A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 27 June 2013

Analysis: Hun Sen made Kem Sokha famous បទ​វិភាគ៖ លោក ហ៊ុន សែន ធ្វើ​ឲ្យ​លោក កឹម សុខា ល្បី

ដោយ កែវ និមល RFA
2013-06-26
ហ៊ុន សែន កឹម សុខា ៣០៥
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
RFA
ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។ មុន​ថ្ងៃ​កំណត់​ការ​បោះ​ឆ្នោត​មក​ដល់ អ្នក​នយោបាយ​មក​ពី​គណបក្ស​នានា ឆ្លៀត​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​លទ្ធភាព​ដែល​ខ្លួន​មាន ដើម្បី​ទាក់ទាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​បោះ​ឆ្នោត។ ក្រៅ​ពី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​ខ្លួន អ្នក​នយោបាយ​ខ្លះ​ក៏​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដើម្បី​បង្អាប់​គូប្រកួត​ របស់​ខ្លួន​កុំ​ឲ្យ​សម្រេច​ជោគជ័យ​បាន​ដែរ។
លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទទួល​រង​ការ​វាយ​លុក​ផ្ទួនៗ​ពី​លោក ហ៊ុន សែន ប៉ុន្តែ​លោក កឹម សុខា មិន​បាន​ដក​ថយ​ឡើយ។ ការ​បង្អាប់ ការ​ចោទ​ប្រកាន់​ពី​លោក ហ៊ុន សែន ទៅ​លើ​លោក កឹម សុខា អាច​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ទៅ​លើ​កេរ្តិ៍​ឈ្មោះ​របស់​លោក?
អ្នក​យុទ្ធសាស្ត្រ​ទាំង​ឡាយ​តែង​មាន​វិធី​របស់​គេ​ដើម្បី​ដណ្ដើម​យក​ ជ័យជំនះ ជា​ពិសេស​អ្នក​នយោបាយ។ លោក ហ៊ុន សែន ជា​អ្នក​នយោបាយ ជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​មួយ​រូប ជា​ជន​បង្គោល​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែ​មួយ​រូប​គត់​គ្មាន​ពីរ​របស់​គណបក្ស។

នៅ​ក្នុង​ស្ថានភាព​ជា​អ្នក​នយោបាយ​មាន​បទពិសោធន៍​យូរ​មក​ហើយ​លើ​ឆាក​ នយោបាយ​ជាតិ និង អន្តរជាតិ និង​ជា​អ្នក​ផ្ដួល​មិន​ប្រណី​លើ​គូ​ប្រជែង​នយោបាយ​នានា​ជា​ច្រើន​ដំណាក់កាល​ នៅ​ប្រទេស​កម្ពុជា នោះ លោក ហ៊ុន សែន ទំនង​ជា​មើល​ឃើញ​ថា លោក កឹម សុខា អាច​ជា​គូ​ប្រជែង​មួយ​រូប​ដែល​អាច​ប្រកួត​ជាមួយ​លោក​បាន និង​អាច​មាន​ជ័យជំនះ​លើ​រូប​លោក​ទៀត​ផង បើ​សិន​ជា​លោក ហ៊ុន សែន ធ្វេសប្រហែស​ក្នុង​ការ​រៀបចំ​យុទ្ធវិធី​នយោបាយ ក្នុង​គោលបំណង​សម្រេច​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ជ័យជំនះ​នៅ​ទីបំផុត។
ដោយ​មាន​ប្រព័ន្ធ​តុលាការ​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​ស្រុក​បាន​ទៅ​ហើយ​នោះ លោក ហ៊ុន សែន បាន​កត់​សម្គាល់​ឃើញ​ថា លោក កឹម សុខា ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រឆាំង​ដែល​មាន​ថ្វី​មាត់​និង​វោហារសាស្ត្រ មាន​គោលនយោបាយ​សង្គមកិច្ច និង​សេដ្ឋកិច្ច ទាក់ទាញ​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​បាន។ ដូច្នេះ​រូប​លោក​ត្រូវ​តែ​ចាត់ការ​បង្អាប់​បន្តុះ​គូប្រកួត​នយោបាយ​របស់​លោក ​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ទៅ​រួច​ជា​មុន​ឲ្យ​ហើយ មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់។
ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​និង​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​របស់​លោក ជុំ ម៉ី អតីត​អ្នក​ទោស​គុក​ទួលស្លែង គឺ​ជា​រឿង​មួយ​ដែល​មហាជន​ទូទៅ​មើល​ឃើញ​ថា បើ​គ្មាន​ការ​យល់​ព្រម និង​គាំទ្រ​របស់​លោក ហ៊ុន សែន ទេ ប្រភេទ​បាតុកម្ម តវ៉ា កម្រិត​ទូទាំង​ប្រទេស និង​ចាក់​ផ្សាយ​សឹងតែ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍​ល្បីៗ​នៅ​កម្ពុជា នោះ​ប្រហែល​ជា​ទៅ​មិន​រួច​ទេ ហើយ​ច្បាប់​ស្ដីពី​ការ​ផ្ដន្ទាទោស​អ្នក​ណា​បដិសេធ​ថា គ្មាន​ការ​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​របស់​រដ្ឋ​សភា​នោះ ប្រហែល​ជា​មិន​ទាន់​អនុម័ត​បាន​នៅ​ឡើយ​ទេ បើ​លោក ហ៊ុន សែន មិន​លូកដៃ​ចូល​ទេ​នោះ។
បញ្ហា​ប្រពន្ធ​ទី​២ និង​ម្ដាយ​ក្មេក​របស់​លោក កឹម សុខា នោះ​ទៀត ក៏​ត្រូវ​សាធារណៈ​មតិ​មើល​ឃើញ​ថា ជា​ចេតនា​បង្កើត​ឡើង​ដោយ​អ្នក​មាន​អំណាច​ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​លោក កឹម សុខា អាប់ឱន​កេរ្តិ៍ បាត់បង់​ការ​ជឿ​ទុក​ចិត្ត ការ​គាំទ្រ​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ​តែប៉ុណ្ណោះ។
តើ​លោក កឹម សុខា បាន​ដក​ថយ នឹង​បាន​បាត់បង់​ការ​គាំទ្រ​ដោយសារ​បញ្ហា​ជា​ច្រើន​កើត​ឡើង​ប៉ះពាល់​ជាមួយ​កេរ្តិ៍​ឈ្មោះ​របស់​លោក ឬ​ទេ?
ចម្លើយ​គឺ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ចោទ​ប្រកាន់ និង​រឿង​អាស្រូវ​ទាំង​នោះ កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​មើល​ឃើញ​ពី​សមត្ថភាព​ដោះស្រាយ​បញ្ហា សេចក្ដី​ក្លាហាន ការ​ហ៊ាន​ប្រឈម​ជាមួយ​ការពិត និង​ភាព​ស្មោះត្រង់​របស់​លោក កឹម សុខា ទៅ​វិញ​ទេ។
លោក កឹម សុខា មិន​បាន​ដក​ថយ និង​សុំ​ទោស​តាម​ការ​ទាមទារ​របស់​លោក ជុំ ម៉ី ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក ហ៊ាន ប្រឈម ចំពោះ​ការ​ធ្វើ​បាតុកម្ម​ជា​សាធារណៈ និង​ការ​ប្ដឹង​ឡើង​តុលាការ​ទៀត​ផង។ ពី​បាតុកម្ម​មួយ​ទៅ​បាតុកម្ម​មួយ​ទៀត លោក កឹម សុខា ទាក់​ទាញ​បាន​ការ​គាំទ្រ​ជា​ច្រើន គឺ​បាតុកម្ម​ទី​១ ទាក់ទង​ជាមួយ​ការ​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការ​បោះ​ឆ្នោត​នោះ មិន​មាន​ការ​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ តែ​ការ​ធ្វើ​បាតុកម្ម​ទី​២ មាន​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​មក​ចូល​រួម ហើយ​មាន​ការ​ហែ​ក្បួន​តវ៉ា​ជា​ចំហ​ទៀត​ផង។
ការ​ប្ដឹង​របស់​ស្ត្រី​មួយ​រូប ដែល​អះអាង​ថា ជា​អតីត​ម្ដាយ​ក្មេក​លោក កឹម សុខា នៅ​តុលាការ​ខេត្ត​ព្រៃវែង នោះ ក៏​មាន​មនុស្ស​ប្រមាណ ១​ម៉ឺន​នាក់​បាន​ទៅ​ចូល​រួម​ធ្វើ​សាក្សី បញ្ជាក់​ពី​ភាព​បរិសុទ្ធ​ត្រឹមត្រូវ​របស់​លោក កឹម សុខា នៅ​ទីលាន​បាល់ទាត់​ខេត្ត​ព្រៃវែង​ដែរ។
ឈាន​ពី​ការ​ចោទ​ប្រកាន់​មួយ​ទៅ​ការ​ចោទ​ប្រកាន់​មួយ​ទៀត ធ្វើ​ឲ្យ​លោក កឹម សុខា កាន់​តែ​ល្បី កាន់​តែ​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន។ ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា នោះ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា លោក កឹម សុខា ឈាន​ពី​ការ​រង​គ្រោះ​មួយ​ទៅ​ការ​រង​គ្រោះ​មួយ​ទៀត ហើយ​មនោសញ្ចេតនា​គាំទ្រ​កាន់​តែ​កើន​តាម​នោះ​ដែរ។ ទន្ទឹម​នឹង​ឈ្មោះ​លោក កឹម សុខា ត្រូវ​លោក ហ៊ុន សែន រិះគន់​នោះ ប្រព័ន្ធ​ឃោសនា​នានា បាន​ផ្សាយ​ព័ត៌មាន​ទាក់ទង​ជាមួយ​ឈ្មោះ​លោក កឹម សុខា កាន់​តែ​ច្រើន ដោយ​មិន​ដឹង​ខ្លួន។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ដូចជា​បាត់ដំបង សៀមរាប បន្ទាយមានជ័យ ប៉ៃលិន ជាដើម កាន់​តែ​ស្គាល់​ឈ្មោះ​លោក កឹម សុខា កាន់​តែ​ច្រើន។
ក្រោយ​មាន​ការ​ចោទ​ប្រកាន់​ខ្លះៗ​មក​នោះ លោក កឹម សុខា នៅ​តែ​បន្ត​ចុះ​មូលដ្ឋាន ហើយ​ចំនួន​សកម្មជន​ដែល​ចូល​រួម​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​នយោបាយ​របស់​គាត់ ​នៅ​តែ​មាន​ចំនួន​ច្រើន មិន​មាន​ការ​ថយ​ចុះ​ឡើយ។
ក្រោយ​ពី​លេងល្បែង​កកូរកកាយ​ឲ្យ​ស្អុយ ឲ្យ​ស្អប់​មួយ​រយៈ​មក លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​វិល​មក​ភាព​ចាស់​ទុំ​នយោបាយ​ឡើង​វិញ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​បោះ​ឆ្នោត។ លោក ហ៊ុន សែន បាន​ប្រកាស​សុំ​ឲ្យ​ផ្អាក​បាតុកម្ម​ប្រឆាំង​ជាមួយ​លោក កឹម សុខា រឿង​សុំ​ទោស​ទាក់ទង​រឿង​គុក​ទួលស្លែង។
លោក ហ៊ុន សែន បាន​ព្រមាន និង​សុំ​ឲ្យ​អ្នក​ណា​បំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង​ចេញ​មក​សារភាព​ទទួល​ខុស​ ត្រូវ​ជាដើម។  ការ​ងាក​មក​ទទួល​ខុស​ត្រូវ គ្រប់គ្រង​ស្ថានការណ៍​បោះ​ឆ្នោត​ឡើង​វិញ​នេះ ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ មាន​តម្លាភាព និង​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ហើយ​អ្នក​ចាញ់​ព្រម​ទទួល​យក​ដោយ​ស្ម័គ្រចិត្ត។
