A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 2 June 2013

Villagers: A manager of a Vietnamese company evicted Khmer people from their land អ្នក​ភូមិ៖ មេការ​ក្រុមហ៊ុន​វៀតណាម​បាញ់​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី

ជម្លោះ​ដណ្ដើម​ដី​រវាង​ពលរដ្ឋ​ជាង ២០០​គ្រួសារ​និង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក២ (Bin Phoeuk2) នៅ​តែ​បន្ត​កើត​មាន បើ​ទោះ​បី​អ្នក​ភូមិ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​ យ៉ាង​ណា​ក្ដី។
ដោយ រដ្ឋា វីសាល RFA
2013-06-02
ដី​សម្បទាន ក្រចេះ ៣០៥
ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដែល​ផ្ដល់​ទៅ​ឲ្យ​ ក្រុមហ៊ុន​ឯកជន នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។ រូបថត​ថ្ងៃ​១៣ ឧសភា ឆ្នាំ​២០១៣
RFA/Den Ayuthyea
ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ពាមប៉ោអូរបី ជា​ភូមិ​ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី ឃុំ​​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ អះអាង​ថា មេការ​​និង​បុគ្គលិក​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក២ នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​កងរាជអាវុធហត្ថ បាញ់​បណ្ដេញ​ប្រជាពលរដ្ឋ​កំពុង​ដាំ និង​ប្រមូល​ផល​ដំឡូង​លើ​ដី​អ្នក​ភូមិ​ដែល​ក្រុមហ៊ុន​ដណ្ដើម​យក។
ប្រជាពលរដ្ឋ​ឈ្មោះ វុធ ធី អាយុ ៤៨​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ប្រមាណ ២០​នាក់ ខ្លះ​កំពុង​ប្រមូល​ផល​ដំឡូង ខ្លះ​កំពុង​ដាំ​ដំឡូង បាន​រត់​ខ្ចាត់ខ្ចាយ បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាញ់​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ដី។
លោក​បន្ត​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​កង​កម្លាំង​រាជរដ្ឋាភិបាល​អ្នក​យាម​ ការពារ​ក្រុមហ៊ុន​បរទេស​រំលោភ​យក​ដី​ប្រជាពលរដ្ឋ៖ «ពេល​កំពុង​ដេញ​បាញ់​ ខ្ញុំ​មាន​តែ​ប៉េអឹម​ម្នាក់ ហើយ​និង​យួន បី​បួន​នាក់។ អា​អ្នក​បាញ់​ហ្នឹង​ប៉េអឹម កាំភ្លើង​អាកា​ស្វ័យ​វែង។ បាញ់​ផ្ទុះ​មួយ​គ្រាប់ ខ្ញុំ​ភ័យ​ចេះ​តែ​រត់ ខ្ញុំ​ភ័យ ខ្ញុំ​រត់​ទៅ​ជង់​ដើម​ទ្រូង​នឹង​ដើម​ឈើ»
ដូច​គ្នា​នេះ​ដែរ ស្ត្រី​ជា​អ្នក​ភូមិ​នៅ​ក្នុង​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា នេះ​ជា​លើក​ទី​៥​ហើយ​ដែល​ក្រុមហ៊ុន​វៀតណាម​នេះ ប្រើប្រាស់​កង​ប្រដាប់​អាវុធ​បាញ់​គំរាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ដី​ ចម្ការ​របស់​អ្នក​ភូមិ។
ស្ត្រី​ដដែល​បន្ត​ថា ដី​នេះ​គឺ​ជា​ដី​ដែល​អ្នក​ភូមិ​បាន​កាប់​រាន​មុន​ពេល​ក្រុមហ៊ុន​ទទួល​បាន​ដី ​សម្បទាន​នៅ​តំបន់​នោះ ហើយ​រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​គោរព​គោលការណ៍​នេះ​ឡើយ៖ «ភ្នាក់ងារ ​ក្រុមហ៊ុន ប៊ិញ ភឿក២ វៀតណាម គាត់​មក​ទប់​ស្កាត់​មិន​ឲ្យ​ដាំ គាត់​ដើរ​ដក​ដំឡូង​ប្រជាពលរដ្ឋ​ចោល។ ប្រជាពលរដ្ឋ​ខ្លះ​គេ​រត់​ខ្ចាត់ខ្ចាយ​នៅ​ពីរ​នាក់​ប្តី​ប្រពន្ធ​គេ​ដេញ​ បាញ់»

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ក្រុមហ៊ុន ប៊ិញ ភឿក២ បាន​យក​គ្រឿងចក្រ​ចំនួន ៥​គ្រឿង និង​ប្រើ​កម្មករ​ជនជាតិ​​វៀតណាម អម​ដោយ​​កង​ប៉ូលិស កងរាជអាវុធហត្ថ និង​ទាហាន​ប្រដាប់អាវុធ​ការពារ​ក្រុមហ៊ុន ដើម្បី​រារាំង​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា។ ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា បាន​ដាក់​ញត្តិ​សុំ​ជំនួយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ផ្ដល់​ដី​ជូន​អ្នក​ភូមិ និង​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន​នេះ​ ជា​បន្ទាន់។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា មិន​អាច​ទាក់​ទង​ស្វែង​រក​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក២ សុំ​អធិប្បាយ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​អភិបាល​ស្រុក​ស្នួល លោក គង់ គីមនី មាន​ប្រសាសន៍​ថា លោក​ជាប់​ប្រជុំ។
យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ក្រចេះ លោកស្រី ធីម ណារីម បាន​កត់​សំគាល់​ថា ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ។
អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ដោះស្រាយ​ បញ្ហា​ជូន​ប្រជាពលរដ្ឋ​កុំ​ឲ្យ​បញ្ហា​នេះ​នៅ​រ៉ាំរ៉ៃ​យូរ​ត​ទៅ​ទៀត៖ «សង្គម ​ស៊ីវិល​យើង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ថា ភាព​យឺតយ៉ាវ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ វា​អាច​ក្លាយ​ទៅ​ជា​អំពើ​ហិង្សា​ណា​មួយ​ដែល​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​និង​ ក្រុមហ៊ុន​មក​ដល់​បច្ចុប្បន្ន​នេះ»
បន្ទាប់​ពី​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ចេញ​ផ្សាយ​នៅ​ខែ​ឧសភា នេះ​ថា ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai) វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​និង​មាន​សាខា​ក្រុមហ៊ុន​វៀតណាម ចំនួន ៦ បាន​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​មនុស្ស និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា រួច​មក​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​លើ​សកល​លោក បាន​តវ៉ា​សុំ​ឲ្យ​ក្រុម​បាល់​ទាត់​របស់​អង់គ្លេស គឺ​ក្រុម អាស៊ើណល (Arsenal) ផ្ដាច់​ការ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​វៀតណាម មួយ​នេះ។ បច្ចុប្បន្ន​អ្នក​ចុះ​ឈ្មោះ​គាំទ្រ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) កើន​ឡើង​ដល់​ជាង ១.៤០០​នាក់​ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

If the land is within the land concession, there is nothing illegal about that. If the land is not within the land concession, you have every rights to file a lawsuit. Obey the laws.