By Thmey Thmey
លោកស ខេង៖«អាចមានមូលហេតុផ្សេងនៅពីក្រោយការផ្អាកចរចារបស់បក្សសង្គ្រោះជាតិ»
(អត្ថបទចុះផ្សាយនៅថ្ងៃ
02-01-2014,
9:43 pm) | ដោយ លាង ដឺលុច
ដោយសារតែ ការបង្ក្រាប និងការចាប់ខ្លួនមេសហជីព បាតុករ និងព្រះសង្ឃនៅថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្គ្រោះជាតិបានប្រកាសផ្អាកការចរចានៃក្រុមការងារជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលត្រូវបានគ្រោងនៅថ្ងៃទី៣មករានេះ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់ គេហទំព័រថ្មីៗ តាមរយៈទូរសព្ទនៅយប់ថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចផ្អាកការចរចារបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ គឺមានមូលហេតុផ្សេងទៀត ដែលមិនទាក់ទងនឹងការបង្ក្រាបក្រុមអ្នកតវ៉ានោះឡើយ។ ខាងក្រោមគឺជាបទសម្ភាសន៍រវាងអ្នកយកព័ត៌មានគេហទំព័រថ្មីៗ លោក លាង ដឺលុច និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង។
លោក លាង ដឺលុច៖ លោកឧបនាយករដ្ឋមន្ត្រី តើការប្រកាសផ្អាកការចរចារបស់គណបក្សសង្គ្រោះជាតិនៅពេលនេះ នឹងធ្វើអោយការស្វែងរកដំណោះស្រាយក្នុងទំនាស់នយោបាយ កាន់តែតានតឹងថែមទៀតមែនដែរឬទេ? ហើយអ្វីទៅជាប្រតិកម្មរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ?
លោក ស ខេង៖ គណបក្សប្រជាជនកម្ពុជារបស់យើង គឺរង់ចាំតែការចរចាទេ។ ពួកគាត់ទេ ម្តងបិទ ម្តងបើក។ កន្លងមកមានការប៉ះទង្គិចនៅច្រើនកន្លែង មានការបិទផ្លូវជាតិទៀតផង យើងមិនដែលចាត់វិធានការអ្វីទេ។ លើកនេះ ការចោទប្រកាន់អាជ្ញាធរ ឬរដ្ឋាភិបាល និងចោទប្រកាន់គណបក្សប្រជាជនកម្ពុជាអំពីការបង្ក្រាបនៅថ្ងៃនេះ គឺគ្រាន់តែជាលេសរបស់ពួកគាត់តែប៉ុណ្ណោះ។ ខ្ញុំគិតថា វាអាចមានរឿងអ្វីផ្សេងទៀតដែលនៅពីក្រោយ ការសម្រេចផ្អាកការចរចាររបស់ពួកគាត់។ គឺមិនមែន ការចាប់ខ្លួនក្រុមបាតុករនៅថ្ងៃនេះនោះឡើយ។
លោក លាង ដឺលុច៖ ប៉ុន្តែ តើអ្វីទៅជាការយល់ឃើញរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ ចំពោះទិដ្ឋភាពនយោបាយ ?
លោក ស ខេង៖ ខ្ញុំគិតថា អ្វីដែលល្អបំផុតនោះ គឺការជួបគ្នានេះឯង។ នេះបើយើងទាំងអស់គ្នា មិនចង់អោយស្រុកទេសយើង មានបញ្ហា។ យើងមិនអាចទទួលបានអ្វីៗទាំងអស់ ភ្លាមៗនោះឡើយ។ សម្រាប់ខ្ញុំវិញ បើពួកគាត់ (គណបក្សសង្គ្រោះជាតិ) គិតថា ការចាប់ខ្លួនបាតុករនៅថ្ងៃនេះ គឺជាបញ្ហានោះ គឺយើងត្រូវតែជួបគ្នា។ គំនិតខ្ញុំ គិតផ្ទុយទៅវិញទេ។ គឺយើងដោះស្រាយជាមួយគ្នាវាល្អជាង។ បើយើងនៅឆ្ងាយពីគ្នា វារឹតតែកើតបញ្ហាផ្សេងៗទៀត។
លោក លាង ដឺលុច៖ ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រី មិនមែនមានន័យថា គណបក្សសង្គ្រោះជាតិប្រកាសផ្អាកការចរចាភ្លាមៗនៅពេលនេះ ធ្វើអោយគណបក្សប្រជាជនកម្ពុជាខឹង ហើយឈប់និយាយពីការចរចាទេ?
លោក ស ខេង៖ មិនមែនទេ។ យើងបើកទ្វារសម្រាប់ការចរចាជានិច្ច។ យើងត្រូវតស៊ូដោះស្រាយបញ្ហា។ យើងមិនចង់អោយសង្គមច្របូកច្របល់នោះឡើយ។ កែវមួយដែលបែក យើងអាចទិញកែវថ្មី នៅផ្សារបានមកវិញ។ ប៉ុន្តែប្រសិនបើប្រទេសជាតិបែក យើងពិបាកជួសជុលណាស់។ ខ្ញុំបារម្ភចំនុចនេះ។ កន្លងមក មានអ្នកកាសែតសួរខ្ញុំច្រើនអំពីការបង្ក្រាបការតវ៉ា។ ខ្ញុំថា បើខ្ញុំចង់បង្ក្រាប គឺបង្ក្រាបតាំងពីមុនមកហើយ។
លោកលាង ដឺលុច៖ លោកឧបនាយករដ្ឋមន្ត្រី បញ្ហានៅត្រង់ថា គណបក្សសង្គ្រោះជាតិបានដាក់លក្ខខណ្ឌរួចហើយថា ប្រសិនបើមិនមានការដោះលែងសហជីព បាតុករ និងព្រះសង្ឃនោះទេ គឺគេមិនអាចនិយាយអំពីការចរចាអ្វីទៀតទេ។
លោក ស ខេង៖ ទុកតាមដំណើរពួកគាត់ទៅ។ ទុកអោយពួកគាត់ទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ។ យើងគិតអ៊ីចឹងទៅ។ ពីព្រោះ យើងទាំងអស់គ្នា មិនអាចនិយាយថា ទាល់តែស្លាប់មួយ រស់មួយ បាននៅបាននោះទេ។ យើងខិតខំអនុវត្តវប្បធម៌ប្រជាធិបតេយ្យហើយ។ តែបើត្រូវធ្វើនេះ ធ្វើនោះ តាមពួកគាត់ទាំងអស់ អាហ្នឹងវាលែងប្រជាធិបតេយ្យហើយ។ កន្លងមក បើទោះជាមានការបិទផ្លូវក៏ដោយ ញុះញង់ ទៅឆាឆៅ តាមរោងចក្រក៏ដោយ ក៏មិនមានការប៉ះទង្គិចអ្វីទេ។ ប៉ុន្តែវាជាការណីចែដន្យថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍)។ វាមិនមែនជាការបញ្ជាដឹកនាំអ្វីទេ។ មកចោទប្រកាន់អាជ្ញាធរ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា វាមិនត្រូវ៕

No comments:
Post a Comment