លោកសម រង្ស៊ីសរសេើរស.រ.អា.និងសហភាពអឺរ៉ុបមិនគាំទ្ររដ្ឋាភិបាលខ្មែរថ្មី
សុខ ខេមរា
17 តុលា 2013រដ្ឋ
VIRGINIA — មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីកោតសរសើរជំហរស.រ.អា.និងសហភាពអឺរ៉ុបដែលមិនគាំទ្ររដ្ឋាភិបាលថ្មីនៅកម្ពុជា។ លោកថ្លែងថា ជំហរនេះជាការ លើកទឹកចិត្តខ្លាំងសម្រាប់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ថ្លែងទៅកាន់ក្រុមពលរដ្ឋខ្មែរអាមេរិកាំងជាច្រើននាក់ក្នុងរដ្ឋវីជីនៀ កាលពីយប់ថ្ងៃអង្គារ មេដឹកនាំគណបក្សជំទាស់គឺលោកសម រង្ស៉ីបានអះអាងថា ស.រ.អា.និងសហភាពអឺរ៉ុបបានផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់ការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងលទ្ធផលបោះឆ្នោតយុត្តិធម៌ ដោយមិនគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកអះអាងថា កើតចេញពីការបន្លំសន្លឹកឆ្នោតពលរដ្ឋ។
លោកសម រង្ស៊ីនិយាយថា៖ «ដូច្នេះជំហរនេះធ្វើឲ្យពួកយើងមានកម្លាំងចិត្តដើម្បីបន្តការងាររបស់យើង ហើយធ្វើឲ្យយើងមានជំនឿថា គ្មាននរណាបិទបាំងការណ៍ពិតបានទេ។ គង់តែការណ៍ពិតត្រូវគេដឹងឮ ហើយទទួលស្គាល់ទាំងអស់គ្នា ពេលនោះគឺប្រជារាស្ត្រខ្មែរនឹងទទួលបានយុត្តិធម៌ហើយ ព្រោះប្រជារាស្ត្រខ្មែរបានបោះឆ្នោតចង់ឲ្យមានការផ្លាស់ប្តូរដើម្បីសង្គ្រោះជាតិ ទោះជាគេបានប្រកាសលទ្ធផលអ្វីដែលខុសស្រឡះពីទឹកចិត្តរបស់រាស្ត្រ តែប្រជារាស្ត្រគឺនៅតែទាមទារឲ្យមានការលាតត្រដាងការណ៍ពិតដើម្បីឲ្យពួកគាត់ទទួលបានយុត្តិធម៌»។
លោកសម រង្ស៉ីបានធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប និងមកស.រ.អា.និងជួបមន្ត្រីអ.ស.ប.ដើម្បីស្នើសុំមិនឲ្យសហគមន៍អន្តរជាតិទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលោកចាត់ទុកថា ខុសច្បាប់ហើយត្រូវផ្អាកកិច្ចសន្យាផ្តល់ជំនួយសិន មុនពេលបញ្ហាជាប់គាំងនយោបាយនេះត្រូវបានដោះស្រាយ។ គណបក្សជំទាស់បានពហិការមិនចូលរួមផ្តល់សុពលភាពដើម្បីឲ្យសភាថ្មី និងរដ្ឋាភិបាលថ្មីមានភាពស្របច្បាប់នៅឡើយទេ ក្រោយពេលភាពមិនប្រក្រតីនៃការបោះឆ្នោតមិនត្រូវគណបក្សប្រជាជនកម្ពុជាអនុញ្ញាតឲ្យមានការស៊ើបអង្កេតតាមរយៈគណៈកម្មការឯករាជ្យនិងការបែងចែកអំណាចក្នុង សភាឲ្យមានតុល្យភាព ដែលអាចជួយត្រួតពិនិត្យមិនឲ្យគណបក្សប្រជាជនកម្ពុជាធ្វើអ្វីៗដោយសេរីនោះ។
លោកនិយាយថា៖ «ក្នុងរយៈពេលបណ្តោះអាសន្នហ្នឹង យើងមិនត្រូវបណ្តោយឲ្យគណបក្សប្រជាជនកម្ពុជាធ្វើអ្វីបានតាមចិត្តទេ។ បើធ្វើអ្វីបានតាមចិត្ត ស្រុកយើងកាន់តែរលាយឆាប់។ អញ្ចឹងហើយបានបើយើងចែកតួនាទីគ្នា ចែកឲ្យមានតុល្យភាព។ តុល្យភាពគឺដូចជញ្ជីងអញ្ចឹង គឺអាចទប់ទល់គ្នាបាន។ បើគណបក្សណាមួយទាញនយោបាយប្រទេសជាតិទៅបម្រើផលប្រយោជន៍របស់គណបក្សខ្លួន ធ្វើផ្ទុយនិងបំផ្លាញផលប្រយោជន៍ជាតិ ត្រូវគណបក្សមួយទៀតទប់។ យើងចង់មានតួនាទីទប់ មិនត្រូវឲ្យគណបក្សប្រជាជនកម្ពុជាធ្វើអីបានតាមចិត្តក្នុងរយៈពេលបណ្តោះអាសន្នហ្នឹងទេ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគណបក្សលោកកាន់កាប់រដ្ឋាភិបាលនោះ ធ្លាប់បានអះអាងថា លោកមិនអាចផ្តល់តំណែងប្រធានសភាឲ្យគណបក្សជំទាស់ ជាគណបក្សចាញ់ឆ្នោតបានទេ ដោយសារបារម្ភខ្លាចថា នឹងជាប់គាំងដំណើរ រដ្ឋាភិបាលលោក។ ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន ដែលគិតគូរនិងចង់ឃើញ ប្រទេសមានការផ្លាស់ប្តូរជឿនលឿនតាមបែបប្រជាធិបតេយ្យ បានសួរសំណួរផង និងបរិហាររិះគន់ការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនផង។
ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់មកពីរដ្ឋវីជីនៀគឺលោកស្រីម៉ារី ម៉ម បានអះអាងថា លោកស្រីមកចូលរួមក្នុងការពិភាក្សាជាមួយលោកសម រង្ស៉ីនេះគឺចង់ដឹង ថាតើ គណបក្សជំទាស់មានជំហរចុងក្រោយយ៉ាងណាអំពីរឿងប្រទេស។
អ្នកស្រីនិយាយថា៖ «ខ្ញុំចង់ដឹងថា តើស្ថានភាពស្រុកខ្មែរវាទៅមុខយ៉ាងម៉េច ទៅរួចឬទៅមិនរួច? ទាំងអស់គ្នា ទាំងខ្ញុំទាំងអីហ្នឹង នៅមិនសុខ ព្រោះខ្វាយខ្វល់ពីរឿងស្រុកគឺស្រុកកំណើតរបស់យើង។ កន្លែងដែលយើងកើត គ្មានអីសំខាន់ជាងហ្នឹងទេគឺយើងចង់ឲ្យស្រុកយើងបានសុខសប្បាយ»។
លោកថោង ប៊ុនរិទ្ធ មកពីរដ្ឋវីជីនៀដែរ បានអះអាងថា កម្ពុជាមិនអាចស្ថិតនៅក្រោមការដឹកនាំរបៀបដូច្នេះទេ។
លោកថ្លែងថា៖ «ខ្ញុំចង់ឃើញសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអាមេរិកាំងហ្នឹងគឺថា នេះជាពេលត្រឹមត្រូវមួយហើយ ដែលត្រូវឈរពេញទំហឹងដើម្បីជួយប្រទេសខ្មែរ ជួយប្រជាជនខ្មែរ ព្រោះជាច្រើនរាប់សិបឆ្នាំមកហើយដែលប្រទេសអាមេរិកបានទាញប្រទេសកម្ពុជាឲ្យចូលទៅក្នុងសង្គ្រាមវៀតណាម»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសម រង្ស៉ី និងពលរដ្ឋខ្មែរអាមេរិកាំង លោកផៃ ស៊ីផាន ក្នុងពេលសម្ភាសតាមប្រព័ន្ធ Skype ជាមួយវីអូអេ បានប្រតិកម្ម ថា រដ្ឋាភិបាលកម្ពុជាថ្មីកើតចេញពីឆន្ទៈប្រជាជន ហើយការសម្រេចចិត្តគាំទ្ររបស់បរទេស ទាំងនយោបាយ និងសេដ្ឋកិច្ច គឺជាសិទ្ធិរបស់បណ្តាប្រទេសទាំងនោះ តែរដ្ឋាភិបាលមិនមែនកើតចេញពីរដ្ឋប្រហារទេ។
លោកពន្យល់ថា៖ «នេះមិនមែនជាកំហុសរបស់គណបក្សប្រជាជនដែលគេបានទៅអង្គុយហើយនោះទេ ហើយក៏មិនមែនជាកំហុសរបស់ព្រះមហាក្សត្រដែរហើយក៏មិនមែនជាកំហុសរបស់រដ្ឋធម្មនុញ្ញដែរ គឺជាកំហុសរបស់អ្នកដែលមិនបានចូលទៅ។ រឿងហ្នឹង ហើយដែលគណបក្សប្រជាជនគេកំពុងតែត្រៀមលក្ខណៈក្នុងការអត់ធ្មត់បំផុត»។
លោកផៃ ស៊ីផានអះអាងដូចគ្នានឹងការប្រកាសរបស់គណបក្សប្រជាជនដែរថា គណបក្សនេះមានបំណងកែប្រែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ អាណតិ្តខាងមុខ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សកាន់អំណាចដែលត្រូវគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រកាសថា បានឈ្នះ៦៨អាសនៈក្នុងការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដានោះ បានបង្កើតសភា និងរដ្ឋាភិបាលតែម្នាក់ឯង ដោយមិនខ្វល់នឹងការទទួលស្គាល់ ឬមិនទទួលស្គាល់ជាអន្តរជាតិទេ។ មានប្រទេសជាច្រើនដែរ ដែលទទួលស្គាល់រដ្ឋាភិបាលថ្មីជាបន្តបន្ទាប់គឺលើកលែងតែស.រ.អា.និងអឺរ៉ុប ដែលជាអ្នកផ្តល់ជំនួយធំសម្រាប់កម្ពុជា និងជាអ្នកផ្តល់ការអនុគ្រោះផ្នែកការនាំចូលសម្លៀកបំពាក់តម្លៃរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗនោះ មិនបានទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មីទេ។
លោកសម រង្ស៉ីបានស្តីបន្ទោសដល់ប្រទេសបារាំង និងអូស្រ្តាលី ដែលបានទទួលស្គាល់ ឬអបអរសាទររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោយ គេគឺក្នុងពេលយុទ្ធនាការរបស់លោកសម រង្ស៉ីនៅលើឆាកអន្តរជាតិមិនឲ្យមានការទទួលស្គាល់កម្ពុជា។
លោកនិយាយថា៖ «ហើយអ្នកខ្លះយល់ថា ទាល់តែធ្វើការជាមួយអ្នកកាន់អំណាច ទោះជាអ្នកកាន់អំណាចនោះធ្វើខុស ធ្វើអាក្រក់យ៉ាងណា តែគេកាន់អំណាច ត្រូវការជជែកជាមួយ គេត្រូវការរក្សាទំនាក់ទំនងជាមួយគេ។ នេះជាទស្សនៈមួយ តែភាគច្រើននៃប្រទេសនៃអង្គការក្នុងពិភពលោកគឺគេនៅគោរពគោលជំហរប្រជាធិបតេយ្យ។ បើរដ្ឋាភិបាលមួយប្លន់អំណាចពីប្រជារាស្ត្រតាមរយៈការលួចបន្លំសន្លឹកឆ្នោត ពេលនោះគឺគេពិចារណាឡើងវិញអំពីជំហររបស់គេក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋាភិបាលបែបនេះ»។
លោកសម រង្ស៉ីត្រូវគេដឹងថា បានជួបជាមួយសមាជិកសភា និងមន្ត្រីអាមេរិកាំង ជាច្រើនរូប រួមទាំងសមាជិកសភាដែលធ្លាប់ជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីមុខតំណែង និងគាំទ្រការកាត់ជំនួយកម្ពុជាផងដែរ បើដំណើរការបោះឆ្នោតនៅកម្ពុជាមិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ សមាជិកសភា ទាំងនោះ ដែលភាគច្រើនខាងគណបក្សសាធារណៈរដ្ឋគឺមានលោក Ed Royce លោក Dana Rohrabacher និងលោក Steve Chabot ជាដើម បានស្នើសុំឲ្យស្ថាប័នផ្តល់ជំនួយនានាមិនឲ្យធ្វើកិច្ចការជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ។
លោកសម រង្ស៉ី ដែលអមដំណើរដោយកញ្ញាកឹម មនោវិជ្ជា កូនស្រីរបស់លោកកឹម សុខា ដែលជាអនុប្រធានរបស់លោកគ្រោងនឹងបន្តជួបជាមួយមន្ត្រីអាមេរិកាំងនិងជួបជាមួយមន្ត្រីស្ថាប័នផ្តល់ជំនួយធំៗដូចជាធនាគារពិភពនិងអង្គការរូបិយប័ណ្ណអន្តរជាតិផងដែរ៕
No comments:
Post a Comment