A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 1 February 2014

អនុ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ជួប​មន្ត្រី​គណបក្ស​ប្រឆាំង​និង​មន្ត្រី​រដ្ឋាភិបាល

ដោយ ឃួន ធារ៉ា VOA Khmer 01.02.2014

លោក​ហ៊ូហ្គោ ស្វារ៉េ ​(Hugo Swire) ​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​និង​ជា​សមាជិក​សភា​នៃ​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​មក​កម្ពុជា​ជា​លើក​ដំបូង​របស់​លោក​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​ និង​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​របស់​លោក​ លោក ​Hugo Swire ​បាន​ជួប​សំណេះ​សំណាល​ជាមួយ​លោក​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ​ជួប​ជាមួយ​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​កឹម សុខា ​និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។​

ក្រោយ​ជំនួប​រវាង​លោក​និង​លោក​ហោ ណាំហុង​​ លោក​កុយ គួង ​អ្នក​នាំ​ពាក្យ​ និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ស្រង់​សម្តី​របស់​លោក​ Hugo Swire ​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​ចក្រភព​អង់គ្លេស​ចង់​ឃើញ​គណបក្ស​នយោបាយ​ទាំង​ពីរ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​ដោយ​សន្តិវិធី។​
«លោក​បាន​បញ្ជាក់​ហើយ​ថា​ ការ​ជួប​​ពិភាក្សា​គ្នា​ហ្នឹង​គឺ​ជា​រឿង​សំខាន់​ណាស់​ ដែល​កន្លង​មក​ប្រទេស​ផ្សេងៗ​ក៏​ចង់​បាន​របៀប​ហ្នឹង​ដែរ​គឺ​ដោះស្រាយ​តាម​សន្តិវិធី​ និង​ការ​ចរចា​នេះ​ឯង»។​

ជា​ការ​ឆ្លើយ​តប ​លោក​ហោ ណាំហុង​បាន​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ចំហ​ទ្វារ​ស្វាគមន៍​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​វិល​ត្រឡប់​មក​រក​តុ​ចរចា​ជា​និច្ច ​ប៉ុន្តែ​ការ​ចរចា​ណា​មួយ​អាច​ចាប់​ផ្តើម​បាន ​ លុះត្រា​តែ​គណបក្ស​សង្គ្រោះជាតិ​យល់​ព្រម​ចូល​ប្រជុំ​សភា​ជា​មុន​សិន។ ​នេះ​បើ​តាម​លោក​កុយ គួង។​

«មក​ទល់​ពេល​នេះ​គឺ​គណបក្ស​ប្រជាជន​យើង​ ទោះ​បី​ជា​យ៉ាង​ណា​ ក៏​នៅ​តែ​បើក​ទ្វារ​ចំហ​ជានិច្ច ​ក្នុង​ការ​ចរចា​អំពី​កំណែ​ទម្រង់​ផ្សេងៗ​ ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​ទាមទារ​នោះ»។​

លោក​កុយ គួង​បន្ថែម​ថា​ ក្នុង​ជំនួប​ដដែល​នេះ ​ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ដែល​ត្រូវ​បាន​ព្យាករណ៍​ថា​ អាច​នឹង​កើន​ដល់​១​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤​ ខណៈ​ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំនួន​៧៤២​លាន​ដុល្លារ​កាល​​ពី​ឆ្នាំ​២០១៣។ ​ដោយ​ឡែក​ ចក្រភព​អង់គ្លេស​បាន​ផ្តល់​ជំនួយ​ជាង​៦០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១២​មក​ឱ្យ​កម្ពុជា។​

សូម​បញ្ជាក់​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ Hugo Swire ​នេះ​ធ្វើ​ឡើង​ចំ​ពេល​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​នយោបាយ​ក្រោយ​ពី​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​​កំពុង​ខ្វែង​គំនិត​គ្នា​លើ​លទ្ធផល​បោះឆ្នោត។​

ដោយ​ឡែក​ លោក​យឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ថ្លែង​ថា​ ​ក្នុង​ជំនួប​ជាមួយ​លោក​ Hugo Swire​នោះ​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​តម្កល់​ការ​ទាមទារ​របស់​ខ្លួន​ឱ្យ​នៅ​ដដែល។​

«គាត់​ចាប់​អារម្មណ៍​ពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ ស្ថាន​ការណ៍​រំលោភ​សិទ្ធិ​មនុស្ស ​ហើយ​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ជំហរ​​ពី​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​យើង​បាន​ជម្រាប​​គាត់​២​ចំណុច​ ​ទី​មួយ​យើង​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ ហើយ​ទី​ពីរ​កែ​ទម្រង់​ការ​បោះឆ្នោត​ និង​ការ​កែទម្រង់​ស្ថាប័ន​សំខាន់ៗ។ ​នេះ​គឺ​ជា​មធ្យោបាយ​២​ អហិង្សា​ដែល​នាំ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា»។​

លោក​យឹម សុវណ្ណ​ក៏​បាន​ស្នើ​ឱ្យ​លោក​ Hugo Swire​ ភ្ជាប់​ការ​ទាមទារ​របស់​ខ្លួន​ក្នុង​អនុសាសន៍​របស់​លោក ​Swire ​ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ។​

ប៉ុន្តែ​ក្រោយ​ពី​ជំនួប​រវាង​លោក​ហ៊ុន សែន ​និង​លោក​ Hugo Swire​នោះ  ​លោក​អៀង សុផល្លែត​ ​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​​អត្ថាធិប្បាយ​​ប្រាប់​អ្នក​កាសែត​តែ​រឿង​ជុំ​វិញ​ទំនង​ទំនង​សេដ្ឋកិច្ច​ និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ជំនួប​នេះ​ប៉ុណ្ណោះ​ ពោល​គឺ​មិន​បាន​បង្ហើប​ពីកិច្ច​ពិភាក្សា​នយោបាយ​ទេ។​

វីអូអេ​បានព្យាហាម​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​លោក ​Hugo Swire​ ​​ជុំ​វិញ​ជំនួប​របស់​លោក​នេះ ​តែ​មិន​អាច​ទំនាក់​ទំនង​បាន​ទេ។​ ប៉ុន្តែ​​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិលមិញ​បាន​ដកស្រង់​សម្តី​របស់​លោក​ថា ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​របស់​លោក​ Hugo Swire ​គឺ​ផ្តោត​​សំខាន់​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​និង​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ៕

No comments: