ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នកវិភាគយល់ថា
គណបក្សប្រឆាំងគួរអំពាវនាវឲ្យរដ្ឋាភិបាល
បញ្ជូនកងកំលាំងប្រដាប់អាវុធទៅបន្ទាយវិញ
ដោយជៀសវាងអំពាវនាវឲ្យពួកគេចូលរួមមហាបាតុកម្ម
ដែលខ្លួនគ្រោងធ្វើនៅពេលខាងមុខ ដើម្បីប្រឆាំងលទ្ធផលឆ្នោត។
ការលើកឡើងរបស់អ្នកវិភាគនៅពេលនេះ
ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក
អំពាវនាវឲ្យកងកំលាំប្រដាប់អាវុធ ទាំងអស់ចូលរួមជាមួយប្រជាពលរដ្ឋ
និងយុវជនស្នេហាជាតិ ដើម្បីប្តូរមេដឹកនាំចាស់ចេញ។ ការអំពាវនាវនេះ
ត្រូវបានមន្ត្រីរដ្ឋាភិបាលចាត់ទុកថា ជាការញុះញង់ឲ្យមានការបះបោរ
នៅក្នុងជួរកងទ័ពទៅវិញ។
អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុង ហៃ មានប្រសាសន៍ថា
នេះមិនមែនជាពេលសមរម្យទេ ដែលលោក សម រង្ស៊ី
អំពាវនាវឲ្យកងកំលាំងប្រដាប់អាវុធ ចូលរួមបាតុកម្មអហិង្សាជាមួយខ្លួន។
លោកយល់ថា បក្សប្រឆាំងគួរតែអំពាវនាវ
ឲ្យរដ្ឋាភិបាលបញ្ជូនកងទ័ពទាំងនោះទៅបន្ទាយវិញ
ព្រោះមិនមែនជាពេលដែលត្រូវចល័តទ័ព ឬប្រើកងទ័ពនោះទេ
ហើយថាជាពេលដែលត្រូវជជែកគ្នាដោយសន្តិវិធី ៖ “អ្នកដែល
ទទួលខុសត្រូវនឹងការនាំទ័ពចេញ ក្រៅបន្ទាយនេះគួរតែ
ពិនិត្យមើលស្ថានភាពនេះឡើងវិញ ហើយគួរតែបញ្ជូនកងទ័ព
ត្រឡប់ទៅចូលបន្ទាយវិញទៅ ហើយការទទួលខុសត្រូវ សណ្តាប់ធ្នាប់អីនេះ
ទុកបន្ទុកទៅលើនគរបាលជាតិយើងនេះ បានហើយ”។
លោក ឡៅ ម៉ុងហៃ បន្ថែមថា កន្លងមកដូចជា ក្នុងកិច្ចប្រជុំអាស៊ាន
ព្រះបរមសពព្រះមហាវីរក្សត្រ នរោត្តម សីហនុ
ក៏មានមនុស្សជាច្រើនប្រមូលផ្តុំគ្នាដែរ
តែរដ្ឋាភិបាលមិនបានប្រើកងទ័ពដើម្បីការពារនោះទេ។
ចំណែកលោកស្រី ជា វណ្ណាត មានប្រសាសន៍ថា ចំពោះការលើកឡើងនូវពេលនេះ
ហាក់ដូចជាមិនមានអ្វីប្លែកទេ។ លោកស្រីថា
នេះជាសិទ្ធិក្នុងការបញ្ចេញមតិ របស់គណបក្សនយោបាយ
សំខាន់ប្រើកុំឲ្យមានភាពវឹកវរ ៖ “ដើម្បីដឹងនាំប្រទេស
ការនិយាយអញ្ចឹងៗ ជាការធម្មតាដូចខ្ញុំនៅស្រុកខ្មែរ មើលទូរទស្សន៍
ស្តាប់វិទ្យុ ទៅឮតែប្រើពាក្យសម្តីអញ្ចឹងៗ
សឹងថាស្រុកខ្មែរពោរពេញទៅដោយ សេរីភាពក្នុងការបញ្ចេញមតិ
ជាពិសេសពីសំណាក់អ្នកនយោបាយ ម្ល៉ោះហើយចំពោះខ្ញុំៗ
យល់ឃើញថាធម្មតា”។
គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនមក
គេឃើញមានដឹករថពាសដែក ឡានដឹកលួសបន្លា
និងមានដាក់រាយកងកំលាំងប្រដាប់អាវុធ នៅរាជធានីភ្នំពេញ
តាមបណ្តាខេត្តមួយចំនួន
ត្រៀមជាស្រេចចាំការពារសន្តិសុខសណ្តាប់ធ្នាប់
ខណៈគណបក្សប្រឆាំងព្រមានធ្វើបាតុកម្មទូទាំងប្រទេស
ប្រឆាំងលទ្ធផលឆ្នោត៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
- See more at: http://vodhotnews.com/?p=article&id=15309&lang=kh#sthash.S7QxLtof.dpuf
No comments:
Post a Comment