A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 20 June 2013

People accused officials from the ruling party of threatening opposition officials មន្ត្រី​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​គំរាម​មន្ត្រី​បក្ស​ផ្សេង​នៅ​ខេត្ត​តាកែវ

នៅ​រៀង​រាល់​មុន​ការ​បោះឆ្នោត មន្ត្រី​ខ្លះ​តែង​តែ​តវ៉ា​ថា មន្ត្រី​គណបក្ស​កាន់​អំណាច​តែង​តែ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គំរាម​ទៅ​លើ​ អ្នក​គាំទ្រ​គណបក្ស​ដែល​ជា​ដៃគូ​ប្រកួត។ មន្ត្រី​ទាំង​នោះ​បាន​កៀរគរ​ដោយ​វិធី​បញ្ចុះបញ្ចូល​សន្យា​ផ្តល់​លុយ ដើម្បី​ឲ្យ​គេ​ចូល​ជាមួយ​គណបក្ស​ខ្លួន ឬ​ឲ្យ​បោះបង់​តំណែង​ឈរ​ឈ្មោះ ឬ​ឈប់​ចូលរួម​បោះឆ្នោត​ជាដើម។
ដោយ អ៊ុក សាវបូរី RFA
2013-06-18
ជាក់ស្តែង​នៅ​ក្នុង​ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្ត​តាកែវ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ឃុំ បាន​គំរាម​បេក្ខជន​មេ​ភូមិ​គណបក្ស​សង្គ្រោះ​ជាតិ។
បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី ខេត្ត​តាកែវ គំរាម​គាត់​ថា បើ​នៅ​បន្ត​ធ្វើ​ការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​បញ្ហា​នៅ​ថ្ងៃ​មុខ។
លោក ហឹម ហាក់ បេក្ខជន​មេ​ភូមិ​សាមគ្គី របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា លោក ហ៊ន វី ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​អង្គរបុរី ប្រាប់​គាត់​ឲ្យ​យក​ប្រាក់ ៥០០​ដុល្លារ ហើយ​ឈប់​ធ្វើ​ការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​អះអាង​ថា លោក ហ៊ន វី បាន​ប្រើ​ពាក្យ​នេះ​មក​លើ​គាត់ កាល​ពី​រសៀល​ថ្ងៃ​ទី១៨ ខែ​មិថុនា ថា​នឹង​មាន​បញ្ហា បើ​គាត់​បន្ត​ឈរ​ឈ្មោះ​បេក្ខជន​ភូមិ។
លោក ហឹម ហាក់៖ «ដំណាក់​កាល​ជិត​បោះឆ្នោត​ហ្នឹង ខ្ញុំ​ព្រួយ​បារម្ភ​ក្នុង​ចិត្ត​ដែរ ព្រោះ​បញ្ហា​ខ្ញុំ​ហ្នឹង ទើប​អាណត្តិ​ហ្នឹង​ដែល គេ​ចង់​ល​ខ្ញុំ​តាំង​ពី​អាណត្តិ​មុន​នោះ តែ​អត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដូច​ឥឡូវ​ទេ។ បើ​សិន​ជា​យើង​មិន​ចូល​ទៅ​គេ ច្បាស់​ជា​ថ្ងៃ​ក្រោយ​មាន​គ្រោះថ្នាក់​អី​អា​ហ្នឹង​មិន​ដឹង​ទេ ព្រោះ​គេ​បោះ​សម្ដី​មក​ល្ងាច​មិញ សម្ដី​ហ្នឹង​វា​ធ្ងន់ធ្ងរ​ណាស់ អីចឹង​ហើយ​បាន​ជា​គេ​ទិញ​ខ្ញុំ​អត់​បាន។ ដល់​ទី​ចុង​បំផុត គេ​គំរាម បើ​សិន​ថា បើ​ខ្ញុំ​មិន​ព្រម​ចូល​ទេ ថ្ងៃ​ក្រោយ​មាន​បញ្ហា​ដល់​ខ្លួន​ខ្ញុំ»
ឆ្លើយ​តប​នឹង​ការ​ចោទ​នោះ លោក ហ៊ន វី ថ្លែង​ថា គាត់​និយាយ​លេង​ជាមួយ​បង​ប្អូន​ជីដូន​មួយ​នៅ​ពេល​ផឹក​ស្រា​ជាមួយ​គ្នា។ គាត់​មិន​បាន​គំរាម​កំហែង ឬ​អូស​ទាញ​លោក ហឹម ហាក់ នោះ​ទេ៖ «អត់​ទេ មិន​មែន​ជា​ការ​ពិត​ទេ អា​នោះ​កុំ​ខ្លាច​ខ្ញុំ​គំរាម ធ្វើ​បាប​ធ្វើ​អី​នោះ គ្មាន​ទេ​វា​សុទ្ធ​តែ​គ្នា​យើង ហើយ​បែក​គ្នា​ទៅ​វិញ​ទៅ​មក»

អនុ​ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គរបុរី លោក សៅ សឿន ថ្លែង​ថា សមត្ថកិច្ច​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ការ​គំរាម​កំហែង​របស់​ មន្ត្រី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត​នៅ​ឡើយ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​អង្គរបុរី លោក អ៊ុំ គាវ ថ្លែង​ថា លោក​កំពុង​ពិភាក្សា​ជាមួយ​ជន​រងគ្រោះ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​គណបក្ស​ប្រជាជន ដែល​ប្រើ​អំណាច​អូស​ទាញ​សកម្មជន​គណបក្ស​ផ្សេង​ទៅ​ចូលរួម​គណបក្ស​ប្រជាជន​ កម្ពុជា ដោយ​វិធី​បោកប្រាស់​ឲ្យ​យក​ប្រាក់​ជាដើម។
ជំទប់​ទី១ ឃុំ​អង្គរបុរី លោក ហួត ចាំ ថ្លែង​ថា ក្នុង​ឃុំ​នេះ​មិន​ធ្លាប់​មាន​ករណី​គំរាម​កំហែង ឬ​មាន​អំពើ​ហិង្សា​រវាង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ទេ។ លោក​ទើប​បាន​ទទួល​ពាក្យ​ប្ដឹង​ផ្ទាល់​មាត់​ពី​លោក ហឹម ហាក់ គឺ​ថា​លោក ហ៊ន វី បាន​គំរាម​គាត់​កាល​ពី​រសៀល​ថ្ងៃ​ទី១៨ ថា​នឹង​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ បើ​លោក ហឹម ហាក់ បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា​នេះ អាជ្ញាធរ​ឃុំ​នឹង​ឃ្លាំ​មើល​សកម្មភាព​អ្នក​ទាំង​ពីរ ក្រែង​មាន​អំពើ​ហិង្សា​អាច​កើត​មាន​ឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: