A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 31 July 2013

The opposition threatened mass protests through out the country (due to electoral fraud) បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស

លោក សម រង្ស៊ី ប្រកាស​សាជាថ្មី​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ជាច្រើន​នាក់ កាល​ពី​យប់​ថ្ងៃ​ទី២៩ ខែ​កក្កដា នៅ​ខាង​មុខ​ស្នាក់​ការ​គណបក្ស​ថា បក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត ហើយ​បើ​សិន​ជា​បក្ស​កាន់​អំណាច​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​ទេ​នោះ នឹង​មាន​មហា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស​កើត​ឡើង។
ដោយ ទេព សុរ៉ាវី RFA
2013-07-30
សម រង្ស៊ី ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នា​ផ្សារ​សន្សំ​កុសល រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​ធ្វើ​បាតុកម្ម​ របស់ លោក សម រង្ស៊ី ថា​ជា​ទង្វើ​អ្នក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​មិន​អនុវត្ត​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ប្រទេស។
ក្នុង​វីដេអូ​ឃ្លីប (Video Clip) ជិត ៨​នាទី ដែល​បង្ហោះ​តាម​បណ្ដេញ​ព័ត៌មាន​សង្គម​ហេ្វសប៊ុក (Facebook) លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន ដោយ​អំពាវនាវ​កុំ​ជឿ​លើ​ការ​ផ្សព្វផ្សាយ​ឃោសនា​តួលេខ​នៃ​លទ្ធផល​បោះឆ្នោត​ របស់​គណបក្ស​មួយ​ទៀត ដែល​ទំនង​ជា​សំដៅ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​តួលេខ​នៃ​លទ្ធផល​បោះឆ្នោត​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត (គ.ជ.ប) ដោយ​បញ្ជាក់​ថា តួលេខ​ទាំង​នោះ​មិន​ពិត​ទេ។
លោក សម រង្ស៊ី បញ្ជាក់​ថា ការ​ពិត​នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ទេ​ដែល​ជា​អ្នក​ឈ្នះ ហើយ​លោក​នឹង​បញ្ចេញ​តួលេខ​នៃ​លទ្ធផល​បោះឆ្នោត​ពិត​ក្នុង​ពេល​ឆាប់ៗ។
លោក សម រង្ស៊ី បញ្ជាក់​ដោយ​ប្រកាន់​ជំហរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ គណបក្ស​កាន់​អំណាច​មិន​អាច​មើល​រំលង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ។ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​ទេ​នោះ នឹង​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ពេញ​ប្រទេស។
បេក្ខជន​តំណាង​រាស្ត្រ និង​ជា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា អាណត្តិ​ទី៤ លោក ឈាង វុន ថ្លែង​នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា ថា លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល និង​ព្រួយ​បារម្ភ​ចំពោះ​ការ​ព្រមាន​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់ លោក សម រង្ស៊ី ទេ។ លោក​បន្ត​ថា ប្រសិន​បើ​បាតុកម្ម​នោះ​កើត​មាន​មែន អ្នក​ដែល​រងគ្រោះ​មិន​មែន​ជា លោក សម រង្ស៊ី ឬ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ ប៉ុន្តែ​អ្នក​រងគ្រោះ​ពិត គឺ​ប្រជាពលរដ្ឋ។

លោក ឈាង វុន ចាត់​ទុក​ទង្វើ លោក សម រង្ស៊ី ថា​ជា​អ្នក​នយោបាយ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ មិន​អនុវត្ត​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ប្រទេស និង​ការ​រំលាយ​អធិបតីភាព​ជាតិ។
យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស ជា​ជំហាន​ទី២ ហើយ​ជំហាន​ទី១ ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើ​នោះ គឺ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ស្រាវជ្រាវ​លើ​ភាព​មិន​ប្រក្រតី​ នានា ដែល​បាន​កើត​ឡើង​ក្នុង​ដំណើរ​ការ​បោះឆ្នោត មុន​នឹង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​នៃ​លទ្ធផល​បោះឆ្នោត។
លោក​បញ្ជាក់​ថា ការ​ប្រកាស​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​របស់ លោក សម រង្ស៊ី មិន​មែន​ជា​ការ​បញ្ឆេះ​ឲ្យ​មាន​ចលាចល​ក្នុង​ប្រទេស​ទេ។ ផ្ទុយ​ទៅ​វិញ ការ​មិន​ដោះស្រាយ ឬ​មិន​បង្កើត​គណៈកម្មការ​ចម្រុះ ស្រាវជ្រាវ​លើ​ភាព​មិន​ប្រក្រតី​ឯណោះ​ទេ ទើប​ជា​ការ​ធ្វើ​ឲ្យ​ចលាចល​ក្នុង​ប្រទេស ព្រោះ​ពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​ខឹង​សម្បារ ដែល​ខ្លះ​អត់​មាន​ឈ្មោះ​បោះឆ្នោត ធ្វើ​ឲ្យ​លទ្ធផល​បោះឆ្នោត​ក្រឡាប់ចាក់ បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ អ្នក​ខ្លះ​មាន​ឈ្មោះ តែ​ត្រូវ​គេ​បោះ​ជំនួស អ្នក​ខ្លះ​ទៀត​បោះឆ្នោត​បាន ២ ទៅ ៣​ដង ដោយសារ​តែ​ទឹក​ខ្មៅ​ជ្រលក់​ដៃ​លុប​លាង​ជ្រះ​ជាដើម។
គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី៥ គណបក្ស​ខ្លួន​បាន​ទទួល​អាសនៈ​ចំនួន ៦៨ ក្នុង​រដ្ឋសភា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​អាសនៈ។ លទ្ធផល​នេះ​ខុស​ពី​ការ​រក​ឃើញ​របស់​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ចំនួន ៦៧ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ចំនួន ៥៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: