A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 25 September 2013

CNRP explains of the reasons why they boycotted the first session of parliament បក្ស​សង្គ្រោះ​ជាតិ​បកស្រាយ​ពី​មូលហេតុ​មិន​ចូល​ប្រជុំ​សភា


អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ថា ការ​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រួម​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា​អាណត្តិ​ទី៥ គឺ​ជា​ការ​ត្រឹមត្រូវ និង​ជា​បំណង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​បាន។ ដោយ កែវ និមល 2013-09-25 RFA
សភា ៣០៥
២២-កញ្ញា-២០១៣៖ ក្រុម​ការងារ​រៀបចំ​វេទិកា​នៅ​រដ្ឋ​សភា​ ត្រៀម​សម្រាប់​កិច្ច​ប្រជុំ​សភា​លើក​ដំបូង នីតីកាល​ទី​៥ ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
RFA/Van Vichar
អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី២៥ កញ្ញា នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ថា ការ​មិន​ចូល​រួម​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សម័យ​ប្រជុំ​ដំបូង​របស់​រដ្ឋសភា គឺ​ជា​ការ​គោរព​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ និង​គោរព​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា សមាជិក​សភា​ចំនួន ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រួម​សម័យ​ប្រជុំ​ដំបូង និង​សម័យ​លើក​ទី១ របស់​រដ្ឋសភា​អាណត្តិ​ទី៥ នេះ គឺ​គោរព​តាម​បំណង​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ថា ការ​ប្រជុំ​សភា​ដំបូង​នោះ​ត្រូវ​តែ​មាន​ការ​ដោះស្រាយ​បង្ហាញ​ការ​ពិត ទាក់ទង​លទ្ធផល​ការ​បោះ​ឆ្នោត​ជា​មុន​សិន និង​ត្រូវ​មាន​ការ​គោរព​ច្បាប់។
លោក កឹម សុខា បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹម​តែ​បិទ​បាំង​ភាព​ត្រឹមត្រូវ​នៃ​លទ្ធផល​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រំលោភ​រដ្ឋធម្មនុញ្ញ និង​អនុវត្ត​មាត្រា​ធម្មនុញ្ញ​បន្ថែម ដោយ​ខុស​ឆ្គង​ទៅ​ទៀត។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​រដ្ឋសភា​ថ្មី និង​រដ្ឋាភិបាល​ថ្មី ដែល​ទើប​បង្កើត​នោះ​ថា ជា​រដ្ឋាភិបាល​កុម្មុយនីស្ត​ទៀត​ផង ដោយសារ​រដ្ឋសភា​នោះ​មាន​សមាជិក​មក​ពី​គណបក្ស​តែ​មួយ និង​បាន​បោះ​ឆ្នោត​បង្កើត​រដ្ឋាភិបាល​មួយ​តាម​នីតិវិធី​មិន​ត្រឹមត្រូវ។
កាល​ពី​ថ្ងៃ​ទី២៤ កញ្ញា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​បរិវេណ​វិមាន​រដ្ឋសភា​ថា ការ​ចោទ​ថា រដ្ឋសភា​ថ្មី​នេះ​ជា​រដ្ឋសភា​ឯក​បក្ស ជា​ពាក្យ​មិន​ត្រឹមត្រូវ ពីព្រោះ​ទ្វារ​រដ្ឋសភា​បើក​ចំហ​ស្វាគមន៍​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជានិច្ច ប៉ុន្តែ សមាជិក​សភា​ទាំង​នោះ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ ហើយ​នាំ​គ្នា​ទៅ​ខេត្ត​សៀមរាប ទៅ​វិញ។
ទាក់ទង​ជាមួយ​ការ​ចូល​ប្រជុំ​សភា​នៅ​ពេល​អនាគត លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​ការ​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា​នោះ​ក្នុង​លក្ខខណ្ឌ​ថា កាល​ណា​គណបក្ស​ប្រជាជន​កម្ពុជា យល់​ព្រម​បង្កើត​គណៈកម្មាធិការ​ស៊ើប​អង្កេត​ការ​ពិត ទាក់ទង​លទ្ធផល​ការ​បោះ​ឆ្នោត និង​យល់​ព្រម​ធ្វើ​ការ​កែ​ទម្រង់​ផ្សេងៗ បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ។
ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា កន្លង​មក​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដោត​ការ​ពិភាក្សា​ទៅ​លើ​ការ​ទាមទារ​អំណាច​គ្រប់គ្រង​រដ្ឋសភា​នោះ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ គឺ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី៥ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ ដូច្នេះ ការ​បែង​ចែក​ការ​គ្រប់គ្រង​ស្ថាប័ន​រដ្ឋសភា មក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​គ្រប់គ្រង​រដ្ឋាភិបាល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ គឺ​ជា​ការ​បែង​ចែក​អំណាច​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។
ក្រៅ​ពី​ប្រកាស​មិន​ទទួល​ស្គាល់​រដ្ឋសភា និង​រដ្ឋាភិបាល​ថ្មី​នេះ អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា​នឹង​ធ្វើ​បាតុកម្ម​តវ៉ា ហើយ​បាន​អំពាវនាវ​សុំ​សហគមន៍​អន្តរជាតិ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នេះ និង​បាន​ព្រមាន​ចំពោះ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ សុំ​កុំ​ចុះ​កុងត្រា​ជំនួញ​ជាមួយ​រដ្ឋាភិបាល​នេះ ពីព្រោះ​កុងត្រា​ទាំង​នោះ​អាច​ត្រូវ​បដិសេធ​នៅ​ពេល​អនាគត។
ចំពោះ​ទំនាស់​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ទាំង​២ នៅ​កម្ពុជា នេះ នៅ​ក្នុង​ថ្ងៃ​ទី២៥ កញ្ញា នេះ​ដែរ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ជំរុញ​ឲ្យ​មាន​ការ​បន្ត​ចរចា​រវាង​អ្នក​ដឹក​នាំ​នៃ​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ឆ្នោត​ទាំង​២ នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ប្រទេស​កម្ពុជា កំពុង​ជួប​ប្រទះ​បច្ចុប្បន្ន​នេះ​ឲ្យ​ចប់​ឆាប់​រហ័ស។
លោក សុរិយា ស៊ូប៊ែឌី បាន​រៀបរាប់​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា លើក​នេះ មាន​ប្រជាពលរដ្ឋ​ពាក់​កណ្ដាល​បោះ​ឆ្នោត គាំទ្រ​គណបក្ស​មួយ ហើយ​ពាក់​កណ្ដាល​ទៀត គាំទ្រ​គណបក្ស​មួយ​ទៀត។ ដូច្នេះ វា​មាន​ភាព​ចាំបាច់​ណាស់​ដែល​តម្រូវ​ឲ្យ​រដ្ឋសភា​ថ្មី​នេះ មាន​សមាជិក​សភា​តំណាង​ឲ្យ​គណបក្ស​ទាំង​២ ហើយ​រដ្ឋសភា​ថ្មី​នេះ​ត្រូវ​តែ​មាន​ភាព​តំណាង​ពិត​ប្រាកដ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: