ភ្នំពេញ ៖ លោក ជា មុនី
ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចៅក្រមសាលាដំបូង
រាជធានីភ្នំពេញលោក គឹម រ័ត្នណារិន ចេញដីកាកោះហៅ ដើម្បីចូលរួមនីតិវិធីត្រៀម
សម្រាប់ការទាញហេតុផល ពីដំណើររឿងប្តឹងសុំដីកា សម្រេចរក្សាការពារ
ហាមឃាត់ការលក់ដូរ ជួល បញ្ចាំផ្ទេរសិទ្ធិ និងធ្វើអំណោយនូវ អចលនវត្ថុ
និងចលនវត្ថុ របស់ក្រុមហ៊ុនរោងចក្រកាត់ដេរ ផាញហ្រ្គេតហ្គាមេន។
ការកោះហៅបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក ជា មុនី
បានផ្ញើលិខិតមួយច្បាប់ ជូនលោក គឹម រ័ត្នណារិន ក្នុងគោលបំណង
រក្សាការពារទ្រព្យសម្បត្តិ នៅក្នុងរោងចក្រផាញហ្រ្គេត
ដោយសារថៅកែរោងចក្រមានឈ្មោះ ចាន់ ហុងម៉ាន់ ជនជាតិចិន បានបិទទ្វាររោងចក្រ
លែងដំណើរការ ដោយមិនទទួលខុសត្រូវ រាល់សំណងទាំង ឡាយជូនដល់កម្មករ៧៥០នាក់។
កាលពីថ្ងៃទី២០ ខែឧសភា លោកជា មុនី
បានធ្វើលិខិតមួយច្បាប់ផ្ញើជូនលោក គឹម រ័ត្នណារិន ដើម្បីស្នើសុំផ្តល់
ជូននូវសេចក្តីបញ្ជាក់ដំបូង នៅក្នុងសំណុំរឿងរក្សាការពារ លេខ២៤០ ចុះថ្ងៃទី១៧
ខែឧសភា ឆ្នាំ២០១៣ របស់ សាលាដំបូង។
យោងតាមពាក្យ សុំផ្តល់ជូន នូវសេចក្តីបញ្ជាក់ដំបូង
នៅក្នុងសំណុំរឿងរក្សាការពារ របស់លោកជា មុនី បានឲ្យ ដឹងទៀតថា
ក្រុមហ៊ុនរោងចក្រកាត់ដេរ ផាញហ្រ្គេត បានផ្អាកដំណើរការ អាជីវកម្មរបស់ខ្លួន
តាំងពីដើមខែ ឧសភា និងមិនទាន់បានផ្តល់ប្រាក់បៀវត្សរ៍
និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនៅឡើយទេ ដែលគិតជា ទឹកប្រាក់មានចំនួន
ជាង ៤០ម៉ឺនដុល្លារ៕
No comments:
Post a Comment