A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 8 January 2014

សៀវភៅ "យុទ្ធសាស្ត្រ​ឌីហ្វីដ​តេជោ​សែន​នៃ​កម្ពុជា" បោះ​ពុម្ព​លើក​ដំបូង

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «យុទ្ធសាស្ត្រ​ឌីហ្វីដ​តេជោ​សែន​នៃ​កម្ពុជា» ត្រូវ​បាន​បោះ​ពុម្ព​លើក​ដំបូង​ចំនួន ១​ម៉ឺន ៥​ពាន់​ច្បាប់ សម្រាប់​ចែក​ចាយ​ឥត​គិត​ថ្លៃ​ដល់​សិស្ស​និស្សិត មន្ត្រី​រាជការ​រដ្ឋាភិបាល ពិសេស​នាយ​ទាហាន​ដែល​ចង់​ដឹង​ពី​ល្បិច​ធ្វើ​ឲ្យ​ចលនា​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម ព្រម​បញ្ចប់​សង្គ្រាម និង​ងាក​មក​ចូល​រួម​ជាមួយ​រដ្ឋាភិបាល។

ដោយ ទេព សុរ៉ាវី RFA 2014-01-07

អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ដែល​ជា​ប្រតិបត្តិករ​ម្នាក់ អនុវត្ត​យុទ្ធសាស្ត្រ​ឌីហ្វីដ បាន​ចងក្រង​រៀប​រៀង​នូវ​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​នេះ។

យុទ្ធសាស្ត្រ​ឌីហ្វីដ ត្រូវ​បាន លោក ហ៊ុន សែន ចាប់​ផ្ដើម​ប្រើប្រាស់​ដំបូង​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ដើម​ការ​ចរចា​ស្វែង​រក​សន្តិភាព​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៧ រវាង​ភាគី​រដ្ឋ​កម្ពុជា និង​រដ្ឋាភិបាល​ចម្រុះ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ជាយ​ដែន។ យុទ្ធសាស្ត្រ​នេះ​មាន​យុទ្ធវិធី ៥​សំខាន់ គឺ​បំបែក ធ្វើ​ឲ្យ​ឯកោ បញ្ចប់ សមាហរណកម្ម និង​អភិវឌ្ឍ។

នៅ​ក្នុង​ឆ្នាំ​១៩៩២ ក្រុម​ខ្មែរ​ក្រហម​បាន​ដើរ​ចូល​ក្នុង​អន្ទាក់​នៃ​យុទ្ធសាស្ត្រ​ឌីហ្វីដ​របស់ លោក ហ៊ុន សែន។ អង្គការ​ចាត់​តាំង​នយោបាយ និង​យោធា​ខ្មែរ​ក្រហម ទទួល​រង​នូវ​ភាព​រង្គោះ​រង្គើ និង​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បែក​បាក់​ផ្ទៃ​ក្នុង។

បន្ទាប់​ពី​ជោគជ័យ​នៃ​យុទ្ធវិធី​បំបែក និង​យុទ្ធវិធី​ធ្វើ​ឲ្យ​ឯកោ​រួច យុទ្ធវិធី​បញ្ចប់​ត្រូវ​បាន​យក​មក​អនុវត្ត​ក្នុង​ឆ្នាំ​១៩៩៤ តាម​រយៈ​ការ​ស្នើ​ច្បាប់​ស្ដីពី​ការ​ដាក់​ក្រុម «កម្ពុជា​ប្រជាធិបតេយ្យ» ឲ្យ​នៅ​ក្រៅ​ច្បាប់។ នយោបាយ​ឈ្នះ​ឈ្នះ ជា​យន្តការ​ដ៏​សំខាន់​ក្នុង​ដំណើរ​ការ​អនុវត្ត​យុទ្ធសាស្ត្រ «ឌីហ្វីដ» ត្រង់​ចំណុច​ធ្វើ​សមាហរណកម្ម និង​ការ​អភិវឌ្ឍ។ ក្នុង​នោះ មាន​ការ​រក្សា​សុវត្ថិភាព អាយុ​ជីវិត រក្សា​ទ្រព្យ​សម្បត្តិ និង​រក្សា​តំណែង និង​ឋានន្តរសក្តិ​សម្រាប់​អតីត​ខ្មែរ​ក្រហម។

យុទ្ធសាស្ត្រ​ឌីហ្វីដ​តេជោ​សែន​នៃ​កម្ពុជា ត្រូវ​បាន​ផ្សាយ​ផ្លូវ​ការ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​លើក​ទី​៣៥ នៃ​ការ​រំដោះ ៧ មករា ឆ្នាំ​២០១៤។ សៀវភៅ​យុទ្ធសាស្ត្រ​ឌីហ្វីដ នេះ គ្រោង​បកប្រែ​ជា​ភាសា​អង់គ្លេស និង​បារាំង សម្រាប់​ចែក​ចាយ​ដល់​មន្ត្រី​ទូត​នានា​នៅ​កម្ពុជា ឲ្យ​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​អាច​ធ្វើ​ឲ្យ​ចលនា​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម ចូល​មក​រួបរួម​ជាមួយ​សង្គម​ជាតិ​វិញ៕

No comments: