A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 9 June 2013

People: "Protest against Kem Sokha staged by the government" “បាតុកម្ម​ប្រឆាំង​លោក កឹម សុខា រៀបចំ​ដោយ​រដ្ឋាភិបាល”

ពលរដ្ឋ​និង​សកម្មជន​សិទ្ធិ​មនុស្ស​មាន​ប្រសាសន៍​ថា ការ​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​ថ្ងៃ​៩ មិថុនា នេះ គឺ​ជា​ការ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល។
ដោយ វិជ័យ អានន្ទ RFA
2013-06-09
បាតុកម្ម កឹម សុខា​ ៦១០
៩-មិថុនា-២០១៣៖ ក្រុម​បាតុករ​បន្ទាប់​ពី​បាតុកម្ម​​​ប្រឆាំង​លោក កឹម សុខា នៅ​ក្រុង​តាខ្មៅរួច ត្រូវ​គេ​ចែក​អាវ​និង​មួក​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ពាក់​ដើម្បី​ទៅ​ជួប​ជុំ​គ្នា​នៅ​កន្លែង​ផ្សេង។
RFA/Leng Maly 
យុវជន​មួយ​ចំនួន​ដែល​មក​ពី​បណ្ដា​ខេត្ត​នានា ស្នាក់​តាម​វត្តអារាម នា​រាជធានី​ភ្នំពេញ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​នេះ ថា​ជា​ការ​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល។
យុវជន​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា មាន​បញ្ហា​អសកម្ម​ជា​ច្រើន​កើត​ឡើង​ក្នុង​សង្គម ដែល​គេ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​និង​ដោះស្រាយ។ យុវជន​ស្នាក់​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា រឿងរ៉ាវ​ទុក្ខ​ទារុណ​កើត​ឡើង​នៅ​ក្នុង​សង្គម​គេ​គួរ​ធ្វើ​សកម្មភាព​ជំរុញ​ រដ្ឋាភិបាល​ឲ្យ​ដឹក​នាំ​ប្រទេស​ដើរ​លើ​ផ្លូវ​ត្រូវ និង​ជំរុញ​នាវា​នេះ​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន។ ប៉ុន្តែ​ពលរដ្ឋ​បែរ​ជា​ចូល​រួម​ក្នុង​សកម្មភាព​រំលឹក​ឡើង​នូវ​រឿង​ដែល​កន្លង ​ផុត​ទៅ​ប្រមាណ​ជា ៣០​ឆ្នាំ​ទៅ​វិញ។
យុវជន​ដដែល​មាន​ប្រសាសន៍​ទៀត​ថា យុវជន​ស្នាក់នៅ​តាម​វត្ត​អារាម ភាគ​ច្រើន​ពួក​គាត់​ចូល​រួម​ក្នុង​សកម្មភាព​បាតុកម្ម​នេះ​ទាំង​ទើសទាល់ ព្រោះ​ពួក​គាត់​ខ្លាច​ត្រូវ​បណ្ដេញ​ពួកគាត់​ចេញ​ពី​វត្ត​អារាម ប៉ះពាល់​ការ​សិក្សា​របស់​គាត់​ដែល​មិន​ទាន់​បញ្ចប់។

ស្រប​ពេល​នេះ​ដែរ គេ​សង្កេត​ឃើញ​មាន​បណ្ដាញ​វិទ្យុ និង​ទូរទស្សន៍​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​​ដោយ ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​សកម្មភាព​បាតុកម្ម​នេះ នៅ​គ្រប់​ខេត្ត រួម​ទាំង​​ទូរទស្សន៍​ជាតិ​​​ផង។
ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ចោទ​ថា បាតុកម្ម​នេះ​រៀប​ចំឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។
អ្នក​សម្របសម្រួល​នៃ​សមាគម​អាដហុក ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ការ​ចូល​រួម​ក្នុង​ទិវា​កូដកម្ម​នៅ​ថ្ងៃ​៩ ខែ​មិថុនា នេះ លោក​សង្កេត​ឃើញ​ថា ពលរដ្ឋ​ដែល​ចូល​រួម​ភាគ​ច្រើន​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​បាន​កៀរគរ​ពួកគាត់​ ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​នេះ។
ទោះ​យ៉ាង​ណា លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​មិន​គួរ​យក​ពលរដ្ឋ​ធ្វើ​ជា​ឈ្នាន់​នយោបាយ​ដើម្បី​ប្រយោជន៍​ ខ្លួន​នោះ​ឡើយ ព្រោះ​ការ​ប្រើ​ពលរដ្ឋ​ជា​ឈ្នាន់​នយោបាយ ពលរដ្ឋ​បាន​ឆ្លង​កាត់​ម្ដង​រួច​ហើយ ដែល​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចូល​វិនាសកម្ម​ដល់​ចំណុច​សូន្យ។
ឆ្លើយ​តប​នឹង​​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​​ថា ការ​ចោទ​ប្រកាន់​នោះ​មិន​ពិត​ទេ។ លោក​សង្កត់​ធ្ងន់​ថា ធម្មតា​ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ទាំង​អស់។ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ធ្វើ​កូដកម្ម មិន​ថា​ពលរដ្ឋ​នោះ​មាន​និន្នាការ​ទៅ​រក​បក្ស ឬ​រដ្ឋាភិបាល​នោះ​ទេ។
ការ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៣ កើត​ឡើង​នៅ​បន្ទាប់​ពី​អនុ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ​ត្រូវ​បាន​មេដឹកនាំ​រដ្ឋាភិបាល​ចោទ​ថា លោក កឹម សុខា ថ្លែង​ថា គុក​ទូល​ស្លែង គឺ​គុក​សិប្បនិមិត្ត មិន​មែន​កើតឡើង​ដោយសារ​ស្នាដៃ​ខ្មែរ​ក្រហម ដឹក​នាំ​ដោយ ប៉ុល ​ពត ​នោះ​ទេ។ តែ​លោក កឹម សុខា បដិសេធ​ថា លោក​មិន​បាន​និយាយ​ដូច្នេះ​ទេ។
ទាក់ទង​នឹង​ការ​ថ្លែង​របស់​លោក កឹម សុខា នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ស្នើ​រដ្ឋ​សភា​សុំ​បង្កើត​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​ណា​ ដែល​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ នឹង​ត្រូវ​ផ្ដន្ទាទោស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: