A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 13 July 2013

NDI organised election debate in Kampong Cham between candidates from various parties, NDI រៀបចំ​វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​នៅ​កំពង់ចាម

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា អិន.ឌី.អាយ (NDI) បាន​រៀបចំ​វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ឆ្នាំ​២០១៣ នៅ​វត្ត​នគរបាជ័យក្រៅ ក្នុង​ក្រុង​កំពង់ចាម។ វេទិកា​ពិភាក្សា​ដែល​មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ចំនួន​៥ និង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១.៥០០​នាក់ ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ផង​ដែរ។
ដោយ យាង សុជាមេត្តា RFA
2013-07-13
ពិភាក្សា​បក្ស​នយោបាយ ៦១០
បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក គួយ ប៊ុនរឿន (កណ្ដាល) និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ដាំ ដារិនី (ស្ដាំ) ក្នុង​វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ នា​វត្ត​នគរបាជ័យក្រៅ ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ឆ្នាំ​២០១៣។
RFA/Yeang Socheametta
វេទិកា​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ក្រោម​ប្រធាន​បទ “ប្រទេស​របស់​អ្នក អនាគត​របស់​អ្នក ជម្រើស​របស់​អ្នក” ត្រូវ​បាន​រៀបចំ​ជា​ពីរ​ជុំ។ ជុំ​ទី១ គឺ​ការ​ពិភាក្សា​ត​ទល់​គ្នា​រវាង​គណបក្ស​គូ​ប្រជែង​ធំៗ​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជុំ​ទី២ មាន​ការ​ចូលរួម​ពី​តំណាង​គណបក្ស​ចំនួន​បី​ផ្សេង​ទៀត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។
គណបក្ស​ដែល​ត្រូវ​ត​ទល់​គ្នា​ទាំង​ពីរ​ជុំ សុទ្ធ​តែ​ត្រូវ​បាន​ចាប់​ឆ្នោត​ជា​ចៃដន្យ។ នៅ​ក្នុង​កិច្ច​ពិភាក្សា​ជុំ​ទី១ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ឆ្នោត​ប៉ះ​ចំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​កិច្ច​ពិភាក្សា​ជុំ​ទី១ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​តំណាង​ដោយ លោក គួយ ប៊ុនរឿន បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម និង​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោកស្រី ដាំ ដារិនី។
ដូច​ការ​រំពឹង​ទុក កិច្ច​ពិភាក្សា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​បាន​ធ្វើ​អោយ​អ្នក​ចូលរួម​គ្រប់​គា្ន​មាន​ការ​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ការ​ថ្លែង​សារ​នយោបាយ និង​ការ​ឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​បេក្ខជន​ទាំង​ពីរ។

សំណួរ​ដែល​បាន​ចោទ​សួរ​ដោយ​ប្រជាពលរដ្ឋ​ចូលរួម ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អោយ​ជនជាតិ​វៀតណាម បញ្ហា​វាយ​ធ្វើ​បាប​ព្រះសង្ឃ និង​ពលរដ្ឋ អំពើ​ពុក​រលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​អោយ​ក្រុមហ៊ុន​បរទេស ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ វិស័យ​អប់រំ ភាព​អត់​ការងារ​ធ្វើ បញ្ហា​ចំណាក​ស្រុក ជំនួយ​បរទេស ប្រាក់​កម្ចី​បរទេស បញ្ហា​ពន្ធដារ និង​តម្លាភាព​ក្នុង​ការ​ចាយ​វាយ​ថវិកា​រដ្ឋ​ជាដើម។
កិច្ច​ពិភាក្សា​ហាក់​ដូច​ជា​តឹង​សរសៃ​ក​ដាក់​គ្នា​បន្តិច រវាង​បេក្ខជន​តំណាង​រាស្ត្រ និង​អ្នក​គាំទ្រ​របស់​ពួក​គេ ដែរ។ នៅ​ខាង​ក្រោម​វេទិកា ក៏​មាន​កាយ​វិការ​ឌឺដង និង​ការ​ស្រែក​ហ៊ូ​ខ្លាំងៗ​ដាក់​គ្នា​ពី​សំណាក់​អ្នក​គាំទ្រ។
នៅ​នាទី​ចុង​ក្រោយ​សម្រាប់​ការ​ថ្លែង​បិទ​របស់​បេក្ខជន​ទាំង​ពីរ អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ដើរ​ចេញ​ពី​វេទិកា បន្ទាប់​ពី​បេក្ខនារី​គណបក្ស​របស់​ពួក​គេ​បាន​ថ្លែង​ចប់ ដោយ​មិន​បាន​រង់ចាំ​ស្តាប់​មតិ​បិទ​របស់​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើយ។ ហើយ​ប្រការ​នេះ បាន​ធ្វើ​អោយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​ស្រែក​ហ៊ូ​រឹត​តែ​ខ្លាំង​ថែម​ទៀត។
ពលរដ្ឋ​ដែល​ចូលរួម មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​យក​ទង់​គណបក្ស ឬ​ស្លាក​សញ្ញា​គណបក្ស ចូល​តាំង​បង្ហាញ​ក្នុង​វេទិកា​នោះ​ទេ តែ​ពួក​គេ​អាច​ពាក់​អាវ ឬ​មួក​គណបក្ស​ចូល​បាន។ គេ​សង្កេត​ឃើញ​ថា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូលរួម ភាគ​ច្រើន​បាន​ពាក់​អាវ​គណបក្ស​របស់​ពួក​គេ​តែ​ម្តង។ ចំណែក​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ភាគ​ច្រើន​មិន​បាន​ពាក់​អាវ​គណបក្ស​របស់​ពួក​គេ​ទេ។
ចំណែក​ឯ​កិច្ច​ពិភាក្សា​ក្នុង​ជុំ​ទី២ ដោយ​មាន​ចូលរួម​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ វិញ មាន​ប្រជាពលរដ្ឋ​តិចតួច​ប៉ុណ្ណោះ​បាន​ចូលរួម​ស្តាប់។ ហើយ​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​នោះ ក៏​ពុំ​សូវ​មាន​អ្នក​ណា​លើក​ដៃ​សួរ​សំណួរ​ច្រើន​ដូច​ក្នុង​ជុំ​ទី​មួយ​នោះ​ ទេ។
ជា​ការ​កត់​សម្គាល់ ដោយ​មាន​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​រៀបចំ​កិច្ច​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​តាំង​ពី​ឆ្នាំ​២០០៣។ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ អិន.ឌី.អាយ នឹង​រៀបចំ​កិច្ច​ពិភាក្សា​បេក្ខជន​តំណាង​រាស្ត្រ​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​សៀមរាប កំពង់ធំ កំពង់ចាម កណ្ដាល និង​ខេត្ត​តាកែវ។
វេទិកា​បាន​រៀបចំ​ធ្វើ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ រួច​ហើយ។ នៅ​ខេត្ត​កណ្ដាល វេទិកា​ពិភាក្សា​នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ កក្កដា និង​នៅ​ខេត្ត​តាកែវ ថ្ងៃ​ទី២០ កក្កដា។ ក្រៅ​ពី​វេទិកា​តាម​ខេត្ត វេទិកា​ពិភាក្សា​ថ្នាក់​ជាតិ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ក្រុង​ភ្នំពេញ ក្នុង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី១៧ កក្កដា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Hope the election debates can be held at the national level.