A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 17 June 2013

Border activists ask the government to look into the loss of Cambodian territory and islands អ្នក​ឃ្លាំមើល​ព្រំដែន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ការ​បាត់បង់​ទឹក​ដី​និង​កោះ​ខ្លះ

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដាក់​លិខិត​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ចំពោះ​ពាក្យ​ថា កម្ពុជា​មិន​​អាច​យក​ទឹក​ដី និង​កោះ​របស់​ខ្មែរ​ដែល​បាន​បាត់បង់​ទៅ​ឲ្យ​​ប្រទេស​ជិត​ខាង​មក​កម្ពុជា វិញ​បាន​ទេ។
ដោយ ដែន អយុធ្យា RFA
2013-06-17
រ៉ុង ឈុន ព្រំដែន ៣០៥
១៧-មិថុនា-២០១៣៖ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន លើក​សៀវភៅ​ភូមិវិទ្យា​ថ្នាក់​ទី​៧ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​មាន​និយាយ​អំពី​កោះត្រល់ ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea 
 
អ្នក​ឃ្លាំមើល​ព្រំដែន​បាន​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ពិចារណា​ចំពោះ​ការ​ បាត់បង់​ទឹក​ដី និង​កោះ​មួយ​ចំនួន​ដែល​ក្រុមប្រឹក្សា​ឃ្លាំ​មើល​​ក្នុង​ស្រុក​មួយ​នេះ​អះអាង ​ថា បាត់បង់​ដោយសារ​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​ជា​ថ្មី។
លិខិត​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​មិថុនា មាន​ខ្លឹមសារ​ថា កន្លង​មក​ប្រមុខ​​រាជរដ្ឋាភិបាល​តែង​បាន​លើក​​ឡើង​ថា កម្ពុជា​មិន​អាច​យក​ទឹកដី និង​កោះ​របស់​ខ្មែរ​ដែល​បាត់​ពី​ប្រទេស​ថៃ និង​វៀត​ណាម មក​វិញ​បាន​ទេ ព្រោះ​ការ​បាត់បង់​ទឹកដី និង​កោះ​ទាំង​នោះ បាន​បាត់​តាំង​ពី​យូរ​លង់​មក​ហើយ។
លិខិត​ដដែល​បាន​អះអាង​ថា ការ​ពិត ប្រទេស​កម្ពុជា នៅ​តែ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទាមទារ​ទឹក​ដី និង​កោះ​ពី​ការ​ឈ្លាន​ពាន​​មក​វិញ​បាន​គ្រប់​ពេល ទោះ​បី​ការ​បាត់​បង់​នោះ​អូស​បន្លាយ​ពេល​យូរ​​ក៏ដោយ ក៏​មិន​ផុត​អាជ្ញាយុកាល​នោះ​ទេ ហើយ​ថា ទឹក​ដី និង​កោះ​ទើប​តែ​បាត់បង់​ក្នុង​ចន្លោះ​ទសវត្ស​១៩៨០ ទៅ​ទសវត្ស​២០១០ ដែល​ប្រទេស​ជិត​ខាង​ឈ្លាន​ពាន​ចូល​ក្នុង​អធិបតេយ្យភាព​បូរណភាព​ទឹក​ដី​នៃ​ កម្ពុជា ជា​បន្តបន្ទាប់​ ដូចជា​ករណី​កោះត្រល់ ដែល​ទើប​បាត់បង់​ក្នុង​ពេល​ថ្មីៗ​ជាដើម។
ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​ក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មិថុនា លោក រ៉ុង ឈុន បាន​បង្ហាញ និង​លើក​យក​ឯកសារ​​សៀវភៅ​មេរៀន​ភូមិវិទ្យា​ថ្នាក់​ទី​៧ សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា គ្រឹះស្ថាន​បោះ​ពុម្ព​លើក​ទី​៣ ចំនួន ៥​ម៉ឺន​ច្បាប់ ដោយ​នៅ​ក្នុង​មេរៀន​​​ទី​២ អំពី​សណ្ឋានដី និង​ភោគ​ទ្រព្យ​រ៉ែ ក្នុង​ទំព័រ ១៤ និង ១៥ នៃ​សៀវភៅ​នេះ បាន​និយាយ​អំពី​ក្រុម​កោះ នៅ​វាក្យ​ខណ្ឌ ៣ នៃ​ទំព័រ ១៥ ក៏​មាន​កោះត្រល់ នៅ​ក្នុង​ក្រុម​កោះ​នោះ​ដែរ ដែល​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ​រៀន និង​ចង​ចាំ​ច្បាស់​ថា កោះត្រល់​គឺ​ជា​របស់​ខ្មែរ។
លោក រ៉ុង ឈុន៖ «ប៉ុន្តែ​បើ​យើង​ស្ដាប់​រាល់​ការ​លើក​ឡើង​របស់​ថ្នាក់​ ដឹកនាំ​កម្ពុជា យើង​ថា កោះត្រល់​ហ្នឹង​បាន​បាត់បង់​តាំង​ពី​សម័យ​ឆ្នាំ​មុន​ទសវត្ស ឆ្នាំ​១៩៩៦០ សម័យ​អតីត​ព្រះ​មហា​វីរក្សត្រ​គ្រប់គ្រង។ តាម​ការ​ពិត កោះត្រល់​នេះ​បើ​យើង​មើល​ទើប​តែ​បាត់​ថ្មីៗ បន្ទាប់​ពី​ការ​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០០៥ នេះ​ទេ ទៅ​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល​កោះត្រល់​បាន​បាត់បង់​ជា​ស្ថាពរ»

ផ្អែក​តាម​ឯកសារ​នេះ លោក រ៉ុង ឈុន ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​លើក​បញ្ហា​ទឹកដី និង​កោះ​របស់​ខ្មែរ​ដែល​បាន​​បាត់​បង់​ពី​ការ​ឈ្លានពាន​ទៅ​ឲ្យ​ប្រទេស​ជិត​ ខាង ដាក់​ជូន​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស អំពី​បញ្ហា​កម្ពុជា ថ្ងៃ​ទី​​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ជួយ​អន្តរាគមន៍៖ «បើ ​យើង​មើល​ចម្ងាយ​ពី​ប្រទេស​យើង​ទៅ​កោះ​ត្រល់ ប្រមាណ​ជា ១៥​គីឡូម៉ែត្រ ហើយ​បើ​យើង​មើល​ចម្ងាយ​ពី​ច្រាំង​នៃ​ប្រទេស​យួន មក​កោះ​ត្រល់ ៤៥​គីឡូម៉ែត្រ។ អ៊ីចឹង​បើ​យើង​ងាក​ទៅ​មើល​ច្បាប់​អន្តរជាតិ កោះ​ណា​ដែល​នៅ​ជិត​ត្រើយ​នៃ​ប្រទេស​នោះ កោះ​ហ្នឹង​ជា​កោះ​ប្រទេស​ហ្នឹង​ហើយ។ អ៊ីចឹង​បើ​យើង​មើល​ពី​ចម្ងាយ​របស់​ប្រទេស​យើង​ទៅ​កោះ​ត្រល់ ហើយ​ពី​ប្រទេស​វៀតណាម មក​កោះ​ត្រល់ យើង​ឃើញ​ថា កោះ​ត្រល់​ចង្អុល​បង្ហាញ​ច្បាស់ គឺ​ជា​កោះ​របស់​ខ្មែរ​យើង»
វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​ដើម្បី​បំភ្លឺ​បញ្ហា​នេះ​តាម​ ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន។ ទោះ​យ៉ាង​ណា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​ចំណាយ​ពេល​ជាង ៥​ម៉ោង​នៅ​ក្នុង​វេទិកា​រដ្ឋ​សភា ដើម្បី​បំភ្លឺ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​គោក និង​ការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា​និង​វៀតណាម។
លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «ខ្ញុំ​សូម​លើក​ឡើង​នូវ​ជំហរ​ដ៏​ ត្រឹមត្រូវ និង​ភ្លឺស្វាង​មួយ​របស់​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​បញ្ជាក់​នៅ​ក្នុង​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៩៩ ថា ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល បាន​បាត់​បង់​រួច​​ទៅ​ហើយ។ បន្ទាប់​មក​គឺ​កោះ​ត្រល់ ដែល​វៀតណាម ឲ្យ​ឈ្មោះ​ថា ហ្វូកុក និង​កោះ​មួយ​ចំនួន​ដែល​ឋិត​នៅ​ខាង​ត្បូង​ខ្សែ​បន្ទាត់ ប្រេវីយ៉េ ក៏​បន្ត​បាត់​ត​ទៅ​ទៀត ដោយសារ​តែ​សារាចរ​របស់​លោក​អគ្គទេសាភិបាល​បារាំង ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​១៩៣៩»
លោក ហ៊ុន សែន​ មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​១៩៣៩ អគ្គទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង គឺ​លោក ប្រេវីយ៉េ បាន​ដាក់​កោះត្រល់ ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម (កូសាំងស៊ីន)។ នៅ​ឆ្នាំ​១៩៤៩ កូសាំងស៊ីន (ដែល​ជា​ទឹកដី​កម្ពុជា​ក្រោម) ត្រូវ​បាន​បារាំង ប្រគល់​​ទៅ​ឲ្យ​ព្រះចៅ​បៅដាយ។ នៅ​ឆ្នាំ​១៩៦៤ សម្ដេច​ព្រះ នរោត្ដម សីហនុ បាន​យក​ផែនទី​ខ្សែ​ប្រេវីយ៉េ ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​​អង្គការ​សហ​ប្រជាជាតិ ហើយ​ស្នើ​សុំ​ឲ្យ​អន្តរជាតិ និង​ប្រទេស​សាមី​ទទួល​ស្គាល់​ថា ជា​ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និង​វៀត​ណាម។
ទោះ​យ៉ាងណា ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រចាំ​ប្រទេស​បារាំង និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៃ​របប​សាធារណរដ្ឋ​ខ្មែរ លោក ស៊ាន ប៉េងសែ ធ្លាប់​មាន​ប្រសាសន៍​ថា កោះ​ត្រល់​នៅ​តែ​ជា​កោះ​របស់​ខ្មែរ ពីព្រោះ​ប្រទេស​វៀតណាម បាន​ទន្ទ្រាន​កាន់​កាប់​កោះ​នេះ​ដោយ​ខុស​ច្បាប់ ហើយ​ថា កម្ពុជា​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ទាមទារ​កោះត្រល់​មក​វិញ។
លោក ស៊ាន ប៉េងសែ៖ «កោះ​ត្រល់​ហ្នឹង​ទើប​តែ​នឹង​បាត់​នៅ​ឆ្នាំ​១៩៨២។ បាត់​ហ្នឹង គឺ​បាត់​តាម​ផ្លូវ​ការ ពីព្រោះ​ពី​ដើម​មក​ហ្នឹង ដូចជា​ស្ដេច​ជ័យជេដ្ឋាទី២ ដែល​បាន​ឲ្យ​យួន មក​នៅ​ស្រុក​ខ្មែរ ហើយ​បាន​មក​រស់​នៅ​រហូត​ដល់​សព្វ​ថ្ងៃ​ហ្នឹង ប៉ុន្តែ​មិន​ដែល​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ដី​ហ្នឹង​ជា​ដី​របស់​យួន​ទេ ហើយ​ចំណែក​លោក ហ៊ុន សែន បាន​ទទួល​ស្គាល់​កោះ​ត្រល់ ហើយ​និង​កោះ​ប៉ូឡូប៉ងសង់ (កោះ​ក្រចក​សេះ) ជា​របស់​យួន។ អា​ហ្នឹង​វា​ខុស​គ្នា​ត្រង់​ហ្នឹង»
បញ្ហា​កោះ​ត្រល់ លោក ស៊ាន ប៉េងសែ បញ្ជាក់​ថា ប្រទេស​សិង្ហបុរី ក៏​មិន​ទទួល​ស្គាល់​ការ​កាន់​កាប់​កោះ​ត្រល់​របស់​​ប្រទេស​វៀតណាម​នេះ​ដែរ៖ «ប្រទេស ​សិង្ហបុរី នៅ​ឆ្នាំ​១៩៨៥ បាន​ធ្វើ​សំបុត្រ​មួយ​ទៅ​អង្គការ​សហប្រជាជាតិ នៅ​ក្នុង​ឆ្នាំ​១៩៨៦ គឺ​ថា លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​យួន​ហ្នឹង ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ពីព្រោះ​ពេល​ហ្នឹង​ខ្មែរ​យើង​នៅ​ក្រោម​អំណាច​យួន។ អា​ហ្នឹង​ជា​ការ​មួយ​ដែល​ខ្មែរ​យើង​ឲ្យ​ដឹង មាន​សិង្ហបុរី​ជា​សាក្សី​ផង»
កោះ​ត្រល់​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ជិត​ប៉ុន​ប្រទេស​សិង្ហបុរី ដែល​មាន​ផ្ទៃដី ៥៨១​គីឡូម៉ែត្រ​ក្រឡា។ កោះ​ត្រល់ ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ ពី​កោះ​ក្រចក​សេះ ១៥​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង ៤៥​គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀង ប្រទេស​វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: