ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី1 ខែវិច្ឆិកា ឆ្នាំ2013 | 2 ម៉ោង មុន
ស្តាប់សំឡេង៖ | ចម្លងទុក |
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចាត់តាំងឲ្យក្រុមការងារបច្ចេកទេសរបស់ពួកគេ ជួបពិភាក្សាគ្នានៅថ្ងៃទី ៥ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ នៅវិមានរដ្ឋសភា ដើម្បីសម្រេចលើរបៀវារៈ ចំនួន៣ មុនពេលមេដឹកនាំកំពូលបើកកិច្ចចរចាដោះស្រាយវិបត្តិនយោបាយ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ស ខេង ប្រាប់VODនៅរសៀលថ្ងៃសុក្រនេះថា ក្រោយពីជំនួបតាមទូរស័ព្ទរវាងលោក និងលោក សម រង្ស៊ី នៅព្រឹកនេះ ភាគីទាំងពីរ បានសម្រេចមានក្រុមការងារបច្ចេកទេស ជួបគ្នានៅថ្ងៃអង្គារ៍ ទី៥ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ។ ជំនួបនោះ នឹងផ្តោតលើកការទាមទារ៣ចំណុចរបស់គណបក្សសង្គ្រោះជាតិ ដោយភាគីនីមួយៗ នឹងមានគណៈប្រតិភូចំនួន ៥រូប។
លោក ស ខេង ឲ្យដឹងដែរថា ជំនួបនេះ នឹងធ្វើឡើងនៅមន្ទីររដ្ឋសភា ដោយបិទទ្វារ មុនពេលមេដឹកនាំ កំពូលបើកការចរចា ៖ "ធម្មតានេះជាការទុកចិត្ដគ្នាទេ រឿងទុកចិត្ដគ្នាទេ យើងចូលព្រោះការជជែកធម្មតាទេ វាមិនចាំបាច់មាន ច្បាប់ឫមួយក៏គោលការណា ត្រូវតែមានសារព័ត៌មានចូលស្ដាប់ ចូលធ្វើសាក្សីនោះទេ អាហ្នឹងគឺ យើងបានឯកភាពថា ដូចជាមិនបាច់ទេ"។
ក្រុមការងារបច្ចេកទេសខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា អមនឹងមន្ត្រីជាន់ខ្ពស់បក្ស ៤រូបទៀត។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែតុលា គណបក្សសង្គ្រោះជាតិ បានដាក់លក្ខខណ្ឌ៣ចំណុច គឺទី១ ទាមទារឲ្យស៊ើបអង្កេត ដោយតម្លាភាព ចំពោះភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២ ទាមទារឲ្យអ្នកដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លាលែងពីតំណែង និងទី៣ ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អង្គការNDI និងអង្គការខុមហ្វ្រែល ក្នុងការកែទម្រង់ការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំ រួមនឹងការចាត់តាំងក្រុមបច្ចេកទេសរបស់គណបក្សនេះ គឺមិនទាន់បានរៀបចំនៅឡើយ។ លោកបន្តថា គណបក្សនេះ នៅតែមានឆន្ទៈចង់ឲ្យមានភាគីទី៣ ដូចជាអ្នកសារព័ត៌មាន ឬសង្គមស៊ីវវិល ចូលរួមក្នុងកិច្ចចរចានេះ ៖ "ចំពោះគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ម្ដងហើយម្ដងទៀតថា អត់មានចង់បិទបាំងអ្វីទេ តែបើភាគីគណបក្សដទៃទៀតចង់ធ្វើដោយមិនសម្ងាត់អី សូមសួរទៅគាត់ផងទៅ សូមឲ្យគាត់ធ្វើComment ផងទៅទាក់ទងរឿងហ្នឹងបាទ ធម្មតាដើម្បីឲ្យកម្លាំងការងារហ្នឹងចេញទៅយើងទៅមួយដំណាក់កាលសិនទៅ ប៉ុន្ដែគ្រាន់តែបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺធ្វើអ្វីឲ្យមានជាសាធារណៈ អ្នកដែលមិនធ្វើអ្វីជាសាធារណៈ នោះជាអ្វី សូមសួរគាត់ទៅគាត់នឹងឆ្លើយហើយ"។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា បើមិនអនុញ្ញាតឲ្យមានភាគីទី៣ឬអាជ្ញាកណ្តាលចូលរួមទេ នោះកិច្ចចរចានៅតែមិនចុះសម្រុងគ្នា ឬមិនមានលទ្ធផលឡើយ។ លោក គិតថា ការទាមទារឲ្យស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត អាចជាចំណុចជាប់គាំងមួយក្នុងកិច្ចចរចានេះ ៖ "ងាយស្រួលនឹងបំផ្លែង ឫបំភ្លៃ ឫបំប៉ោង ទៅលើគ្នាទៅវិញទៅមក នៅពេលដែលអ្នកនយោបាយមិនត្រូវគ្នា តែបើត្រូវគ្នា គេបង្ហាញថា ស្នេហាជាតិទាំងពីរនាក់អីចឹងទៅ ពីរចំណុចហ្នឹង គឺវាទៅហើយ ពីព្រោះវាសុទ្ធតែជាការចង់បានរបស់អ្នកទាំងពីរ តែអ្វីដែលពិបាកគឺការស្វែងរកសុក្រិតភាពពេលបោះឆ្នោតហ្នឹង ឲ្យទៅបើកហិបឆ្នោតវិញ គឺថាអាហ្នឹងគឺជាការលំបាក"។
កាលពីម្សិលមិញនេះ លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មានថា គណបក្សសង្គ្រោះជាតិស្នើឲ្យមានអ្នកសារព័ត៌មាន និងភាគីអាជ្ញាកណ្តាលចូលរួម ក្នុងកិច្ចចរចារបស់គណបក្សទាំងពីរនៅថ្ងៃខាងមុខ ក្នុងគោលបំណងកុំឲ្យគណបក្សទាំងពីរ បកស្រាយខុសគ្នាពីអ្វីដែលបានព្រមព្រៀងនាំឲ្យការផ្សាយព័ត៌មានខុស ពីគំនិតដើមរបស់ភាគី ដើម្បីឲ្យលទ្ធផលនៃការចរចាអាចទទួលបានផ្លែផ្កា និងមានសង្ឃឹមច្រើន។ ប៉ុន្តែលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សនេះមិនគាំទ្រឲ្យមានភាគីទី៣ចូលរួមឡើយ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
2 comments:
កុកកុំភ្លេចជង់
អន្ទាក់ឬជង់ ច្រហមាត់ធ្លុង ប្រុងតែនឹងវាត់
កុកឃ្លានភ្លេចគិត ចូលជិតជង់ព័ទ្ធ គេចាប់កុកញាត់
កបត់ចូលទ្រុង ។
Chumnuorp bet tvear roveang kanakpak del tveur oy puok kanakpak cpp kroy mork ke noeung niyay bampley roeung pit psay tamka phout kohak robos ke pipruos puok akrack phot lek knong luork keu sote puok beysach kroup sthaban taingos.
Post a Comment