By Thmey Thmey
សង្គមស៊ីវិល១៣ ស្នើព្រះមហាក្សត្រអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យឈប់ប្រើហិង្សា
សង្គមស៊ីវិល១៣ ស្នើព្រះមហាក្សត្រអន្តរាគមន៍ទៅរដ្ឋាភិបាលឲ្យឈប់ប្រើហិង្សា
(អត្ថបទចុះផ្សាយនៅថ្ងៃ
07-01-2014,
10:17 pm) | ដោយ ជា ធីរិទ្ធ
តំណាង អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៣ បានសរសេរលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីស្នើព្រះអង្គផ្តល់ព្រះរាជអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលកម្ពុជា អោយបញ្ឈប់ហិង្សាទៅលើប្រជាពលរដ្ឋស្លូតត្រង់បន្តទៀត។
ការសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រនេះ បានធ្វើឡើងក្រោយពីអំពើហិង្សានៅផ្លូវវេងស្រេងកាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត។
លិខិតចុះថ្ងៃទី ០៤ ខែមករា ពោលគឺមួយថ្ងៃក្រោយព្រឹត្តិការណ៍សោកនាដកម្ម សម្ព័ន្ធអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលត្រូវបានផ្ញើថ្វាយព្រះមហាក្សត្រ ព្រះបាទ បរមនាថ នរោត្តម សីហមុនី បានសរសេរថា នៅពេលនេះ ព្រះរាជតួនាទីរបស់ព្រះករុណាជីវិតតម្កល់លើត្បូងជាការចាំបាច់ណាស់ ក្នុងការអន្តរាគមន៍ទៅរដ្ឋាភិបាលបច្ចុប្បន្នឲ្យបញ្ឈប់ប្រើហិង្សា ទៅលើប្រជាពលរដ្ឋស្លូតត្រង់បន្តទៀត។
លិខិតដដែលនោះ បានទូលថ្វាយព្រះមហាក្សត្រអំពីព្រឹត្តិការណ៍ហិង្សារវាង កម្មករ-កម្មការិនី ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលរយៈពេលពីរថ្ងៃ កាលពីថ្ងៃទី២និង ទី៣ ខែមករា ដែលបានបណ្តាពលរដ្ឋស្លូតត្រង់ស្លាប់និងរងរបួសលជាច្រើននាក់។ សម្រាប់សម្ព័ន្ធអង្គការទាំងនេះ ជារឿងគួរឲ្យរន្ធត់ជាទីបំផុត ដែលចាំបាច់ជាបន្ទាន់និងមិនអាចខ្វះ ត្រូវមានព្រះរាជវត្តមានរបស់ព្រះមហាក្សត្រក្នុងការចេញព្រះភ័ក្ត្រ អន្តរាគមន៍ ដើម្បីផ្សះផ្សារជាតិ និងឲ្យមានឯកភាពជាតិឡើងវិញ ដូចដែលមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងលិខិតរបស់សម្ព័ន្ធអង្គការជាតិ និងអន្តរជាតិនៅថ្ងៃទី ០៤ ខែមករានោះ មានចុះហត្ថលេខាដោយតំណាង ដែលមានជាអាទិ៍គឺ លោកស្រី ធីតា ឃឹស លោកមេធាវី សុក សំអឿន លោក សន ជ័យ លោក យ៉ង គឹមអេង និងលោក រស់ សុភាព ជាដើម៕
រក្សាសិទ្ធិដោយ thmeythmey.com

No comments:
Post a Comment