ដោយ៖ ឡាយ សាមាន | ថ្ងៃសុក្រ ទី29 ខែវិច្ឆិកា ឆ្នាំ2013, VOD
រូបថតពីហ្វេសប៊ុក លោក សុភ័ណ្ឌ ឡារី
តារាសម្ដែង លោក សុភ័ណ្ឌ ឡារី នៅថ្ងៃសុក្រនេះ ឲ្យដឹងថា រូបលោក ត្រូវបានផលិតកម្ម និងក្រុមហ៊ុនថតពាណិជ្ជកម្មមួយចំនួន បានបញ្ចប់កុងត្រាដោយសារ លោក បានចេញមុខជាញឹកញាប់ជាមួយគណបក្សសង្គ្រោះជាតិ។
កន្លងទៅ លោក សុភ័ណ្ឌ ឡារី ត្រូវបានអ្នកតាមដានជីវិតសិល្បៈសង្កេតឃើញលោក ចេញមុខជាសាធារណៈជាមួយសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដូចជាការចូលរួមមហាបាតុកម្មជាដើម។ ការចូលរួមរបស់លោកសុភ័ណ្ឌ ឡារី ត្រូវបានមើលឃើញថា ខុសពីសកម្មភាពតារាភាគច្រើន។
លោក សុភ័ណ្ឌ ឡារី អាយុ ២៩ឆ្នាំ ប្រាប់ VOD នៅថ្ងៃទី២៩ ខែវិច្ឆិកានេះថា មានផលិតកម្ម២និងក្រុមហ៊ុនថតពាណិជ្ជកម្ម២ បានបញ្ចប់កុងត្រាជាមួយលោក ដោយសារមានគំនាបពីនរណាមួយ។ ទោះជាយ៉ាងណា លោកនៅតែបន្តសកម្មភាពក្នុងការជួយប្រជាពលរដ្ឋ និងបន្តការងារជាសិល្បៈ ក្នុងគោលបំណងឲ្យសិល្បៈខ្មែរមានការរីកចម្រើនជាងនេះ និងសង្គ្រោះវប្បធម៌ខ្មែរកុំឲ្យលិចលង់កាន់តែជ្រៅ។
លោកឡារី បន្ថែមថា កាលពីថ្មីនេះៗ លោកបានចូលរួមរៃអង្គាសថវិកា និងមូលនិធិជាមួយកញ្ញា ពេជ្រ សោភា ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ តែនេះមិនមែនជាសកម្មភាពចូលរួមជាមួយគណបក្សសង្គ្រោះជាតិទេ។ លោកបញ្ជាក់ថា ការដែលលោកធ្វើនេះ មិនមែនទំនោរទៅរកគណបក្សណាមួយទេ គឺដោយសារមានចិត្តអាណិតស្រាលាញ់ក្នុងនាមខ្មែរដូចគ្នាដែលជួបប្រទះរឿងអយុត្តិធម៌ក្នុងសង្គម ។
(រូបថតពីហ្វេសប៊ុក លោក សុភ័ណ្ឌ ឡារី)
លោកឡារី មានប្រសាសន៍ថា លោក កំពុងថតរឿងភាគមួយដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ តែលោក សូមមិនបញ្ចេញឈ្មោះរឿង និងប៉ុស្តិ៍ទូរទស្សន៍។
ក្នុងវីដេអូបទសម្ភាសន៍មួយ លោក ឡារី បានអំពាវនាវឲ្យសិល្បករទាំងអស់ ចូលរួមសកម្មភាពសង្គម ហើយកុំចាត់ទុកសកម្មភាពរបស់លោក ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក សុភ័ណ្ឌ ឡារី បានចូលសិល្បៈនៅក្នុងឆ្នាំ២០០៦ ហើយការសម្តែងដំបូងរបស់លោក គឺ ថតវីដេអូអប់រំស្ពីពី«សុវត្តិភាពក្នុងពេលបើកបរដោយពាក់មួយ សុវត្ថិភាព»។ បទចម្រៀង ដែលត្រូវបានអ្នកតាមដានសិល្បៈស្គាល់រូបលោក គឺបទ «សង្សារលេងៗ»៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
2 comments:
Those film industry rely on outside Khmer. We should know the name of those industry. Oversea Khmer should not deal with any more film from Cambodia.
Stupid is stupid does. He deserves it.
Post a Comment