A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 5 August 2013

NEC starts comparing election results [There are signs of irregularities] គ.ជ.ប ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត

ដំណើរ​​​ការ​នៃ​នីតិវិធី​ផ្ទៀង​ផ្ទាត់​តួលេខ​សន្លឹក​ឆ្នោត​បាន​ ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត។ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ការ​ផ្ទៀងផ្ទាត់​​នៃ​តួលេខ​​នៃ​សំឡេង​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ចូល​រួម។ ការ​សង្កេត​តាមដាន​របស់​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា មាន​ការប្រព្រឹត្ត​ទៅ​ជា​ធម្មតា ប៉ុន្តែ​ក៏​នៅ​មាន​តួលេខ​ខ្លះ​មិន​ត្រូវ​គ្នា​​ដែរ។
នៅ​ទី​ស្តី​ការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ចាប់​ផ្ដើម​​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​តួលេខ​​ដែល​ទទួល​បាន​ពី​តាម​បណ្ដាល​ ខេត្ត​ក្រុង​មួយ​ចំនួន។ អ្នក​ពិនិត្យ​តាម​ដាន​ការ​ផ្ទៀង​ផ្ទាត់​​តួលេខ​នេះ​មាន​សមាស​ភាគ​ពី​គណបក្ស​ នយោបាយ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​ដើរ​តួ​ជា​អ្នក​សង្កេតការណ៍​និង​ផ្ទៀងផ្ទាត់​ចំពោះ​ភាព​មិន​ប្រក្រតី​នៃ ​តួលេខ​មួយ​ចំនួន។
អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​បញ្ជាក់​ថា ចំពោះ​ដំណើរការ​​​ផ្ទៀងផ្ទាត់​​តួលេខ​នៃ​ការ​បោះឆ្នោត​ដែល​ទទួល​បាន​ពី​តាម​ បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន​កាល​ពី​ថ្ងៃ​៣ សីហា គឺ​បាន​ចំនួន​ ១៦ ខេត្ត ក្រុង នៅ​ទូទាំង​ប្រទេស​ ហើយ​នៅ​សល់​ប៉ុន្មាន​ខេត្ត​ក្រុង​ទៀត ដែល​មិន​ទាន់​បញ្ជូន​តួលេខ​មក​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។
លោក​បន្ត​ថា ដំណើរ​ការ​នេះ​មាន​កំហុស​មួយ​ចំនួន​ដែល​កើត​ឡើង​ដោយ​ក្រុម​បច្ចេកទេស​បាន​បូក​តួលេខ​នោះ​ច្រឡំ៖ «ជា ​ទូទៅ​ដូច​ពុំ​មាន​បញ្ហា​​អ្វី​ប្រែប្រួល​នោះ​ទេ ពីព្រោះ​ថា ការ​បូក​សរុប​នៅ​តាម​ថ្នាក់​ឃុំ ហើយ​បញ្ជូន​មក​ថ្នាក់​ខេត្ត​ដែល​ធ្វើ​តាម​លិខិត​ស្នាម គឺ​យើង​មាន​ឯកសារ​ភ្ជាប់​មក​ជា​មួយ​ទាំង​អស់ ហើយ​ករណី​ដែល​ឃើញ​ភាព​លម្អៀង​អី​នោះ យើង​កែ យើង​អាច​ធ្វើការ​កែ​​នូវ​ភាព​លម្អៀង​ទាំង​នោះ​នៅ​ចំពោះ​មុខ​គណបក្ស និង អិន.ជី.អូ (NGO) ទាំង​អស់ ពីព្រោះ​ថា អា​នេះ​ជា​ការ​បូក​លេខ»

លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ទទួល​ទិន្នន័យ​ពី​ គ្រប់​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​អស់​ហើយ ដើម្បី​យក​មក​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ចប់​សព្វគ្រប់​ នោះ​ខាង គ.ជ.ប និង​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ដើម្បី​ដោះស្រាយ​រាល់​បណ្ដឹង​ទាំង​អស់​ ទើប​ធ្វើ​ការ​ប្រកាស​លទ្ធផល​បឋម​ជា​ក្រោយ។
លោក ទេព នីថា៖ «ការងារ​ដែល​ត្រូវ​ធ្វើ​ព្រម​គ្នា​នេះ​ដែរ គឺ​ការ​ដោះស្រាយ​បណ្ដឹង​ដែល​សរុប​ទៅ​នៅ​ឯ​ថ្នាក់​ឃុំ សង្កាត់ ហ្នឹង មាន​បណ្ដឹង ១២៤ ហើយ​នៅ​ថ្នាក់​ខេត្ត​ហ្នឹង​រហូត​មក​ដល់​ពេល​នេះ មាន​បណ្ដឹង​រហូត​ដល់ ៤០ និង​នៅ គ.ជ.ប ហ្នឹង​មាន​បណ្ដឹង ៩ ដែល​ទាក់ទង​ទៅ​នឹង​ការ​បោះ​ឆ្នោត ការ​រាប់​សន្លឹក​ឆ្នោត​ក្រៅ​ពី​ការ​ដោះស្រាយ​បណ្ដឹង​នេះ។ យើង​នឹង​ពិនិត្យ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ពិនិត្យ​លើ​​របាយការណ៍​អំពី​ភាព​មិន​ប្រក្រតី ដែល​ដាក់​នៅ​តាម​ថ្នាក់​រាជធានី​ខេត្ត និង គ.ជ.ប. ហើយ​យើង​នឹង​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ រួច​ហើយ​យើង​ធ្វើការ​ប្រកាស​​​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត»
នាយិកា​នៃ​សមាគម​ស្ត្រី​សម្រាប់​អភិវឌ្ឍ​សិទ្ធិមនុស្ស ឧស្សាហកម្ម និង​កសិកម្ម អ្នកស្រី ឯម ពិនវីរី ជា​អ្នក​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​តួលេខ​ដែល​ជា​លទ្ធផល​នៃ ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​៣ ខែ​សីហា បាន​បញ្ជាក់​ថា ដំណើរ​ការ​នៃ​ការ​ផ្ទៀងផ្ទាត់​តួលេខ​​នេះ គឺ​មិន​មាន​អ្វី​ដែល​ខុស​ពី​ភាព​ប្រក្រតី​នោះ​ទេ៖ «ចាស! ខ្ញុំ​មក​ពិនិត្យ​នៅ​ថ្ងៃ​នេះ​ឃើញ​ថា មិន​មាន​អី​ដែល​ជា​ភាព​មិន​ប្រក្រតី​នោះ​ទេ អាច​ទទួល​យក​បាន»
​ចំពោះ​នាយិកា​នៃ​អង្គការ​លើក​ស្ទួយ​ជន​ក្រីក្រ អ្នកស្រី រស់ ចន្តា បាន​បញ្ជាក់​ថា អង្គការ​អ្នកស្រី​បាន​ចូល​រួម​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​កាល​ពី​ពេល​កន្លង​ ទៅ ហើយ​អ្នកស្រី​ក៏​ជា​អ្នក​តំណាង​មក​ចូលរួម​ក្នុង​ដំណើរការ​ផ្ទៀងផ្ទាត់​តួលេខ ​បាន​ឱ្យ​ដឹង​ថា ការ​ផ្ទៀងផ្ទាត់​នេះ គឺ​មិន​ទាន់​ឃើញ​អ្វី​ដែល​មិន​ប្រក្រតី​នោះ​ទេ ពីព្រោះ​អ្នកស្រី​ទើប​តែ​បាន​ផ្ទៀងផ្ទាត់​តួលេខ​នៅ​ខេត្ត​កំពង់ឆ្នាំង មួយ​ប៉ុណ្ណោះ៖ «ខ្ញុំ​សង្កេត​ថ្ងៃ​នេះ ក្នុង​ការ​រាប់​សន្លឹង​ឆ្នោត​នេះ គឺ​ខ្ញុំ​ទើប​បាន​មួយ​ខេត្ត គឺ​ខេត្ត​កំពង់ឆ្នាំង មួយ​ទេ ដូច្នេះ​ទាល់​តែ​ថ្ងៃ​ច័ន្ទ ទើប​ខ្ញុំ​មក​ទៀត»
ចំពោះ​ការ​ផ្ទៀងផ្ទាត់​តួ​លេខ​នេះ​ នាយក​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា​ និចហ្វិក (NICFEC) លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា ចំពោះ​ការ​ផ្ទៀង​ផ្ទាត់​តួលេខ​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​ មិន​មាន​អ្វី​​កើត​ឡើង​នោះ​ទេ ក៏​ប៉ុន្តែ​អ្វី​ដែល​លោក​ព្រួយបារម្ភ​នោះ គឺ​ត្រង់​ថា មុន​ពេល​តួលេខ​ដែល​បញ្ជូន​មក​នោះ​អាច​មាន​ការ​ប្រែ​ប្រួល។
លោក​បន្ថែម​ទៀត​ថា ​អ្វី​ដែល​ខាង​អង្គការ​សង្គម​ស៊ីវិល​ជួប​ផល​វិបាក​នោះ គឺ​នៅ​ត្រង់​ថា ខាង គ.ជ.ប. មិន​បាន​បើក​ឱ្យ​ទូលំទូលាយ​ដើម្បី​ឱ្យ​ខាង​សង្គម​ស៊ីវិល​អាច​ស៊ើប​អង្កេត​ ឱ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ។ លោក​បន្ត​ថា ការ​ផ្ទៀង​ផ្ទាត់​នៅ​ពេល​នេះ​ វា​អាច​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: