- Tuesday, 27 August 2013
- Phnom Penh Post
- Kevin Ponniah និង ឆាយ ចន្ទនីដា

អ្នកពិនិត្យឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោត ក្នុងសង្កាត់និរោធ រាជធានីភ្នំពេញ។ រូបថត សូ វិសាល
ភ្នំពេញៈ បញ្ជីឈ្មោះអ្នកបោះឆ្នោត
នៅមណ្ឌលជាច្រើន ហាក់ដូចជាត្រូវបានគេរៀបចំដោយចេតនា
មុនការបោះឆ្នោត ដើម្បីអនុញ្ញាតឲ្យបុគ្គលមួយក្រុមធំ ពីតំបន់ផ្សេង
បានចូលទៅបោះឆ្នោតបន្លំ ក្នុងឃុំសង្កាត់
ដែលពួកគេគ្មានសិទិ្ធបោះ។
នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍
ដោយអង្គការលីកាដូ។
ករណីមួយដែលបានលើកឡើង បានរៀបរាប់សិស្សសាកល
វិទ្យាល័យរាប់រយនាក់ ត្រូវបានដឹកជញ្ជូនពីភ្នំពេញ
ទៅស្រុកល្វាឯមខេត្តកណ្តាលដើម្បីបោះឆ្នោត
តាមការណែនាំពីសាស្រ្តាចារ្យ
ដែលជាឧទាហរណ៍មួយនៃការក្លែងបន្លំជាអ្នកបោះឆ្នោតជាលក្ខណៈ
ប្រព័ន្ធ។ អង្គការលីកាដូបានឲ្យដឹងថា ករណីមួយទៀត ដែលអង្កេតឃើញ
គឺក្នុងខេត្តកណ្តាល ដែលពាក់ព័ន្ធនឹងកម្មករជាង១០០នាក់
មកពីការដ្ឋានវាយថ្ម ក្នុងខេត្តកំពង់ស្ពឺ
ដែលត្រូវបាននាំទៅមណ្ឌលបោះឆ្នោតថ្មី នៅស្រុកស្អាង ដើម្បីបោះឆ្នោត
បើទោះបីជាពួកគេ គ្មានលំនៅឋាននៅទីនោះក៏ដោយ។
នៅការដ្ឋានវាយថ្ម គឺជាកម្មសិទិ្ធរបស់មន្រ្តីគណបក្សកាន់អំណាច
មកពីស្រុកស្អាង។
យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា ឈ្មោះជាង ៣០ ភាគរយ
លើបញ្ជីបោះឆ្នោត នៅមណ្ឌលឃុំស្អាងភ្នំ គឺជាឈ្មោះជាន់គ្នា
បើធៀបនឹងអាត្រាទូទាំងប្រទេសគឺ ២ ភាគរយ។
លោកស្រី Naly Pilorge នាយកអង្គការលីកាដូ
បានឲ្យដឹងក្នុងសេចក្តីថ្លែងថា៖ «យើងកំពុងរំពឹងថា
មានបញ្ហាធំទាក់ទងនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោត ជាពិសេស
ទាក់ទងនឹងរបាយការណ៍អ្នកបោះឆ្នោតខ្មោច
ការចុះបញ្ជីច្រើនហួសហេតុ។ល។ ប៉ុន្តែការបន្លំសន្លឹកឆ្នោត
ដែលយើងបានមើលឃើញ គឺលើសពីនេះ»។
លោកស្រីបានថ្លែងបន្តថា៖
«ការអង្កេតដែលបានលម្អិតក្នុងរបាយការណ៍នេះ
បានបង្ហាញនូវភាពចាំបាច់ត្រូវស៊ើបអង្កេតស៊ីជម្រៅថែមទៀត
ហើយនីតិវិធីបន្ថែមមុនលទ្ធផលបោះឆ្នោត អាចបញ្ចប់បាន»។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានថ្លែងថា គ.ជ.ប បានទទួលរបាយការណ៍ ប៉ុន្តែ របាយការណ៍នោះ
មានភ័ស្តុតាងអំពីបទមជ្ឈិម ឬអត់ «គ.ជ.ប នឹងធ្វើការស៊ើបអង្កេត»។
លោកបានឲ្យដឹងទៀតថា៖
«វាជាសិទិ្ធរបស់គេនិយាយអ្វីដែលគេមើលឃើញ។ គ.ជ.ប
បានទទួលរបាយការណ៍ទាំងនេះ ដើម្បីពិនិត្យថា តើចំណុចណាមានប្រយោជន៍
ដើម្បីផ្លាស់ប្តូរសម្រាប់ការបោះឆ្នោតលើកក្រោយ»។
លោក គល់ បញ្ញា នាយកអង្គការខុម ហ្វ្រែល បានថ្លែងថា
ការរកឃើញរបស់អង្គការលីកាដូមានលក្ខណៈស៊ីចង្វាក់ខ្លាំងនឹង
ក្រុមសង្គមស៊ីវិលផ្សេងទៀត។ ទោះជាយ៉ាងណា លោកមិនបាននិយាយថា
តើការបន្លំសន្លឹកឆ្នោតគិតទុកជាមុននេះ
មានលក្ខណៈទូទៅឬយ៉ាងណាទេ។ លោកបានថ្លែងថា៖«វាបង្ហាញថា
វាបានកើតឡើងក្នុងឃុំសង្កាត់ខ្លះ
ដែលមានបញ្ហានៃការប្រើប្រាស់ដោយចេតនា
ប៉ុន្តែយើងចង់ធ្វើការស៊ើបអង្កេតបន្ថែមទៀតដើម្បីដឹងអំពី
ទំហំបញ្ហា»។
របាយការណ៍ក៏បានលើកឡើង ផងដែរ អំពីអង្គភាពយោធា
ដែលត្រូវបានដឹកជញ្ជូនពីមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារ ដើម្បីបោះឆ្នោតជាក្រុម
ក្នុងមណ្ឌលបោះឆ្នោតដែលបង្កើតថ្មីក្នុងស្រុកវារិន ខេត្តសៀមរាប។
លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែង
កាលពីថ្ងៃអាទិត្យថា ការដឹកជញ្ជូនអ្នកបោះឆ្នោតទៅមណ្ឌលបោះឆ្នោត
ដែលពួកគេបានចុះឈ្មោះ គឺជារឿងស្របច្បាប់ទាំងស្រុង។
លោកបានបន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់ជូនដំណឹងថា
កន្លែងណាដែលអ្នកបោះឆ្នោត ត្រូវមានអត្តសញ្ញាណដើម្បីបោះឆ្នោត
ដែល គ.ជ.ប នឹងអនុញ្ញាតឲ្យអ្នកបោះឆ្នោត
និងកន្លែងដែលអ្នករកឃើញឈ្មោះបោះឆ្នោត»។
លោកបានបន្ថែមថា៖ «ឧទាហរណ៍ ប្រសិនបើមនុស្សប្រុសម្នាក់
ធ្វើការជាកម្មករសំណង់ ហើយគ្មានពេលវិលមកស្រុកកំណើតវិញ
គាត់អាចចុះឈ្មោះក្នុងតំបន់ដែលគាត់អាចបោះឆ្នោតបាន»។
តាមច្បាប់បោះឆ្នោត បានឲ្យដឹងថា ពលរដ្ឋកម្ពុជាត្រូវ«មាននិវេសនដ្ឋាន»នៅឃុំសង្កាត់ ដែលពួកគេនឹងទៅបោះឆ្នោត។
លោក ស៊ិន ខាន់ឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា
ជាវិទ្យាស្ថានដែលគេចោទថា បាននាំកូនសិស្សទៅបោះឆ្នោត
មិនអាចទាក់ទងបានទេ កាលពីថ្ងៃអាទិត្យ។
លោក ខាន់ ឌី
ដែលក៏ជាអនុរដ្ឋលេខាធិការនៅក្រសួងបរិស្ថានផងនោះដែលត្រូវបាន
កត់សម្គាល់ដោយលីកាដូ បានបង្ហោះរូបថត
ជាមួយនឹងក្រុមនិស្សិតចូលរួមតវ៉ាប្រឆាំងនឹងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ នៅលើទំព័រហ្វេសប៊ុករបស់លោក។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានស្វាគមន៍
របាយការណ៍របស់អង្គការលីកាដូ។ លោកបានថ្លែងថា៖«របាយការណ៍នោះ
វាបានឆ្លុះបញ្ចាំងពីការពិត និងបញ្ហា ដែលយើងបានជួបប្រទះ
ក្នុងការបោះឆ្នោត។ វាក៏បន្ថែមពីលើការអះអាងរបស់ខ្ញុំថា
យើងគួររកយុត្តិធម៌ជូនប្រជាជន»។
របាយការណ៍ក៏បានលើកឡើង អំពីជម្លោះនៅក្នុងថ្ងៃបោះឆ្នោត
ដែលផ្ទុះឡើង រវាងគណបក្សសង្គ្រោះជាតិ
និងគណបក្សប្រជាជនក្នុងឃុំរាថ័រ ក្នុងខេត្តព្រៃវែងផងដែរ
បន្ទាប់ពីអ្នកគាំទ្រគណបក្សប្រឆាំងបានរារាំងផ្លូវមិនឲ្យ
មនុស្សមួយក្រុម ដែលគេអះអាងថា
ជាជនជាតិវៀតណាមមានគ្នាប្រមាណជាង៤០០ នាក់ ដែលមិនចេះនិយាយខ្មែរ
មិនឲ្យចូលបោះឆ្នោត។
បើទោះបីជា លិខិតបញ្ជាក់អត្តសញ្ញាណបោះឆ្នោតបណ្តោះអាសន្ន
ត្រូវបានចេញក្នុងឃុំសង្កាត់ ត្រូវបានរកឃើញថា មានចំនួនជាង ៣០
ភាគរយក៏ដោយ អង្គការលីកាដូ
នៅតែស្នើសុំឲ្យមានការស៊ើបអង្កេតលើការធ្វើឲ្យអ្នក
បោះឆ្នោតបាត់បង់សិទិ្ធបោះឆ្នោត។
លោក សុវណ្ណ បានថ្លែងឲ្យដឹងទៀតថា៖ «យើងបានណែនាំអ្នកគាំទ្រយើង
និងសមាជិកយើងកុំឲ្យធ្វើអ្វីខុសច្បាប់...កុំបង្កអំពើហិង្សា។
យើងមិនរើសអើងអ្នកណាទេ ទោះបីជាគេធ្វើការនៅកម្ពុជាស្របច្បាប់
និងមានសិទិ្ធបោះឆ្នោតក៏ដោយ»៕ TK
No comments:
Post a Comment