៉ា លី យ៉ុងផាត់ សុំ​ការ​អត្ថាធិប្បាយ​​បន្ថែម​ជុំ​វិញ​​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​​នៅ​ក្នុង​ខេត្ត​ឧត្ដរមានជ័យ កំពង់ស្ពឺ ​និង​ខេត្ត​កោះកុង​បាន​ទេ​។ ប៉ុន្តែ​ឧកញ៉ា លី យ៉ុង​ផាត់ ​​មាន​ប្រសាសន៍​នៅ​ក្នុង​គេហទំព័រ​ក្រុមហ៊ុន​ស្ករស​ភ្នំពេញ​របស់​លោក​ថា​ ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​នឹង​បង្កើត​ឲ្យ​មាន​បរិយាកាស​ធុរកិច្ច​ប្រកប​ដោយ​​​ភាព​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​​​

លោក​ ឧកញ៉ា​ លី​ យ៉ុង​ផាត់​ ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​វិនិយោគ​លើ​វិស័យ​​​ដាំដុះ ​ការ​ដោះដូរ​ពាណិជ្ជកម្ម ការ​អភិវឌ្ឍ​អចលនទ្រព្យ ​​ហេដ្ឋារចនាសម្ព័ន្ធ ល្បែង ​និង​សេវា​កម្សាន្ត​ជា​ដើម។

ប៉ុន្តែ​​​​​អង្គការ​សង្គមស៊ីវិលបាន​រក​ឃើញ​ថា​ ការ​រក​ស៊ី​​របស់​លោក​​ ឧកញ៉ា លី យ៉ុងផាត់​នេះ បាន​បង្កើត​ឲ្យ​មាន​អ្នក​រង​គ្រោះ​ជា​ច្រើន ជា​ពិសេស​លើ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​ជា​បន្តបន្ទាប់​។ ​

​​នៅ​ក្នុង​ឆ្នាំ​២០០៣ ប្រជាពលរដ្ឋ​នៅ​ឃុំ​​កូនគ្រៀល ស្រុក​សំរោង​ ខេត្ត​ឧត្តរមានជ័យ​ បាន​បាត់​ដី​ប្រមាណ​៦០០​ហិចតា​ ពី​គម្រោង​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ស្ករ​អំពៅ​​។ អ្នក​រង​គ្រោះ​ពី​គម្រោង​​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​ឧត្ដរមានជ័យ​ម្នាក់ អ្នក​ស្រី​ ហួយ ម៉ៃ បាន​ឲ្យ​ដឹង​ថា គាត់​បាន​បង់​​ដី​ប្រមាណ​២០​ហិកតា។ អ្នក​ស្រី​បញ្ជាក់​ថា​​​​គ្មាន​អ្នក​ណា​ម្នាក់​ចូល​មក​ជួយ​អន្តរាគមន៍ដោះស្រាយ​​បញ្ហា​​បាត់​បង់​ដី​ធ្លី​របស់​គាត់​​​​ឡើយ​ ​​​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​​មក​។

នៅ​ក្នុង​ឆ្នាំ​២០០៦ ក្រុមហ៊ុន​នេះក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ បន្ថែម​ទៀត​​អភិវឌ្ឍ​នៅ​ខេត្ត​កោះកុង ហើយ​ចុង​ក្រោយ គឺ​នៅ​ខេត្ត​​កំពង់ស្ពឺ។ តំណាង​សហគមន៍​ប៉ះពាល់​ដី​ធ្លី​ នៅ​ខេត្ត​កំពង់ស្ពឺ លោក ផល វណ្ណៈ បាន​ឲ្យ​ដឹង​​ថា​ ចាប់​តាំង​ពី​ក្រុមហ៊ុន​​អភិវឌ្ឍ​ដំណាំ​ស្ករ​អំពៅ​របស់​​លោក ឧកញ៉ា លី យ៉ុង​ផាត់ បាន​ចូល​មក​អភិវឌ្ឍ​​​​កាល​ពី​ឆ្នាំ​២០១០ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​សហគមន៍ និង​ដី​ស្រែ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​។ ហើយ​ក្រុមហ៊ុន​វិញ​បាន​ផ្ដល់​សំណង​ដី​គ្មាន​គុណភាពដល់​​ប្រជាពលរដ្ឋ​រង​គ្រោះ​​រាប់​ពាន់​គ្រួសារ ​។

អ្នក​ស្រី​ ហួយ​ ម៉ៃ ដែល​តំណាង​ឲ្យ​ក្រុម​​អ្នក​រង​គ្រោះ​ទាំង​នេះ សង្ឃឹម​ថា​​សហគមន៍​អន្តរជាតិ ឬ​អ្នក​បញ្ជា​ទិញ​ស្ករស​ពី​កម្ពុជា​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឲ្យ​ផ្ដល់​សំណង​ និង​ប្រគល់​​ដី​របស់​គាត់​វិញ​ឲ្យ​បាន​គ្រប់​ចំនួន​៖ «តាម​ខ្ញុំ​ ខ្ញុំ​សង្ឍឹម​ច្រើន​ ព្រោះ​អី​គាត់​និយាយ​សន្យា​ជួប​ប្រជាពលរដ្ឋ​​។ ហើយ​គាត់​នឹង​ចុះ​ស៊ើប​អង្កេត​ម្ដង​ទៀត​ដើម្បី​រក​ដំណោះ​ស្រាយ​ ដោយ​សារ​ប្រជាពលរដ្ឋ​​ប៉ះពាល់​ច្រើន​ជាង​គេ។»

​អ្នក​ស្រី ហួយ ម៉ៃ បន្ថែម​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​វិញ ត្រូវ​គោរព​​គោលការណ៍​សិទ្ធិមនុស្ស ​និងជៀសវាង​ការ​ចាប់ចង​​ប្រជាពលរដ្ឋ​របស់​ខ្លួន ​ដែល​​មិន​មាន​កំហុស​​នោះ​។

បញ្ហា​ជម្លោះ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​ និង​ក្រុមហ៊ុន​ស្ករអំពៅ​នេះ សមាជិក​សភា​របស់​សហភាព​អឺរ៉ុប​ លោក ផែតទ្រីស ទីរ៉ូលែន (Patrice Tirolien) ក៏​​បាន​ចុះ​មក​ស៊ើប​អង្កេត​អំពី​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ករ​​អំពៅ ​ដែល​ស្ថិត​នៅខេត្ត​ឧត្ដរមានជ័យ កោះកុង និង​ខេត្ត​កំពង់ស្ពឺ។ លោកនឹង​រៀប​ចំ​របាយការណ៍​ដាក់​ជូនទៅ​ឧត្ដមស្នងការ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​​អំពី​ការ​រក​ឃើញ​របស់​លោក។ លោក​បញ្ជាក់​ថា​ គោលនយោបាយ​របស់​សហភាព​អឺរ៉ុប គឺ​ជួយ​​លើក​កម្ពស់​ដល់​​ប្រជាពលរដ្ឋ​ក្រីក្រ មិន​មែន​បង្កើន​ចំនួនអ្នក​រង​គ្រោះនោះ​ទេ៖  «ខ្ញុំ​ដឹង​ហើយ​ថា​​ប្រជាពលរដ្ឋ​បាន​បាត់​ដី ដោយ​គ្មាន​សំណង​សមរម្យ​ ។ អ្នក​ខ្លះ​​​បាន​សំណង​តិច​តួច និង​អ្នក​ខ្លះ​ទៀត​ ​បាន​ទទួល​ដី​​គ្មាន​ជីវជាតិ​ ធ្វើ​អ្វី​មិន​កើត ។ ប្រជាពលរដ្ឋ​ដែល​បាត់​ដីនេះ​នឹងមិន​អាចទទួល​បាន​ផល​ប្រយោជន៍ ពី​គោលនយោបាយ​សហភាព​អឺរ៉ុប​នោះ​ទេ។»

លោក ផែតទ្រីស ទីរ៉ូលែន នឹង​ស្នើ​ទៅ​ឧត្ដមស្នងការ​ពាណិជ្ចកម្ម​សហភាព​អឺរ៉ុប​ ​ចេញ​នូវ​វិធានការ​ជាក់លាក់​ និង​ចាំបាច់​មួយ​ ​ដើម្បី​ដោះស្រាយ​ដល់​អ្នក​រង​គ្រោះ​ទាំង​នោះ ។

បន្ថែម​លើ​នេះ ប្រធាន​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោក ​ឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean  francois CAUTAIN) មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ក្នុង​កំឡុង​ខែ​តុលា​ឆ្នាំ​២០១៣​ថា ​​​​បញ្ហា​​រំលោភ​សិទ្ធិមនុស្ស​ គឺ​ទាក់​ទង​​អនុវត្តន៍​​​ពេញ​លេញ ​ឬ​​មិន​បាន​អនុវត្តន៍​ពេញ​លេញ ចំពោះ​គម្រោង​ដី​អភិវឌ្ឍ​សម្បទាន​សេដ្ឋកិច្ច​ ដែល​ក្រុមហ៊ុន​ឯកជន​ទទួល​​បាន​ពី​​រាជរដ្ឋាភិបាល​។ ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជាកំពុង​​ធ្វើ​កិច្ច​ការ​នេះ​ ដែល​តែង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​ ដោយ​សហភាព​អឺរ៉ុប​បាន​សហការ​នឹង​ផ្ដល់​ហិរញ្ញប្បទាន​ថវិកា​ដល់​អង្គការ​នានា​​ ឲ្យ​ឃ្លាំ​មើល​ពី​បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស​នេះ​នៅ​ប្រទេស​កម្ពុជា។ អ្នក​ទទួល​ផល​ប្រយោជន៍​ មិន​ត្រឹម​តែ​ផ្ដល់​ជូន​ដល់​​ម្ចាស់​​វិនិយោគ​​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តំបន់​អភិវឌ្ឍ​នោះ​ផង។

នាយក​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ភាគ​ច្រើន មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ស្មើ​គ្នា រវាង​ម្ចាស់​គម្រោង​វិនិយោគ​និង​ប្រជាពលរដ្ឋ​ឡើយ។ ម្ចាស់​គម្រោង​អភិវឌ្ឍទទួល​បាន​អត្ថប្រយោជន៍ ឬ​ទទួល​បាន​លុយ​ច្រើន​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ទទួល​​ដី​សម្បទាន​សេដ្ឋកិច្ច។  អ្នក​ដែល​ទទួល​ដី​​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ​ គឺ​ភាគច្រើនមាន​ងារ​ជា​ឧកញ៉ា សមាជិកសភា ឬ​​អ្នក​មាន​ឋានៈ​ខ្ពស់​មក​ពី​ជួរ​រដ្ឋាភិបាល។

​​​រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចដាំអំពៅប្រមាណ៦ម៉ឺន៥ពាន់ហិចតា  ដល់ក្រុមហ៊ុនចំនួន៧ ដែល​ស្ថិត​នៅ​ខេត្ត​កោះកុង កំពង់ស្ពឺ និង​ខេត្ត​ឧត្តរមានជ័យ។ បរិមាណ​ស្ករស​ដែល​កម្ពុជា​ផលិត​បាន​មាន​តម្លៃ​​នាំ​ចេញ​យ៉ាង​ហោច​ណាស់ ២៥​លាន ដុល្លារ អាមេរិក​ក្នុង​មួយ​ឆ្នាំ ភាគច្រើន​នៃ​ស្ករស​នោះ បាន​នាំ​ចេញទៅ​លក់​នៅសហភាព​អឺរ៉ុប​ដោយ​ការ​ការ​អនុគ្រោះ​ពន្ធគយ​៕

No comments: