សារលិខិតជាច្រើនច្បាប់របស់ពលទាហានតូចតាចនៅក្នុងអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងទឹក ផ្ញើមកកាន់ ”មនសិការខ្មែរ” បានរៀបរាប់ពីអំពើពុករលួយ ភាពអសកម្ម និងអំពើបក្ខពួកនិយម ការតែងតាំងមុខតំណែងនាយទាហាន ពលទាហាន មិនត្រឹមត្រូវតាមក្រឹត្យក្រម និងអតីតភាពការងារ ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យភាពមិនប្រក្រតីរបស់លោក ទៀ វិញ ឡើងវិញជាបន្ទាន់ ព្រោះភាពមិនប្រក្រតីទាំងនេះកំពុងតែធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តពលទាហានតូចតាចដែលកំពុងប្រចាំការតាមដែនកោះ ឬក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅមូលដ្ឋានជ្រោយចង្វា។
ពលទាហានតូចតាចបានទទូចសុំឲ្យក្រសួងការពារជាតិ ចុះធ្វើការពិនិត្យស្រាវជ្រាវជាបន្ទាន់ ចំពោះទឹកចិត្តរបស់ពួកគេ ដែលមិនចង់ឃើញការដឹកនាំតាមរបៀបពុករលួយ អសកម្មរបស់លោក ទៀ វិញ ជាមេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការសន្តិសុខលំហសមុទ្រ នោះទេ។ លោក ទៀ វិញ បានដឹកនាំការងារក្នុងអង្គភាពដូចជាក្រុមគ្រួសាររបស់ខ្លួនហើយមនុស្សមួយចំនួនដែលកាន់ការងារសំខាន់ៗក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹកសុទ្ធសឹងជាសាច់ញាតិនិង មានអាយុក្មេងខ្ចីបំផុតដូចជាឈ្មោះ ឈួន ដែលជាលេខាផ្ទាល់បានបង្កឲ្យប៉ះពាល់សតិអារម្មណ៍ដល់កងទ័ពជើងទឹកទាំងមូល ហើយសង្ឃឹមថាថ្នាក់លើមិនមើលរំលងពីបញ្ហាដែលកំពុងកើតមានក្នុងអង្គភាពកងទ័ពជើងទឹកនោះទេ។
យ៉ាងហោចណាស់ មានបញ្ហាសំខាន់ៗចំនួន៩ចំណុច ដែលពលទាហានតូចតាចបានលើកឡើងទាក់ទិនភាពអសកម្មនិងការដឹកនាំដ៏អសមត្ថភាពរបស់លោក ទៀ វិញ រួមមាន៖
១. គេដឹងជាទូទៅថា លោក ទៀ វិញ ជាមនុស្សរៀនសូត្រមិនបានជ្រៅជ្រះធ្វើការតាមបែបអត្តនោម័តធ្វើការមិនគោរពក្រឹត្យក្រម អាងអំណាច មិនស័ក្តិសមទទួលតំណែងជាប្រធានអង្គភាពដល់ទៅ២ស្ថាប័ននោះទេ ហើយបើនិយាយពីសមត្ថភាពរបស់លោក ទៀ វិញ សឹងថាមិនអាចគ្រប់គ្រង អង្គភាពដ៏តូចមួយបានផង។
២.មានករណីរៃង្គាសប្រាក់ពីនាយទាហានជាន់ខ្ពស់ក្នុងអង្គភាពកងទ័ពជើងទឹកក្នុងម្នាក់ៗជាង១លានរៀល ដោយសំអាងថា យកទៅបង់ជូនថ្នាក់លើជាច្រើននាក់ ប៉ុន្តែគេមិនដឹងថាមានថ្នាក់លើណាខ្លះទេ ហើយបញ្ហានេះវាបានធ្វើឲ្យប៉៉ះពាល់អារម្មណ៍នាយទាហានទាំងនោះ។
៣. មានករណីបង្ខិតបង្ខំឲ្យកងវរៈទាំងអស់ប្រមូលប្រាក់បង់មកឲ្យលោក ទៀ វិញ យ៉ាងហោចណាស់ ៣លានរៀលជាកំណត់ ដើម្បីជួយស្ថាប័នមួយចំនួន ហើយរឿងពិតប្រាក់ដែលប្រមូលបានគឺលោក ទៀ វិញ បានយកទៅប្រើប្រាស់ដើម្បីលើកមុខមាត់របស់ខ្លួនតែប៉ុណ្ណោះ។
៤.មានការធ្វើបាបពលទាហានក្នុងករណីខុសឆ្គងបន្តិចបន្តួច គឺដៃជើងរបស់លោក ទៀ វិញ បានរៀបចំឯកសារកាត់ប្រាក់ខែ តាមរបៀបដាក់ពិន័យលើពលទាហានទាំងនោះ រហូតនាំឲ្យពលទាហានមួយចំនួនរងនូវភាពឈឺចាប់ទ្រាំមិនបានក៏រត់ចោលជួរ ទៅរត់ម៉ូតូឌុប។
៥.រាល់ការនិយាយស្តី ឬបទបញ្ជាផ្សេងៗលោក ទៀ វិញ ធ្វើតាមរបៀបផ្តាច់ការ ហើយមានការប្រកាសជាចំហឲ្យពលទាហាននាយទាហានគោរពបទបញ្ជារបស់ខ្លួន និងប្រពន្ធខ្លួន ហើយប្រសិនបើពលទាហានណាមិនស្តាប់តាមបញ្ជាអាចប្រឈមនឹងការដកបញ្ឈរជើងឬដកហូតស័ក្តិថ្មើណាក៏បាន ព្រោះអ្នកសម្រេចគឺជាបងបាញ់ របស់គាត់។
៦.ការបណ្តេញនាយទាហាន ពលទាហាន ដែលមានក្រុមគ្រួ សារ ប្រពន្ធកូនក្រីក្រលំបាកឲ្យចេញពីបន្ទាយដោយគ្មានការយោគយល់ ប៉ុន្តែលោក ទៀ វិញ ខ្លួនឯងបែរជាយកប្រពន្ធកូនចៅរបស់ខ្លួនមករស់នៅយ៉ាងប្រសេចប្រសាចពេញបន្ទាយ។
៧. មានករណីកាត់ប្រាក់ខែពលទាហានទាំងអស់ជារៀងរាល់ខែសម្រាប់យុទ្ធជន ប៉ុន្តែនៅពេលយុទ្ធជនមានគ្រោះថ្នាក់ឬមានជំងឺ ធ្ងន់ធ្ងរ គេមិនដែលឃើញលោកទៀ វិញ យកប្រាក់ដែលកាត់ពីពលទាហានមកជួយទំនុកបំរុងដោះស្រាយទុក្ខលំបាកដល់ពលទាហានទាំងនោះវិញទេហើយមិន ដឹងថាប្រាក់ដែលប្រមូលបានយក ទៅណានោះឡើយព្រោះមិនដែល ឃើញមាននៅក្នុងកេសសោះ។
៨.មានការកាត់ប្រាក់ខែពលទាហានស្ទើរតែរាល់ខែ មិនដឹងជាយកទៅធ្វើអ្វីខ្លះទេ ហើយពលទាហានក៏មិនអាចសួរនាំពីហេតុផលដែលត្រូវកាត់ប្រាក់ខែនោះដែរ គឺត្រង់ចំណុចនេះពលទាហានបានទទូចសុំឲ្យថ្នាក់លើមាន ក្តីសន្តោសមេត្តា អាណិតអាសូរដល់ពលទាហានតូចតាចដែលពួកគាត់មានប្រាក់ខែតិចតួច ខ្លះមានប្រាក់ខែមិនដល់ ២០ម៉ឺនរៀលផងទេ ពេលសង្គ្រាមពួកគាត់បានប្តូរសាច់ ប្តូរឈាម ការពារទឹកដី ជួយឲ្យអស់លោកមានអំណាច មិនគួរធ្វើបាបពលទាហានតូចតាចទៀតទេ ។
ទី៩.សម្រាប់ការដំឡើងឋានន្តរស័ក្តិ គឺធ្វើតាមរបៀបពុករលួយគេសង្កេតឃើញពលទាហាននាយ ទាហានដែលមានអតីតភាពការងារបើគ្មានលុយបង់ថ្លៃឡើងស័ក្តិ ទេនោះ ច្បាស់ជាគ្មានស័ក្តិពាក់ ទេហើយមន្ត្រីដែលពូកែអែបអបសំពះបាតជើង ភរិយាលោក ទៀ វិញ ឬមានប្រាក់ ៥ពាន់ដុល្លារ គឺអាចឡើងស័ក្តិ ឡើងតំណែងតាមចិត្តចង់។
មានរឿងរ៉ាវមិនប្រក្រតីជាច្រើនទៀត ដែលពលទាហាន នាយទាហានមិនពេញចិត្តចំពោះការដឹកនាំដ៏ពុករលួយនិងអសកម្មរបស់លោក ទៀ វិញ ដូចជាពេលកន្លងមក គ្រាន់តែនាយទាហានធំៗមួយចំនួនឡើងស័ក្តិក៏មានការតម្រូវឲ្យកាត់ប្រាក់ខែពលទាហានតូចតាចដែលមិនបានឡើងស័ក្តិនឹងគេ យកទៅរៀបចំពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង គឺសប្បាយនៅលើគំនរទុក្ខរបស់ពលទាហានតូចតាច។ គេតែងតែរំពឹងទុកថា ទុក្ខវេទនានិងអំពើដែលប៉ះពាល់ដល់សតិអារម្មណ៍នាយទាហាន ពលទាហាននៅពេលនេះ សមល្មមដល់ពេលដែលថ្នាក់លើយកចិត្តទុកដាក់ត្រួតពិនិត្យដោះស្រាយឲ្យបានត្រឹមត្រូវឡើងវិញ មិនគួរទុកឲ្យពលទាហានតូចតាចបន្តទទួលរងនូវការឈឺចាប់ការកេងប្រវ័ញ្ចញើសឈាមតទៅទៀតទេ៕

No comments:
Post a Comment