ដោយ សួន សុផលមុន្នី RFA
2013-07-29
សកម្មជនគណបក្សសង្គ្រោះជាតិ នៅឃុំសំរោង
ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
បានគេចចេញពីផ្ទះទៅលាក់ខ្លួននៅទីមានសុវត្ថិភាព
ក្រោយពីមានមន្ត្រីប៉ូលិសមូលដ្ឋានម្នាក់បានកាន់កាំភ្លើងយកទៅ
គំរាមសម្លាប់
ដោយសារតែជម្លោះក្នុងរឿងប្រកាន់និន្នាការគណបក្សនយោបាយនៅក្នុងថ្ងៃ
បោះឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបន្ទាយមានជ័យ លោក កែ
សម្ផស្ស ថ្លែងនៅថ្ងៃទី២៩ កក្កដា ថា លោក ខឿន ខន ជាជំទប់ទី២
ឃុំសំរោង និងជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំឃុំ
ត្រូវមន្ត្រីប៉ូលិសម្នាក់គំរាមសម្លាប់ កាលពីព្រលប់ថ្ងៃទី២៨
កក្កដា ក្រោយការបោះឆ្នោតរួចមក៖ «នៅខាងឃុំសំរោង ស្រុកអូរជ្រៅ
គាត់ហ្នឹងជាជំទប់ទី២ ខាងគណបក្ស សម រង្ស៊ី
ហើយគាត់ជាតំណាងគណបក្សសង្គ្រោះជាតិនៅហ្នឹង គាត់ឈ្មោះ ខឿន ខន។
មានប៉ូលិសដែលនៅក្បែរផ្ទះគាត់ហ្នឹងស្រែករកសម្លាប់គាត់
ហើយគេដើររេរានៅមុខផ្ទះគាត់មានស្ពាយកាំភ្លើង អ៊ីចឹងគាត់ភ័យ
ចេញពីផ្ទះមកស្នាក់នៅកន្លែងមានសុវត្ថិភាព»។
នៅមានសកម្មជនគណបក្សសង្គ្រោះជាតិ មួយរូបផ្សេងទៀត
ក៏ត្រូវគេគំរាមសម្លាប់ ដោយសារតែរឿងនយោបាយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំស្រុកស្វាយចេក
ខេត្តបន្ទាយមានជ័យ លោក អៀន តាប់ បញ្ជាក់ថា
មនុស្សមួយក្រុមជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា
បានរករឿងដល់ផ្ទះសកម្មជនគណបក្សសង្គ្រោះជាតិ ឈ្មោះ ទូច
សុវណ្ណរ៉េត។
មូលហេតុ ដោយសារលោក ទូច សុវណ្ណរ៉េត
កាលពីថ្ងៃបោះឆ្នោតបានចាប់ដក់ហូតយកឯកសារបោះឆ្នោតក្លែងក្លាយមួយ
របស់កូនលោកមេភូមិ គណបក្សប្រជាជនកម្ពុជា៖ «យប់មិញប្រហែលជាម៉ោង
៧ មានសកម្មជនរបស់គណបក្សប្រជាជនរករឿងអុកឡុកនៅផ្ទះលោក សុវណ្ណរ៉េត
នៅភូមិផ្លាស់កង់។
មូលហេតុដោយសារគាត់ចាប់ទម្រង់អត្តសញ្ញាណក្លែងបន្លំហ្នឹងបានរបស់
កូនគាត់ ហើយគាត់ទៅរករឿងដល់ផ្ទះលោក សុវណ្ណរ៉េត មានគប់ផ្ទះ
ចាប់អង្រួនផ្ទះ គំរាមឲ្យប្រគល់អត្តសញ្ញាណនោះមកឲ្យគេវិញ។ លោក
រ៉េត បានឆ្លើយថា អត្តសញ្ញាណនោះគាត់បានបញ្ជូនទៅដល់ខេត្តអស់ហើយ»។
មន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកថា
រូបភាពនេះជាការគំរាមកំហែងទៅលើសកម្មជន
និងថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។ ករណីនេះ
ក៏ជារូបភាពមួយទៀតធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច
ដូចដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា ធ្លាប់ឃោសនាបំភ័យថា
គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតនឹងកើតមានសង្គ្រាម។
វិទ្យុអាស៊ីសេរី
មិនអាចទាក់ទងមន្ត្រីមូលដ្ឋានដែលមានការពាក់ព័ន្ធក្នុងករណីនេះ
ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់របស់មន្ត្រីគណបក្សសង្គ្រោះ
ជាតិនេះបានទេ។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិអះអាងថា
នឹងរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការខេត្តបន្ទាយមានជ័យ។
អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន
ថ្លែងថា អង្គការលីកាដូ នឹងបើកការស៊ើបអង្កេតជុំវិញករណីនេះ។
ទន្ទឹមគ្នានេះ លោកទាមទារ ឲ្យមានការការពារសុវត្ថិភាពជូនសកម្មជនគណបក្សសង្គ្រោះជាតិ៖ «បើ
សិនជាមានករណីកើតឡើងដូចជាការអះអាងខាងគណបក្សអ៊ីចឹងមែន
នេះយើងគិតថា
ជាអំពើគំរាមកំហែងខាងផ្នែកនយោបាយដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព
អ្នកដែលចូលរួមគាំទ្រគណបក្សដែលមិនមែនជាគណបក្សកាន់អំណាច។
ក្នុងនាមអង្គការលីកាដូ
សុំឲ្យសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ដើម្បីការពារសុវត្ថិភាពជន
រងគ្រោះ ហើយស្រាវជ្រាវរកជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់»។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយកន្លងទៅ
ថ្មីៗនេះ សកម្មជនគណបក្សសង្គ្រោះជាតិប្រចាំស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ
ក៏ត្រូវជនមិនស្គាល់មុខគំរាមសម្លាប់តាមទូរស័ព្ទមួយគ្រួសារ
ហើយក៏មានការលួចដុតបំផ្លាញលំនៅឋានថែមទៀត។
ប៉ុន្តែរហូតមកដល់ពេលកងកម្លាំងមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ
នៅពុំទាន់រកឃើញជនប្រព្រឹត្តិនោះនៅឡើយ៕
No comments:
Post a Comment