មេរៀន​នយោបាយ​នៅ​កម្ពុជា បាន​ធ្លាប់​បង្ហាញ​ម្ដង​រួច​មក​ហើយ គឺ​អ្នក​នយោបាយ​ត្រូវ​គេ​ធ្វើ​បាប ចោទ​ប្រកាន់ តែងតែ​វិល​មក​វិញ ដោយ​នាំ​យក​នូវ​ជ័យជំនះ ដូច​ករណី​លោក សម រង្ស៊ី ធ្លាប់​ត្រូវ​គេ​បោះ​ឆ្នោត​បណ្ដេញ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​បាន​បង្កើត​គណបក្ស​នយោបាយ​មួយ​ថ្មី និង​បោះ​ឆ្នោត​ទទួល​ការ​គាំទ្រ បាន​អាសនៈ​ចំនួន ២៦ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២៣ នៃ​រដ្ឋ​សភា។
ករណី​លោក កឹម សុខា លើក​នេះ​ប្រហែល​ជា​មិន​ខុស​ករណី​លោក សម រង្ស៊ី ពី​មុន​នោះ​ឡើយ។ បើ​លោក កឹម សុខា ទទួល​ការ​រារាំង ការ​ធ្វើ​បាប ការ​បង្អាប់​កាន់​តែ​ខ្លាំង និង​កាន់​តែ​ខុស​ពី​ការ​ពិត​​កាន់​តែ​ច្រើន​នោះ លោក កឹម សុខា មុខ​ជា​ទទួល​ការ​គាំទ្រ​កាន់​តែ​ច្រើន​ជា​មិន​ខាន ហើយ​បើ​លោក កឹម សុខា កាន់​តែ​ទទួល​ការ​គាំទ្រ​ច្រើន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​មុខ​ជា​ទទួល​អាសនៈ​ច្រើន​ក្នុង​ចំណោម​អាសនៈ ១២៣ នៅ​ក្នុង​រដ្ឋ​សភា​ជា​មិន​ខាន។
ក្រៅ​ពី​កត្តា​លោក កឹម សុខា នោះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ចំណុច​ខ្លាំង​មួយ​ទៀត ដែល​ ទាក់ទាញ​ប្រជាពលរដ្ឋ​និង​យុវវ័យ គឺ​គោល​នយោបាយ​សង្គមកិច្ច និង​សេដ្ឋកិច្ច ៧​ចំណុច ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​ គ្រប់​ស្រទាប់​វណ្ណៈ​ក្នុង​សង្គម​កម្ពុជា។
សាធារណៈ​មតិ​បាន​មើល​ឃើញ​ថា លោក កឹម សុខា អាច​ដណ្ដើម​ជ័យជំនះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ដោយ​គិត​ចាប់​តាំង​ពី​ការ​បង្កើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋ​សភា​ឡើង​ទៅ។ នៅ​ទី​ណា​ក៏​គេ​ឮ​ពាក្យ​ថា​ប្ដូរ​ដែរ ។ ទ្រឹស្ដី​បដិច្ចសមុប្បាទ ឬ​អរិយ​សច្ចៈ​របស់​ព្រះពុទ្ធ បាន​ចែង​អំពី​ភាព​ជា​សកល និង​អមត ៤ ក្នុង​នោះ​មាន​ចំណុច​មួយ​និយាយ​ថា "អ្វីៗ​តែង​មាន​ការ​ប្រែប្រួល ផ្លាស់ប្តូរ"។
យើង​នៅ​ចាំ​មើល​ថា តើ​លោក កឹម សុខា អាច​ប្ដូរ​បាន​អ្វី​ខ្លះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ទី​៥ នេះ?
លោក កឹម សុខា បាន​ទទួល​ជ័យជំនះ​មួយ​ទៅ​ហើយ​នៅ​ក្នុង​ការ​ប្រើ​ពាក្យ​ថា ប្ដូរ​ថ្មី​នោះ គឺ​យ៉ាង​ហោច​ណាស់​លោក​បាន​ទាញ​ការ​ចាប់​អារម្មណ៍​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ប្ដូរ​ការ​គិត​ចំពោះ​រូប​លោក​ពី​អ្នក​នយោបាយ​ធម្មតា​មួយ​រូប ទៅ​ជា​បេក្ខជន​នយោបាយ​មួយ​រូប​ដ៏​មាន​សក្តានុពល ដែល​អាច​ដឹកនាំ​ឲ្យ​មាន​ការ​ប្ដូរ​មួយ​ក្នុង​សង្គម​កម្ពុជា​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: