A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 16 May 2013

People request the government to investigate Vietnamese investment companies in Cambodia ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម

ដោយ ទេព សុរ៉ាវី RFA
2013-05-15
កាប់​ឈើ Global Witness
សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​២០១៣។ The scene of destruction of Cambodian forests caused by a Vietnamese company named Hoang Anh Gia Lai in 2013.
 
Global Witness Photo
ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ ស៊ើប​អង្កេត​ពិនិត្យ​មើល​ជា​បន្ទាន់ ចំពោះ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ចំនួន​២​ឡើង​វិញ បន្ទាប់​ពី​អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​កំពុង​បង្ក​វិបត្តិ​ដីធ្លី និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។
រីឯ​ពលរដ្ឋ​រងគ្រោះ​ផ្ទាល់​ដោយ​ក្រុមហ៊ុន​វៀតណាម រំលោភ​បំពាន បញ្ជាក់​ថា រដ្ឋាភិបាល​ពិបាក​នឹង​ប្រកែក​ចំពោះ​ការ​រក​ឃើញ​របស់​របាយការណ៍​នេះ ខណៈ​ដែល​ដី​ស្រែ​ចម្ការ​វិល​ជុំ និង​ដី​ព្រៃ​អារក្ស​របស់​ពួក​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​កាប់​បំផ្លាញ​ស្ទើរ​ គ្មាន​សល់។
ពលរដ្ឋ​មួយ​ចំនួន ភ្ញាក់​ផ្អើល​ចំពោះ​របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ដែល​រក​ឃើញ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​វិបត្តិ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​កើត​ចេញ​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​បរទេស​វិនិយោគ។
ពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង លោក ម៉ាង គីមលាភ យល់​ឃើញ​ថា ការ​រក​ឃើញ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​ដែល​បង្ហាញ​ថា​រាជ​រដ្ឋាភិបាល​កំពុង​ដើរ​ផ្លូវ​ ខុស​ក្នុង​ការ​ប្រគល់​ដី​ដ៏​សន្ធឹកសន្ធាប់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ លោក​បន្ត​ថា ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ (Hoang Anh Gia Lai= HAGL) ដែល​ទទួល​ដី​ជិត ៥​ម៉ឺន​ហិកតារ (៤៧,៣៧០​ហិកតារ) និង​ក្រុមហ៊ុន​វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group=VRG) ទទួល​បាន​ដី​រហូត​ជាង ១​សែន ៦​ម៉ឺន​ហិកតារ (១៦១.៣៤៤​ហិកតារ) ទៅ​វិនិយោគ ជា​ការ​ផ្ទុយ​ពី​ច្បាប់​ដែល​បាន​ចែង​ថា ក្រុមហ៊ុន​មួយ​មាន​សិទ្ធិ​វិនិយោគ​ដី​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ។
លោក​ចាត់​ទុក​ថា ការ​ប្រគល់​ដី​ដ៏​ច្រើន​ទាំង​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម បង្ហាញ​ពី​ការ​ចន្លោះ​ប្រហោង​ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល និង​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ចំពោះ​រឿង​នេះ៖ «ទិសដៅ​ របស់​រដ្ឋាភិបាល មិន​អាច​ឲ្យ​នរណា​ម្នាក់​បំផ្លាញ​ព្រៃ​ឈើ​ប្រទេស​កម្ពុជា ទេ ប៉ុន្តែ​ប្រសិន​បើ​ជា​មាន​មន្ត្រី​មួយ​ចំនួន​បើក​ដៃ​អ្នក​ប្រព្រឹត្ត​អំពើ​ ពុក​រលួយ បើក​ដៃ ដូច្នេះ​ជា​ការ​ចន្លោះ​ប្រហោង​មួយ​ទៀត គឺ​ថា​ខ្ញុំ​មិន​គាំទ្រ​ទេ។ ខ្ញុំ​សូម​សំណូមពរ​រដ្ឋាភិបាល ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​ពិនិត្យ​មើល​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ឡើង​វិញ ប្រសិន​បើ​បណ្ដែត​បណ្តោយ​យ៉ាង​នេះ ព្រៃ​ឈើ​នៅ​កម្ពុជា ពិត​ជា​រលាយ​រលត់»

របាយការណ៍​ថ្មី​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ថា មាន​ពលរដ្ឋ​ប្រមាណ ៤​សែន​នាក់ ក្នុង ១២​ខេត្ត កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ច្បាម​យក​ដី​ពី​ក្រុមហ៊ុន​វៀតណាម ចំនួន​២ គឺ​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​គ្រាក់ៗ​របស់​ រដ្ឋាភិបាល និង​ឧកញ៉ា​ពុក​រលួយ​មួយ​ចំនួន។
ក្នុង​របាយការណ៍​ផ្ដោត​សំខាន់​ថា រដ្ឋាភិបាល​កម្ពុជា ខ្លួន​ឯង ជា​ចំណែក​មួយ​នៃ​ការ​បង្ក​បញ្ហា​ទាំង​នោះ តាម​រយៈ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្បទាន​ដីធ្លី​បំពាន​ច្បាប់​ជា​ធរមាន។ ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ បាន​បំបែក​សាខា​តូចៗ​ជាច្រើន​កន្លែង ដើម្បី​វិនិយោគ​នៅ​តំបន់​ណា​ដែល​សម្បូរ​ព្រៃ​ឈើ​ធំៗ ជាក់ស្តែង​នៅ​ក្នុង​ខេត្ត​រតនគិរី។
ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ហ្វាង អាន់ អណ្ដូង​មាស ក្នុង​ស្រុក​កូនមុំ ខេត្ត​រតនគិរី ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ គឺ​លោក ធុយ អេង យល់​ថា របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ស៊ី​នឹង​អ្វី​ដែល​ពលរដ្ឋ​នៅ​តំបន់​នេះ​កំពុង​ជួប​ប្រទះ។ លោក​បន្ត​ថា ក្រុមហ៊ុន ហ្វាង អាន់ អណ្ដូង​មាស បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធំៗ ឈូស​ឆាយ​ដី​ស្រែ​របស់​អ្នក​ភូមិ​ចំនួន ៣៤​ហិកតារ។ បើ​អាច​ទៅ​រួច លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​ដី​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ នេះ​ត​ទៅ​ទៀត ហើយ​ប្រគល់​ដី​ស្រែ​ឲ្យ​អ្នក​ភូមិ​វិញ ដោយ​យល់​ថា ពលរដ្ឋ​មាន​លទ្ធភាព​ធ្វើ​ស្រែ​ពី ៥ ទៅ ៦​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​ទិន្នផល​ដែល​ទទួល​បាន​អាច​នឹង​ធ្វើ​ឲ្យ​ពួក​គាត់​រស់នៅ​យ៉ាង​ស្រួល​ជាង​ សព្វថ្ងៃ៖ «បំផ្លាញ​ព្រៃ​ឈើ​តាំង​ពី​ព្រៃ​ជ័រ​អី​អស់​ហើយ​ហ្នឹង ធ្វើ​ម៉េច? បើ​ឲ្យ​ក៏​គេ​យក មិន​ឲ្យ​ក៏​គេ​យក អំណាច​លើ​គេ​ហ្នឹង បើ​បាន​ដី​វិញ អរ​ដែរ​ហ្នឹង ធ្វើ​ម៉េច​បើ​ឥឡូវ​វា​មិន​ឲ្យ​ទេ»
របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក រក​ឃើញ​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ជួល​ដី​ជា​លក្ខណៈ​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២​លាន ៦​សែន​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន។ ក្នុង​របាយការណ៍​បង្ហាញ​ថា ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និង​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ដែល​ទទួល​ដី​សម្បទាន​ដ៏​ច្រើន​លើសលប់ កំពុង​តែ​បង្ក​មហន្តរាយ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ ក៏​កំពុង​តែ​មមាញឹក​របរ​កាប់​រាន​ព្រៃ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​សម្បទាន។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​សម្ភាស​តំណាង​ក្រុមហ៊ុន​វៀតណាម ទាំង​ពីរ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា។
ប៉ុន្តែ កាសែត​វៀតណាម មួយ​ឈ្មោះ វៀត ស្តុក (Vietstock) បាន​ដក​ស្រង់​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ដោយ​ទទូច​ឲ្យ​អង្គការ​ឃ្លាំ​មើល​ពិភពលោក បង្ហាញ​ភស្តុតាង​ច្បាស់​លាស់​ពី​ការ​រក​ឃើញ​របស់​ខ្លួន ហើយ​ក្រុមហ៊ុន​នេះ​នឹង​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់​ដែល​កើត​មាន​មិន​ ប្រក្រតី​នៅ​កម្ពុជា។
ក្នុង​សម្រង់​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួល​ស្គាល់​ថា អង្គការ​មួយ​នេះ​ពិត​ជា​បាន​ផ្ញើ​សំណួរ​ចំនួន​៤៩ ឲ្យ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​ឆ្លើយ​តប​ទាំងអស់ ព្រម​ទាំង​បាន​អញ្ជើញ​ឲ្យ​ភាគី​អង្គការ​ឃ្លាំ​មើល​ពិភពលោក មក​មើល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ថែម​ទៀត។ ប៉ុន្តែ ភាគី​អង្គការ​មួយ​នេះ​មិន​បាន​តាម​ការ​ណាត់​ជួប​នៅ​ក្នុង​ខែ​ឧសភា នេះ​ទេ។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ក៏​បាន​អួត​ពី​សមិទ្ធផល​ជាច្រើន​ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក្នុង​តំបន់​ដែល​វិនិយោគ រួម​មាន​ការ​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ សង់​ស្ពាន​ជាដើម។
ទោះ​យ៉ាង​ណា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ យល់​ថា របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​របាយការណ៍​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ១០០%។ អ្នកស្រី​ពន្យល់​ថា ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​អាច​រស់​បាន​ដោយសារ​តែ​អាស្រ័យ​លើ​អនុផល​ព្រៃ​ឈើ ហើយ​ពួក​គាត់​តែង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ធនធាន​សម្បត្តិ​ព្រៃ​ ឈើ​ទាំង​នោះ។ ប៉ុន្តែ ជា​លទ្ធផល រដ្ឋាភិបាល​បែរ​ជា​ជួយ​ដាក់​ច្រវាក់ និង​គុក ហើយ​បែរ​ជា​ជួយ​ការពារ​ក្រុមហ៊ុន​វិនិយោគ​ទៅ​វិញ៖ «ដណ្ដើម​របស់​ ពួក​គាត់ គឺ​នៅ​លើ​ព្រៃ​ឈើ ហើយ​ដែល​គាត់​បាន​ទទូច​អង្វរករ​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​ការពារ​ព្រៃ​ឈើ ដូច​ជា​ព្រៃ​ឡង់ គឺ​ថា​រដ្ឋាភិបាល​មិន​ដែល​ទៅ​អើពើ​ទេ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ចាប់​ចង​ប្រជាពលរដ្ឋ ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ប្រឈម​មុខ​នឹង​តុលាការ​មិន​ឯករាជ្យ ហើយ​ប្រឈម​មុខ​នឹង​ក្រុមហ៊ុន»
អ្នកស្រី​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​គ្រោង​នឹង​ចេញ​លិខិត​មួយ​ទៅ​រដ្ឋសភា​ក្នុង​ពេល​ឆាប់ៗ ដើម្បី​កោះ​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ពិសេស គណៈកម្មការ​អភិវឌ្ឍន៍ គណៈកម្មការ​កសិកម្ម និង​គណៈកម្មការ​ព្រៃ​ឈើ​បរិស្ថាន​នៃ​រដ្ឋសភា ឲ្យ​ចុះ​ទៅ​មើល​នៅ​តំបន់​ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​ សេដ្ឋកិច្ច ហើយ​នេះ​ជា​ការ​បិទ​មាត់​កុំ​ឲ្យ​មន្ត្រី​ទាំង​នោះ​ចេះ​តែ​បដិសេធ​នូវ​ របាយការណ៍​ដែល​អន្តរជាតិ​រក​ឃើញ​អំពី​ភាព​មិន​ប្រក្រតី​នេះ​ត​ទៅ​ទៀត។
រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ធ្វើ​ឡើង​សម្រាប់​តែ​វាយ​ប្រហារ​រដ្ឋាភិបាល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បាន​ជំរុញ​ឲ្យ​អង្គការ​នេះ​ប្ដឹង​រដ្ឋាភិបាល​ទៀត​ផង បើ​សិន​អង្គការ​នេះ​រក​ឃើញ​ការ​ពិត​ដូច​របាយការណ៍​នោះ​មែន។
ជុំវិញ​បញ្ហា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ឲ្យ​ដឹង​ថា លោក​រីករាយ​រង់ចាំ​ពាក្យ​បណ្ដឹង​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ចំពោះ​ការ​រក​ឃើញ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ណា​មួយ ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ប៉ុន្តែ​បញ្ជាក់​ថា អង្គការ​នេះ​ក៏​ត្រូវ​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ៖ «មិន ​មែន​ជា​កិច្ចការ​របស់​យើង​ខ្ញុំ​ទេ កុំ​ចេះ​តែ​ទម្លាក់​មក​ខាង​ខ្ញុំ។ ឥឡូវ សូម​ឲ្យ​តម្រុយ​អំពើ​ពុក​រលួយ​ឲ្យ​ខ្ញុំ​មក ទើប​ចាត់​ការ។ របាយការណ៍​ហ្នឹង​អត់​មាន​អី​ទេ សុំ​ដាក់​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្លូវ​ការ ហើយ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់។ យើង​មិន​អាច​ឲ្យ​គេ​ធ្វើ​ដោយ​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​ទេ»
តាម​របាយការណ៍​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស រក​ឃើញ​ថា មក​ដល់​ឆ្នាំ​២០១២ រាជ​រដ្ឋាភិបាល​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចំនួន​២២៥ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង ២​លាន​ហិកតារ។ អង្គការ​នេះ​រក​ឃើញ​ថា បើ​យក​ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច សម្បទាន​រ៉ែ និង​សម្បទាន​ព្រៃ​ឈើ បូក​បញ្ចូល​គ្នា​នោះ ផ្ទៃដី​ប្រហែល ៣៩% នៃ​ផ្ទៃដី​ទាំង​មូល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: