ក្រុមមេដឹកនាំសហជីពដ៏មានឥទ្ធិពលនៅកម្ពុជា បានព្រមានរដ្ឋបាលលោក ហ៊ុន សែន ថា ប្រសិនបើបក្សប្រជាជនកម្ពុជា មិនព្រមដោះស្រាយភាពជាប់គាំងនយោបាយស្របតាមយន្តការអន្តរជាតិទេ នោះនឹងមានកម្មកររាប់សែននាក់ធ្វើកូដកម្មឈប់ធ្វើការ។
ដោយ តាំង សារ៉ាដា
2013-10-03 RFA
លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
RFA file photo
ការព្រមាននេះធ្វើឡើងក្រោយពេលមេដឹកនាំបក្សសង្គ្រោះជាតិ ប្រកាសឲ្យមន្ត្រីរាជការ និងគ្រូបង្រៀនធ្វើកូដកម្មមិនចូលធ្វើការនៅពេលខាងមុខដោយមិនកំណត់ ប្រសិនបើបក្សប្រជាជនកម្ពុជា នៅតែរឹងរុះមិនព្រមដោះស្រាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតកន្លងមក។
ភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតកាលពីខែកក្កដា ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ធ្វើឡើងពោរពេញដោយភាពមិនប្រក្រតីមានរយៈពេលជាង ៦០ថ្ងៃហើយ ។
ក្រុមសហជីពកម្មករបានបង្ហាញអំពីភាពតានតឹងរបស់ខ្លួនថា កម្មករកាត់ដេរនៅតាមរោងចក្រជាច្រើនបានត្រៀមខ្លួនរួចជាស្រេចថា ពួកគេនឹងចូលរួមជាមួយបក្សសង្គ្រោះជាតិ ដើម្បីធ្វើមហាកូដកម្មមិនចូលធ្វើការនៅទូទាំងប្រទេស។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា ប្រសិនបើបក្សសង្គ្រោះជាតិ នាំគ្នាធ្វើកូដកម្មកាន់តែយូរកាន់តែល្អ ដើម្បីដាក់សម្ពាធដល់បក្សប្រជាជនកម្ពុជា ងាកមករកតុចរចាជាលក្ខណៈអន្តរជាតិក្នុងការដោះស្រាយវិបត្តិបោះឆ្នោត។ លោកបន្តថា ប្រសិនបើកម្មករប្រមាណ ៧សែននាក់នាំគ្នាធ្វើកូដកម្មមិនចូលធ្វើការមែន វានឹងនាំឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងមានភាពទន់ខ្សោយនេះ។
លោក ជា មុនី បានផ្ដល់អនុសាសន៍ដល់គណបក្សសង្គ្រោះជាតិថា ប្រសិនបើមានការធ្វើកូដកម្មជាទ្រង់ទ្រាយធំមែន គេគួរធ្វើទៅតាមរោងចក្រនីមួយៗប្រសើរជាងឲ្យកម្មករទាំងអស់នាំគ្នាធ្វើដំណើរមកទីក្រុងភ្នំពេញ។ លោកបន្តថា ការធ្វើដូច្នេះជាការយុទ្ធសាស្ត្រមួយដ៏ល្អក្នុងការជៀសវាងអំពីការឃាត់ដំណើរដោយសមត្ថកិច្ចនិងការចំណាយផ្សេងៗ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គម្រោងធ្វើកូដកម្មខាងមុខ គឺដើម្បីដាក់សម្ពាធដល់រដ្ឋបាលរបស់លោក ហ៊ុន សែន ឲ្យមានការធ្វើកំណែទម្រង់រដ្ឋស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសមានការវិវឌ្ឍជឿនលឿនទៅមុខ។
លោក កឹម សុខា ទទួលស្គាល់ថា ការកូដកម្មរបស់មន្ត្រីរាជការគ្រូបង្រៀន និងកម្មករអាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសជាតិដែរ ប៉ុន្តែការប៉ះទង្គិចនោះមានរយៈពេលខ្លីប៉ុណ្ណោះ មុននឹងអាចឈានទៅចាប់យកប្រយោជន៍ធំដែលមានលក្ខណៈយូរអង្វែង។
កម្ពុជាមានគ្រូបង្រៀនប្រមាណ ១.៥សែននាក់ មានមន្ត្រីរាជការប្រហែល ៥ម៉ឺននាក់ កម្មករជាង ៧សែននាក់ និងមានមន្ត្រីកងកម្លាំងប្រដាប់អាវុធប្រមាណជាង ២សែននាក់ផ្សេងទៀត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន សន្យាថា លោករួមនឹងគ្រូបង្រៀនជាច្រើនទៀតសច្ចាថា នឹងចូលរួមធ្វើកូដកម្មជាមួយក្រុមបក្សសង្គ្រោះជាតិ ពេលណាមានការកំណត់ថ្ងៃជាក់លាក់។ លោកបន្តថា កូដកម្មដោយសន្តិវិធីមិនចូលធ្វើការនេះមានសារសំខាន់ណាស់ ដើម្បីជំរុញឲ្យមានការស៊ើបអង្កេតស្វែងរកការពិត និងភាពយុត្តិធម៌នៃការបោះឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានសម្ដែងការមិនពេញចិត្តចំពោះគម្រោងធ្វើកូដកម្មរបស់ក្រុមបក្សសង្គ្រោះជាតិ។ ក្រុមមន្ត្រីរដ្ឋាភិបាលចាត់ទុកគម្រោងនៃការធ្វើកូដកម្មនោះ អាចជាការបំផ្លាញធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេស និងសណ្ដាប់ធ្នាប់សាធារណៈ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ ក្រុមបក្សប្រឆាំង អាចជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចរបស់កម្ពុជា ប្រសិនបើក្រុមនេះធ្វើសកម្មភាពក្រៅពីរង្វង់ច្បាប់។ ទោះបីជាយ៉ាងណា ក៏ដោយសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ១៩៩៣ និងច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានធានាយ៉ាងច្បាស់អំពីសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋក្នុងការធ្វើកូដកម្ម និងបាតុកម្មអហិង្សា។
ក្រុមអ្នកឃ្លាំមើលអំពីនយោបាយកម្ពុជា និយាយថា ការចោទប្រកាន់របស់មន្ត្រីរដ្ឋាភិបាលអំពីគម្រោងធ្វើមហាកូដកម្មរបស់គ្រោះជាតិថា ជាផែនធ្វើភេរវកម្មផ្នែកសេដ្ឋកិច្ច គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទៅលើក្រុមប្រឆាំងថា មានគម្រោងធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចនោះ អាចជាការទទួលស្គាល់ទៅវិញទេថា ក្រុមប្រឆាំងពិតជាមានការគាំទ្រខ្លាំងពីមហាជន។
អស់រយៈពេលជាងពីរខែមកហើយដែលភាពជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា នៅតែជាប់គាំងគ្មានដំណោះស្រាយ ខណៈគណបក្សនយោបាយធំៗដ៏មានឥទ្ធិពលទាំងពីរប្រកាសយកឈ្នះរៀងៗខ្លួន។ គណបក្សប្រជាជនកម្ពុជា អះអាងថា ខ្លួនទទួលបាន ៦៨អាសនៈ រីឯបក្សសង្គ្រោះជាតិ អះអាងខ្លួនទទួលបាន ៦៣អាសនៈ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលល្បីថា មានការគ្រប់គ្រងដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា កាលពីដើមខែកញ្ញា បានបង្ហាញលទ្ធផលជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ហើយបក្សសង្គ្រោះជាតិទទួលបាន ៥៥អាសនៈ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច អះអាងថា ប្រសិនបើមានការធ្វើកូដកម្មនៅទូទាំងប្រទេសរបស់មន្ត្រីរាជការ កម្មករ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធពិតមែននោះ ការជាប់គាំងផ្នែកនយោបាយនឹងអាចរកច្រកចេញរួច។
កាលពីថ្ងៃទី២៦ ខែកញ្ញា តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋនិយមប្រចាំរដ្ឋអូហ៊ីយ៉ូ (Ohio) លោក ស្ទីវ ឆាបុត បានគំរាមដល់រដ្ឋបាលរបស់លោក ហ៊ុន សែន ថា ប្រសិនបើមិនមានការដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតក្នុងប្រទេសកម្ពុជា ប្រកបដោយតម្លាភាពស្របតាមយន្តការអន្តរជាតិទេ នោះសហរដ្ឋអាមេរិក អាចនឹងមិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលស្របច្បាប់ឡើយ៕
No comments:
Post a Comment