A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 14 May 2013

"Vietnamese companies caused serious land crisis in Cambodia" "ក្រុមហ៊ុន​វៀតណាម​​បង្ក​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​នៅ​កម្ពុជា"

ង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំ​ពីរ​របស់​វៀតណាម កំពុង​បង្ក​វិបត្តិ​ដីធ្លី​យ៉ាង​ធ្ងន់ធ្ងរ បំផ្លាញ​ធនធាន​ធម្មជាតិ រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ដោយ​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ តាម​រយៈ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដើម​កៅស៊ូ។
ដោយ ជី វិតា RFA
2013-05-13
កាប់​ឈើ រតនគិរី ៣០៥
កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។
រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រង
របាយការណ៍​របស់​​អង្គការ​ឃ្លាំមើល​ពិភពលោក ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១៣ នេះ បង្ហាញ​ថា ក្រុមហ៊ុន​ដំណាំ​កៅស៊ូ​របស់​វៀតណាម ពីរ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ឡាវ កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​​រដ្ឋាភិបាល ពាណិជ្ជករ និង​ឧកញ៉ា​ពុករលួយ​ បំពាន​ច្បាប់ បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់​នៅ​របស់​ប្រជា​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ទាំង​ ពីរ។
លទ្ធផល​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ដែល​មាន​កម្រាស់ ៤៩​ទំព័រ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក បន្ត​ថា សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ តាម​រយៈ​ការ​កាប់​រាន​ព្រៃ​ឈើ​ដើម្បី​ដាំ​កៅស៊ូ បាន​បង្ក​ផលវិបាក​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់។
មន្ត្រី​គ្រប់គ្រង​យុទ្ធនាការ​ដីធ្លី​នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ពឹង​ពាក់​អាស្រ័យ​ផល​ពី​ធនធាន​ធម្មជាតិ កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន៖ «រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ ប្រមាណ ៤​សែន​នាក់ រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី។ ចំនួន​នេះ​គឺ​សម្រាប់​តែ ១២​ខេត្ត​ប៉ុណ្ណោះ មិន​មែន​ទូទាំង​កម្ពុជា នោះ​ទេ។ នៅ​តាម​សហគមន៍​នានា ដែល​យើង​ចុះ​សាកសួរ ពួកគេ​កំពុង​ជួប​បញ្ហា​ច្រើន​ណាស់។  ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​យ៉ាង​ខ្លាំង ដោយសារ​តែ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។ វត្តមាន​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បណ្ដាល​ឲ្យ​ប្រជា​សហគមន៍​ទាំង​នោះ​បាត់​បង់​ដី​ស្រែ​ចម្ការ​របស់​ខ្លួន បាត់បង់​លទ្ធភាព​ចូល​ទៅ​ក្នុង​ព្រៃ និង​ប្រភព​ទឹក។ ពួកគេ​ជួប​ការ​លំបាក​ទទួល​ទាន​ដោយសារ​តែ​ចំណូល​ត្រូវ​បាន​ធ្លាក់​ចុះ ហើយ​បញ្ហា​ផ្សេង​ទៀត​ដែល​គេ​ប្រឈម​នោះ គឺ​ការ​គំរាម​កំហែង​អាយុ​ជីវិត ឬ​ការ​ចាប់​ខ្លួន​នៅ​ពេល​ពួក​គេ​ព្យាយាម​តវ៉ា​រឿង​ដីធ្លី»
កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo
របាយការណ៍​បាន​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង​ជា​ចំណែក​មួយ​នៃ​បញ្ហា​ទាំង​នេះ។ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​ទាំង​បំពាន​ច្បាប់ ហើយ​ក៏​មិន​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​នៅ​ពេល​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បំពាន​ច្បាប់​កម្ពុជា ដោយ​បើក​ចំហ។
ការ​ទទួល​ដី​សម្បទាន​លើស​ចំនួន​ច្បាប់​កំណត់​ដែល​ជា​ទង្វើ​បំពាន​ច្បាប់​ របស់​មន្ត្រី​ពុករលួយ​ជា​រឿង​មួយ។ ប៉ុន្តែ​ការ​កាប់​រាន​ច្បាម​យក​ដី​បន្ថែម​លើស​កំណត់​ក្នុង​កិច្ចសន្យា​តាម​ តែ​អំពើ​ចិត្ត ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ភ្នាក់ងារ​រដ្ឋ គឺ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។

យោង​តាម​ច្បាប់​កម្ពុជា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​មួយ មិន​អាច​ឲ្យ​លើស​ពី​មួយ​ម៉ឺន​ហិកតារ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​បាន​ជិត ៥​ម៉ឺន​ហិកតារ (៤៧.៣៧០)។ ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួល​បាន​ជាង ១.៦​សែន​ហិកតារ (១៦១.៣៤៤)។
ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វៀតណាម ហ្វាង អាន់ យ៉ាឡាយ គឺ​លោក ដន ង្វៀន ឌឹក (Doan Nguyen Duc) ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ពិភពលោក ដក​ស្រង់​សំដី​ដោយ​និយាយ​ថា៖ "ខ្ញុំ​គិត​ថា ធនធាន​ធម្មជាតិ​មាន​កំណត់ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ច្បាម​យក​ធនធាន​ទាំង​នោះ​មុន​ពេល​វា​បាត់បង់​អស់"
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់ និង​ឧកញ៉ា​គ្រាក់ៗ​នៅ​កម្ពុជា៖ «សម្រាប់ ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ខេត្ត​រតនគិរី និង​ប្រភព​ពី​អ្នក​ស្រុក​នៅ​ទី​នោះ បាន​ឲ្យ​យើង​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឧកញ៉ា ទ្រី ភាព ក្នុង​របរ​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន។ ការ​ផ្ដល់​ដី​សម្បទាន​នៅ​ទី​តំបន់​ព្រៃ​អភិរក្ស ជា​ព្រៃឈើ​ដែល​មាន​តម្លៃ​ខ្ពស់ គឺ​ជា​អំពើ​ខុស​ច្បាប់។ ដូច្នេះ​ប្រការ​ដែល​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ អាច​មាន​កិច្ច​សន្យា​កាប់​រាន​ព្រៃ​ជាមួយ​ឧកញ៉ា ទ្រី ភាព ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ដែល​អាជ្ញាធរ​កម្ពុជា ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់»
សម្រាប់​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ត្រូវ​បាន​អង្គការ​ឃ្លាំមើល​ពិភពលោក សង្ស័យ​ថា កំពុង​រក​ស៊ី​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន សេង គាង (Seng Keang Company) នៅ​ខេត្ត​រតនគិរី ។ ម្ចាស់​ក្រុមហ៊ុន សេង គាង គឺ​​​អ្នកស្រី សេង គាង ជា​អតីត​ភរិយា​របស់​លោក ឌី ចូច ជា​បង​ប្អូន​ជី​ដូន​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាល​ពី​ឆ្នាំ​២០០៧ អង្គការ​ឃ្លាំមើល​ពិភពលោក ធ្លាប់​បាន​រាយការណ៍​អំពី​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន សេង គាង នេះ នៅ​ខេត្ត​កំពង់ធំ។ សាខា​ក្រុមហ៊ុន​ពីរ​របស់​ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ក៏​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ លោក អ៊ឹម ឈុនលឹម ដែរ។
កាប់​ឈើ រតនគិរី ៦១០
កុម្ភៈ-២០១៣៖ ដើម​ឈើ​ច្បោះ ឬ​ដើម​ឈើ​របស់​ពលរដ្ឋ​ផលិត​ជ័រ​ទឹក​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ខេត្ត​រតនគិរី ដែល​ប្រភព​ពី​ពលរដ្ឋ​អះអាង​ថា ត្រូវ​កាប់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ លំផាត់ (Hoang Anh Lumphat) ​ជា​សាខា​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (HAGL)។ រូប​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​ឃុំ​ស្រែអង្គ្រង
ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប បាន​ទទួល​ថវិកា​កម្ចី​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (International Financial Corporation) និង​ធនាគារ ឌុចឆឺ (Deutsche Bank) ដើម្បី​ធ្វើ​វិនិយោគ​ដាំ​ដើម​កៅស៊ូ​នៅ​ក្នុង​ប្រទេស​ឡាវ និង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បាន​ចាប់​ផ្ដើម​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១១។ ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ផ្ដើម​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៦។ ក្រុមហ៊ុន​ទាំង​ពីរ​មាន​សាខា​ក្រុមហ៊ុន​ច្រើន​ទៀត​នៅ​កម្ពុជា។ ទីផ្សារ​ធំ​របស់​ផលិតផល​កៅស៊ូ​នៃ​ក្រុមហ៊ុន​ធំ​ទាំង​ពីរ​នេះ គឺ​ប្រទេស​ចិន។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ប្រសាសន៍​បន្ត​ថា ទាក់ទង​នឹង​ការ​កាប់​ព្រៃ​ឈើ​ធម្មជាតិ​ចោល ហើយ​ដាំ​ជំនួស​មក​វិញ​នូវ​ដំណាំ​កៅស៊ូ ​យ៉ាង​ហោច​ណាស់​មាន​ហេតុផល​មិន​ល្អ​បី៖ «ហេតុផល​ទី​១ គឺ​ថា ព្រៃឈើ​នៅ​កម្ពុជា ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ មិន​មែន​ចេះ​តែ​ត្រូវ​កាប់​តាម​អំពើ​ចិត្ត​នោះ​ទេ។ កម្ពុជា​មាន​ច្បាប់​ព្រៃ​ឈើ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ទៀត។ ដូច្នេះ ប្រសិន​បើ​ក្រុមហ៊ុន​ណា​មួយ​ទទួល​បាន​ដី​សម្បទាន មាន​ព្រៃឈើ​ដែល​ត្រូវ​ការពារ ហើយ​ក្រុមហ៊ុន​កាប់​រាន​ព្រៃ​ឈើ​នោះ វា​គឺ​ជា​ការ​រំលោភ​ច្បាប់​ជា​ច្រើន​មាត្រា។ ហេតុផល​ទី​២ ប្រជា​សហគមន៍​ដែល​រស់​នៅ​ជុំវិញ​ព្រៃ​ឈើ​ទាំង​នោះ ត្រូវ​ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ខ្លួន។ ពួកគេ​ប្រមូល​ជ័រ បេះ​ស្លឹក​ឈើ ឫស​ឈើ​ធ្វើ​ជា​ថ្នាំ​ព្យាបាល និង​ប្រមូល​អនុផល​ផ្សេងៗ​ទៀត ធ្វើ​ជា​ម្ហូប​អាហារ។ ដូច្នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​ចូល​មក​កាប់​បំផ្លាញ​ព្រៃ​ទាំង​នោះ មិន​បាន​គិតគូរ​អំពី​ផល​អវិជ្ជមាន​ដែល​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ សហគមន៍ ក៏​វា​ជា​ការ​រំលោភ​ច្បាប់​កម្ពុជា ផង​ដែរ។ ហេតុផល​ទី​បី ការ​កាប់​ព្រៃ​ធម្មជាតិ​ចោល ហើយ​ដាំ​ជំនួស​មក​វិញ​នូវ​ចម្ការ​កៅស៊ូ គឺ​ពិត​ជា​មិន​មាន​គុណភាព​ដូច​គ្នា​ទេ។ ព្រៃ​ធម្មជាតិ​ពិត​ជា​មាន​គុណភាព និង​តម្លៃ​ខ្ពស់​ឆ្ងាយ​ដាច់​ពី​ដើម​កៅស៊ូ មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ទេ»
គោល​បំណង​មួយ​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ការ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​សហគមន៍។ ប៉ុន្តែ​បើ​តាម​អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​មូលដ្ឋាន​មិន​បាន​ទទួល​បាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​នោះ​ទេ៖ «យើង​បាន​ចំណាយ​ពេល​ច្រើន​ស្វែង​យល់​ពី​ប្រជា​សហគមន៍​ ដែល​រស់​នៅ​ជិត​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប។ យើង​មិន​បាន​សួរ​នាំ​ពួកគាត់ ដោយ​រក​តែ​ចំណុច​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សួរ​គាត់​អំពី​ចំណុច​ល្អៗ​ដែល​ពួកគាត់​អាច​ទទួល​បាន​ពី​ ក្រុមហ៊ុន​ទាំង​ពីរ​ផង​ដែរ។ ប្រជាជន​មូលដ្ឋាន​ដែល​យើង​សាកសួរ​ទាំង​អស់ សុទ្ធតែ​បាន​ប្រាប់​យើង​ដូចៗ​គ្នា​ថា ពួកគេ​មិន​ទទួល​បាន​ការងារ​ពី​ក្រុមហ៊ុន​ទេ ហើយ​ប្រសិន​បើ​អ្នក​ខ្លះ​ទទួល​បាន​មែន ប៉ុន្តែ​ក៏​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​នោះ​ឡើយ ដោយសារ​តែ​លក្ខខណ្ឌ​ការងារ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប នោះ​មិន​ល្អ។ ឧទាហរណ៍៖ ការងារ​ក្នុង​ចម្ការ​កៅស៊ូ​នោះ មិន​មាន​កិច្ចសន្យា​ប្រាក់​ខែ​បើក​យឺត ពេល​ខ្លះ​បាត់​ប្រាក់​ខែ​តែម្ដង ក្រុមហ៊ុន​មិន​ផ្ដល់​សម្ភារៈ​ការពារ​សុវត្ថិភាព​ដល់​កម្មករ​ពេល​ធ្វើ​ការ ដូច​ជា​សម្លៀក​បំពាក់​ការពារ​ជាតិ​គីមី មិន​មាន​ជំនួយ​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ចម្ការ​កៅស៊ូ និង​មិន​បាន​ផ្ដល់​ការ​ព្យាបាល​សុខភាព​ជាដើម»
របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​កម្ពុជា ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ដល់​ដី​សម្បទាន ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​លាតត្រដាង​ឲ្យ​ដឹង​ជា​សាធារណៈ​ឡើយ។ ឧទាហរណ៍៖ ព័ត៌មាន​អំពី​តំបន់​ណា​ដែល​រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ព័ត៌មាន​អំពី​ការ​ចរចា​ដេញ​ថ្លៃ​ជួល​ដី ព័ត៌មាន​អំពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ជាដើម មិន​ត្រូវ​រដ្ឋាភិបាល​បញ្ចេញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ដឹង​​ឯង​ឡើយ។ ហេតុ​ដូច្នេះ​ហើយ មធ្យោបាយ​តែ​មួយ​គត់​ដែល​ពលរដ្ឋ​មូលដ្ឋាន​អាច​ដឹង​ទៅ​បាន​ថា ដី​និង​ព្រៃ​ដែល​ខ្លួន​កំពុង​រស់​នៅ​អាស្រ័យ​ផល ត្រូវ​រដ្ឋាភិបាល​ជួល​ទៅ​ឲ្យ​ក្រុមហ៊ុន គឺ​នៅ​ពេល​ណា​ដែល​ពួកគេ​ឃើញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចូល​មក​ឈូស​ឆាយ។
ក្រសួង​កសិកម្ម​មាន​ប្រព័ន្ធ​ទិន្នន័យ អនឡាញ (Online) អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែរ។ ប៉ុន្តែ​មិន​មាន​ទិន្នន័យ​គ្រប់គ្រាន់ មិន​សូវ​ធ្វើ​បច្ចុប្បន្នភាព និង​មិន​មាន​ព័ត៌មាន​លំអិត​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​ឡើយ។ ការ​លាក់បាំង​ព័ត៌មាន​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ (ពី​ការ​ច្បាម​យក​ដី) បាត់បង់​លទ្ធភាព​តវ៉ា​ទៅ​រដ្ឋាភិបាល និង​ក្រុម​ឈ្មួញ​វិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​ទម្លាប់ ឬ​ជា​វប្បធម៌​លាក់លៀម​សេចក្ដី​សម្រេច​ចិត្ត​ច្បាម​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ទៀត​ផង។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃ​អង្គការ​ឃ្លាំមើល​ពិភពលោក មាន​ប្រសាសន៍​ថា ការ​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក និង​អង្គការ​ដទៃ​ទៀត បាន​រក​ឃើញ​ថា ជា​យូរ​មក​ហើយ កម្ពុជា​មាន​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​ខ្លួន​ឲ្យ​បាន​ ល្អ៖ «ជាក់​ស្ដែង​ទី​មួយ យើង​ឃើញ​ចំណាត់​ការ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មិន​ល្អ​នោះ កើត​មាន​ចំពោះ​ព្រៃ​ឈើ។ ទី​២ គឺ​សម្បទាន​រ៉ែ ឧស្មាន់ និង​ប្រេង។ ឥឡូវ​យើង​ឃើញ​វិបត្តិ​នេះ​បាន​កើត​ឡើង​ចំពោះ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៀត។ មន្ត្រី​ធំៗ​ខិតខំ​ប្រឹងប្រែង​ច្បាម​យក​ដី គឺ​ដី​ដែល​ពលរដ្ឋ​កំពុង​រស់​នៅ​លើ​បង្កបង្កើន​ផល និង​ពឹង​ពាក់​អាស្រ័យ​ផល​ដើម្បី​រស់។ អ្វី​ដែល​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​នោះ គឺ​នៅ​កម្ពុជា មាន​មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល ៥​រូប បាន​ច្បាម​យក​ដី​មក​កាន់​កាប់​ផ្ទាល់​ខ្លួន​ច្រើន​ហួស​មិន​គួរ​ឲ្យ​ជឿ។ បើ​បូក​បញ្ចូល​គ្នា ពួកគេ​ទាំង ៥​នាក់​នោះ មាន​ជាង ៥​សែន​ហិកតារ (៥០០.០០០) នៅ​ខណៈ​ច្បាប់​កម្ពុជា អនុញ្ញាត​ឲ្យ​មាន​ត្រឹមតែ ១​ម៉ឺន​ហិកតារ (១០.០០០) ប៉ុណ្ណោះ សម្រាប់​ក្រុមហ៊ុន​មួយ»
គិត​មក​ដល់​ចុង​ឆ្នាំ​២០១២ ​រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២.៦​លាន​ហិកតារ ដែល​ក្នុង​ចំនួន​នេះ​មាន ១.២​លាន​ហិកតារ​សម្រាប់​ដំណាំ​កៅស៊ូ។ ទោះ​ជា​រដ្ឋ​បាន​ជួល​ដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ក៏​ដោយ ក៏​គេ​មិន​ដឹង​ថា​បាន​ប្រាក់​ចំណូល​ប៉ុន្មាន និង​ទៅ​ទីណា​ដែរ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទាក់ទង​នឹង​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប អង្គការ​ឃ្លាំមើល​ពិភពលោក បាន​ទទូច​ដល់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធនាគារ ឌុចឆឺ ដែល​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ ចាត់​វិធានការ​នានា​ជា​បន្ទាន់ ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​នេះ គោរព​តាម​គោល​ច្បាប់​របស់​សាជីវកម្ម​របស់​ខ្លួន ក្នុង​ការពារ​បរិស្ថាន តម្រូវការ​សង្គម​កិច្ច​ដែល​រង​ផល​ប៉ះពាល់ និង​គោរព​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម។ អង្គការ​ឃ្លាំមើល​ពិភពលោក ក៏​បាន​ទទូច​រដ្ឋាភិបាល​កម្ពុជា ផ្អាក​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ ហើយ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ផ្ដន្ទាទោស​រាល់​សកម្មភាព​បំពាន​ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: