A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 5 August 2013

People appeal to authority in Ratanakiri to stop Vietnamese people from entering Cambodia to cut trees ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រតនគិរី​ទប់ស្កាត់​ជនជាតិ​វៀតណាម​ចូល​កាប់​ឈើ

ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា​ស្ដីពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី៥ ដែល​ទើប​កន្លង​ទៅ​នេះ នៅ​ឯ​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម មាន​សេចក្តី​រាយការណ៍​ថា ពលរដ្ឋ​វៀតណាម បាន​ចូល​មក​លួច​កាប់​ឈើ​ខ្មែរ​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម ជា​ថ្មី​ទៀត។
ដោយ រដ្ឋា វិសាល RFA
2013-08-05
​កាប់​ឈើ រតនគិរី ៣០៥
១-មករា-២០១៣៖ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​រំលំ​នៅ​ក្នុង​ព្រៃ​នៅ​ភូមិ​ឡុំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​ព្រំដែន​ប្រទេស​វៀតណាម ចំណុច​ខាង​កើត​ព្រៃ​ស្រោង និង​ព្រៃ​សហគមន៍​ភូមិ​ឡុំ។
RFA/Ratha Visal
សហគមន៍​ជនជាតិ​ដើម​ភាគ​តិច អ្នក​ការពារ​ព្រៃ​ឈើ អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ខេត្ត​រតនគិរី ចាត់​វិធាន​ការ​ទប់ស្កាត់​ជា​បន្ទាន់ សកម្មភាព​ជនជាតិ​វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ក្បែរ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។
តំណាង​សហគមន៍​ជនជាតិ​ចារ៉ាយ ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ លោក រម៉ាស ស្វាត់ នៅ​ថ្ងៃ​ច័ន្ទ ទី៥ ខែ​សីហា មាន​ប្រសាសន៍​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម មួយ​ក្រុម​បាន​ចូល​មក​បោះ​ជំរុំ​នៅ​ក្បែរ​ជើង​ភ្នំ​តួល ក្បែរ​ព្រំ​ប្រទល់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ គ្លបល ធិច រ៉ាម៉ា ខ្មែរ​អន្តរជាតិ និង​មិត្តភាព ម៉ែន សារុន (Global Tech Sd., Bhd. Rama Khmer International and Men Sarun Friendship) ហៅ​កាត់​ថា ក្រុមហ៊ុន​៧២ និង​ព្រៃ​សហគមន៍​ការពារ ហើយ​កាប់​ឈើ​ដឹក​ជញ្ជូន​ចេញ​ភ្លាមៗ ហើយ​បាន​អះអាង​ថា កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន។
លោក​បន្ត​ថា កាល​ពី​ថ្ងៃ​អាទិត្យ សហគមន៍​មួយ​ក្រុម​មាន​គ្នា ៤​នាក់ បាន​ដើរ​ល្បាត​ដល់​ទី​នោះ ឃើញ​រថយន្ត​ស្ទូច​ឈើ​មួយ​គ្រឿង និង​ម៉ាស៊ីន​គោយន្ត​ពីរ​គ្រឿង និង​ពលរដ្ឋ​វៀតណាម ៦​នាក់ កំពុង​អារ​រំលំ​ឈើ​នៅ​តំបន់​នោះ៖ «វៀតណាម សុទ្ធ អត់​ឃើញ​ខ្មែរ​ទេ និយាយ​វៀតណាម សុទ្ធ​តែ​ម្តង តាម​ខ្ញុំ​ឃើញ ៦​នាក់។ ខ្ញុំ​សួរ​ថា ឈើ​អ្នក​ណា​កាប់ គេ​ថា​ក្រុមហ៊ុន និយាយ​តែ​មួយ​ម៉ាត់​ហ្នឹង​ទេ គេ​គេច​ខ្លួន​អត់​នៅ​ហ្នឹង​អត់​ជួប​ជាមួយ​ខ្ញុំ»

ទាក់ទិន​ករណី​នេះ​ដែរ តំណាង​ក្រុមហ៊ុន​៧២ លោក មាស សុគន្ធមុនី បដិសេធ​ថា ក្រុមហ៊ុន​មិន​មាន​ចាត់​កម្មករ​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​ក្រុមហ៊ុន​គ្រប់គ្រង ​នោះ​ទេ។ លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រមូល​ឈើ​មាន​វាយ​ត្រា ដែល​ជា​ឈើ​ប្រមូល​ពី​ការ​ឈូស​ឆាយ​ដី​សម្បទាន​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​វាយ​ លេខ​តែ​ក្នុង​តំបន់​ណា​ដែល​ខ្ញុំ​ធ្វើ​ទេ បើ​ថា​អា​កាប់​ក្រៅ​ពី​តំបន់​ខ្ញុំ​ធ្វើ​សុទ្ធ​តែ​ពួក​លួច​កាប់​ទេ សុទ្ធ​តែ​ពួក​អា​ខូច​ទេ»
កាល​ពី​ខែ​កក្កដា សហគមន៍​ភូមិ​ឡំ បាន​ឃើញ​ជនជាតិ​វៀតណាម មួយ​ក្រុម​មក​បោះ​ជំរុំ​ស្នាក់​នៅ​ចំណុច​ព្រៃ​ព្រំ​ប្រទល់​ភូមិ​ឡំ និង​ភូមិ​តេន ឃុំ​យ៉ាទុង ហើយ​បាន​អារ​រំលំ​ឈើ​មូល​ក្នុង​ព្រៃ និង​បន្ត​ដឹក​ជញ្ជូន​តាម​ច្រក​របៀង​ចេញ​ទៅ​ប្រទេស​វៀតណាម។
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ក៏​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​អាជ្ញាធរ​ឃុំ​រួច​ហើយ ស្ដីពី​ករណី​នេះ។ លោក​បន្ត​ថា នឹង​ចាត់​វិធាន​ការ​បង្ក្រាប​នៅ​ពេល​ឆាប់ៗ​នេះ៖ «ទាក់ទង​មេ​ឃុំ​អស់​ហើយ តែ​ស្អែក​ប្រជុំ​ផ្អាក សុំ​ចាំ​ខាន​ស្អែក​ចុះ​បាទ»
ដូច​គ្នា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​កត់​សម្គាល់​ថា តាម​របាយការណ៍​សហគមន៍​បញ្ជាក់​ថា ក្រុម​ជនជាតិ​វៀតណាម ដែល​ចូល​មក​កាប់​ឈើ​អះអាង​ថា ពួក​គេ​ជា​អ្នក​កាប់​ឈើ​ឲ្យ​ក្រុមហ៊ុន​៧២។ លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ស៊ើប​អង្កេត​ករណី​នេះ ពីព្រោះ​កន្លង​ទៅ​នេះ ក្រុមហ៊ុន​សម្បទាន​វៀតណាម ដុង យឿង នៅ​តំបន់​នោះ​ក៏​ធ្លាប់​បាន​រក​ឃើញ​ថា បាន​កាប់​ឈើ​ខុស​គោលការណ៍​សម្បទាន​សេដ្ឋកិច្ច៖ «មិន​ដឹង​ថា​មាន​ការ​ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​៧២ ឬ​គ្រាន់​តែ​ពួក​វៀតណាម ដែល​ជា​អ្នក​លួច​ចូល​ឆ្មក់​ដឹក​ដោយ​ខ្លួន​ឯង។ យើង​កំពុង​ស្រាវជ្រាវ»
សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ធ្លាប់​ចាប់​បាន​ពលរដ្ឋ​វៀតណាម ៧​នាក់ បញ្ជូន​ទៅ​តុលាការ ពី​បទ​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ខុស​ច្បាប់ នៅ​តំបន់​ព្រៃ​សហគមន៍​ភូមិ​ឡំ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: