A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 June 2013

The first day of election campaign បក្ស​នយោបាយ​ចាប់​ផ្ដើម​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង

យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្ត្រ ​នីតិកាល​ទី​៥ ត្រូវ​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា នេះ។ ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង ៨ គេ​ឃើញ​មាន​គណបក្ស​នយោបាយ​ធំៗ​ពីរ មាន​​កម្មភាព​លេចធ្លោ​ជាង​គេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។
ដោយ ទីន ហ្សាការីយ៉ា និង ដែន អយុធ្យា RFA
2013-06-27
ឃោសនា ២០១៣ ៦១០
ក្បួន​ដង្ហែ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ដំបូង នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១៣។
RFA
គណបក្ស​ប្រជាជន​កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ បាន​ជ្រើសរើស​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នេះ​ជា​មួយ​ថ្ងៃ​ចាប់​ផ្ដើម​ឃោសនា​បោះ​ឆ្នោត​តែម្ដង នៅ​កោះពេជ្រ។
ក្បួន​រថយន្ត​និង​ម៉ូតូ​ដង្ហែ​ចេញ​ពី​មជ្ឈមណ្ឌល​កម្សាន្ត​កោះពេជ្រ ដែល​ជា​ទីកន្លែង​ជួប​ជុំ​គ្នា​នៅ​ក្នុង​វេទិការ​ជួបជុំ​គ្នា​របស់​ថ្នាក់​ ដឹកនាំ​កំពូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​គាំទ្រ​ប្រមាណ ១​ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា ដែល​ជា​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ដំបូង។ ក្បួន​ដង្ហែ​នោះ​មាន​តុបតែង​លំអ​ទង់ជាតិ ទង់​គណបក្ស ស្លាក​សញ្ញា​របស់​គណបក្ស និង​មាន​រូប​ផ្ទាំង​ស្លាក​សញ្ញា ឬ​និម្មិត​សញ្ញា​គណបក្ស រូប​ទេវតា​បាច​ផ្កា និង​លេខ​រៀង​ទី​៤ របស់​គណបក្ស​ប្រជាជន​ជាដើម។
នៅ​តាម​រថយន្ត​នីមួយៗ​នេះ បាន​ចាក់​ចម្រៀង​ខ្លះ​ទៀត​ច្រៀង​ផ្ទាល់​ដោយ​ក្រុម​សិល្បករ​មួយ​ចំនួន ក្រៅ​ពី​នេះ ក្រុម​អ្នក​គាំទ្រ​បាន​ស្រែក​ថា ជយោ! គណបក្ស​ប្រជាជន​ដ៏​រុង​រឿង និង​ពោល​ពាក្យ​ស្លោក​ថា គណបក្ស​ប្រជាជន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ប្រជាពលរដ្ឋ ហើយ​ថា ហ៊ាន​ថា​ហ៊ាន​ធ្វើ ។ល។
នៅ​មុន​ពេល​ដង្ហែ​ក្បួន​ចេញ​ដំណើរ​ពី​កោះ​ពេជ្រ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ពិធី​រំលឹក​ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ជា​មុន​សិន ដែល​មាន​អ្នក​ដឹកនាំ​កំពូល​បក្ស​នេះ​ចូល​រួម ដូច​ជា​លោក ជា ស៊ីម ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ជា​អនុ​ប្រធាន លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស និង​ឥស្សរជន​ជាន់​ខ្ពស់​ផ្សេងៗ​ទៀត។

ប្រធាន​កិត្តិយស លោក ហេង សំរិន និង​ជា​គណៈកម្មការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ និង​សន្យា​ថា បើ​សិន​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត គណបក្ស​ប្រជាជន​នឹង​បន្ត​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ លើស​ពី​នេះ​ទៀត លោក ហេង សំរិន អះអាង​ថា គណបក្ស​ប្រជាជន ធានា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​យុត្តិធម៌​សង្គម​ត្រូវ​បាន​ការពារ ពង្រឹង និង​លើក​ស្ទួយ​ជានិច្ច។
ការ​សន្យា​របស់​មេដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​យុត្តិធម៌​សង្គម​នេះ នៅ​ខណៈ​ដែល​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​រាយការណ៍​អំពី​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ និង​បញ្ហា​ផ្សេងៗ​ទៀត​កំពុង​កើត​មាន។ ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ជា​ឧទាហរណ៍​ថា សកម្មជន​ដីធ្លី អ្នកស្រី យ៉ោម បុប្ឆា កំពុង​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។
យ៉ាង​នេះ​ក្ដី លោក ហេង សំរិន បាន​ប្រកាស​នូវ​គោលការណ៍​ធំៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១១​ខ សំខាន់ៗ គឺ​បន្ត​ជំរុញ​កំណែ​ទម្រង់​រដ្ឋ​ដ៏​ស៊ី​ជម្រៅ និង​ទូលំទូលាយ ដើម្បី​ធានា​អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​ដោយ​ចិរភាព រួម​មាន​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ កំណែ​ទម្រង់​ច្បាប់ ប្រព័ន្ធ​យុត្តិធម៌ ប្រឆាំង​អំពើ​ពុករលួយ ដីធ្លី ជលផល ព្រៃឈើ ព្រម​ទាំង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ បរិស្ថាន និង​ផ្សេងៗ​ទៀត។
ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​អំណាច​ជា​ច្រើន​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​កំណែ​ទម្រង់​នៃ​ការ​ដឹក​នាំ​ប្រទេស​មិន​ សូវ​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ក្នុង​នោះ​មាន​ទិទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​អង្គការ​ឃ្លាំមើល​ពិភពលោក ឈ្មោះ គ្លបល វីតនេស (Global witness) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​បរទេស​កំពុង​បង្ក​វិបត្តិ​ដីធ្លី និង​បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​ សេដ្ឋកិច្ច។
អ្នក​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​នេះ​ថា គាត់​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​គណបក្ស​នេះ​ធ្វើ​សាលារៀន មន្ទីរពេទ្យ ស្ពានថ្នល់ និង​សមិទ្ធផល​ផ្សេងៗ​ទៀត។
ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​លើក​នេះ មាន​ស្ថានភាព​ខុស​ប្លែក​ជាង​ពី​ពេល​មុន គឺ​មាន​ក្រុម​យុវជន និង​ក្រុម​សិល្បករ​មួយ​ចំនួន​បាន​មក​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​ ជួយ​រក​សំឡេង​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ។ ក្នុង​នោះ ឃើញ​មាន​ក្រុម​កំប្លែង​ល្បីៗ​ដែរ រួម​មាន នាយ​ក្រឹម និង​នាយ​កុយ​ជាដើម ដែល​គេ​ដាក់​គ្រឿង​ឧបករណ៍​តន្ត្រី​នៅ​លើ​រថយន្ត​ធំ ដង្ហែ​ជា​ក្បួន និង​ច្រើន​ស្រែក​បំពង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ជួយ​បោះ​ឆ្នោត​ជូន​គណបក្ស​ ប្រជាជន​កម្ពុជា។
ក្រៅ​ពី​គោលការណ៍​សំខាន់​ទាំង ១១​ចំណុច​នោះ សារ​នយោបាយ​សំខាន់ៗ​ទៀត គឺ​ក្រុម​អ្នក​គាំទ្រ​បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​ថា បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​គាំទ្រ​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹក​នាំ​ការ​តស៊ូ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យ​ពូជ​សាសន៍ ទទួល​បាន​ជ័យជំនះ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាដើម។
គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ដំបូង​របស់​ ខ្លួន ដោយ​មាន​សមាជិក​គាំទ្រ​ចូល​រួម​ហែ​ក្បួន​ច្រើន​ជាង ១​ម៉ឺន​នាក់។ នេះ​ជា​កា​ឃោសនា​ជា​ផ្លូវការ​របស់​គណបក្ស​នយោបាយ ដើម្បី​បញ្ជូន​សារ​នយោបាយ​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​អំពី​ ភាព​ខ្លាំង​របស់​គណបក្ស និង​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​បាន​ច្រើន។
ក្នុង​ថ្ងៃ​ឃោសនា​ជា​ផ្លូវការ​ដំបូង គឺ​ថ្ងៃ​ទី​២៧ មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស ​បាន​​យក​ទីតាំង​ចំនួន​ពីរ​កន្លែង ដើម្បី​ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ​របស់​ខ្លួន គឺ​នៅ​​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល និង​នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ។ ពិធី​នេះ​មាន​មនុស្ស​ចូល​រួម​រាប់​ម៉ឺន​នាក់ និង​មាន​ដង្ហែ​ក្បួន​តាម​រថយន្ត ឬ​ម៉ូតូ​កាត់​តាម​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ផង។
ពិធី​ជួបជុំ ឬ​ក្បួន​ដង្ហែ​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​យក​គោល​នយោបាយ​សំខាន់ៗ មាន​ដូច​ជា​បើ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត នឹង​ប្ដេជ្ញា​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី​ឲ្យ​គង់វង្ស និង​រួម​រស់​ដោយ​សន្តិភាព​​ជាមួយ​ប្រទេស​ជិត​ខាង​ជាដើម។
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​ឃោសនា បាន​អំពាវនាវ​ទៅ​ម្ចាស់​ឆ្នោត​ថា បើ​បក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះ​ឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី​៥ រាជ​រដ្ឋាភិបាល​ដែល​នឹង​បង្កើត​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាត់​វិធានការ​បន្ទាន់ ​​លុប​បំបាត់​អំពើ​ពុករលួយ​ដែល​នាំ​ឲ្យ​កើត​មាន​អយុត្តិធម៌​សង្គម​និង​ភាព​ ក្រីក្រ។ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​កសាង​ប្រទេស​ឲ្យ​មាន​នីតិរដ្ឋ​តាម​រយៈ​តុលាការ​ស្អាតស្អំ។ ផ្តល់​ការងារ​ត្រឹមត្រូវ​ដល់​ពលរដ្ឋ តាម​រយៈ​ធានា​នូវ​ប្រាក់​ចំណូល​សមរម្យ ដោយ​កំណត់​ប្រាក់​បៀវត្ស​ទាប​បំផុត ៦០​ម៉ឺន​រៀល​ក្នុង​១​ខែ​សម្រាប់​កម្មករ និង​យ៉ាង​តិច ១​លាន​រៀល​សម្រាប់​មន្ត្រី​រាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កង​កម្លាំង​ប្រដាប់​អាវុធ​​ជាដើម។
ជាង​នេះ ពិធី​ឃោសនា ទាំង​ថ្នាក់​ដឹកនាំ និង​សមាជិក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ បាន​បន្ទរ​ដល់​ម្ចាស់​ឆ្នោត បោះ​ឆ្នោត​ផ្លាស់​ប្ដូរ​មេដឹកនាំ​ចាស់ ដើម្បី​ផ្លាស់​មេដឹកនាំ​ថ្មី​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ខាង​មុខ។
លោក កឹម សុខា៖ «យើង​គណបក្ស​សង្គ្រោះ​ជាតិ សូម​ធានា​ជូន​បង​ប្អូន​ជន​រួម​ជាតិ​ថា យើង​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ យើង​អត់​ធ្វើ​បដិវត្តន៍​ទេ យើង​អត់​ធ្វើ​សង្គ្រាម​ទេ យើង​ដូរ​តែ​មេដឹកនាំ​ទេ មន្ត្រី​រាជការ​នៅ​ដដែល។ យើង​កែ​ទម្រង់​ប្រទេស​ជាតិ​តាម​បែប​ប្រជាធិបតេយ្យ។ ជយោ​ភាព​ស្អាតស្អំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ! ដូរ​ឬ​មិន​ដូរ? ដូរៗ»
សមាជិក​គាំទ្រ ឬ​អ្នក​ចូល​រួម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​មន្ត្រី​បក្សនេះ អះ​អាង​​ថា មិន​មាន​ផ្ដល់​​​ជា​ថវិកា​ដល់​សមាជិក ឬ​អ្នក​ចូល​រួម​ទេ ហើយ​ថា ការ​ចូល​រួម​របស់​ម្ចាស់​ឆ្នោត ពិសេស​យុវជន គឺ​ចូល​រួម​ដោយ​ការ​ស្ម័គ្រ​ចិត្ត។
ជុំវិញ​យុទ្ធនាការ​ឃោសនា​នេះ​ដែរ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ ត្រូវ​ចូល​រួម​គោរព​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​រួម​គ្នា​ជំរុញ​ឲ្យ​យុទ្ធនាការ​ឃោសនា ឬ​ដំណើរ​ការ​បោះ​ឆ្នោត​​សភា​អាណត្តិ​ទី​៥ មាន​ដំណើរ​ការ​ល្អ និង​ជៀស​ផុត​ជម្លោះ​ផ្សេងៗ៖ «សូម​មេត្តា​រួម​គ្នា​ថែ​រក្សា​សន្តិសុខ​ សុវត្ថិភាព​នៃ​ការ​បោះ​ឆ្នោត​នេះ​បន្ត​ទៀត ជា​ពិសេស​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​​នេះ ដើម្បី​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​រលូន​ល្អ ត្រឹមត្រូវ​និង​យុត្តិធម៌​ស្រប​តាម​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត»
ទោះ​ជា​បែប​ណា ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ដំបូង គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ចម្រុះ​មក​ពី​ច្រើន​ស្ថាប័ន បាន​ដាក់​ពង្រាយ​តាម​ផ្លូវ ឬ​ទី​សាធារណៈ​គ្រប់​ច្រក​ល្ហក រង់​ចាំ​ការពារ​សុវត្ថិភាព សន្តិសុខ និង​ចរាចរណ៍ ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ហើយ​ថា ថ្ងៃ​ឃោសនា​ដំបូង​នេះ មិន​ឃើញ​កើត​មាន​អំពើ​ហិង្សា ឬ​ទំនាស់​កើត​ឡើង​រវាង​គណបក្ស​នយោបាយ​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ទេ។
យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ មាន​រយៈពេល ៣០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៣។ មាន​គណបក្ស​ចំនួន ៨ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​ថា សកម្មភាព​​ឃោសនា​​​​ដោយ​ឧបករណ៍​​បំពង​សំឡេង ត្រូវ​ហាម​ឃាត់​​ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់ ដល់​ម៉ោង ២​រសៀល។ គ្រប់​សកម្មភាព​​ឃោសនា​របស់​គណបក្ស​នយោបាយ​​ត្រូវ​ឈប់​សម្រាក​នៅ​ចន្លោះ​ពី​ ម៉ោង ១០​យប់ ដល់​ម៉ោង ៦​ព្រឹក។ ការ​ឃោសនា​ត្រូវ​ចប់ ២៤​ម៉ោង មុន​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់។ ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​​​២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: