ដោយ៖ កាន់ វិច្ឆិកា | ថ្ងៃព្រហស្បតិ៍ ទី16 ខែមករា ឆ្នាំ2014, ម៉ោង 11:21 AM
ស្តាប់សំឡេង៖ | ចម្លងទុក |

ពន្ធនាគារត្រពាំងថ្លុង ជាកន្លែងឃុំខ្លួនលោកវន់ ពៅ និងអ្នកជាប់ឃុំ២៣នាក់ទៀត ក្រោយហេតុការណ៍បោះទង្គិចនៅតំបន់រោងចក្រយ៉ាក ជីន និងសួនឧស្សាហកម្មកាណាឌីយ៉ា (រូបភាពដោយ ញឹម សុខន)
គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ និងពន្ធនាគារត្រពាំងផ្លុង ស្នើសុំជួប អ្នកកំពុងជាប់ឃុំខ្លួនចំនួន២៣នាក់ ដោយសារការចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។
អ្នកទាំង២៣នាក់ ដែលកំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុងនោះ មានលោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ចាន់ ពុទ្ធិស័ក្ត ជាតំណាងសហគមន៍បឹងកក់ លោក ថេង សាវឿន ប្រធានបណ្តាញកសិករ និងកម្មករចំនួន ២០នាក់ទៀត។ អ្នកទាំង២៣នាក់ ត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មករ កាលពីថ្ងៃទី២និងទី៣ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់VODនៅថ្ងៃពុធនេះថា គណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើទៅពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តកំពង់ចាម និងសាលារាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី១៥ ខែមករា ដើម្បីសួរសុខទុក្ខអ្នកដែលកំពុងជាប់ឃុំ។ លោកបន្ថែមថា រហូតមកដល់ពេលនេះ លោកមិនទាន់ទទួលបានការឆ្លើយតបពីខាងសាលារាជធានី ក៏ដូចជាខាងពន្ធនាគារត្រពាំងផ្លុងថា ព្រមអនុញ្ញាតឲ្យប្រតិភូគណបក្សសង្គ្រោះជាតិចូលទៅសួរសុខទុក្ខ ឬយ៉ាងណានៅឡើយទេ <<យើងដាក់លិខិតទៅក្នុងគោលបំនង ទៅជួបជនរងគ្រោះ ដែលគាត់រងរបួសហើយដែលត្រូវគេបង្ក្រាប ហើយយកទៅឃុំឃាំងដោយមិនឲ្យដឹងទីតាំងទៀត។ ឥឡូវគណបក្សសង្គ្រោះជាតិ បានដឹងទីតាំង បានស្នើសុំដើម្បីទៅជួបសួរសុខទុក្ខ ជនរងគ្រោះទាំងនោះ>>។
ប្រធានពន្ធនាគារត្រពាំងផ្លុង លោក ភា សុវណ្ណា មានប្រសាសន៍ថា ខាងពន្ធនាគារមិនទាន់បានទទួលលិខិតស្នើសុំនៅឡើយទេ។ លោកបន្តថា ពន្ធនាគារនឹងអនុញ្ញាតឲ្យគណៈប្រតិភូគណបក្សសង្គ្រោះជាតិចូលសួរសុខទុក្ខ ប្រសិនបើតុលាការចេញលិខិតអនុញ្ញាត <<ខ្ញុំអត់ទទួលបានទេ នេះឲ្យតែមានលិខិតអនុញ្ញាត ពីតុលាការក្រុងឬក៏ក្រសួងមហាផ្ទៃមក គណៈនាយកដ្ឋានពន្ធនាគារមក នោះខ្ញុំមានទីហាមឃាត់អី>>។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បាននៅឡើយទេ។
មន្ត្រីស៊ើបអង្កេតលីកាដូប្រចាំខេត្តកំពង់ចាម លោក ប៊ូ វីរៈ ប្រាប់VODថា ស្ថានភាពសុខភាពអ្នកកំពុងជាប់ឃុំទាំងនោះ មានភាពល្អប្រសើរ តែលោកបារម្ភពីការថែទាំដិតដល់ចំពោះអ្នកទាំងនោះ <<ស្ថានភាពរបស់គាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ ក្រោយពីគ្រូពេទ្យលីកាដូបានចូលទៅព្យាបាល ហើយនិងមានគ្រូពេទ្យខេត្ត និងគ្រូពេទ្យអង្គការកាកបាទក្រហមអន្តរជាតិ (ICRC)។ បានទៅព្យាបាលរហូតមកថ្ងៃនេះ គាត់មានស្ថានភាពធូរស្បើយច្រើនហើយ។ ជាធម្មតាវាមិនបានដិតដល់ដូចយើងនៅខាងក្រៅទេ ប៉ុន្តែកន្លែងទុកដាក់របស់គេ យើងមើលទៅឃើញថា សមរម្យជាងពន្ធនាគារដទៃទៀត>>។
កាលពីថ្ងៃពុធ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានលើកយកបញ្ហាអ្នកទាំង២៣រូប ដោយស្នើឲ្យមានការសួរសុខទុក្ខ ការថែទាំ និងការពិចារណាការនៅក្រៅឃុំបណ្តោះអាសន្ន៕
សរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា vicheika@gmail.com
អត្ថបទទាក់ទង ៖
No comments:
Post a Comment