A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 29 July 2013

People say thousands of soldiers mobilised ពលរដ្ឋ​អះអាង​ថា​មាន​ទាហាន​រាប់​ពាន់​នាក់​ត្រូវ​ដឹក​ជញ្ជូន​តាម​រថយន្ត

នៅ​ឯ​ខេត្ត​សៀមរាប គ្រាន់​តែ​ការ​បោះឆ្នោត​ចាប់​ផ្ដើម​ឡើង​ភ្លាម ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​មាន​ដូច​ជា​ជនជាតិ​វៀតណាម ជាច្រើន​ទៅ​បោះឆ្នោត​នៅ​តំបន់​បឹង​ទន្លេសាប សង្កាត់​ចុងឃ្នៀស និង​មាន​អ្នក​បោះឆ្នោត​មួយ​ចំនួន​ឈ្មោះ​ស្ទួន​ជាន់​គ្នា ព្រម​ទាំង​ទឹក​ខ្មៅ​ជ្រលក់​ដៃ​អ្នក​បោះឆ្នោត​មាន​គុណភាព​មិន​សូវ​ល្អ​ជាដើម។
ដោយ ហង្ស សាវយុត RFA
2013-07-28
ឡាន​ទាហាន ៦១០
ឡាន​ទាហាន​ដឹក​មនុស្ស​ជាច្រើន ដែល​សុទ្ធតែ​បុរស ចេញ​ពី​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ ខេត្ត​សៀមរាប បន្ទាប់​ពី​មនុស្ស​ទាំង​នោះ​បាន​បោះឆ្នោត​រួច នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។
Photo: RFA
បន្ថែម​លើ​នេះ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ខ្លះ​នា​តំបន់​ដាច់​ស្រយាល គឺ​មាន​ការ​ចល័ត​កម្លាំង​ទាហាន​មក​ពី​ខេត្ត​ផ្សេងៗ ដើម្បី​ជួយ​គាំទ្រ​គណបក្ស​កាន់​អំណាច។
ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ស្រែណូយ និង​ឃុំ​ល្វាក្រាំង ស្រុក​វ៉ារិន ខេត្ត​សៀមរាប បាន​អះអាង​ថា មាន​កង​ទាហាន​រាប់​ពាន់​នាក់​ដែល​គេ​ពុំ​ធ្លាប់​ស្គាល់ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​យោធា​ធំៗ​ជាច្រើន​គ្រឿង ចូល​ទៅ​បោះឆ្នោត​តាម​ការិយាល័យ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ខែ​កក្កដា។
ហេតុការណ៍​ទាំង​នេះ​បាន​កើត​ឡើង​នៅ​ភូមិ​ត្រពាំងក្រសាំង និង​ភូមិ​រលំរុនថ្មី នៃ​ឃុំ​ស្រែណូយ និង​នៅ​ឃុំ​ល្វាក្រាំង ស្រុក​វ៉ារិន ចម្ងាយ​ជាង ៩០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។
បុរស​ម្នាក់​ជា​អ្នក​ភូមិ​ត្រពាំងក្រសាំង ដែល​មិន​ហ៊ាន​ប្រាប់​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៨ ខែ​កក្កដា នៅ​ក្រៅ​ការិយាល័យ​បោះឆ្នោត​ថា អ្នក​ភូមិ​របស់​គាត់​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ប្រមាណ​ជាង ៤០០​នាក់ ក៏ប៉ុន្តែ​មាន​ការ​ដឹក​ជញ្ជូន​កង​ទាហាន​ជាង ១.០០០​នាក់ ចូល​មក​ជួយ​បោះឆ្នោត​នៅ​តំបន់​របស់​គាត់៖ «ក្នុង​រយៈពេល​ប្រហែល​ជា​បី​ ថ្ងៃ​ហើយ គេ​ដឹក​មក​ហ្នឹង។ ប្រហែល​ជា ១​អាទិត្យ​មុន​ហ្នឹង គេ​ចេះ​តែ​ដឹក​បណ្ដើរៗ​មក​តិចៗ ព្រោះ​កន្លែង​ហ្នឹង​ជា​កន្លែង​ចាញ់ ហេតុ​ដូច្នេះ វា​ជួយ​ទប់​គ្នា។ គេ​មក​ពី​ព្រំដែន​មក កន្លែង​សមរភូមិ​ខាង​មុខ​មក ដូច​នៅ​ខាង​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ អី។ គេ​ខ្សឹប​ប្រាប់​ថា គេ​មក​បោះឆ្នោត»

នៅ​ភូមិ​ត្រពាំងក្រសាំង នោះ មាន​ការិយាល័យ​បោះឆ្នោត​លេខ ១១៤៣ លេខ ១១៧៣ និង​លេខ ១១០៣ គឺ​មាន​មនុស្ស​ប្រុស​ជាច្រើន បាន​ឈរ​តម្រៀប​ជួរ​គ្នា​រង់ចាំ​ចូល​បោះឆ្នោត។ ក្នុង​ចំណោម​បុរស​ដែល​ឈរ​ចាំ​បោះឆ្នោត​ខ្លះ បាន​ប្រាប់​ថា ពួក​គេ​ជា​ទាហាន​ដែល​មក​ពី​ព្រំដែន​កម្ពុជា-ថៃ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ ទោះ​យ៉ាង​ណា នៅ​ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ជាច្រើន​ដែល​ជា​បុរស​នោះ គឺ​មាន​មនុស្ស​ខ្លះ​ចាំ​ឃ្លាំ​មើល​មិន​ឱ្យ​និយាយ​ផ្ដេសផ្ដាស​ទៅ​កាន់​ក្រុម​ អ្នក​យក​ព័ត៌មាន និង​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ។
ចំណែក​នៅ​ឯ​ការិយាល័យ​បោះឆ្នោត​លេខ ១១៤២ និង​លេខ ០៨៧៧ ក្នុង​ភូមិ​រលំរុនថ្មី វិញ គឺ​មាន​ស្ថានភាព​ដូច​គ្នា​ដែរ។ នៅ​តាម​ផ្លូវ​ចូល​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត គេ​ឃើញ​មាន​ឡាន​ទាហាន​ធំៗ​ចំនួន ៤​គ្រឿង ចត​នៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះឆ្នោត និង ២​គ្រឿង​ទៀត បាន​ដឹក​មនុស្ស​ចេញ​ទៅ​វិញ។
ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ភូមិ​រលំរុនថ្មី បាន​ឱ្យ​ដឹង​ថា ឡាន​ដឹក​ទាហាន​ជាច្រើន​ចូល​មក​ដល់​ភូមិ​របស់​គាត់ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៧ ខែ​កក្កដា ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៨ ពួក​គេ​បាន​ចូល​បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​ភូមិ​របស់​គាត់៖ «ទាំងអស់​ ហ្នឹង​អត់​មាន​អ្នក​ភូមិ​ទេ សុទ្ធតែ​អ្នក​មក​ពី​ខេត្ត​ព្រះវិហារ ទាំងអស់។ ហើយ​ខ្ញុំ​សួរ​ថា តើ​ចុះ​ឈ្មោះ​ពី​ថ្ងៃ​ណា​មក បាន​ជា​បាន​មក​បោះឆ្នោត? គេ​ថា គេ​ចុះ​ឈ្មោះ​កាល​ពី​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ចុះ​នៅ​ផ្ទះ​យាយ ណម។ ៧​ឡាន​ធំ ឡាន​ហុកឡ​កូរ៉េ ១​ទៀត ៨។ ដល់​ធ្វើ​អីចឹង វា​អត់​សុក្រឹត ហើយ​មនុស្ស​នៅ​ឯណា​ណោះ​មាន​ការិយាល័យ (គ.ជ.ប) នៅ​ឯ​ណោះ​ដែរ គួរ​តែ​ថត​បោះឆ្នោត​នៅ​ទី​នោះ»
ដូច​គ្នា​នេះ​ដែរ នៅ​ការិយាល័យ​បោះឆ្នោត​លេខ ១១១៥ ក្នុង​សាលា​បឋម​សិក្សា ច័ន្ទគីរី នៃ​ភូមិ​គោកកណ្ដាល ឃុំ​ល្វាក្រាំង ក្នុង​ចំណោម​អ្នក​បោះឆ្នោត​ចំនួន ៦៩២​នាក់ គឺ​សុទ្ធតែ​បុរស ដោយ​មាន​តែ​ស្ត្រី ២​នាក់​ប៉ុណ្ណោះ។ ទាំង​មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​អ្នក​សង្កេតការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​សង្កេតការណ៍​របស់​គណបក្ស​នយោបាយ បាន​អះអាង​ដូច​គ្នា​ថា ការិយាល័យ​បោះឆ្នោត​នេះ គឺ​ទើប​តែ​បង្កើត​ថ្មី ហើយ​អ្នក​ដែល​ទៅ​បោះឆ្នោត​មិន​មែន​ជា​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គោកកណ្ដាល ទេ គឺ​សុទ្ធតែ​ជា​ទាហាន​ដែល​គេ​ដឹក​ជញ្ជូន​មក​ពី​ខេត្ត​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: